ទិវា​ទិន្នន័យ​បើក​ទូលាយ​ ឆ្នាំ​២០១៩៖​ ការ​ស្វែង​យល់​លំហូរ​ថវិកា​សាធារណៈ​

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ សហការ​ជាមួយ​សហគមន៍​ទិន្នន័យ​បើក​ទូលាយ​មាន​សេចក្តី​រីករាយ​ ក្នុង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ ទិវា​ទិន្នន័យ​បើក​ទូលាយ​ ឆ្នាំ​២០១៩​ នៅ​ថ្ងៃ​ទី​០១​ ខែមីនា​ នៅ​រាជធានី​ភ្នំពេញ​។​ នេះ​ជា​លើក​ទី​៤​ ហើយ​ដែល​អង្គការ​អូ​ឌី​ស៊ី​ ចូលរួម​ក្នុង​ព្រឹត្តិការណ៍​សកលលោក​នេះ​ ហើយ​បាន​រៀបចំ​ទិវា​ទិន្នន័យ​បើក​ទូលាយ​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​។​ នេះ​គឺជា​ឆ្នាំ​ទី​៩​ ដែល​សហគមន៍​ទិន្នន័យ​បើក​ទូលាយ​នៅ​ជុំវិញ​ពិភពលោក​ បាន​ប្រារព្ធ​ព្រឹត្តិការណ៍​នេះ​បន្តបន្ទាប់​ នៅ​ក្នុង​សហគមន៍​របស់​ពួក​គេ​ ដើម្បី​លើកកម្ពស់​ទិន្នន័យ​បើក​ទូលាយ​សម្រាប់​ការ​អភិវឌ្ឍ​។​ គំនិត​ផ្តួចផ្តើម​នេះ​ បាន​ផ្តល់​ឱកាស​ដ៏​ល្អ​មួយ​ក្នុង​ការ​សរសេរ​កម្មវិធី​ រំលេច​ទិន្នន័យ​ បង្កើត​ការ​ពណ៌នា​ទិន្នន័យ​ និង​វិភាគ​ទិន្នន័យ​រួម​គ្នា​ជាមួយ​អ្នក​ដែល​ស្រលាញ់​ទិន្នន័យ​បើក​ទូលាយ​ផ្សេងៗ​ទៀត​។​

​សហគមន៍​ទិន្នន័យ​បើក​ទូលាយ​ បាន​ស្នើ​ប្រធានបទ​ចំនួន​ បួន​ ផ្សេងៗ​គ្នា​សម្រាប់​ឆ្នាំ​នេះ​ រួម​មាន​វិទ្យាសាស្ត្រ​បើក​ទូលាយ​ ផែនទី​បើក​ទូលាយ​ ទិន្នន័យ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​សមភាព​ និង​ការ​ស្វែង​យល់​លំហូរ​ថវិកា​សាធារណៈ​។​ អូ​ឌី​ស៊ី​ បាន​ជ្រើសរើស​ផ្តោត​លើ​ប្រធានបទ​ "​ការ​ស្វែង​យល់​លំហូរ​ថវិកា​សាធារណៈ​"​ ដែល​ទាក់ទង​នឹង​ប្រភព​ និង​ទិស​ដៅ​នៃ​ថវិកា​សាធារណៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​យកចិត្តទុកដាក់​ជា​ពិសេស​ លើ​តួនាទី​ និង​សក្តានុពល​នៃ​ទិន្នន័យ​បើក​ទូលាយ​។​ ព្រឹត្តិការណ៍​នេះ​មាន​អ្នកចូលរួម​ប្រមាណ​ជាង​ ១០០​ នាក់​ រួម​ទាំង​សកម្មជន​ទិន្នន័យ​បើក​ទូលាយ​ អ្នក​ដែល​ស្រលាញ់​ប្រភព​កូដ​បើក​ទូលាយ​ អ្នក​អប់រំ​ និង​សមាជិក​សហគមន៍​ទិន្នន័យ​បើក​ទូលាយ​ និង​អង្គការ​សង្គម​ស៊ី​វិល​ ដែល​ចូលរួម​យ៉ាង​សកម្ម​ក្នុង​រយៈពេល​មួយ​ថ្ងៃ​ពេញ​ ជាមួយ​ការ​ធ្វើ​បទ​បង្ហាញ​ ការ​ពិភាក្សា​ និង​ការ​អនុវត្ត​ការ​ប្រើប្រាស់​ទិន្នន័យ​។​

រូបថតក្រុមថ្ងៃទិវាទិន្នន័យបើកទូលាយ ឆ្នាំ២០១៩។

​ទិវា​ទិន្នន័យ​បើក​ទូលាយ​ ត្រូវ​បាន​បង្កើត​ឡើង​ ក្នុង​គោលបំណង​លើកកម្ពស់​ការ​យល់​ដឹង​ពី​សក្តានុពល​នៃ​ការ​បើក​ទូលាយ​ទិន្នន័យ​ និង​បច្ចេកវិទ្យា​សម្រាប់​អភិបាលកិច្ច​នៃ​សារពើពន្ធ​ ក៏​ដូច​ជា​ប្រមូលផ្តុំ​មនុស្ស​មក​ពី​ក្រុម​ផ្សេងៗ​ជា​ច្រើន​ ដើម្បី​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​ការ​វិភាគ​ និង​ទាញ​យក​ប្រយោជន៍​របស់​ទិន្នន័យ​បើក​ទូលាយ​ និង​ប្រើប្រាស់​ទិន្នន័យ​បើក​ទូលាយ​ ដើម្បី​ផលិត​ព័ត៌មាន​ដោយ​ប្រើប្រាស់​ទិន្នន័យ​ សម្រាប់​ការ​ស្វែង​យល់​លំហូរ​ថវិកា​សាធារណៈ​។​

ព្រឹត្តិការណ៍នេះបានចាប់ផ្ដើមពីសុន្ទរកថាស្វាគមន៍ដោយ លោក ធី ទ្រី ដែលជានាយកប្រតិបត្តិ នៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ ដែលបានស្វាគមន៍អ្នកចូលរួម ហើយបានរៀបរាប់ពីភាពជោគជ័យនៃទិវាទិន្នន័យបើកទូលាយ កាលពីឆ្នាំមុនៗ។ គាត់បានលើកទឹកចិត្តអ្នកចូលរួមទាំងអស់ ឱ្យចូលរួមក្នុងបទបង្ហាញ និងអនុវត្តគំនិតរបស់ពួកគាត់ នៅក្នុងការអនុវត្តការប្រើប្រាស់ទិន្នន័យ។ ជាលទ្ធផលនៃការប្តេជ្ញាចិត្ត និងការសហការគ្នារវាងសហគមន៍ទិន្នន័យបើកទូលាយ និងក្រុមការងារអង្គការទិន្នន័យអំពីការអភិវឌ្ឍ កូនសៀវភៅអំពីទិន្នន័យបើកទូលាយ ត្រូវបានបកប្រែជាខេមរ​ភាសា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីទិន្នន័យបើកទូលាយ។ កូនសៀវភៅអំពីទិន្នន័យបើកទូលាយអាចរកបាន នៅលើគេហទំព័ររបស់អូឌីស៊ី។ លោក ទ្រី ក៏បានអំពាវនាវឱ្យមានកិច្ចសហការ និងភាពជាដៃគូបន្ថែមទៀតរវាងសហគមន៍ទិន្នន័យបើកទូលាយ។

វាគ្មិនសំខាន់សម្រាប់សុន្ទ​កថា​គន្លឹះនោះ​គឺ លោក John Weeks តំណាងក្រុមប្រឹក្សាភិបាលរបស់ អូឌីស៊ី និងអ្នកចូលចិត្តប្រភពកូដបើកទូលាយ បានណែនាំនូវជម្រើសផ្សេងៗ សម្រាប់បណ្ដាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗទៀត។ លោកបានពិភាក្សាជាមួយអ្នកចូលរួម អំពីចំណុចអវិជ្ជមាននៃគេហទំព័រដ៏ពេញនិយម ដោយពួកគេមិនគិតកម្រៃពីអ្នកប្រើប្រាស់នោះទេ ព្រោះ "អ្នកទាំងអស់គ្នាប្រៀបដូចជាផលិតផល ពួកគេកំពុងរកលុយចេញពីអ្នកទាំងអស់គ្នា" ដោយទាញយកព័ត៌មានដ៏មានតម្លៃ។ គាត់បានណែនាំអ្នកចូលរួមពី គេហទំព័រ ប្រព័ន្ធផ្សព្វផ្សាយសង្គមបែបប្រភពកូដបើកទូលាយ​មួយចំនួន ដែលទោះបីជាមនុស្សជាច្រើនមិនសូវស្គាល់ក៏ដោយ ប៉ុន្តែវាផ្តល់ឱ្យនូវមុខងារស្រដៀងគ្នាទៅនឹងអ្វីដែលយើងទាំងអស់គ្នាកំពុងប្រើប្រាស់។

ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់វគ្គបន្ទាប់ កញ្ញា អ៊ួន វិមល បណ្ណាធិការ និងអ្នកស្រាវជ្រាវ នៅអង្គការអូឌីស៊ី បានផ្ដល់នូវការណែនាំដ៏ល្អមួយ អំពីទិន្នន័យបើកទូលាយ រួមទាំងទស្សនទាន ផលប៉ះពាល់ និងភាពពាក់ព័ន្ធ។ កញ្ញាក៏បានណែនាំពីអង្គការទិន្នន័យអំពីការអភិវឌ្ឍ និងបានពន្យល់ពីរបៀបដែលអង្គការនេះ ធ្វើការជាមួយទិន្នន័យបើកទូលាយជារៀងរាល់ថ្ងៃ។

កិច្ចពិភាក្សាជាក្រុម​បាន​​ពិភាក្សា​ទាក់ទងនឹងតួនាទីរបស់អាយសុីធី ក្នុងតម្លាភាព និងគណនេយ្យភាព នៅក្នុងឧស្សាហកម្មនិស្សារណកម្ម។ វាគ្មិនរួមមាន លោក រ៉ា ច័ន្ទរតន៍ ប្រធានកម្មវិធីសម្រាប់ការអភិវឌ្ឍរ៉ែដោយចីរភាព នៅអង្គការតម្លាភាពកម្ពុជា លោក ចេង គឹមហេង អ្នកសម្របសម្រួលគម្រោងអភិបាលកិច្ចឧស្សាហកម្មនិសារណកម្ម នៃអង្គការ Oxfam និងកញ្ញា ថៅ​ ច័ន្ទ​ធា​រី​រ័​ត្ន​ បណ្ណាធិការ និងអ្នកស្រាវជ្រាវ នៅអង្គការអូឌីស៊ី។ កិច្ចពិភាក្សានេះត្រូវបានសម្របសម្រួលដោយ លោក ណុប វី នាយកនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ កិច្ចពិភាក្សាបានលើកឡើងពីយុទ្ធសាស្រ្ត ដើម្បីតាមដានប្រាក់ចំណូល និងបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការបោះពុម្ពផ្សាយរបាយការណ៍ ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន នៅលើប្រព័ន្ធអ៊ិនធើណេត។ អ្នកចូលរួមម្នាក់បានសម្តែងពីការព្រួយបារម្ភ ដោយលើកឡើងថា នៅពេលដែលរបាយការណ៍ EIA ទទួលបានពីរាជរដ្ឋាភិបាល យើងគ្រាន់តែលឺផ្នែកមួយនៃរឿងនេះប៉ុណ្ណោះ។ ឆ្លើយតបនឹងបញ្ហានេះ កញ្ញា ថៅ​ ច័ន្ទ​ធា​រី​រ័​ត្ន បានបង្ហាញថា​ ការបោះពុម្ពផ្សាយរបាយការណ៍ ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន នៅលើប្រព័ន្ធអ៊ិនធើណេត គឺជាការចាប់ផ្ដើមមួយដ៏សំខាន់ ដើម្បីឆ្ពោះទៅរកការបើកទូលាយនូវព័ត៌មានបន្ថែមទៀត។

វគ្គបន្តបន្ទាប់បានផ្តល់ឱ្យអ្នកចូលរួមនូវឱកាស ដើម្បីចែករំលែកបទពិសោធន៍របស់ពួកគេ និងឆ្លុះបញ្ចាំងអំពីបទបង្ហាញនានា នៅពេលព្រឹក។ អ្នកចូលរួមបានផ្តល់នូវចំណុចសំខាន់ៗមួយចំនួន ហើយបានលើកឡើងនូវសំណួរ និងបញ្ហាប្រឈម ដែលពួកគាត់​ជួបប្រទះនៅក្នុងវិស័យរបស់ពួកគាត់។ វគ្គនេះត្រូវបានសម្របសម្រួលដោយលោក ធី ទ្រី ដោយបានបង្ហាញដល់អ្នកចូលរួមអំពី សំណុំទិន្នន័យដែលមាន នៅលើគេហទំព័រអង្គការអូឌីស៊ី និងរបៀបដែលព័ត៌មានទាំងនោះ ជួយបង្កើនតម្លាភាព និងគណនេយ្យភាព។

លោក គុណ ចិន្តា អ្នក​គ្រប់​គ្រង​ផ្នែក​អនឡាញ នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បានរៀបរាប់អំពីជំហាន ក្នុងការសរសេរអត្ថបទល្អ និងពិភាក្សាពីតួនាទីនៃទិន្នន័យបើកទូលាយ នៅក្នុងវិស័យសារព័ត៌មាន។ គាត់បានចែករំលែកពីបទពិសោធន៍ដ៏ច្រើនរបស់គាត់ ក្នុងការសរសេរ និងប្រាប់រឿងរ៉ាវ ក្នុងនាមជាអ្នកសារព័ត៌មានមួយរូប។ លោកក៏បានចែករំលែកនូវដំបូន្មានមួយចំនួន ដល់អ្នកចូលរួមដូចជាការកំណត់​ឱ្យ​ច្បាស់អំពីប្រធានបទ និងប្រើប្រាស់ទិន្នន័យដែលគួរឱ្យទុកចិត្ត។ នេះគឺជាបទបង្ហាញដ៏ពិសេសមួយ ជាពិសេសសម្រាប់ការប្រកួតប្រជែង ការអនុវត្តការប្រើប្រាស់ទិន្នន័យ ដែលជាពេលវេលាអ្នកចូលរួមត្រូវវិភាគទិន្នន័យ និងពណ៌នាទិន្នន័យនោះ។

ករណីសិក្សាមួយ ត្រូវបានលើកមកបង្ហាញដោយ​អ្នក​ស្រី​ ​ជី​ បូណ៌មី​ អ្នកសម្របសម្រួល​គម្រោង​​ភាព​ជា​ដៃគូ នៃអង្គការអូឌីស៊ី។ អ្នក​ស្រី​បានបង្ហាញពីឧទាហរណ៍នៃការ​ទាញ​យក​ទិន្នន័យ​សម្រាប់​សារព័ត៌មាន​ ពាក់ព័ន្ធនឹងថវិការសាធារណៈ និងបង្ហាញជាគំនិត/គំរូ សម្រាប់ការប្រកួតប្រជែង ការអនុវត្តការប្រើប្រាស់ទិន្នន័យ។ ឧទាហរណ៍ដែលត្រូវបានចែករំលែក គឺកញ្ចប់ថវិការបស់រាជរដ្ឋាភិបាល សម្រាប់ក្រសួងនីមួយៗ ដោយប្រើប្រាស់រូបភាពដែលមើលឃើញ ដោយ​ផ្អែកលើទិន្នន័យ។

លោក ព្រំ ពន់វឌ្ឍន៍ អ្នក​​សម្របសម្រួល​ផ្នែក​ស្រាវជ្រាវ​ទិន្នន័យ​ និង​ GIS នៃអង្គការអូឌីស៊ីបានផ្ដល់ព័ត៌មានដែលចាំបាច់មួយចំនួន សម្រាប់ការប្រកួតប្រជែង ការអនុវត្តការប្រើប្រាស់ទិន្នន័យ ឱ្យបានជោគជ័យ។ គាត់បានចែករំលែកពីប្រភពទិន្នន័យផ្សេងៗ ដើម្បីរកមើលសំណុំទិន្នន័យ និងឧបករណ៍ផ្សេងៗសម្រាប់បង្កើតទិន្នន័យជាព័ត៌មាន។ ជាពិសេស គាត់បានផ្តោតលើកម្មវិធីInfogram ដែលជាកម្មវិធីលើអ៊ីនធឺណិតមួយ សម្រាប់ពណ៌នាទិន្នន័យ និងចែករំលែកទិន្នន័យ ដែលត្រូវបានប្រើប្រាស់ដោយក្រុម ដើម្បីបង្កើតព័ត៌មាន ដែលទាញយកពីទិន្នន័យ។

ការអនុវត្តការប្រើប្រាស់ទិន្នន័យ ជាវគ្គមួយ ដែលអ្នកចូលរួមបានអនុវត្តជំនាញ និងចំនេះដឹងរបស់ពួកគាត់ ដែលទទួលបាននៅក្នុងទិវាទិន្នន័យបើកទូលាយនេះ។ ​ក្រុម​​សរុបមាន​ចំនួន​ ៨ ក្រុមបានធ្វើការស្រាវជ្រាវលើប្រធានបទផ្សេងៗ ដែលពួកគេបានជ្រើសរើស រួចធ្វើការវិភាគទិន្នន័យ ហើយបានបង្ហាញលទ្ធផលរបស់ពួកគេ។ បន្ទាប់ពីការខិតខំប្រឹងប្រែង ក្រុម​ចំនួន​ ២ បានទទួលរង្វាន់ជ័យលាភី ជាមួយទឹកប្រាក់ចំនួន ៣០០.០០០ រៀល។

ទិវាទិន្នន័យបើកទូលាយឆ្នាំ២០១៩ មានអ្នកចូលរួមមកពីវិស័យចម្រុះ។ ពួកគាត់មានឱកាសស្តាប់អ្នកជំនាញដែលធ្វើការជាមួយទិន្នន័យបើកទូលាយ នៅក្នុងផ្នែកផ្សេងៗគ្នា លើកសំណួរ និងគំនិត អំឡុងពេលធ្វើបទបង្ហាញ និងអនុវត្តចំណេះដឹងរបស់ពួកគាត់ នៅក្នុងការអនុវត្តការប្រើប្រាស់ទិន្នន័យ។ លើសពីនេះទៀត អ្នកចូលរួមមានឳកាសជួបមនុស្សថ្មីៗ និងពង្រឹងបណ្តាញរបស់ពួកគេ។ ការប្រមូលផ្ដុំនូវអ្នកជំនាញ និងអ្នកដែលមានចំណាប់អារម្មណ៍ ដែលមានប្រវត្តិការងារខុសៗគ្នាជាច្រើន បានរួមចំណែកធ្វើឱ្យមានការពិភាក្សា ដែលបង្ហាញពីរបៀបដែលសហគមន៍នានាប្រើប្រាស់ទិន្នន័យបើកទូលាយ។

រូបថតក្រុមនៅចុងបញ្ចប់នៃទិវាទិន្នន័យបើកទូលាយ ឆ្នាំ២០១៩។

ជួបគ្នានៅទិវាទិន្នន័យបើកទូលាយលើកក្រោយ!