អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បញ្ចប់​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ អក្ខរកម្ម​ទិន្នន័យ​

តាម​រយៈ​ជំនួយ​ហិរញ្ញវត្ថុ​របស់​ គម្រោងពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលកម្ពុជា​ (CCSS)​ នៃ​ទីភ្នាក់ងារ​ជំនួយ​អា​មេ​រិ​ក​ (USAID)​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ហៅ​កាត់​ថា​ អូ​ឌី​ស៊ី​ បាន​រៀបចំ​ដោយ​ជោគជ័យ​នៅ​កម្មវិធី​បណ្តុះបណ្តាល​ចំនួន​ ៣​ដំណាក់កាល​ ស្តី​ពី​អក្ខរកម្ម​ទិន្នន័យ​ ដែល​ជា​ការ​បណ្តុះបណ្តាល​ថ្មី​ដំបូង​គេ​មួយ​នៅ​កម្ពុជា​។​ វគ្គ​បណ្តុះបណ្តាល​នេះ​ មាន​សិក្ខាកាម​ចូលរួម​ប្រមាណ​ ២៥​ រូប​ ដែល​មក​ពី​វិស័យ​ផ្សេងៗ​គ្នា​ រួម​មាន​ សង្គម​ស៊ី​វិល​ សារព័ត៌មាន​ វិស័យ​ឯកជន​ និង​ស្រាវជ្រាវ​។​ កម្មវិធី​សិក្សា​សម្រាប់​វគ្គ​បណ្តុះបណ្តាល​នេះ​ ត្រូវ​បាន​ទាញ​យក​ និង​ប្រែ​សម្រួល​ចេញពី​កម្ម​វី​ធី​បណ្តុះបណ្តាល​ដែល​មាន​ស្រាប់​របស់​ធនាគារពិភពលោក​ និង​ដឹកនាំ​បង្រៀន​ដោយ​គ្រូ​បណ្តុះបណ្តាល​បង្គោល​របស់​យើង​លោក​ Yan​ Naung​ Oak​ ដែល​មក​ពី​ប្រទេស​ មី​យ៉ា​ន់​ម៉ា​។​

​នៅ​ក្នុង​វគ្គ​បណ្តុះបណ្តាល​ដំណាក់កាល​១​​​ សិក្ខាកាម​ទាំងអស់​ត្រូវ​បាន​ណែនាំ​ស្តី​ពី​របៀប​គិត​អំពី​ទិន្នន័យ​ ការ​ស្វែងរក​ទិន្នន័យ​ ការ​សម្អាត​ទិន្នន័យ​ និង​ការ​ស្វែងរក​រឿងរ៉ាវ​ដែល​ចង់​បង្ហាញ​នៅ​ក្នុង​សំណុំ​ទិន្នន័យ​ណាមួយ​។​ ខណៈ​ពេល​ដែល​វគ្គ​បណ្តុះបណ្តាល​ដំណាក់កាល​២​ ​​ ​យើង​​​ផ្តោត​ទៅ​លើ​ ការ​ចេះ​វិនិច្ឆ័យ​ទៅ​លើ​ទិន្នន័យ​ដែល​មាន​ស្រាប់​តាម​រយៈ​ការ​ដាក់​ទិន្នន័យ​បញ្ចូល​គ្នា​ ការ​បែងចែក​ទិន្នន័យ​ ឬ​ការ​ច្រោះ​ទិន្នន័យ​ជាដើម​ ហើយ​ឧបករណ៍​សម្រាប់​បង្ហាញ​ទិន្នន័យ​ជា​រូបភាព​មួយ​ចំនួន​ ក៏​ត្រូវ​បាន​ណែនាំ​ដល់​សិក្ខាកាម​ឱ្យ​បាន​ស្គាល់​ និង​ចេះ​ប្រើប្រាស់​នៅ​ក្នុង​វគ្គ​នេះ​ផង​ដែរ​។​ ពួក​គេ​ក៏​បាន​រៀន​ប្រើប្រាស់​ឧ​បរ​ណ៍​ទាំងនោះ​ដោយ​ប្រើ​សំណុំ​ទិន្នន័យ​ដែល​ពួក​យើង​បាន​ផ្តល់​ ក៏​ដូច​ជា​ទិន្នន័យ​ ដែល​ពួក​គេ​មាន​ស្រាប់​។​ ក្នុង​វគ្គ​បណ្តុះបណ្តាល​ដំណាក់​កាល​​៣​​ ដែល​​បាន​ធ្វើ​​​រៀបចំ​​ពី​ថ្ងៃ​ទី​១៣​ ដល់​ថ្ងៃ​ទី​១៧​ ខែមករា​ ឆ្នាំ​២០២០​ យើង​ផ្តោត​សំខាន់​លើ​ការ​បង្ហាញ​ទិន្នន័យ​ជា​រូបភាព​​ (​ទស្សនីយ​កម្ម​ទិន្នន័យ​)​​ ដែល​យើង​បាន​បង្រៀន​ពី​ឧបករណ៍​ផ្សេងៗ​ទៀត​ដល់​ពួក​គេ​។​ ពួក​គេ​ក៏​បាន​យក​សំណុំ​ទិន្នន័យ​ដែល​ពួក​គេ​ប្រើ​ក្នុង​គម្រោង​របស់​ពួក​គេ​មក​អនុវត្តន៍​ការ​ប្រើប្រាស់​ឧបករណ៍​ទាំងនេះ​ផង​ដែរ​។​ សិក្ខាកាម​ក៏​បាន​រៀន​ពី​សុវត្ថិភាព​ទិន្នន័យ​និង​ សារព័ត៌មាន​បែប​ទិន្នន័យ​។​

​សិក្ខាកាម​គិត​ថា​អក្ខរកម្ម​ទិន្នន័យ​ជា​ចំណេះដឹង​និង​ជំនាញ​មួយ​ដ៏​ថ្មីស្រឡាង​ ហើយ​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​ការងារ​និង​ការ​រស់នៅ​របស់​គេ​។​

កញ្ញា​ ឃ​ន​ ចំប៉ា​ ដែល​ជា​អ្នក​សារព័ត៌មាន​មួយ​រូប​ នៅ​សារព័ត៌មាន​អន​ឡាញ​ថ្មី​ថ្មី​ បានឱ្យ​ដឹង​ថា​ “​ខ្ញុំ​មិនសូវ​ដឹង​ពី​បច្ចេកវិទ្យា​ប៉ុន្មាន​ទេ​ តែ​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​ ខ្ញុំ​បាន​ទទួល​ចំណេះដឹង​អំពី​បច្ចេកវិទ្យា​ថ្មីៗ​ និង​អំពី​ការ​ប្រមូល​ទិន្នន័យ​។​ ការ​ពិត​ទៅ​ យើង​អាច​ទទួល​បាន​ទិន្នន័យ​ជា​ច្រើន​ប្រភេទ​យ៉ាង​ងាយស្រួល​លើ​អ៊ិ​ន​ធើ​ណែ​ត​។​ មុន​ពេល​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នេះ​ ខ្ញុំ​មិនដឹង​ពី​របៀប​ប្រមូល​ទិន្នន័យ​នោះ​ទេ​ ដូច្នេះ​ខ្ញុំ​គ្មាន​ទិន្នន័យ​សម្រាប់​ប្រើប្រាស់​។​ សំណាងល្អ​ណាស់​ ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​ ខ្ញុំ​បានដឹង​ពី​របៀប​រក​ទិន្នន័យ​ និង​ទាញ​យក​ទិន្នន័យ​ ព្រោះ​ពេល​យើង​មាន​ព័ត៌មាន​និង​ទិន្នន័យ​គ្រប់គ្រាន់​ យើង​អាច​សរសេរ​រឿង​មួយ​ដែល​មាន​អំណះអំណាង​ច្បាស់លាស់​ ហើយ​សំខាន់​សម្រាប់​អ្នក​អាន​”​។​

​លោក​ ម៉ៅ​ សំណាង​ ដែល​ជា​អ្នក​សារព័ត៌មាន​ម្នាក់​នៅ​ស្ថានីយ៍ទូរទស្សន៍​ ភី​អិន​អិន​ បាន​បង្ហាញ​ពីសារ​សំខាន់​នៃ​វគ្គ​បណ្តុះបណ្តាល​អក្ខរកម្ម​ទិន្នន័យ​នេះ​។​ លោក​មាន​ប្រសាសន៍​ថា​ “​ខ្ញុំ​រៀន​បាន​ច្រើន​ណាស់​ពី​វគ្គ​នេះ​ទាក់ទង​នឹង​វិធីសាស្ត្រ​ប្រមូល​ព័ត៌មាន​និង​ទិន្នន័យ​ ហើយ​សំខាន់​ជាង​នេះ​ទៀត​នោះ​គឺ​ របៀប​រក​ទិន្នន័យ​ពី​ប្រភព​ផ្សេងៗ​គ្នា​។​ ទិន្នន័យ​ពិតជា​មាន​សារសំខាន់​ណាស់​សម្រាប់​ពួក​យើង​ ដើម្បី​សរសេរ​ព័ត៌មាន​មួយ​ដែល​មាន​ភាព​ពេញលេញ​។​ ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​ យើង​ក៏​កំពុង​ធ្វើ​គម្រោង​រៀងៗ​ខ្លួន​ដើម្បី​បង្កើត​ជា​អត្ថបទ​មួយ​នៅ​ចុងបញ្ចប់​”​។​

លោកស្រី​ ម៉ែ​ន​ វ​ណ្ណា​វី​ ដែល​ជា​អ្នក​ប្រឹក្សា​ឯករាជ្យ​ម្នាក់​ មាន​ប្រសាសន៍​ថា​ “​អ្នក​អាន​ចាប់អារម្មណ៍​រូបភាព​និង​ក្រាហ្វិក​ច្រើន​ជាង​សំ​ណេ​រ​ ព្រោះ​សំ​ណេ​រ​ត្រូវការ​ពេល​ច្រើន​ដើម្បី​អាន​និង​យល់​។​ ក្រាហ្វិក​មាន​ភាព​ទាក់ទាញ​ហើយ​ងាយស្រួល​យល់​ជាង​សម្រាប់​សាធារណៈជន​”​។​ ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​ លោកស្រី​ វ​ណ្ណា​វី​ ចាប់អារម្មណ៍​លើ​កម្មវិធី​បង្ហាញ​ទិន្នន័យ​ជា​រូបភាព​ចំនួន​ពីរ​។​ ទី​មួយ​គឺ​កម្មវិធី​ Flourish​ ព្រោះ​គាត់​យល់​ថា​វា​ងាយស្រួល​ប្រើប្រាស់​សម្រាប់​ប​ម្លែ​ង​ទិន្នន័យ​ទៅ​ជា​ក្រាហ្វិក​ និង​តារាង​ផ្សេងៗ​។​ កម្មវិធី​ទី​ពីរ​គឺ​ Data wrapper​ ព្រោះ​ក្រៅពី​មានមុខ​ងារ​ដែល​មាន​ដូច​កម្មវិធី​ខាងលើ​ Data wrapper​ អាច​ឱ្យយើង​ប​ម្លែ​ង​ទិន្នន័យ​ទៅ​ជា​ផែនទី​ និង​សញ្ញា​ផ្សេងៗ​ដោយ​គ្រាន់តែ​រៀប​និង​សម្អាត​ទិន្នន័យ​របស់​យើង​។​

អំឡុង​វគ្គ​បណ្តុះបណ្តាល​នេះ​ សិក្ខាកាម​ទាំងអស់​តម្រូវ​ឱ្យធ្វើ​គ​ម្រា​ង​​ជា​លក្ខណៈ​បុគ្គ​លរៀង​ៗ​ខ្លួន​​ទាក់ទង​នឹង​ទិន្នន័យ​ ដែល​អាច​ជា​​ផលិត​ជា​អត្ថបទ​ព័ត៌មាន​ ក្រា​ប​​ របាយការណ៍​ ឬ​តារាង​ជាដើម​។​ ប្រធានបទ​នៃ​គម្រោង​​ទាំង​នោះ​មាន​​ដូច​ជា​ សេដ្ឋកិច្ច​ ការ​អប់រំ​ បរិស្ថាន​ កសិកម្ម​ យេ​ន​ឌ័រ​ អនាម័យ​ និង​សុខភាព​។​ ក្រុមការងារ​អូ​ឌី​ស៊ី​ បាន​និង​កំពុង​ផ្តល់​ ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ ទៅ​កាន់​សិក្ខាកាម​ដើម្បី​ឱ្យ​ពួក​គេ​អាច​ធ្វើ​គម្រោង​របស់​ពួក​គេ​។​ គម្រោង​ទាំងនេះ​នឹង​ត្រូវ​​បាន​បោះពុម្ពផ្សាយ​នៅ​លើ​​គេហទំព័រ​​របស់​អូ​ឌី​ស៊ី​ ផង​ដែរ​។​

លោក​ រឿ​ន​ ណា​រិ​ទ្ធ​ ដែល​ជា​អ្នក​ស្រាវជ្រាវ​ នៅ​ វិទ្យាស្ថាន​បណ្តុះបណ្តាល​ និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​ (CDRI)​ បាន​បង្ហាញ​ការ​វិវឌ្ឍន​គួរ​ឱ្យ​កត់សម្គាល់​នៃ​គម្រោង​ទិន្នន័យ​របស់​គាត់​បន្ទាប់​ពី​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​អក្ខរកម្ម​ទិន្នន័យ​គ្រប់​ដំណាក់កាល​។​ លោក​បាន​ពេញចិត្ត​នឹង​ការ​បណ្តុះបណ្តាល​ ហើយ​បាន​បង្កើត​ប្លក់​ដែល​បង្ហាញ​ពី​ស្ថានភាព​ពាណិជ្ជកម្ម​ដំឡូង​មី​នៅ​កម្ពុជា​។​

​ជា​ទូទៅ​ សិក្ខាកាម​ពេញចិត្ត​នឹង​ការ​បណ្តុះបណ្តាល​ ហើយ​បាន​អនុវត្ត​ជំនាញ​ដែល​បាន​រៀន​ ក្នុង​ការងារ​របស់​ពួក​គេ​។​ សិក្ខាកាម​មួយ​ចំនួន​បាន​ធ្វើ​គម្រោង​របស់​គាត់​រួច​ហើយ​ ដោយ​ប្រើ​ជំនាញ​ទិន្នន័យ​ដែល​ពួក​គេ​បាន​រៀន​ពី​វគ្គ​បណ្តុះបណ្តាល​នេះ​។​

​លោក​ វេន​ សា​រឿ​ត​ ដែល​ជា​មន្ត្រី​ស្រាវជ្រាវ​ម្នាក់​នៅ​អង្គការ​ អាក់​សិន​អេ​ដ​ បាន​ប្រើ​ជំនាញ​ក្នុង​កា​របំប្លែង​​ទិន្នន័យ​ជា​រូបភាព​ដែល​គាត់​បាន​រៀន​ក្នុង​វគ្គ​បណ្តុះបណ្តាល​ ដើម្បី​ផលិត​​របាយការណ៍​ស្តី​ពី​ ស​ន្ទ​ស្សន៍​ភាព​ធន​របស់​ស្រី្ត​នៅ​កម្ពុជា​ សម្រាប់​អង្គការ​របស់​គាត់​។​ របាយការណ៍​នេះ​ត្រូវ​បាន​ចែកចាយ​ ទាំង​បោះពុម្ព​និង​តាម​អ៊ីនធឺណិត​។​

ដើម្បី​ទទួល​បាន​ទស្សនិកជន​កាន់តែ​ទូលំទូលាយ​ កម្មវិធី​អក្ខរកម្ម​ទិន្នន័យ​របស់​អូ​ឌី​ស៊ី​ ក៏​មាន​អ្នកចូលរួម​ពី​បណ្តា​ខេត្ត​ផង​ដែរ​ ដូច​ជា​ខេត្តស្វាយរៀង​ បាត់ដំបង​ និង​សៀមរាប​។​

​លោកស្រី​ ណេ​ន​ គី​ម​ឡា​ មន្ត្រី​តាមដាន​និង​វាយតម្លៃ​ និង​សិក្សា​ នៅ​អង្គការ​ Voluntary​ Service​ Overseas​ (VSO)​ នៅ​ខេត្តបាត់ដំបង​ បាន​ធ្វើ​វគ្គ​បណ្តុះបណ្តាល​បន្ត​ទៅ​កាន់​ក្រុមការងារ​របស់​គាត់​។​ មេរៀន​ដែល​​លោក​ស្រី​បាន​​យក​ទៅ​បណ្តុះបណ្តាល​ និង​ចែករំលែក​រួម​មាន ការ​ប្រើប្រាស់​ Google​ Spread Sheet​ និង​ Microsoft​ Excel​ ដើម្បី​សម្អាត​ និង​ចងក្រង​ទិន្នន័យ​ដោយ​ប្រើ​ឧបករណ៍​ដូច​ជា​ Pivot​ Table​ ។​ លោក​ស្រី​​ក៏​បាន​ណែនាំ​មិត្ត​រួមការ​ងារ​​​ឱ្យ​ស្គាល់​ឧបករណ៍​បង្ហាញ​ទិន្នន័យ​ជា​រូបភាព​មួយ​ចំនួន​ដូច​ជា​ Data wrapper,​ Flourish​ និង​ Piktochart​។​

​ទន្ទឹម​នឹង​នេះ​ ផ្អែក​លើ​ការ​ស្ទង់​មតិ​ជាមួយ​អ្នកចូលរួម​ វគ្គ​បណ្តុះបណ្តាល​មាន​ផ្នែក​មួយ​ចំនួន​ដែល​អាច​កែ​លម្អ​ឱ្យ​​កាន់តែ​ប្រសើរ​ និង​មាន​ប្រសិទ្ធភាព​។​ ចំណុច​ទាំង​នោះ​​រួម​មាន​ ការ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ផ្សេងៗ​គ្នា​សម្រាប់​សិក្ខាកាម​ដែល​មាន​អាជីព​ផ្សេងៗ​គ្នា​ទៅ​តាម​តម្រូវការ​ជាក់លាក់​របស់​ពួក​គាត់​។​

​អូ​ឌី​ស៊ី​ នៅ​តែ​បន្ត​​ប្តេជ្ញា​ចិត្ត​គាំទ្រ​សិក្ខាកាម​ ដែល​មាន​គម្រោង​ចែករំលែក​ចំណេះ​ទាក់ទង​នឹង​ទិន្នន័យ​ទៅ​កាន់​ក្រុមការងារ​ឬ​អ្នក​ដទៃ​ទៀត​។​ យើង​អាច​ជួយ​គាំទ្រ​ ផ្នែក​បច្ចេកទេស​ទាក់ទង​នឹង​ទិន្នន័យ​ និង​ការ​បង្ហាញ​ទិន្នន័យ​ជា​រូបភាព​ ហើយ​យើង​ក៏​អាច​ចូលរួម​បណ្តុះបណ្តាល​ជាមួយ​ផង​ដែរ​បើសិន​ត្រូវការ​។

យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ទោះបីជា​វគ្គ​បណ្តុះបណ្តាល​បញ្ចប់​ សិក្ខាកាម​នឹង​នៅ​តែ​បន្ត​ផលិត​គម្រោង​ទាក់ទង​នឹង​ទិន្នន័យ​ ហើយនឹង​បន្ត​ចែករំលែក​ចំណេះ​ដឹង​ផ្នែក​​ទិន្នន័យ​​នេះ​ទៅ​អ្នក​ដទៃ​កាន់តែ​ច្រើន​។​

​កម្មវិធី​បណ្តុះបណ្តាល​​អក្ខរកម្ម​ទិន្នន័យ​របស់​អូ​ឌី​ស៊ី​ បាន​ចាប់ផ្តើម​តាំងពី​ ខែតុលា​ ឆ្នាំ​២០១៩​។​ យើង​នឹង​មាន​សិក្ខាសាលា​បញ្ចប់​មួយទៀត​ ដើម្បី​ឱ្យ​សិក្ខាកាម​បង្ហាញ​ពី​គម្រោង​របស់​ពួក​គេ​។​ សិក្ខាសាលា​បញ្ចប់​នេះ​នឹង​ធ្វើ​ឡើង​នៅ​ ថ្ងៃ​ទី​០៧​ ខែមេសា​ ឆ្នាំ​២០២០​។​