អង្គការអូឌីស៊ីបានចូលរួមដំណើរការត្រួតពិនិត្យតាមដានដោយប្រជា​ពលរដ្ឋ ដែលជាផ្នែកមួយនៃ​​ការ​អនុវត្ត​ការងារ​គណនេយ្យ​ភាព​សង្គម​ (I-SAF)

ការ​អនុវត្ត​ការងារ​គណនេយ្យ​ភាព​សង្គម​ (I-SAF)​ ចែក​ចេញ​ជា​ បួន​ សមាស​ភាគ​រួម​មាន​៖​ ១)​ ការ​ទទួល​បាន​ព័ត៌មាន​នានា​ និង​ព័ត៌មាន​ថវិកា​ ២)​ ការ​ត្រួតពិនិត្យ​តាមដាន​ដោយ​ប្រជាពលរដ្ឋ​ ៣)​ ការ​សម្របសម្រួល​ និង​ការ​ពង្រឹងសមត្ថភាព​ ៤)​ ការ​ប្រមូល​មេរៀន​បទ​ពិសោធន៍​ និង​ការ​ត្រួតពិនិត្យ​តាមដាន​។​ ប្លក់​នេះ​គូសបញ្ជាក់​ផ្នែក​ខ្លះ​អំពី​សកម្មភាព​នៃ​ការ​អនុវត្ត​សមាស​ភាគ​ទី​ពីរ​ គឺ​ការ​ត្រួតពិនិត្យ​តាមដាន​ដោយ​ប្រជាពលរដ្ឋ​ ដែល​ជា​ដំណើរការ​មួយ​ដែល​ប្រជាពលរដ្ឋ​ចូលរួម​ ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​អំពី​សេវាកម្ម​របស់​រដ្ឋាភិបាល​ នៅ​ក្នុង​តំបន់​ដែល​ពួក​គាត់​រស់នៅ​ និង​តាមដាន​វាយតម្លៃ​ដោយ​ឯករាជ្យ​ លើ​សកម្មភាព​របស់​អ្នក​ផ្តល់​សេវា​សាធារណៈ​ និង​សេវាកម្ម​របស់​រដ្ឋាភិបាល​។​ ការ​ត្រួតពិនិត្យ​តាមដាន​ដោយ​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​ដំណើរការ​ចំនួន​ ៤​ ផ្សេង​ទៀត​ ដូច​ជា​ប័ណ្ណ​ដាក់​ពិន្ទុ​ដោយ​សហគមន៍​ កិច្ចប្រជុំ​រួម​ ផែនការ​សកម្មភាព​រួម​ស្ដី​ពី​ការងារ​គណនេយ្យ​ភាព​សង្គម​ (​ផ.ស.រ.​គ.​)​ និង​ការ​ត្រួតពិនិត្យ​តាមដាន​ស៊ីជម្រៅ​ (​រាជរដ្ឋាភិបាល​កម្ពុជា​ ឆ្នាំ​២០១៣)​។​

​នៅ​ប្លុក​មុន​ ក្រុមការងារ​អូ​ឌី​ស៊ី​បាន​ចុះ​ទស្សនកិច្ច​សកម្មភាព​នៃ​ការ​អនុវត្ត​សមាស​ភាគ​ទី​មួយ​ «​កញ្ចប់​ព័ត៌មាន​សម្រាប់​ប្រជាពលរដ្ឋ​ (I4Cs)»​ ដែល​ជា​កិច្ច​ចាប់ផ្ដើម​ដំបូង​នៃ​ដំណើរការ​ I-SAF​ ដែល​មាន​កិច្ចសហការ​ជាមួយ​អង្គការ​ស្ដារ​កម្ពុជា​ (SK)​។​ ជា​ថ្មី​ម្ដងទៀត​ នៅ​ថ្ងៃ​ទី​ ២៥​ ខែមិថុនា​ ឆ្នាំ​២០១៨​ ក្រុមការងារ​របស់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​ចុះ​ទស្សនកិច្ច​​លើក​ទី​ពីរ​ ជាមួយ​អង្គការ​ស្ដារ​កម្ពុជា​ ដែល​ជា​អង្គការ​ដៃគូរ​ ទៅ​ឃុំ​អណ្ដូង​ពោធិ៍​ ស្រុក​រមាស​ហែក​ ខេត្តស្វាយរៀង​។​ អង្គការ​ស្ដារ​កម្ពុជា​ គឺជា​ដើរតួរក្នុងការ​ជួយ​ជម្រុញ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​ នូវ​ការ​ផ្តល់​សេវា​សាធារណៈ​ នៅ​ក្នុង​តំបន់​នេះ​ ចាប់តាំងពី​ឆ្នាំ​២០១៧​ ដែល​ទទួល​បានការ​ឧបត្ថម្ភ​ថវិកា​ដោយ​កម្មវិធី​ SPIDER​។​

ក្រុមការងារអូឌីស៊ីបានទៅដល់សាលាបឋមសិក្សាអណ្ដូងពោធិ៍។

​នៅ​ពេល​ព្រឹក​ ក្រុមការងារ​អង្គការ​ស្ដារ​កម្ពុជា​ និង​អ្នកសម្របសម្រួល​គណនេយ្យ​ភាព​សង្គម​ (CAFs)​ បាន​រៀបចំ​កិច្ចប្រជុំ​ចំនួន​ពីរ​ រួម​មាន​កិច្ចប្រជុំ​រួម​ និង​ផែនការ​សកម្មភាព​រួម​ស្ដី​ពី​ការងារ​គណនេយ្យ​ភាព​សង្គម​ (​ផសរ​គ​)​ ដែល​មាន​អ្នកចូលរួម​ជា​អ្នកតំណាង​នៃ​ប្រជាពលរដ្ឋ​ និង​រដ្ឋាភិបាល​ថ្នាក់​មូលដ្ឋាន​ ដើម្បី​ពិភាក្សា​គ្នា​អំពី​លទ្ធផល​នៃ​ប័ណ្ណ​ដាក់​ពិន្ទុ​ឃុំ​ទៅ​លើ​សេវា​ ២៖​ ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ​ និង​សេវា​អប់រំ​​ ដែល​បាន​ធ្វើ​មុន​កិច្ចប្រជុំ​នេះ​។​

​នៅ​រសៀល​ថ្ងៃ​ដដែល​ សិក្ខាសាលា​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ ផែនការ​សកម្មភាព​រួម​ស្ដី​ពី​ការងារ​គណនេយ្យ​ភាព​សង្គម​ (​ផ.​ ស.​ រ​.​ គ.)​ ក៏​បាន​ចាប់ផ្ដើម​ជា​លើក​ដំបូង​ ដើម្បី​ចែករំលែក​នូវ​លទ្ធផល​នៃ​កិច្ចប្រជុំ​ស្ដី​ពី​ផែនការ​សកម្មភាព​រួម​ស្ដី​ពី​ការងារ​គណនេយ្យ​ភាព​សង្គម​ (​ផ.​ ស.​ រ​.​ គ.)​ ដែល​បាន​ធ្វើ​នៅ​ពេល​ព្រឹក​ ហើយ​ដើម្បី​ឆ្លុះ​បញ្ចាំង​លើ​លទ្ធផល​នៃ​ការ​អនុវត្ត​​ ​ផ.​ ស.​ រ​.​ គ.​ ​​ កាលពី​ឆ្នាំ​មុន​។​

កិច្ចប្រជុំរួម និងកិច្ចប្រជុំនៃផែនការសកម្មភាពរួមស្ដីពីការងារគណនេយ្យភាពសង្គម

​នៅ​ម៉ោង​ ៨៖៣០​ ព្រឹក​ មេឃុំ​ មេ​ភូមិ​ នាយក​សាលា​ និង​តំណាងអ្នក​​ភូមិមួយចំនួន​មក​ពី​ឃុំ​អណ្ដូង​ពោធិ៍​ មាន​ដូច​ជា​ ភូមិ​រោង​ស្នោ​ ត្រពាំង​ជ័រ​ ថ្មី​ ចុង​ព្រែក​ ត្រពាំង​បន្ទាយ​ រាម​សេនា​ បុស​គគីរ​ និង​ត្រពាំង​ត្បាល់​ បាន​មក​ជួបជុំ​គ្នា​រហូត​ដល់​ ២១​ នាក់​ សម្រាប់​កិច្ចប្រជុំ​នេះ​។​

​ស្រី​ ណុ​ច​ ដែល​ជា​អ្នកសម្របសម្រួល​គណនេយ្យ​ភាព​សង្គម​ម្នាក់​ នៅ​ក្នុង​ឃុំ​អណ្តូង​ពោធិ៍​បាន​ផ្តើម​កិច្ចប្រជុំ​ ដោយ​ណែនាំ​ពី​គោលបំណង​នៃ​កិច្ចប្រជុំ​នេះ​ និង​ស្វាគមន៍​ភ្ញៀវ​កិត្តិយស​ មក​ពី​ក្រុមការងារ​របស់​អូ​ឌី​ស៊ី​ និង​ក្រុមការងារ​របស់​ស្ដារ​កម្ពុជា​។​ កិច្ចប្រជុំ​នេះ​ផ្តោត​សំខាន់​លើ​ការ​ចងក្រង​ និង​ពិភាក្សា​អំពី​លទ្ធផល​នៃ​ប័ណ្ណ​ដាក់​ពិន្ទុ​ដោយ​ប្រជាពលរដ្ឋ​ លើ​សេវា​គ្រប់គ្រង​រដ្ឋបាល​ឃុំ​ និង​សេវា​អប់រំ​ឃុំ​ (​សាលា​បឋម​សិក្សា​)​។​ បន្ទាប់​មក​ លោកស្រី​ គី​ម​ សុ​ណ្ណា​រី​ ដែល​ជា​មេឃុំ​អណ្ដូង​ពោធិ៍​ បាន​បន្ត​បើក​កិច្ច​សុន្ទរកថា​ស្វាគមន៍​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​។​ លោកស្រី​បាន​សង្កត់ធ្ងន់​ថា​ កិច្ចប្រជុំ​នៅ​ថ្ងៃនេះ​ គឺ​ដើម្បី​ឆ្លុះ​បញ្ចាំង​លើ​លទ្ធផល​នៃ​ប័ណ្ណ​ដាក់​ពិន្ទុ​ឃុំ​ដែល​ អ្នកសម្របសម្រួល​គណនេយ្យ​ភាព​សង្គម​បាន​ធ្វើ​នៅ​តាម​ភូមិ​នីមួយៗ​។​ ដំណើរការ​នៃ​ប័ណ្ណ​ដាក់​ពិន្ទុ​សហគមន៍​ ផ្តល់​ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​ ឬ​អ្នក​ផ្តល់​សេវាកម្ម​ ធ្វើការ​វាយតម្លៃ​លើ​គុណភាព​នៃ​សេវាកម្ម​ ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​ថ្នាក់​ក្រោម​ជាតិ​។​ វា​គឺជា​ពេលវេលា​ដ៏​មាន​តម្លៃ​មួយ​ ដែល​ប្រជាពលរដ្ឋ​អាច​ចង្អុលបង្ហាញ​អំពី​ ល្អ​នៃ​សេវា​សាធារណៈ​ និង​ចំណុច​គួរ​កែ​លម្អ​ ដែល​អ្នក​ផ្តល់​សេវាកម្ម​អាចយ​កមក​ធ្វើការ​កែប្រែ​ ដើម្បី​ឱ្យ​ការ​ផ្តល់​សេវាកម្ម​មាន​លក្ខណៈ​ល្អ​ប្រសើរ​ឡើង​។​ ទន្ទឹម​នឹង​នេះ​ ប័ណ្ណ​ពិន្ទុ​ទាំងនោះ​ក៏​អាច​ឱ្យ​អ្នក​ផ្តល់​សេវាកម្ម​ ធ្វើការ​វាយតម្លៃ​ដោយ​ខ្លួនឯង​ លើ​សកម្មភាព​របស់​ពួក​គាត់​ផង​ដែរ​។​

ដោយ​អនុវត្ត​ដំណើរការ​នៃ​សមាស​ភាគ​ទី​ពីរ​របស់​ I-SAF​ កិច្ចប្រជុំ​រួម​បាន​ចាប់ផ្តើម​ឡើង​។​ CAF​ បាន​អញ្ជើញ​អ្នកតំណាង​មក​ពី​ភូមិ​នីមួយៗ​ ដែល​បាន​ចូលរួម​នៅ​ក្នុង​សកម្មភាព​ដាក់​ប័ណ្ណ​ពិន្ទុ​សហគមន៍​ និង​ការ​វាយតម្លៃ​ដោយ​ខ្លួនឯង​ ដើម្បី​ពន្យល់​អំពី​លទ្ធផល​ដែល​បាន​សរសេរ​នៅ​លើ​ក្រដាស​ ដោយ​ផ្ដើម​ពី​សេវាកម្ម​អប់រំ​នៅ​សាលារៀន​ពីរ​ គឺ​សាលា​បឋម​សិក្សា​អណ្តូង​ពោធិ៍​ និង​សាលា​បឋម​សិក្សា​ទួល​តា​ធន់​ និង​សេវាកម្ម​ឃុំ​ នៅ​ក្នុង​ឃុំ​អណ្តូង​ពោធិ៍​។​ បន្ទាប់​ពី​អ្នក​គ្រប់​គ្នា​នៅ​ក្នុង​បន្ទប់​យល់​ច្បាស់​ពី​ចំណុច​ទាំងអស់​ ដែល​ត្រូវ​បាន​លើក​ឡើង​ដោយ​មតិយោបល់​ពី​តម្រូវការ​ និង​ផ្នែក​ផ្គត់ផ្គង់​រួចរាល់​ហើយ​ ពួក​គាត់​បាន​បែងចែក​ជា​បួន​ក្រុម​ ដោយ​ផ្អែក​លើ​លទ្ធផល​ដែល​ពួក​គាត់​បាន​ចូលរួម​៖​ ៣​ ក្រុម​ គឺ​សម្រាប់​សេវាកម្ម​សាលារៀន​ (២​ក្រុម​ សម្រាប់​ប័ណ្ណ​ដាក់​ពិន្ទុ​ដោយ​សហគមន៍​ និង​ ១​ក្រុម​ សម្រាប់​ការ​វាយតម្លៃ​ទៅ​លើ​អ្នក​ផ្តល់​សេវាកម្ម​)​ និង​មួយ​ក្រុម​ទៀត​សម្រាប់​សេវាកម្ម​ឃុំ​។​ ពួក​គាត់​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​ចងក្រង​បញ្ហា​ និង​កំណត់​អាទិភាព​លើ​បញ្ហា​ដែល​បាន​លើក​ឡើង​ ដោយ​ផ្អែក​លើ​សារៈសំខាន់​ និង​ភាព​បន្ទាន់​នៃ​បញ្ហា​ ដោយ​ជ្រើសរើស​យក​តែ​ ៦​ បញ្ហា​ប៉ុណ្ណោះ​ (៣​ សម្រាប់​ធនធាន​ខាងក្រៅ​ និង​ ៣​ សម្រាប់​ធនធាន​ខាងក្នុង​)​។​ សកម្មភាព​បែប​នេះ​ ត្រូវ​បាន​គេ​ហៅ​ថា​ «​កិច្ចប្រជុំ​រួម​»​ ដែល​ជា​វេទិកា​អាច​ឱ្យ​អ្នក​មក​ពី​វិស័យ​ដូច​គ្នា​ជួបជុំ​គ្នា​ ដើម្បី​ពិភាក្សា​អំពី​ការ​កំណត់​អាទិភាព​បញ្ហា​ដែល​ត្រូវ​យក​មក​ដោះស្រាយ​។​

​បន្ទាប់​ពី​ធ្វើការ​ជ្រើសរើស​បញ្ហា​ដោយ​ក្រុម​នីមួយៗ​រួច​មក​ ពួក​គាត់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ក្នុង​ក្រុម​ធំ​ ដើម្បី​ឱ្យ​មាន​សម្លេង​ធំ​ជាង​មុន​ ហើយ​ធ្វើការ​ជ្រើសរើស​យក​បញ្ហា​ដែល​មាន​សារៈសំខាន់​បំផុត​ ចំពោះ​ឃុំ​ទាំងមូល​។​ សកម្មភាព​នេះ​ត្រូវ​បាន​គេ​ហៅ​ថា​ ផែនការ​សកម្មភាព​រួម​ស្ដី​ពី​ការងារ​គណនេយ្យ​ភាព​សង្គម​ (ផ.​ ស.​ រ​.​ គ.​)​ ដែល​ជ្រើស​យក​បញ្ហា​សំខាន់​បំផុត​ ចេញពី​បញ្ហា​ចម្បងៗ​។​ ពួក​គាត់​បាន​លើកដៃ​ឡើង​ ដើម្បី​បោះ​ឆ្នោត​រួម​ជ្រើសរើស​យក​បញ្ហា​ដែល​សំខាន់ៗ​។​ នៅ​ទីបំផុត​ កិច្ចប្រជុំ​នេះ​បាន​ជ្រើស​យក​នូវ​សកម្មភាព​ចំនួន​បី​សម្រាប់​សេវាកម្ម​នីមួយៗ​ ដើម្បី​ឱ្យ​គណៈកម្មាធិការ​ចាប (JAAP)​ ធ្វើការ​អនុវត្ត​នៅ​ឆ្នាំ​បន្ទាប់​។​

អ្នកចូលរួម​បាន​លើកដៃ​ឡើង​ ដើម្បី​បោះ​ឆ្នោត​រួម​ជ្រើសរើស​យក​បញ្ហា​ដែល​សំខាន់ៗ​ មកដោះស្រាយ។

សិក្ខាសាលាផ្សព្វផ្សាយអំពីផែនការសកម្មភាពរួមស្ដីពីការងារគណនេយ្យភាពសង្គម

​នៅ​ពេល​រសៀល​ម៉ោង​ ១​ ដល់​ម៉ោង​ ៤​ ពលរដ្ឋ​ប្រហែល​ ៤០០​នាក់​ មក​ពី​ឃុំ​ពីរ​ ស្ថិត​ក្នុងស្រុក​រមាស​ហែក​ ខេត្តស្វាយរៀង​ បាន​មក​ស្តាប់​លទ្ធផល​នៃ​ផែនការ​សកម្មភាព​រួម​ស្ដី​ពី​ការងារ​គណនេយ្យ​ភាព​សង្គម​ ដែល​បាន​ធ្វើ​នៅ​ពេល​ព្រឹក​ និង​ធ្វើការ​ឆ្លុះ​បញ្ចាំង​ អំពី​ការ​អនុវត្ត​ផែនការ​សកម្មភាព​រួម​ស្ដី​ពី​ការងារ​គណនេយ្យ​ភាព​សង្គម​ កាលពី​ឆ្នាំ​មុន​។​

​សិក្ខាសាលា​ផ្សព្វផ្សាយ​នេះ​ត្រូវ​បាន​សម្របសម្រួល​ជា​លើក​ដំបូង​ដោយ​ក្រុមការងារ​ស្ដារ​កម្ពុជា​ និង​អ្នកសម្របសម្រួល​គណនេយ្យ​ភាព​សង្គម​ ដើម្បី​គាំទ្រ​ដល់​គណៈកម្មាធិការ​នៃ​ផែនការ​សកម្មភាព​រួម​ស្ដី​ពី​ការងារ​គណនេយ្យ​ភាព​សង្គម​ ក្នុង​ការ​ចែករំលែក​លទ្ធផល​។​ ព្រឹត្តិការណ៍​នេះ​ មាន​គោលបំណង​លើកកម្ពស់​ការ​យល់​ដឹង​ដល់​ប្រជាពលរដ្ឋ​ អំពី​បញ្ហា​នានា​នៅ​ក្នុង​ឃុំ​របស់​ពួក​គាត់​ និង​ធ្វើ​ឱ្យ​ពួក​គាត់​អាច​ចូលរួម​ នៅ​ក្នុង​ដំណើរការ​ត្រួតពិនិត្យ​បន្ថែម​សម្រាប់​ I-SAF​ ព្រមទាំង​ធ្វើ​ឱ្យ​ពួក​គាត់​មាន​អារម្មណ៍​ថា​ មាន​តម្លៃ​នៅ​ក្នុង​ដំណើរការ​នេះ​។​

​កាលពី​ឆ្នាំ​មុន​ មាន​ព្រឹត្តិការណ៍​បែប​នេះ​កើតឡើង​តិចតួច​ណាស់​ ដោយសារ​តែ​មិន​មាន​ថវិកា​គ្រប់គ្រាន់​ ដើម្បី​អនុវត្ត​គម្រោង​។​ លើស​ពី​នេះ​ទៅ​ទៀត​ វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​របស់​គណៈកម្មាធិការ​ផែនការ​សកម្មភាព​រួម​ស្ដី​ពី​ការងារ​គណនេយ្យ​ភាព​សង្គម​ ប៉ុន្តែ​វា​មិនទាន់​បាន​ដំណើរការ​ល្អនៅឡើយ​ទេ​។​ ដោយ​ឃើញ​បញ្ហា​នេះ​ ទើប​អង្គការ​ស្តារ​កម្ពុជា​ បាន​សម្រេច​បំពេញ​សកម្មភាព​នេះ​ ដើម្បី​គាំទ្រ​ដល់​អ្នក​ផ្តល់​សេវាកម្ម​ (​ដែល​មេឃុំ​ ជា​ប្រធាន​គណៈកម្មាធិការ​ផែនការ​សកម្មភាព​រួម​ស្ដី​ពី​ការងារ​គណនេយ្យ​ភាព​សង្គម​)​។​

​ប្រជាជន​មាន​សេចក្តី​រីករាយ​យ៉ាង​ខ្លាំង​ក្នុង​ការ​ស្តាប់​លទ្ធផល​របស់​ផែនការ​សកម្មភាព​រួម​ស្ដី​ពី​ការងារ​គណនេយ្យ​ភាព​សង្គម​ ហើយ​បាន​ចូលរួម​យ៉ាង​សកម្ម​ នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ ដោយ​លើក​ឡើង​នូវ​សំណួរ​ និង​កង្វល់​ផ្សេងៗ​ ដែល​បាន​កើតឡើង​នៅ​ក្នុង​សហគមន៍​របស់​ពួក​គាត់​ ទៅ​គណៈកម្មាធិការ​ផែនការ​សកម្មភាព​រួម​ស្ដី​ពី​ការងារ​គណនេយ្យ​ភាព​សង្គម​។​ ជាមួយនឹង​ក្តី​សង្ឃឹម​ជា​វិជ្ជមាន​ ប្រជាពលរដ្ឋ​រំពឹង​ថា​ នឹង​មាន​សេវាកម្ម​កាន់តែ​ល្អ​ប្រសើរ​ និង​ឆាប់រហ័ស​នៅ​ក្នុង​សហគមន៍​របស់​ពួក​គាត់​។​