ជួបគ្នាជាថ្មីម្តងទៀតនៅក្នុងព្រឹត្តិការណ៍៖ ទិវាទិន្នន័យបើកទូលាយឆ្នាំ ២០១៨!
នៅថ្ងៃទី ០៤ ខែមីនា ឆ្នាំមុន អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានប្រារព្ធ “ទិវាទិន្នន័យបើកទូលាយឆ្នាំ ២០១៧” ដោយជោគជ័យ នៅ Emerald Hub រាជធានីភ្នំពេញ កម្ពុជា។ កម្មវិធីនេះមានអ្នកចូលរួមជាច្រើន ក្នុងនោះមានដូចជា ស្ថាបនិក សិស្សនិស្សិត អ្នកស្រាវជ្រាវ បុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល ដែលជាអ្នកចាប់អារម្មណ៍អំពីទិន្នន័យ ចង់រៀនសូត្រ និងចូលរួមក្នុងចលនាទិន្នន័យបើកទូលាយ។

លោក ធី ទ្រី នាយកប្រតិបត្តិនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ កំពុងធ្វើបទបង្ហាញក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ទិវាទិន្នន័យបើកទូលាយឆ្នាំ ២០១៧។

រូបថតជាក្រុមរវាងនាយកប្រតិបត្តិអង្គការទិន្នន័យអំពីការអភិវឌ្ឍជាមួយនឹងវាគ្មិនទិវាទិន្នន័យបើកទូលាយ មកពី TechSoup និងអ្នកចូលរួម
ដោយមើលឃើញពីភាពជោគជ័យនៃព្រឹត្តិការណ៍នេះនៅឆ្នាំមុន និងដើម្បីបន្តលើកកម្ពស់ចលនាទិន្នន័យបើកទូលាយនៅក្នុងប្រទេសកម្ពុជា ឆ្នាំនេះ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានសហការជាមួយ សហគមន៍ទិន្នន័យបើកទូលាយ, សកម្មជនទិន្នន័យបើកទូលាយ, អ្នកផ្តល់ការអប់រំ និងអ្នកមានចំណង់ចំណូលចិត្តខ្ពស់លើប្រភពបើកទូលាយ, អ្នកតំណាងអ្នកតស៊ូមតិផ្នែកចំណេះដឹងសេរី និងបើកចំហនៅកម្ពុជា, និងអង្គការសង្គមស៊ីវិលទាំងក្នុង និងក្រៅប្រទេស រួមទាំងសមាជិកក្រុមរៀបចំកម្មវិធីជាច្រើនទៀត មានក្តីរីករាយនឹងប្រារព្ធ និងស្វាគមន៍សាធារណៈជនទាំងអស់គ្នា ដើម្បីចូលរួមទិវាទិន្នន័យបើកទូលាយអន្តរជាតិឆ្នាំ ២០១៨ ក្រោមប្រធានបទ “កិច្ចសន្យាបើកទូលាយដើម្បីការអភិវឌ្ឍដោយចីរភាព” ដែលព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍ ទី០៣ ខែមីនាឆ្នាំ ២០១៨ ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ១៦:៣០ រសៀល នៅ Emerald Hub រាជធានីភ្នំពេញ។
ប្រសិនបើអ្នកមានជាគំនិតយោបល់សម្រាប់ការប្រើប្រាស់ទិន្នន័យបើកទូលាយ នឹងចង់ស្វែងរកគម្រោងដែលគួរឱ្យចាប់អារម្មណ៍ណាមួយ ដើម្បីចូលរួមចំណែក រៀនសូត្រអំពីរបៀបនៃការធ្វើទិន្នន័យក្លាយជារូបភាព ឬការវិភាគទិន្នន័យ ឬចង់ឃើញពីអ្វីដែលកំពុងនឹងកើតឡើង ដូច្នេះអ្នកគួរតែចូលរួមទិវាទិន្នន័យបើកទូលាយនេះ។ នៅក្នុងឆ្នាំនេះយើងនឹងមានរបៀបវារៈដ៏គួរឱ្យរំភើបមួយសម្រាប់អ្នកចូលរួមដែលចាប់អារម្មណ៍នៅក្នុងការចែករំលែកទិន្នន័យ និងដើម្បីចូលរួមចំណែកដល់ចលនាទិន្នន័យបើកទូលាយជាមួយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ផងដែរ។

ក្រុមការងារអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) មានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍អ្នកចូលរួមក្នុងទិវាទិន្នន័យបើកទូលាយឆ្នាំ ២០១៨។

លោក ធី ទ្រី នាយកប្រតិបត្តិ នៃអង្គការអូឌីស៊ី និងលោក សុខ ទី អ្នកជំនាញខាង ICT កំពុងកាន់សេចក្តីប្រកាសអំពី “ទិវាទិន្នបើកទូលាយឆ្នាំ ២០១៨”។
“វត្តមានរបស់អ្នកទាំងអស់គ្នា គឺជាតម្លៃស្នូលនៃទិវាទិន្នន័យបើកទូលាយនេះ។ អ្នកទាំងអស់គ្នាមានសេរីភាពក្នុងការបញ្ចេញមតិយោបល់នៅក្នុងន័យស្ថាបនា។ មិនថាអ្នកមានជំនាញផ្នែកអ្វី ឬចំណាប់អារម្មណ៍លើអ្វីនោះទេ យើងនៅតែលើកទឹកចិត្តអ្នកទាំងអស់គ្នាចូលរួមព្រឹត្តិការណ៍នេះ ដើម្បីរៀនសូត្រ និងជួយដល់សហគមន៍ទិន្នន័យបើកទូលាយកាន់តែបន្តរីកលូតលាស់។ ”
សូមទស្សនាវីដេអូសកម្មភាពទិវាទិន្នន័យបើកទូលាយអន្តរជាតិ ដែលបានប្រព្រឹត្តទៅកាលពីឆ្នាំ ២០១៧ នៅផ្នែកខាងក្រោម។
ការចុះឈ្មោះចូលរួម៖
ដើម្បីចុះឈ្មោះចូលរួមដោយសេរីតាមអនឡាញ សូមចុចនៅទីនេះ!
របៀបវារៈបណ្តោះអាសន្ន៖
កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ទី ០៣ ខែមីនា ឆ្នាំ ២០១៨
ទីតាំង៖ Emerald HUB ជាន់ទី១១ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ, អគារលេខ ៣៦, ផ្លូវលេខ ១៦៩, សង្កាត់វាលវង់, ខណ្ឌ៧មករា, រាជធានីភ្នំពេញ។ (Google Map)
ពេលវេលា | សកម្មភាព | អ្នកសម្របសម្រួល |
៨:០០ – ៨:៣០ | ការចុះឈ្មោះចូលរួម | ក្រុមអ្នកសហការរៀបចំកម្មវិធី |
៨:៣០ – ៨:៣៥ | សុន្ទរកថាស្វាគមន៍ | លោក ធី ទ្រី |
៨:៣៥ – ៨:៤៥ | សុន្ទរកថាបើកកម្មវិធី | លោក អ៊ុំ វ័ណថារិទ្ធ, អ្នកតស៊ូមតិផ្នែកចំណេះដឹងសេរី និងបើកចំហ |
៨:៤៥ – ៩:០០ | អង្គការទិន្នន័យអំពីការអភិវឌ្ឍ និងកិច្ចសន្យាបើកទូលាយ | លោក ព្រំ ពន់វឌ្ឍន៍, អ្នកស្រាវជ្រាវទិន្នន័យ និងមន្ត្រីផ្នែក GIS នៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) |
៩:០០ – ៩:១៥ | ភាពជាដៃគូរដ្ឋាភិបាលបើកទូលាយ (អូជីភី) | តំណាងមកពី OGP-CSO នៅប្រទេសកម្ពុជា (TBD) |
៩:១៥ – ៩:៣០ | សារៈសំខាន់នៃកិច្ចសន្យាបើកទូលាយនៅក្នុងវិស័យឧស្សាហកម្មនិស្សារណកម្ម | លោកស្រី លឹម សុខលីន, នាយិកាប្រចាំប្រទេសនៃ អង្គការ Oxfam Cambodia |
៩:៣០ – ៩:៤៥ | សំណួរ-ចម្លើយ | ក្រុមអ្នកសហការរៀបចំកម្មវិធី |
៩:៤៥ – ១០:១៥ | សំរាកអាហារសម្រន់ | ក្រុមការងារអូឌីស៊ី |
១០:១៥ – ១០:៣០ | វិធីសាស្រ្តទិន្នន័យសម្រាប់និរន្តរភាព៖ ករណីនៅប្រទេសឥណ្ឌា | លោក Vivek Anand Asokan, អ្នកស្រាវជ្រាវ នៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) មកពីសាកលវិទ្យាល័យតូក្យូ |
១០:៤៥–១១:០០ | គ្រោះថ្នាក់នៃទិន្នន័យបើកទូលាយ | អ្នកធ្វើបទបង្ហាញ៖ – លោក WEEKS John , សមាជិកក្រុមប្រឹក្សាភិបាលអូឌីស៊ី, អ្នកផ្តល់ការអប់រំ និងជាអ្នកមានចំណង់ចំណូលចិត្តខ្ពស់លើ វិស័យព័ត៌មានវិទ្យា និងប្រភពបើកទូលាយ – លោកស្រី PARNELL Terry, ស្ថាបនិកនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) |
១១:០០ – ១១:១៥ | ទិន្នន័យទីក្រុងបើកទូលាយ | លោក សឿង សារ៉ាន់ នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត |
១១:១៥ – ១១:៣០ | ICT4D: វេទិកាអំពីការអប់រំបើកទូលាយនៅក្នុងប្រទេសកម្ពុជា | លោក ម៉ាក ពុទ្ធា, អ្នកសម្របសម្រួលបណ្តាញ, ICT4D Cambodia Network |
១១:៣០ – ១២:០០ | – សំនួរចម្លើយ – ការពិភាក្សា និងការចែករំលែកបទពិសោធន៍ពីអ្នកចូលរួមអំពីទិន្នន័យបើកទូលាយនៅកម្ពុជា | អ្នកចូលរួម |
១២:០០ – ១៣:៣០ | សំរាក ពិសារអាហារថ្ងៃត្រង់ | ក្រុមអ្នកសហការរៀបចំកម្មវិធី |
១៣:៣០ – ១៦:០០ | វគ្គ Hackathon៖ – ការណែនាំពីទិន្នន័យមេតាក្នុងការបំពេញនៅលើ CKAN DataHub – ប្រកាសការចូលរួមផ្តល់ទិន្នន័យ | ក្រុមការងារអូឌីស៊ី |
១៦:០០ – ១៦:៣០ | សុន្ទរកថាបិទកម្មវិធី | អ្នកតំណាងក្រុមអ្នកសហការរៀបចំកម្មវិធី |
*របៀបវារៈអាចនឹងមានផ្លាស់ប្តូរដោយអ្នករៀបចំកម្មវិធី ប្រសិនបើមានភាពចាំបាច់។
សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី សូមទំនាក់ទំនងមក លោកស្រី ស៊ីវ វឌ្ឍនា ពណ្ណាធីការ – អ្នកស្រាវជ្រាវ នៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ តាមរយៈអ៊ីម៉ែល៖ vatana@opendevcam.net។