អង្គការអូឌីស៊ីបានចូលរួមដំណើរការត្រួតពិនិត្យតាមដានដោយប្រជាពលរដ្ឋ ដែលជាផ្នែកមួយនៃការអនុវត្តការងារគណនេយ្យភាពសង្គម (I-SAF)
ការអនុវត្តការងារគណនេយ្យភាពសង្គម (I-SAF) ចែកចេញជា បួន សមាសភាគរួមមាន៖ ១) ការទទួលបានព័ត៌មាននានា និងព័ត៌មានថវិកា ២) ការត្រួតពិនិត្យតាមដានដោយប្រជាពលរដ្ឋ ៣) ការសម្របសម្រួល និងការពង្រឹងសមត្ថភាព ៤) ការប្រមូលមេរៀនបទពិសោធន៍ និងការត្រួតពិនិត្យតាមដាន។ ប្លក់នេះគូសបញ្ជាក់ផ្នែកខ្លះអំពីសកម្មភាពនៃការអនុវត្តសមាសភាគទីពីរ គឺការត្រួតពិនិត្យតាមដានដោយប្រជាពលរដ្ឋ ដែលជាដំណើរការមួយដែលប្រជាពលរដ្ឋចូលរួម ក្នុងការទទួលបានព័ត៌មានអំពីសេវាកម្មរបស់រដ្ឋាភិបាល នៅក្នុងតំបន់ដែលពួកគាត់រស់នៅ និងតាមដានវាយតម្លៃដោយឯករាជ្យ លើសកម្មភាពរបស់អ្នកផ្តល់សេវាសាធារណៈ និងសេវាកម្មរបស់រដ្ឋាភិបាល។ ការត្រួតពិនិត្យតាមដានដោយប្រជាពលរដ្ឋពាក់ព័ន្ធនឹងដំណើរការចំនួន ៤ ផ្សេងទៀត ដូចជាប័ណ្ណដាក់ពិន្ទុដោយសហគមន៍ កិច្ចប្រជុំរួម ផែនការសកម្មភាពរួមស្ដីពីការងារគណនេយ្យភាពសង្គម (ផ.ស.រ.គ.) និងការត្រួតពិនិត្យតាមដានស៊ីជម្រៅ (រាជរដ្ឋាភិបាលកម្ពុជា ឆ្នាំ២០១៣)។
នៅប្លុកមុន ក្រុមការងារអូឌីស៊ីបានចុះទស្សនកិច្ចសកម្មភាពនៃការអនុវត្តសមាសភាគទីមួយ «កញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ (I4Cs)» ដែលជាកិច្ចចាប់ផ្ដើមដំបូងនៃដំណើរការ I-SAF ដែលមានកិច្ចសហការជាមួយអង្គការស្ដារកម្ពុជា (SK)។ ជាថ្មីម្ដងទៀត នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៨ ក្រុមការងាររបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានចុះទស្សនកិច្ចលើកទីពីរ ជាមួយអង្គការស្ដារកម្ពុជា ដែលជាអង្គការដៃគូរ ទៅឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង។ អង្គការស្ដារកម្ពុជា គឺជាដើរតួរក្នុងការជួយជម្រុញឱ្យមានភាពប្រសើរឡើង នូវការផ្តល់សេវាសាធារណៈ នៅក្នុងតំបន់នេះ ចាប់តាំងពីឆ្នាំ២០១៧ ដែលទទួលបានការឧបត្ថម្ភថវិកាដោយកម្មវិធី SPIDER។
នៅពេលព្រឹក ក្រុមការងារអង្គការស្ដារកម្ពុជា និងអ្នកសម្របសម្រួលគណនេយ្យភាពសង្គម (CAFs) បានរៀបចំកិច្ចប្រជុំចំនួនពីរ រួមមានកិច្ចប្រជុំរួម និងផែនការសកម្មភាពរួមស្ដីពីការងារគណនេយ្យភាពសង្គម (ផសរគ) ដែលមានអ្នកចូលរួមជាអ្នកតំណាងនៃប្រជាពលរដ្ឋ និងរដ្ឋាភិបាលថ្នាក់មូលដ្ឋាន ដើម្បីពិភាក្សាគ្នាអំពីលទ្ធផលនៃប័ណ្ណដាក់ពិន្ទុឃុំទៅលើសេវា ២៖ ការគ្រប់គ្រងរដ្ឋបាលឃុំ និងសេវាអប់រំ ដែលបានធ្វើមុនកិច្ចប្រជុំនេះ។
នៅរសៀលថ្ងៃដដែល សិក្ខាសាលាផ្សព្វផ្សាយព័ត៌មានអំពី ផែនការសកម្មភាពរួមស្ដីពីការងារគណនេយ្យភាពសង្គម (ផ. ស. រ. គ.) ក៏បានចាប់ផ្ដើមជាលើកដំបូង ដើម្បីចែករំលែកនូវលទ្ធផលនៃកិច្ចប្រជុំស្ដីពីផែនការសកម្មភាពរួមស្ដីពីការងារគណនេយ្យភាពសង្គម (ផ. ស. រ. គ.) ដែលបានធ្វើនៅពេលព្រឹក ហើយដើម្បីឆ្លុះបញ្ចាំងលើលទ្ធផលនៃការអនុវត្ត ផ. ស. រ. គ. កាលពីឆ្នាំមុន។
កិច្ចប្រជុំរួម និងកិច្ចប្រជុំនៃផែនការសកម្មភាពរួមស្ដីពីការងារគណនេយ្យភាពសង្គម
នៅម៉ោង ៨៖៣០ ព្រឹក មេឃុំ មេភូមិ នាយកសាលា និងតំណាងអ្នកភូមិមួយចំនួនមកពីឃុំអណ្ដូងពោធិ៍ មានដូចជា ភូមិរោងស្នោ ត្រពាំងជ័រ ថ្មី ចុងព្រែក ត្រពាំងបន្ទាយ រាមសេនា បុសគគីរ និងត្រពាំងត្បាល់ បានមកជួបជុំគ្នារហូតដល់ ២១ នាក់ សម្រាប់កិច្ចប្រជុំនេះ។
ស្រី ណុច ដែលជាអ្នកសម្របសម្រួលគណនេយ្យភាពសង្គមម្នាក់ នៅក្នុងឃុំអណ្តូងពោធិ៍បានផ្តើមកិច្ចប្រជុំ ដោយណែនាំពីគោលបំណងនៃកិច្ចប្រជុំនេះ និងស្វាគមន៍ភ្ញៀវកិត្តិយស មកពីក្រុមការងាររបស់អូឌីស៊ី និងក្រុមការងាររបស់ស្ដារកម្ពុជា។ កិច្ចប្រជុំនេះផ្តោតសំខាន់លើការចងក្រង និងពិភាក្សាអំពីលទ្ធផលនៃប័ណ្ណដាក់ពិន្ទុដោយប្រជាពលរដ្ឋ លើសេវាគ្រប់គ្រងរដ្ឋបាលឃុំ និងសេវាអប់រំឃុំ (សាលាបឋមសិក្សា)។ បន្ទាប់មក លោកស្រី គីម សុណ្ណារី ដែលជាមេឃុំអណ្ដូងពោធិ៍ បានបន្តបើកកិច្ចសុន្ទរកថាស្វាគមន៍ដ៏គួរឱ្យចាប់អារម្មណ៍មួយ។ លោកស្រីបានសង្កត់ធ្ងន់ថា កិច្ចប្រជុំនៅថ្ងៃនេះ គឺដើម្បីឆ្លុះបញ្ចាំងលើលទ្ធផលនៃប័ណ្ណដាក់ពិន្ទុឃុំដែល អ្នកសម្របសម្រួលគណនេយ្យភាពសង្គមបានធ្វើនៅតាមភូមិនីមួយៗ។ ដំណើរការនៃប័ណ្ណដាក់ពិន្ទុសហគមន៍ ផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ ឬអ្នកផ្តល់សេវាកម្ម ធ្វើការវាយតម្លៃលើគុណភាពនៃសេវាកម្ម ដែលផ្តល់ដោយរដ្ឋាភិបាលថ្នាក់ក្រោមជាតិ។ វាគឺជាពេលវេលាដ៏មានតម្លៃមួយ ដែលប្រជាពលរដ្ឋអាចចង្អុលបង្ហាញអំពី ល្អនៃសេវាសាធារណៈ និងចំណុចគួរកែលម្អ ដែលអ្នកផ្តល់សេវាកម្មអាចយកមកធ្វើការកែប្រែ ដើម្បីឱ្យការផ្តល់សេវាកម្មមានលក្ខណៈល្អប្រសើរឡើង។ ទន្ទឹមនឹងនេះ ប័ណ្ណពិន្ទុទាំងនោះក៏អាចឱ្យអ្នកផ្តល់សេវាកម្ម ធ្វើការវាយតម្លៃដោយខ្លួនឯង លើសកម្មភាពរបស់ពួកគាត់ផងដែរ។
ដោយអនុវត្តដំណើរការនៃសមាសភាគទីពីររបស់ I-SAF កិច្ចប្រជុំរួមបានចាប់ផ្តើមឡើង។ CAF បានអញ្ជើញអ្នកតំណាងមកពីភូមិនីមួយៗ ដែលបានចូលរួមនៅក្នុងសកម្មភាពដាក់ប័ណ្ណពិន្ទុសហគមន៍ និងការវាយតម្លៃដោយខ្លួនឯង ដើម្បីពន្យល់អំពីលទ្ធផលដែលបានសរសេរនៅលើក្រដាស ដោយផ្ដើមពីសេវាកម្មអប់រំនៅសាលារៀនពីរ គឺសាលាបឋមសិក្សាអណ្តូងពោធិ៍ និងសាលាបឋមសិក្សាទួលតាធន់ និងសេវាកម្មឃុំ នៅក្នុងឃុំអណ្តូងពោធិ៍។ បន្ទាប់ពីអ្នកគ្រប់គ្នានៅក្នុងបន្ទប់យល់ច្បាស់ពីចំណុចទាំងអស់ ដែលត្រូវបានលើកឡើងដោយមតិយោបល់ពីតម្រូវការ និងផ្នែកផ្គត់ផ្គង់រួចរាល់ហើយ ពួកគាត់បានបែងចែកជាបួនក្រុម ដោយផ្អែកលើលទ្ធផលដែលពួកគាត់បានចូលរួម៖ ៣ ក្រុម គឺសម្រាប់សេវាកម្មសាលារៀន (២ក្រុម សម្រាប់ប័ណ្ណដាក់ពិន្ទុដោយសហគមន៍ និង ១ក្រុម សម្រាប់ការវាយតម្លៃទៅលើអ្នកផ្តល់សេវាកម្ម) និងមួយក្រុមទៀតសម្រាប់សេវាកម្មឃុំ។ ពួកគាត់ត្រូវបានបង្កើតឡើង ដើម្បីចងក្រងបញ្ហា និងកំណត់អាទិភាពលើបញ្ហាដែលបានលើកឡើង ដោយផ្អែកលើសារៈសំខាន់ និងភាពបន្ទាន់នៃបញ្ហា ដោយជ្រើសរើសយកតែ ៦ បញ្ហាប៉ុណ្ណោះ (៣ សម្រាប់ធនធានខាងក្រៅ និង ៣ សម្រាប់ធនធានខាងក្នុង)។ សកម្មភាពបែបនេះ ត្រូវបានគេហៅថា «កិច្ចប្រជុំរួម» ដែលជាវេទិកាអាចឱ្យអ្នកមកពីវិស័យដូចគ្នាជួបជុំគ្នា ដើម្បីពិភាក្សាអំពីការកំណត់អាទិភាពបញ្ហាដែលត្រូវយកមកដោះស្រាយ។
បន្ទាប់ពីធ្វើការជ្រើសរើសបញ្ហាដោយក្រុមនីមួយៗរួចមក ពួកគាត់បានប្រមូលផ្តុំគ្នានៅក្នុងក្រុមធំ ដើម្បីឱ្យមានសម្លេងធំជាងមុន ហើយធ្វើការជ្រើសរើសយកបញ្ហាដែលមានសារៈសំខាន់បំផុត ចំពោះឃុំទាំងមូល។ សកម្មភាពនេះត្រូវបានគេហៅថា ផែនការសកម្មភាពរួមស្ដីពីការងារគណនេយ្យភាពសង្គម (ផ. ស. រ. គ.) ដែលជ្រើសយកបញ្ហាសំខាន់បំផុត ចេញពីបញ្ហាចម្បងៗ។ ពួកគាត់បានលើកដៃឡើង ដើម្បីបោះឆ្នោតរួមជ្រើសរើសយកបញ្ហាដែលសំខាន់ៗ។ នៅទីបំផុត កិច្ចប្រជុំនេះបានជ្រើសយកនូវសកម្មភាពចំនួនបីសម្រាប់សេវាកម្មនីមួយៗ ដើម្បីឱ្យគណៈកម្មាធិការចាប (JAAP) ធ្វើការអនុវត្តនៅឆ្នាំបន្ទាប់។
សិក្ខាសាលាផ្សព្វផ្សាយអំពីផែនការសកម្មភាពរួមស្ដីពីការងារគណនេយ្យភាពសង្គម
នៅពេលរសៀលម៉ោង ១ ដល់ម៉ោង ៤ ពលរដ្ឋប្រហែល ៤០០នាក់ មកពីឃុំពីរ ស្ថិតក្នុងស្រុករមាសហែក ខេត្តស្វាយរៀង បានមកស្តាប់លទ្ធផលនៃផែនការសកម្មភាពរួមស្ដីពីការងារគណនេយ្យភាពសង្គម ដែលបានធ្វើនៅពេលព្រឹក និងធ្វើការឆ្លុះបញ្ចាំង អំពីការអនុវត្តផែនការសកម្មភាពរួមស្ដីពីការងារគណនេយ្យភាពសង្គម កាលពីឆ្នាំមុន។
សិក្ខាសាលាផ្សព្វផ្សាយនេះត្រូវបានសម្របសម្រួលជាលើកដំបូងដោយក្រុមការងារស្ដារកម្ពុជា និងអ្នកសម្របសម្រួលគណនេយ្យភាពសង្គម ដើម្បីគាំទ្រដល់គណៈកម្មាធិការនៃផែនការសកម្មភាពរួមស្ដីពីការងារគណនេយ្យភាពសង្គម ក្នុងការចែករំលែកលទ្ធផល។ ព្រឹត្តិការណ៍នេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋ អំពីបញ្ហានានានៅក្នុងឃុំរបស់ពួកគាត់ និងធ្វើឱ្យពួកគាត់អាចចូលរួម នៅក្នុងដំណើរការត្រួតពិនិត្យបន្ថែមសម្រាប់ I-SAF ព្រមទាំងធ្វើឱ្យពួកគាត់មានអារម្មណ៍ថា មានតម្លៃនៅក្នុងដំណើរការនេះ។
កាលពីឆ្នាំមុន មានព្រឹត្តិការណ៍បែបនេះកើតឡើងតិចតួចណាស់ ដោយសារតែមិនមានថវិកាគ្រប់គ្រាន់ ដើម្បីអនុវត្តគម្រោង។ លើសពីនេះទៅទៀត វាត្រូវបានគេចាត់ទុកថា ជាផ្នែកមួយនៃការអនុវត្តរបស់គណៈកម្មាធិការផែនការសកម្មភាពរួមស្ដីពីការងារគណនេយ្យភាពសង្គម ប៉ុន្តែវាមិនទាន់បានដំណើរការល្អនៅឡើយទេ។ ដោយឃើញបញ្ហានេះ ទើបអង្គការស្តារកម្ពុជា បានសម្រេចបំពេញសកម្មភាពនេះ ដើម្បីគាំទ្រដល់អ្នកផ្តល់សេវាកម្ម (ដែលមេឃុំ ជាប្រធានគណៈកម្មាធិការផែនការសកម្មភាពរួមស្ដីពីការងារគណនេយ្យភាពសង្គម)។
ប្រជាជនមានសេចក្តីរីករាយយ៉ាងខ្លាំងក្នុងការស្តាប់លទ្ធផលរបស់ផែនការសកម្មភាពរួមស្ដីពីការងារគណនេយ្យភាពសង្គម ហើយបានចូលរួមយ៉ាងសកម្ម នៅក្នុងព្រឹត្តិការណ៍នេះ ដោយលើកឡើងនូវសំណួរ និងកង្វល់ផ្សេងៗ ដែលបានកើតឡើងនៅក្នុងសហគមន៍របស់ពួកគាត់ ទៅគណៈកម្មាធិការផែនការសកម្មភាពរួមស្ដីពីការងារគណនេយ្យភាពសង្គម។ ជាមួយនឹងក្តីសង្ឃឹមជាវិជ្ជមាន ប្រជាពលរដ្ឋរំពឹងថា នឹងមានសេវាកម្មកាន់តែល្អប្រសើរ និងឆាប់រហ័សនៅក្នុងសហគមន៍របស់ពួកគាត់។