អូឌីស៊ី ជាគម្រោងតែមួយគត់ពីកម្ពុជាដែលបានចូលរួមក្នុងកម្មវិធី Festival of Civic Tech for Democracy
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) មានសេចក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងវេទិកាអន្តរជាតិ Personal Democracy Forum Central-Eastern Europe (PDF CEE) លើកទី៧ ដែលមានរយៈពេលបីថ្ងៃក្រោមប្រធានបទ “យើងជឿទុកចិត្តគ្នា” ដែលត្រូវបានប្រារព្ធឡើងនៅថ្ងៃទី៤ ដល់ទី៦ ខែមេសា នៅមជ្ឈមណ្ឌល European Solidarity Center នាទីក្រុង Gdansk នៃប្រទេសប៉ូឡូញ ដោយរួមបញ្ចូលទាំងកម្មវិធី Festival of Civic Tech for Democracy លើកទី៣ផងដែរ។
PDF CEE គឺជាវេទិកាធំជាងគេបំផុតនៅអឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើត ដោយពិភាក្សារួមគ្នាលើបច្ចេកវិទ្យាថ្មី ការចូលរួមរបស់ពលរដ្ឋ និងតម្លាភាព។ នៅឆ្នាំនេះ កម្មវិធីមានជាស៊េរីនៃបទបង្ហាញសំខាន់ៗ វគ្គសិក្ខាសាលាអនុវត្តផ្ទាល់ សកម្មភាពបង្កើតទំនាក់ទំនង និងព្រឹត្តិការណ៍បន្ទាប់បន្សំសប្បាយៗ។ ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំអ្នកចូលរួមមកពីវិស័យផ្សេងៗគ្នាជាច្រើនរួមមាន សមាជិកអង្គការសង្គមស៊ីវិល វិស័យឯកជន ដៃគូអភិវឌ្ឍន៍ មន្ត្រីរដ្ឋាភិបាលកណ្តាល និងមូលដ្ឋាន អ្នកសារព័ត៌មាន អ្នកស្រាវជ្រាវ អ្នកសរសេរប្លក់ និងមន្ដ្រីរាជការ។ វេទិកាបានផ្តល់នូវទស្សនវិស័យ និងគំនិតផ្សេងៗគ្នាជាច្រើន ដោយមានការចូលរួមពីអ្នកតំណាងមកពីអឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើត ក៏ដូចជាមកពីតំបន់ផ្សេងៗ។
អូឌីស៊ី គឺជាគម្រោងតែមួយគត់មកពីប្រទេសកម្ពុជា ដែលត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធី Festival of Civic Tech for Democracy។ នៅទីនោះ អូឌីស៊ី បានចែករំលែកបទពិសោធន៍ពីការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការចូលរួមអភិវឌ្ឍសង្គមនៅក្នុងពិព័រណ៍ដែលមានចំណងជើងថា “ជញ្ជាំងនៃគម្រោង”។ ការងាររបស់អង្គការអូឌីស៊ីបានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកចូលរួមមួយចំនួន ថែមទាំងទទួលបានមតិយោបល់វិជ្ជមានអំពីតួនាទីរបស់អូឌីស៊ីនៅក្នុងប្រទេសកម្ពុជា និងតំបន់មេគង្គ។ ជាការពិតទៅ អ្នកតំណាងមកពីអង្គការដែលមានមូលដ្ឋាននៅអឺរ៉ុបខាងកើតបានបង្ហាញពីចំណាប់អារម្មណ៍របស់ពួកគេក្នុងការយកគំរូរបស់អូឌីស៊ីទៅអនុវត្តនៅក្នុងប្រទេសរបស់ពួកគេ។
តាមរយៈការសន្ទនា លោក ធី ទ្រី នាយកប្រតិបត្តិនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ បានគូសបញ្ជាក់អំពីរបៀបដែលឧបករណ៍បច្ចេកវិទ្យាច្នៃប្រឌិតអាចផ្តល់នូវការអនុវត្តគោលនយោបាយកាន់តែមានប្រសិទ្ធភាព និងបង្កើនទំនាក់ទំនងរវាងរដ្ឋាភិបាល និងសាធារណជន នៅក្នុងយុគសម័យឌីជីថល។ ការជជែកពិភាក្សាក៏បានផ្តោតទៅលើឧបករណ៍សម្រាប់ការចូលរួមរបស់ពលរដ្ឋកាន់តែច្រើននៅក្នុងវិស័យសាធារណៈ ជាពិសេសនៅក្នុងវិស័យសុខភាព អប់រំ និងហេដ្ឋារចនាសម្ព័ន្ធ។
សិក្ខាសាលាដែលយើងបានចូលរួមបានផ្តល់ការបណ្តុះបណ្តាលជាក់ស្តែងលើឧបករណ៍ពិនិត្យ និងផ្ទៀងផ្ទាត់ការពិត សម្រាប់ការផ្ទៀងផ្ទាត់ព័ត៌មានតាមអ៊ីនធឺណែត ការផ្ទៀងផ្ទាត់ឈ្មោះវែបសាយ គេហទំព័រ wayback machine សម្រាប់ពិនិត្យមើលឯកសារចាស់ៗ ការផ្ទៀងផ្ទាត់ផលប៉ះពាល់ សំណុំទិន្នន័យរូបភាព និងវីដេអូ និងការវិភាគរូបភាព។ អូឌីស៊ីនឹងប្រើប្រាស់ឧបករណ៍ និងជំនាញដែលបានទទួលក្នុងកំឡុងពេល PDF CEE នេះដើម្បីកែលម្អគេហទំព័ររបស់យើង តាមរយៈវិធីសាស្ត្រនេះ យើងអាចបំពេញតាមការទាមទារពីអ្នកប្រើប្រាស់របស់យើង ដែលទាក់ទងនឹងមាតិកាអំពីសេវាសាធារណៈ និងព័ត៌មានស្តីពីដំណើរការលទ្ធកម្ម។
PDF CEE គឺជាឱកាសមួយដែលអាចចូលរួមក្នុងការផ្លាស់ប្តូរយោបល់ជាមួយអង្គការផ្សេងៗ និងចែករំលែកបទពិសោធន៍នានាដែលទទួលបាន។ អង្គការអូឌីស៊ីទន្ទឹងរង់ចាំចូលរួមក្នុងព្រឹត្តិការណ៍នេះម្តងទៀត នាពេលអនាគត។