អូ​ឌី​ស៊ី​ចូលរួម​ការ​ប្រជុំ​ស្ដី​ពី​ កញ្ចប់​ព័ត៌មាន​សម្រាប់​ប្រជាពលរដ្ឋ​ (I4Cs)​ នៅ​ក្នុងស្រុក​រមាស​ហែក​ ខេត្តស្វាយរៀង

ដោយ​មាន​កិច្ចសហការពី​អង្គការ​ស្ដារ​កម្ពុជា​ (SK)​ កាលពី​ចុង​ស​ប្ដា​ហ៍​ ថ្ងៃ​ទី​១៩​ ខែឧសភា​ ឆ្នាំ​២០១៨​ ក្រុមការងារ​របស់​អង្គការ​ទិន្នន័យអំពីការអភិវឌ្ឍ ហៅកាត់ថា អូ​ឌី​ស៊ី ​បាន​ចុះ​ទស្សនកិច្ច​សកម្មភាព​អនុវត្ត​នៅ​នឹង​កន្លែង​។​ ដំណើរ​ទស្សនកិច្ច​នេះ​ មាន​គោលបំណង ​សិក្សា​អំពី​ដំណើរការ​នៃ​ការ​អនុវត្ត ​ការងារ​គណនេយ្យ​ភាព​សង្គម​ នៃសេវាសាធារណៈ។

កាលពី​រសៀល​ថ្ងៃ​សៅរ៍​ មាន​មនុស្ស​ប្រមាណ​ ៣០​នាក់​ នៅ​ភូមិ​ចុង​ព្រែក​ ឃុំ​អណ្ដូង​ពោធិ៍​ (​ខេត្តស្វាយរៀង​)​ បាន​មក​ជួបជុំ​គ្នា​ នៅ​កន្លែង​ប្រជុំ​មួយ​ ដើម្បី​ពិភាក្សា​អំពី​ សកម្មភាព​របស់​អ្នកសម្របសម្រួល​គណនេយ្យ​ភាព​សង្គម​ (CAFs)​ ដែល​ជា​អ្នក​ស្ម័គ្រចិត្ត​ជម្រុញ ដំណើរ​​ការ​ផ្តល់​សេវា​សាធារណៈ​ប្រកបដោយ​ចីរភាព​នៅ​ក្នុង​ឃុំ​របស់ពួកគេ។​ កិច្ចប្រជុំ​នេះ  ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ‘I4Cs’​ (​មក​ពី​ «​កញ្ចប់​ព័ត៌មាន​សម្រាប់​ប្រជាពលរដ្ឋ​») ​បាន​រៀបចំ​ឡើង​ក្រោម​ការ​ជួយ​ជ្រោមជ្រែង​របស់​អង្គការ​ស្ដារ​កម្ពុជា​ (SK)​។​ ព័ត៌សម្រាប់​ប្រជាពលរដ្ឋ​គឺជា​ការ​ចាប់​ផ្តើម​ដំបូង​នៃវត្តរបស់​​ការ​អនុវត្ត​ការងារ​គណនេយ្យ​ភាព​សង្គម​ (I-SAF)​ ដែល​មាន​គោលបំណង​ផ្សព្វផ្សាយ​ព័ត៌មាន​ និង​លើកកម្ពស់​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​ អំពី​ការ​ផ្តល់​សេវា​សាធារណៈ​ ដូច​ជា​បញ្ហា​សុខភាព​ ការ​អប់រំ​ និង​ការគ្រប់គ្រងរដ្ឋបាល​ឃុំ​​ ក៏​ដូច​ជា​តួនាទី​របស់​សេវា​នីមួយៗ​។

អ្នកចូលរួម​ ភាគច្រើន​ជា​ស្ត្រី​ ហើយ​បាន​ស្តាប់​ដោយ​យកចិត្តទុកដាក់​ ចំពោះ​ការ​បកស្រាយដោយ​អ្នកសម្របសម្រួល​គណនេយ្យ​ភាព​សង្គម​ទាំង​ ២នាក់​លើ​ចំណុច​សំខាន់ៗនៃកិច្ច​ប្រជុំ​ រយៈពេល​ប្រហែល​ ២​ម៉ោងកន្លះ​​​។​ ក្នុង​នាម​ជា​អ្នកតំណាង​នៃ​តំបន់​ទាំងមូល​ អ្នក​ធ្វើបទបង្ហាញទាំង​ពីរ​រូប​មាន​សេចក្ដី​សោម​ន្ស​រីករាយណាស់ ដែល​មាន​មនុស្ស​ជា​ច្រើន​ចាប់អារម្មណ៍​ចូលរួមនៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ ទោះ​បី​ជា​កម្ម​វិធីនេះ​ត្រូវ​​បាន​ធ្វើ​ឡើងជា​លើក​ដំបូង​នៅ​ក្នុងភូមិ​នេះក៏ដោយ​។​ ហេតុផល​ចម្បង​ ដែល​ប្រជាពលរដ្ឋ​ចូលរួម កិច្ច​ប្រជុំ​នេះ​គឺ​ ដើម្បី​ស្វែង​យល់​អំពី​ថវិកាឃុំ​ និងចរន្តនៃ​ការចំណាយរបស់ថវិកានោះ​ និង​តួនាទី​របស់​អ្នក​សម្រប​សម្រួល​​គណ​នេយ្យ​ភាព​សង្គមផងដែរ​។​ ជាក់ស្ដែង​ ការ​ពិភាក្សា​ដោយ​បើកចំហ​បែប​នេះ​ មិន​ដែល​កើត​មាន​ឡើង​នៅ​ក្នុងភូមិ​នេះ​ពី​មុន​ឡើយ។​ បញ្ហា​នេះ​ភាគច្រើន​កើតឡើង​ដោយសារ​តែ​ នីតិវិធី​ថវិកា ​មិនទាន់​​មាន​ភាព​ងាយស្រួល​ សម្រាប់​ឱ្យប្រជាពលរដ្ឋ​ធ្វើការ​តាមដាន​ឡើយ​។​ ហេតុ​ដូច្នេះ​ហើយ​បានជា​ គម្រោង​ «​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​ផ្តល់​សេវា​សាធារណៈ​ តាម​រយៈ​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មានវិទ្យា​»​ ដែល​ទទួល​បានការ​ឧបត្ថម្ភ​ថវិកា​ដោយ​កម្មវិធី​ SPIDER​ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ធ្វើឱ្យ​ស្ថាន​ភាព​កាន់​តែ​ល្អ​ប្រសើរ​​។​

អ្នកចូលរួម​ម្នាក់​បាន​បង្ហាញ​ពី​អារម្មណ៍សប្បាយរីករាយ​​ ដែលបាន​​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ ព្រោះ​វា​ធ្វើ​ឱ្យ​គាត់​ដឹង​អំពី​អ្វី​ដែល​កំពុង​កើតឡើង​នៅ​ក្នុង​សហគមន៍​របស់​គាត់​។​ គាត់​ក៏រំពឹង​ថាងនឹង​​ចូលរួម​កិច្ចប្រជុំ​នេះម្តង​ទៀត ដូច​ដែល​បាន​មាន​ប្រសាសន៍ខាង​ក្រោម​​៖

អ្នកចូលរួម​ម្នាក់​បាន​បង្ហាញ​ពី​មតិ​របស់​គាត់​ក្នុង​ការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​។

«​ខ្ញុំ​បាន​ចូលរួម​កិច្ចប្រជុំ​នៅ​ថ្ងៃនេះ​ ពីព្រោះ​ខ្ញុំ​មិន​ដែល​ដឹង​ពី​អ្វី​ដែល​កំពុង​កើតឡើង​នៅ​ក្នុង​ឃុំ​របស់ខ្ញុំ​ពី​មុន​ទេ​។​ កិច្ចប្រជុំ​នេះ​ បាន​ផ្ដល់​ព័ត៌មាន​ជា​ច្រើន​ ហើយ​ខ្ញុំ​បាន​រៀនសូត្រ​ច្រើន​ពី​វា​។​ […]​ អត្ថប្រយោជន៍​ដំបូង​គឺថា​ ឥឡូវនេះ​ខ្ញុំ​បានដឹង​ថា​ឃុំ​របស់ខ្ញុំ​មាន​ថវិកា​ខ្លះ​ ហើយ​​ថវិកា​នោះ​ត្រូវ​បាន​ប្រើប្រាស់​លើគម្រោងអ្វីខ្លះ។​ កាលពីមុន​ ខ្ញុំ​មិន​ដែល​បានដឹង​អំពី​តម្លៃ​នៃ​ការ​ធ្វើ​សំបុត្រ​កំណើត​ ជាដើម​។​ កិច្ចប្រជុំ​នេះ​បាន​ធ្វើ​ឱ្យ​ខ្ញុំ​ដឹង​ពី​រឿង​ទាំងនេះ​។​ ដំណើរការ​នៃ​ការ​ទទួល​បាន​សំបុត្រ​កំណើត​នេះ​មិន​មាន​រយៈពេល​យូរ​ទេ​ ហើយ​អាជ្ញាធរ​មិន​ត្រូវការអ្វី​ និង​មិន​តម្រូវ​ឱ្យ​មាន​កម្រៃ​សេវា​អ្វី​នោះ​ឡើយ​។​ សម្រាប់​ថវិកា​ឃុំ​ ខ្ញុំ​មិន​ដែល​បានដឹង​ថា​ មាន​ថវិកា​ជាង​ ២៩០​ លាន​រៀល​នៅ​ក្នុង​ឃុំ​របស់ខ្ញុំ​ឡើយ​។​ ហើយ​ខ្ញុំ​ក៏​មិន​ដែល​បានដឹង​អំពី​ការ​ចំណាយ​នោះ​ទេ​។​ ប៉ុន្តែ​ឥឡូវនេះ​ ខ្ញុំ​បាន​យល់​ដឹង​ពី​វា​ក្នុង​ការ​ប្រជុំ​នេះ​។​ ជា​ឧទាហរណ៍​ ការ​ចំណាយ​លើ​ការ​ជុស​ជុល​ផ្លូវ​ ដែល​រួមចំណែក​ដល់​សហគមន៍​ទាំងមូល​ […]​ គាំទ្រ​ដល់​កម្មវិធី​ម​តេ្ត​យ្យ​សិក្សា​ នៅ​ក្នុង​សហគមន៍​របស់ខ្ញុំ​។​ រឿង​មួយទៀត​គឺថា​ ថវិកា​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ឧបត្ថម្ភ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ និងការ​ពិនិត្យ​សុខភាព​។​ បន្ទាប់​ពី​បានដឹង​អំពី​ការ​គាំទ្រ​នេះ​ពី​ថវិកា​ឃុំ​ ខ្ញុំ​មាន​អារម្មណ៍​ថា​សប្បាយ​រីករាយ​។​ […]​ ខ្ញុំ​សូម​ស្នើ​សុំ​ឱ្យ​រៀបចំ​ព្រឹត្តិការណ៍​លើកកម្ពស់​ការ​យល់​ដឹង​នេះ​ម្តងទៀត​ ដើម្បី​ឱ្យ​ប្រជាជន​នៅ​ក្នុងភូមិ​របស់ខ្ញុំ​ រួម​ទាំង​ខ្ញុំ​ផង​ដែរ​ មានការ​យល់​ដឹង​បន្ថែម​ទៀត​។​ ការ​ប្រជុំ​លើក​ដំបូង​នេះ​ បាន​ធ្វើ​អោយ​ខ្ញុំ​ដឹង​ពី​សកម្មភាព​ទាំងនេះ​។​ នៅ​ពេល​ប្រជុំ​បន្ទាប់​ យើង​នឹង​យល់​ដឹង​បន្ថែម​ទៀត​អំពី​វា​ ហើយ​យើង​នឹង​អាច​សាកសួរ​ជា​សំណួរ​ផ្សេងៗ​។​ យើង​មិន​បាន​លើក​សំណួរ​ទេ​ នៅ​ពេល​ប្រជុំ​នេះ​ ព្រោះ​វា​ជា​លើក​ដំបូង​ ហើយ​យើង​ទើបតែ​ចេះ​ចាប់ផ្ដើម​ពិចារណា​លើ​រឿង​ទាំង​អស់នេះ​។​ នេះ​ហើយ​ជា​មូលហេតុ​ដែល​យើង​មិន​ហ៊ាន​សួរ​សំនួរ​ ដោយសារ​ពួក​យើង​ខ្លាច​សួរ​សំណួរ​ដែល​មិន​សម​ស្រប​។​»

អ្វីដែលបាន​លើកឡើងនេះ​ បង្ហាញនូវ​ភាព​ប្រសើរ​ឡើង​ជា​ទូទៅ​​ ដែល​សម្រេច​បាន​នៅ​ក្នុង​ឃុំ​អណ្ដូង​ពោធិ៍​។​ ដោយ​បាន​សង្កេត​ឃើញ​ពី​ការ​ផ្លាស់​ប្តូរ​យ៉ាង​ពិតប្រាកដ អង្គការ​ស្ដារ​កម្ពុជា​ បាន​ចាត់តាំង​អ្នកសម្របសម្រួល​គណនេយ្យ​ភាព​សង្គម​ ជា​យុវជន​បង្គោល​នៃ​ការអនុវត្ត​គណនេយ្យភាព​សង្គម​ នៅ​ក្នុងភូមិ​នេះ​។​ ពួក​គាត់​បាន​បង្ហាញ​ពី​ការ​លើកទឹកចិត្ត​ និង​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ ដើម្បី​ផ្លាស់​ប្តូរ​សហគមន៍​របស់​ពួក​គាត់​។​ ជាក់ស្ដែង​ ស្រី​ឡែ​ន​ ជា​សិស្ស​ថ្នាក់​ទី​ ១២​ ដែល​រស់នៅ​ក្នុង​ឃុំ​អណ្ដូង​ពោធិ៍​ បាន​ក្លាយជា​​អ្នកសម្របសម្រួល​គណនេយ្យ​ភាព​សង្គម​ អស់​រយៈពេល​ប្រហែល​ ៦​ខែ ​មក​ហើយ​។​ នាង​បាន​សម្តែង​នូវ​ការ​ពេញចិត្ត​ ក្នុង​នាម​ជាអ្នកសម្របសម្រួល​គណនេយ្យ​ភាព​សង្គម​ ដោយ​នាង​បាន​សង្កេត​ឃើញ​ពីភាព​ប្រសើរ​ឡើង​នៅ​ក្នុង​ឃុំ​របស់​នាង​ បន្ទាប់​ពី​មានការ​អនុវត្ត​គម្រោង​នេះ​។​ នាង​មាន​ភាព​ស្វាហាប់​ណាស់​ ក្នុង​ការ​ចូលរួម​ផ្លាស់​ប្តូរ​ នៅ​ពេល​ដែល​ឃើញ​ការ​រីក​ចម្រើន​នៃ​សេវាកម្ម​ នៅ​ក្នុង​សហគមន៍​របស់​នាង​៖

អ្នកសម្របសម្រួល​គណនេយ្យ​ភាព​សង្គមសម្តែង​នូវ​ការ​ប្តេជ្ញាចិត្ត​របស់​នាង។

«​ក្នុង​នាម​ជា​អ្នកសម្របសម្រួល​គណនេយ្យ​ភាព​សង្គម​ ខ្ញុំ​អាច​ស្ម័គ្រចិត្ត​ក្នុង​ការ​ជួយ​ឃុំ​របស់ខ្ញុំ​។​ ជាដំបូង​ យើង​គួរ​នាំ​យក​ការ​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​ទៅ​កាន់អាជ្ញាធរ​មូលដ្ឋាន ដូច្នេះ​ពួក​គាត់​អាច​ធ្វើការ​ជាមួយ​គ្នា​ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ នៅ​ក្នុង​ពេលវេលា​ដ៏​សម​ស្រប​ណាមួយ។​ ក្រៅពី​នេះ​ ក្នុង​នាម​ជា​អ្នកសម្របសម្រួល​គណនេយ្យ​ភាព​សង្គម​ ខ្ញុំ​ទទួល​បាន​បទ​ពិសោធន៍​ថ្មីៗ​ជា​ច្រើន​។​ […]​ ទោះបីជា​ខ្ញុំ​មិនមែន​ជា​អ្នក​មានបទពិសោធន៍​ច្រើន​យ៉ាងណា​ក៏​ដោយ​ អ្វី​ដែល​ខ្ញុំ​សង្កេត​ឃើញ​ថា​មានការ​ប្រែប្រួល​ខ្លាំង​គឺ​ ឥរិយាបថ​របស់​ប្រជាពលរដ្ឋ​ ដែល​បាន​យល់​ដឹង​អំពី​សិទ្ធិ​របស់​ពួក​គាត់​ និង​ព័ត៌មាន​អំពី​សេវាកម្ម​ដែល​ពួក​គាត់​កំពុង​ប្រើប្រាស់​។​ ទាក់ទង​ទៅ​នឹង​ភាព​ប្រសើរ​ឡើង​របស់​អ្នក​ផ្តល់​សេវាវិញ​ វា​មិន​មែនមាន​ន័យ​ថា​អ្នក​ផ្តល់​សេវា​ទាំងនោះ​មិន​បាន​ដើរតួ​នាទី​របស់​ពួក​គាត់​បានល្អ នៅ​មុន​ពេល​ដែល​អង្គការ​ស្ដារ​កម្ពុជា​បាន​ចាប់ផ្តើម​អនុវត្ត​គម្រោង​នេះ​ទេ​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​ អ្នក​ផ្តល់​សេវាកម្ម​ទាំងអស់​នោះកាន់តែ​មាន​ទំនុកចិត្ត​ ក្នុង​ការ​ផ្តល់​សេវាកម្ម​។​ ពួក​គាត់​បាន​កសាង​ទំនាក់ទំនង​ល្អជា​មួយ​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ​ឡើង​ បន្ទាប់​ពី​គម្រោង​នេះ​បាន​ចាប់ផ្តើម​អនុវត្តកន្លងមក​។​»

​បន្ទាប់​ពី​កិច្ចប្រជុំ​លើកកម្ពស់​ការ​យល់​ដឹង​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុងភូមិ​ដទៃ​ទៀត​រួច អ្នកសម្របសម្រួល​គណនេយ្យ​ភាព​សង្គម​នឹង​បន្ត​ធ្វើ​ការងារ​របស់​ពួក​គាត់​ និង​បន្ត​រៀបចំ​សកម្មភាព​មួយ​ចំនួន​ផ្សេង​ទៀត​ដូច​ជា​ ការត្រួតពិនិត្យរបស់ប្រជាពលរដ្ឋ (Citizen Monitoring)​ ជាមួយនឹងប័ណ្ណ​ដាក់​ពិន្ទុដោយ​​សហគមន៍ កិច្ចប្រជុំរួម​ជាមួយ​សហគមន៍​ ជាដើម​។​

អ្នកចូលរួមកំពុងស្ដាប់បទបង្ហាញ​ អ្នកសម្របសម្រួលគណនេយ្យភាពសង្គម (CAF)។

មិន​គ្រាន់តែ​ជា​អ្នកសម្របសម្រួល​នៃ​គម្រោង​ និង​ផ្តល់​ការ​បណ្តុះបណ្តាល​ដល់​អ្នក​សារព័ត៌មាន​ប្រជាពលរដ្ឋ​ អ្នកសារព័ត៌មាន​និស្សិត​ និង​អ្នក​សារព័ត៌មាន​ធម្មតានោះទេ​ ក្រុមការងារ​អូ​ឌី​ស៊ី ក៏​ផ្តល់​នូវ​វគ្គ​បណ្តុះបណ្តាល​ខ្លះៗ​ដល់​អ្នកសម្របសម្រួល​គណនេយ្យ​ភាព​សង្គម​ អំពី​ប្រធានបទ​ជាក់លាក់​ផង​ដែរ​ ជា​ឧទាហរណ៍​ ប្រធានបទ​ស្ដី​ពី ​ការ​ទទួល​បាន​ព័ត៌មាន​សេវា​សាធារណៈ​ នៅ​លើ​គេហទំព័រ​អូ​ឌី​ស៊ី​ ដែល​មាន​សារៈ​ប្រយោជន៍​ និង​ផ្តល់​ព័ត៌មាន​ជា​ច្រើន​ដល់​ពួក​គាត់។​

ដំណើរ​ទស្សនកិច្ច​​ដើម្បី​ពិនិត្យ​មើល​ការ​អនុវត្ដ​នៃ​ការ​ផ្តល់​សេវា​សាធារណៈ​នៅ​នឹង​កន្លែង ​គឺ​មាន​សារៈ​សំខាន់​​ណាស់​ នៅ​ពេល​ក្រុមការងារ​របស់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​មាន​ឱកាស​ ដើម្បី​ជួប​សន្ទនា​ផ្ទាល់មាត់​ជាមួយនឹង​ប្រជាពលរដ្ឋ​ និង​អ្នកសម្របសម្រួល​គណនេយ្យ​ភាព​សង្គម​ ដែល​ត្រូវ​បាន​ចូលរួម​ និង​ជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​ I-SAF​។​ អូ​ឌី​ស៊ី​នឹង​បន្តដំណើរ​ទស្សនកិច្ច​មួយ​ផ្សេង​ទៀត​ សម្រាប់​ព្រឹត្តិការណ៍​ I-SAF​ ផ្សេង​ទៀត​នៅ​ពេលក្រោយទៀត​​។​