ការយល់ដឹងរបស់ក្រុមការងារអូឌីស៊ីពីវេទិកានយោបាយកម្រិតខ្ពស់សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្រោមប្រធានបទ៖ ការពន្លឿននៃការស្តារឡើងវិញ និងការអនុវត្តគោលដៅអភិវឌ្ឍន៍ដោយចីរភាព (SDG)
ថ្មីៗនេះក្រុមការងារអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) មានកិត្តិយសដែលបានចូលរួមក្នុង វេទិកានយោបាយកម្រិតខ្ពស់សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០២៣ ដែលរៀបរៀងដោយអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ កម្មវិធីថ្នាក់សកលនេះដើរតួរជាវេទិការួមមួយសម្រាប់ពិភាក្សា និងពន្លឿនការស្តារឡើងវិញពីវិបត្តិកូវីដ-១៩ ព្រមទាំងផ្តោតសំខាន់លើការអនុវត្តឱ្យបានពេញលេញនូវរបៀបវារៈសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០២៣។ នៅក្នុងប្លក់មួយនេះ ក្រុមការងារអូឌីស៊ីនឹងចែករំលែកការយល់ដឹងសំខាន់ៗមួយចំនួន ដែលទទួលបានពីការចូលរួមក្នុងការកិច្ចសន្ទនាយ៉ាងសំខាន់មួយនេះ។
រាប់តាំងពីឆ្នាំ២០១៨ ក្រុមការងារអូឌីស៊ីបានកំពុងជម្រុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា (CSDGs) ព្រមទាំងបានផ្តល់ទិន្នន័យនិងព័ត៌មានទាក់ទងនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាក្នុងគោលបំណងជម្រុញឱ្យសាធារណជនបានដឹងពីវឌ្ឍនភាពអំពីការវិវត្តន៍របស់គោលដៅទាំងនោះ។ តាមរយៈវេទិកាទិន្នន័យបើកទូលាយ ក្រុមការងារអូឌីស៊ីបានកំពុងស្រាវជ្រាវរកព័ត៌មានទាក់ទងនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងប្រទេសកម្ពុជា។ ក្នុងឆ្នាំ២០១៨ អង្គការអូឌីស៊ី និងស្ថាប័នដៃគូដូចជាវិទ្យាស្ថាន East-West Management Institute បានរៀបចំកម្មវិធីដាច់ដោយឡែកមួយ (side event) ស្តីអំពីទិន្នន័យ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ក្នុងតំបន់មេគង្គ។ កម្មវិធីដាច់ដោយឡែកនេះមានការចូលរួមពីតំណាងពីរដ្ឋាភិបាលរបស់ប្រទេសថៃ កម្ពុជា និងភាគីពាក់ព័ន្ធសំខាន់ៗមកពី ប្រទេសផ្សេងទៀតផងដែរ។ គោលបំណងរបស់កម្មវិធីនេះគឺដើម្បីពិភាក្សាអំពីវិធីសាស្ត្រ ប្រមូលទិន្នន័យ និងកិច្ចសហការណ៍ជាមួយដៃគូអភិវឌ្ឍន៍ក្នុងគោលបំណងធានាឱ្យបាននូវយន្តការរឹងមាំមួយសម្រាប់ការត្រួតពិនិត្យទៅលើដំណើរការវិវឌ្ឍនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។
ក្នុងឆ្នាំនេះ វេទិកានយោបាយកម្រិតខ្ពស់សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពផ្តោតលើប្រធានបទផ្សេងៗ ដូចជា ទឹកស្អាត និងអនាម័យ (គោលដៅទី៦) ថាមពលស្អាតដែលមានតម្លៃសមរម្យ (គោលដៅទី៧) ឧស្សាហកម្ម នវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធ (គោលដៅទី៩) ទីក្រុង និងសហគមន៍ប្រកបដោយចីរភាព (គោលដៅទី១១) និងភាពជាដៃគូដើម្បីសម្រេចគោលដៅ (គោលដៅទី១៧)។ ការពិភាក្សាក្នុងវេទិកានេះបានស្រាយបំភ្លឺលើបញ្ហាប្រឈមមួយចំនួន ដែលប្រទេសកំពុងអភិវឌ្ឍកំពុងជួបប្រទះទាក់ទងនឹងកង្វះខាតទិន្នន័យចាំបាច់ក្នុងការត្រួតពិនិត្យទៅលទ្ធផលសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។ ក្រុមការងារអូឌីស៊ីបានសិក្សាឈ្វេងយល់ពីសារៈសំខាន់នៃការពង្រឹងការប្រមូល និងដំណើរការវិភាគទិន្នន័យ ដើម្បីធានាបាននូវការតាមដានច្បាស់ការមួយទៅលើការវិវឌ្ឍទាក់ទងនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។
វេទិកានេះក៏ផ្តោតសំខាន់ទៅលើបញ្ហាប្រឈមទាក់ទងនឹងការអភិវឌ្ឍក្រុង ជាពិសេសតម្រូវការឱ្យមាននូវចញ្ចើមផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដែលជនមានពិការភាពអាចប្រើប្រាស់បាន។ ព្រមគ្នានេះផងដែរ វេទិកានេះបានទទួលស្គាល់ពីសារៈសំខាន់នៃនគរូបនីយកម្មប្រកបដោយបរិយាបន្ន ដែលផ្តល់អាទិភាពទៅលើភាពងាយស្រួលដល់ទៅមនុស្សគ្រប់គ្នាក្នុងសង្គម ជាពិសេសជនមានពិការភាព។ វេទិកានេះក៏បានលើកផងដែរនូវបញ្ហានៃការពឹងផ្អែកខ្លាំងលើយានយន្តផ្ទាល់ខ្លួន ដែលតម្រូវឱ្យមានជាចាំបាច់នូវប្រព័ន្ធដឹកជញ្ជូនសាធារណៈប្រកបដោយយុទ្ធសាស្ត្រ លើសពីនេះទៀតវេទិកានេះក៏ទទួលស្គាល់ពីសារៈសំខាន់នៃការជម្រុញឱ្យមានការប្រើប្រាស់ជម្រើសមធ្យោបាយធ្វើដំណើរផ្សេងៗក្រៅពីមធ្យោបាយដែលមានស្រាប់ ព្រមទាំងជម្រុញឱ្យមានការផ្លាស់ប្តូរផ្នត់គំនិតមហាជន ដែលអាចឈានដល់ការរកឃើញដំណោះស្រាយលើប្រព័ន្ធដឹកជញ្ជូនប្រកបដោយចីរភាព។ ការច្នៃប្រឌិតទាំងនេះក៏ត្រូវការផងដែរនូវការគាំទ្រ និងកិច្ចសហប្រតិបត្តិការពីភាគីពាក់ព័ន្ធនានាដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុតាមរយៈការជម្រុញការប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនសាធារណៈ។
ក្នុងដំណើរការត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្ត (Voluntary National Review) ដែលធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យវឌ្ឍនភាពតាមប្រទេសនានាក្នុងការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) មានការចង្អុលបង្ហាញលើក្តីព្រួយបារម្ភទាក់ទងនឹងការពិគ្រោះយោបល់ប្រកបដោយអត្ថន័យ។ ដូចនេះហើយបានជាវេទិកាបានទទួលស្គាល់ពីសារៈសំខាន់របស់កិច្ចការពិគ្រោះយោបល់ប្រកបដោយបរិយាបន្ន ជាពិសេសមានការចូលរួមពីសហគមន៍ជនជាតិដើមភាគតិច និងយុវជន ដើម្បីធានាបានថាមតិយោបល់របស់អ្នកទាំងនោះត្រូវបានឆ្លុះបញ្ចាំងយ៉ាងពេញលេញក្នុងដំណើការពិគ្រោះយោបល់។
ព្រមគ្នានោះដែរ តួនាទីនៃការតភ្ជាប់ឌីជីថលក្នុងការសម្រេចបាននូរគោលដៅទី១១ ពោលគឺ ទីក្រុង និងសហគមន៍ប្រកបដោយចីរភាព ក៏ត្រូវបានលើកមកជជែកពិភាក្សាក្នុងវេទិកានេះផងដែរ។ ក្រុមការងារអូឌីស៊ីបានសង្ខេបអំពីសារៈសំខាន់នៃការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីជម្រុញដល់ការអភិវឌ្ឍទីក្រុង និងលើកកម្ពស់គុណភាពជីវិតទាំងមូលនៅក្នុងទីក្រុង។ វេទិកានេះក៏ផ្តោតលើបញ្ហាប្រឈមនានាទាក់ទងនឹងថាមពលដែលមានតម្លៃសមរម្យ និងងាយស្រួលទទួលយកបាន ព្រោះទាំងនេះសុទ្ធតែជាចំនុចស្នូលរបស់គោលដៅទី៧ (ថាមពលស្អាតដែលមានតម្លៃសមរម្យ)។ ក្រុមការងារអូឌីស៊ីក៏ទទួលបាននូវចំនេះដឹងទាក់ទងកិច្ចខិតខំប្រឹងចាំបាច់នានាដើម្បីធានាឱ្យមានលទ្ធភាពទទួលបានធនធានថាមពលប្រកបដោយសមធម៌ និងការលើកកម្ពស់ការអនុវត្តប្រកបដោយចីរភាព។
ការពិភាក្សាក៏ផ្តោតលើសារៈសំខាន់របស់ការប្រមូលទិន្នន័យដែលរឹងមាំ ការធ្វើផែនការប្រកបដោយបរិយាបន្ន ប្រព័ន្ធដឹកជញ្ជូនប្រកបដោយចីរភាព ការពិគ្រោះយោបល់ប្រកបដោយអត្ថន័យ ការតភ្ជាប់ឌីជីថល និងថាមពលដែលអាចទទួលបានគ្រប់គ្នា។ ក្រោយពីទទួលបានចំនេះដឹងទាំងនេះ ក្រុមការងារអូឌីស៊ីនឹងខិតខំប្រឹងប្រែងបន្តការងាររបស់ខ្លួនក្នុង ការជម្រុញលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា (CSDGs) និងរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជាផងដែរ។ ក្រុមការងារអូឌីស៊ីនឹងផ្តល់ជូននូវបច្ចុប្បន្នភាពផ្សេងៗ ព្រមទាំងគំនិតផ្តួចផ្តើមនានាស្រមពេលក្រុមការងារយើងក៏ធ្វើការឆ្ពោះដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងការកសាងអនាគតដ៏ល្អប្រសើរសម្រាប់ទាំងអស់គ្នា។
នៅក្នុងវេទិកានយោបាយកម្រិតខ្ពស់សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ២០២៣ (United Nations High-Level Political Forum on Sustainable Development Goals) ក្រសួងផែនការក៏បានបង្ហាញពីការប្តេជ្ញាបន្តកិច្ចសហការណ៍ជាមួយដៃគូអភិវឌ្ឍន៍នានា សង្គមស៊ីវិល និងភាគីពាក់ព័ន្ធនានា ដើម្បីគាំទ្រ និងពង្រឹងដល់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរួមគ្នាលើការចែករំលែកទិន្នន័យ។ ក្រសួងផែនការក៏បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ការយល់ដឹងបន្ថែមទៀតលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) នៅកម្រិតថ្នាក់ក្រោមជាតិ។
ក្រុមការងារអូឌីស៊ីនឹងចេញផ្សាយសំណុំទិន្នន័យបន្ថែមទៀតទាក់ទងនឹងសូចនាកររបស់កម្ពុជាស្តីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដើម្បីជូនដំណឹងដល់សាធារណជនអំពីការអនុវត្តគោលដៅនីមួយៗ និងរបៀបធ្វើការរួមគ្នាដើម្បីសម្រេចបាននូវការអនុវត្តប្រកបដោយជោគជ័យនៅឆ្នាំ២០៣០។ កិច្ចប្រជុំកំពូលស្តីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs SDG Summit) ឆ្នាំ២០២៣ នឹងប្រពឹត្តិនៅថ្ងៃ១៨ ដល់១៩ ខែកញ្ញា ក្នុងទីក្រុងញូវយ៉ក។ កិច្ចប្រជុំកំពូលនេះនឹងបើកទំព័រលើដំណាក់កាលថ្មីនៃការពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដោយស្របតាមការណែនាំនយោបាយកម្រិតខ្ពស់លើសកម្មភាពដែលត្រូវផ្លាស់ប្តូរ និងពន្លឿនឈានទៅឆ្នាំ២០៣០។