អូឌីស៊ីពង្រឹងអង្គការសង្គមស៊ីវិលនៅតាមឆ្នេរសមុទ្រតាមរយៈការបណ្តុះបណ្តាលស្តីពីព័ត៌មានភូមិសាស្ត្រ និងការធ្វើផែនទីជាមួយ QGIS
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ទើបតែបានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលរយៈពេលពីរថ្ងៃប្រកបដោយជោគជ័យលើមូលដ្ឋានគ្រឹះ QGIS សម្រាប់អង្គការសង្គមស៊ីវិល (CSOs) នៅរាជធានីភ្នំពេញ នៅថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៤។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្រោមគម្រោង “ពង្រឹងសកម្មភាពសង្គមស៊ីវិលដើម្បីចូលរួមក្នុងអភិបាលកិច្ចសេដ្ឋកិច្ច (SCAEG)” ក្រោមកិច្ចសហការគាំទ្រមូលនិធិដោយសហភាពអឺរ៉ុប។
គម្រោង SCAEG មានគោលបំណងលើកកំពស់តួនាទីរបស់សង្គមស៊ីវិលក្នុងអភិបាលកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ឆ្នេរសមុទ្រកម្ពុជា ផ្តោតលើការលើកកម្ពស់គណនេយ្យភាព តម្លាភាព និងការសម្រេចចិត្តរួម។ វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួមចំនួន ១៤ នាក់ ក្នុងនោះស្រី ៤នាក់ មកពីអង្គការដៃគូសំខាន់ៗ៖
- មជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារ និងស្ត្រីនៅកម្ពុជា (CWDCC)
- អង្គការមជ្ឈមណ្ឌលម្លប់ព្រហ្មវិហារធម៌ (MPC)
- អង្គការអាក់សិនអេតកម្ពុជា (AAC)
QGIS (ប្រព័ន្ធព័ត៌មានភូមិសាស្ត្រ Quantum) គឺជាកម្មវិធីប្រភពបើកចំហសម្រាប់ទស្សនីយកម្មទិន្នន័យលំហ និងជាឧបករណ៍វិភាគដែលជាជម្រើសដ៏មានប្រសិទ្ធភាពក្នុងចំនោមកញ្ចប់កម្មវិធីដែលមានតម្លៃថ្លៃ។ កម្មវិធីផែនទី QGIS នេះផ្តល់នូវមុខងារដ៏ទូលំទូលាយសម្រាប់ការមើល និងរុករកទិន្នន័យ បង្កើត និងរៀបចំផែនទី គ្រប់គ្រង និងទាញចេញទិន្នន័យ ធ្វើការវិភាគលើលំហ និងបោះពុម្ពផែនទីតាមអ៊ីនធឺណិត។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងផ្តល់ជូនអ្នកចូលរួមនូវចំណេះដឹងជាមូលដ្ឋាននៃប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS) ជំនាញក្នុងការប្រមូល និងគ្រប់គ្រងទិន្នន័យភូមិសាស្ត្រ សមត្ថភាពក្នុងការវិភាគទីតាំង និងរៀបចំព័ត៌មានដែលមើលឃើញ បទពិសោធន៍ជាក់ស្តែងជាមួយកម្មវិធីផែនទី QGIS និងឧបករណ៍សម្រាប់ដោះស្រាយបញ្ហាប្រឈមភូមិសាស្ត្រស្មុគស្មាញ។
កម្មវិធីបណ្តុះបណ្តាលរយៈពេលពីរថ្ងៃនេះ ដឹកនាំដោយលោក ឡុច កល្យាណ អ្នកស្រាវជ្រាវទិន្នន័យ និងឯកទេសប្រព័ន្ធព័ត៌មានភូមិសាស្ត្រ និងលោក វង្ស ពិសិទ្ធ មន្ត្រីជាន់ខ្ពស់ផ្នែកស្រាវជ្រាវទិន្នន័យ និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ/ អ្នកសម្របសម្រួលផ្នែកកសាងសមត្ថភាពរបស់អូឌីស៊ី។ ថ្ងៃដំបូង សិក្ខាសាលាបណ្តុះបណ្តាលគ្របដណ្តប់លើការណែនាំអំពីប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS) និងកម្មវិធី QGIS និងដំណើរការជាមួយនឹងទិន្នន័យលំហនៅក្នុង QGIS។ ថ្ងៃទីមួយនេះបានចាប់ផ្តើមជាមួយនឹងការណែនាំខ្លួនដើម្បីបង្កើតទំនាក់ទំនងរវាងអ្នកចូលរួម និងការធ្វើតេស្តសាកល្បងមុន (Pre-test) ដើម្បីវាយតម្លៃចំណេះដឹងមូលដ្ឋាន។
ថ្ងៃទីពីរ យើងផ្តោតលើការអនុវត្តកម្មវិធី QGIS ជាក់ស្តែងដោយប្រើឧបករណ៍កែច្នៃភូមិសាស្ត្រ (Geoprocessing) ការកំណត់រចនាប័ទ្មទិន្នន័យ តារាងគុណលក្ខណៈ (attribute table) ការរចនាប្លង់ផែនទី និងលំហាត់ផែនទីដែលផ្តោតលើសហគមន៍នេសាទតំបន់ឆ្នេរ។ អ្នកចូលរួមអនុវត្តការសិក្សារបស់ពួកគេតាមរយៈលំហាត់ជាក់ស្តែងដោយប្រើទិន្នន័យពីគេហទំព័រអូឌីស៊ី។ មុនពេលបញ្ចប់វគ្គបណ្តុះបណ្តាល ក្រុមការងារអូឌីស៊ីបានបង្ហាញនូវ វេទិកា Learning Platform ដែលជាវិបផតថលចែករំលែកចំណេះដឹងមួយកន្លែងដោយមិនគិតថ្លៃ។ សិក្ខាកាមអាចទទួលបានធនធានសិក្សា និងសម្ភារៈបណ្តុះបណ្តាលជាច្រើន រួមទាំងវីដេអូបង្រៀនអំពីកម្មវិធី QGIS ជាភាសាខ្មែរផងដែរ។ វគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃបានបញ្ចប់ដោយការធ្វើតេស្ត (Post-test) និងការប្រគល់វិញ្ញាបនបត្រ។
វគ្គបណ្តុះបណ្តាលនេះគឺជាជំហានឆ្ពោះទៅមុខយ៉ាងសំខាន់ក្នុងការពង្រឹងអង្គការសង្គមស៊ីវិលក្នុងស្រុកជាមួយនឹងការគ្រប់គ្រងទិន្នន័យភូមិសាស្ត្រ និងសមត្ថភាពក្នុងការបង្កើតរូបភាពផែនទី ដោយប្រើប្រាស់ QGIS ដើម្បីបង្កើនប្រសិទ្ធភាពនៃការងារប្រចាំថ្ងៃ និងការអនុវត្តគម្រោងនៅក្នុងតំបន់គោលដៅនៅក្នុងតំបន់ឆ្នេរសមុទ្រកម្ពុជា។