ទិន្នន័យ​បើក​ទូលាយ​សម្រាប់​វិបុលភាព​រួម​៖​ អូ​ឌី​ស៊ី​ ចូលរួម​សន្និសីទ​សកល​ឆ្នាំ​២០២៦​ នៃ​គំនិត​ផ្តួចផ្តើម​តម្លាភាព​ក្នុង​វិស័យ​ឧស្សាហកម្ម​និស្សា​រណកម្ម​ (EITI)

លោក​ ធី​ ទ្រី​ ដែល​ជានា​យក​ប្រតិបត្តិ​/​និពន្ធ​នាយក​នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​ចូលរួម​សន្និសីទ​សកល​ឆ្នាំ​២០២៦​ នៃ​គំនិត​ផ្តួចផ្តើម​តម្លាភាព​ក្នុង​វិស័យ​ឧស្សាហកម្ម​និស្សា​រណកម្ម​ (EITI)​

​នៅ​ថ្ងៃ​ទី​០៨–០៩​ ខែតុលា​ ឆ្នាំ​២០២៦​ លោក​ ធី​ ទ្រី​ ដែល​ជានា​យក​ប្រតិបត្តិ​/​និពន្ធ​នាយក​នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​ចូលរួម​សន្និសីទ​សកល​ឆ្នាំ​២០២៦​ នៃ​គំនិត​ផ្តួចផ្តើម​តម្លាភាព​ក្នុង​វិស័យ​ឧស្សាហកម្ម​និស្សា​រណកម្ម​ (EITI)​ នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល​ ប្រទេស​បែ​ល​ហ្ស៊ិ​ក​។​ ក្រោម​ប្រធានបទ​ «​តម្លាភាព​ដើម្បី​វិបុលភាព​រួម​»​ សន្និសីទ​នេះ​បាន​ប្រមូលផ្តុំ​តំណាង​ និង​អ្នក​ពាក់ព័ន្ធ​ជាង​ ១.០០០​ នាក់​ មក​ពី​រដ្ឋាភិបាល​ ក្រុមហ៊ុន​ឯកជន​ អង្គការ​សង្គម​ស៊ី​វិល​ និង​ដៃគូ​អភិវឌ្ឍន៍​។​ ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ ថ្នាក់ដឹកនាំ​ អ្នក​រៀបចំ​គោលនយោបាយ​ និង​អ្នក​អនុវត្ត​ការងារ​ផ្ទាល់​មក​ពី​ជាង​ ៥០​ ប្រទេស​ បាន​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ បង្ហាញ​ពី​គំនិត​ច្នៃប្រឌិត​ថ្មីៗ​ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ ដើម្បី​ជំរុញ​អភិបាលកិច្ច​ធនធានធម្មជាតិ​ប្រកបដោយ​ការ​ទទួលខុសត្រូវ​។​ សម្រាប់​អូ​ឌី​ស៊ី​ សន្និសីទ​នេះ​គឺជា​ឱកាស​ដ៏​ល្អ​ក្នុង​ការ​ចែករំលែក​ធនធាន​ទិន្នន័យ​បើក​ទូលាយ​ និង​ភ្ជាប់​កិច្ច​ពិភាក្សា​កម្រិត​សកល​ មក​កាន់​បេសកកម្ម​របស់​ខ្លួន​នៅ​កម្ពុជា​៖​ ការ​ធ្វើ​ឱ្យ​ព័ត៌មាន​ដែល​អាច​ទុកចិត្ត​បាន​ងាយស្រួល​ចូល​ប្រើប្រាស់​ ការ​គាំទ្រ​ដល់​កិច្ច​ពិភាក្សា​សាធារណៈ​ និង​ការ​ជួយ​សហគមន៍​ឱ្យ​យល់​ដឹង​ពី​សេចក្តី​សម្រេចចិត្ត​ផ្សេងៗ​ ដែល​ប៉ះពាល់​ដល់​ដីធ្លី​ ជីវភាព​ រួម​ទាំង​ធនធានធម្មជាតិ​របស់​ពួក​គេ​។​

​រ៉ែ​សំខាន់ៗ​ បាន​ក្លាយជា​ប្រធានបទ​លេចធ្លោ​ជាងគេ​នៅ​ក្នុង​សន្និសីទ​ និង​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​។​ ការ​ពិភាក្សា​បាន​ផ្តោត​លើ​តួនាទី​កាន់តែ​សំខាន់​នៃ​រ៉ែ​ទាំងនេះ​ សម្រាប់​ការ​ផ្លាស់​ប្តូរ​ទៅ​ប្រើប្រាស់​ថាមពលបៃតង​ ព្រមទាំង​តម្រូវការ​ចាំបាច់​នៃ​អភិបាលកិច្ច​ប្រកបដោយ​តម្លាភាព​ និង​គណនេយ្យ​ភាព​ នៅ​ទូ​ទាំង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​រ៉ែ​។​ នៅ​ក្នុង​បទ​បង្ហាញ​បន្ទាប់​ រ៉ែ​សំខាន់ៗ​ទទួល​បានការ​យកចិត្តទុកដាក់​ច្រើន​ជាង​វិស័យ​ប្រេង​ និង​ឧស្ម័ន​។​ ការ​ផ្តោត​បែប​នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​សារៈសំខាន់​នៃ​ការ​ធានា​ថា​ កំណើន​តម្រូវការ​រ៉ែ​ត្រូវ​តែ​ដើរ​ទន្ទឹម​គ្នា​នឹង​ការ​វិនិយោគ​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ ព័ត៌មាន​ដែល​អាច​ជឿ​ទុកចិត្ត​បាន​ និង​ការ​ចូលរួម​យ៉ាង​សកម្ម​ពី​សំណាក់​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​។​ សម្រាប់​អូ​ឌី​ស៊ី​ ការ​ពិភាក្សា​ទាំងនេះ​បាន​គូសបញ្ជាក់​កាន់តែ​ច្បាស់​អំពី​តម្រូវការ​ក្នុង​កា​រប​ម្លែ​ង​ទិន្នន័យ​រ៉ែ​ដែល​ស្មុគស្មាញ​ ឱ្យទៅ​ជា​ព័ត៌មាន​ដែល​ងាយ​យល់​ និង​អាច​យក​ទៅ​ប្រើប្រាស់​ជា​ប្រយោជន៍​បាន​។​ សហគមន៍​ចាំបាច់​ត្រូវការ​ព័ត៌មាន​ច្បាស់លាស់​ ដើម្បី​យល់​ដឹង​ពី​គម្រោង​អភិវឌ្ឍន៍​ដែល​បាន​ស្នើ​ឡើង​ វាយតម្លៃ​ផល​ប៉ះពាល់​ដែល​អាច​កើត​មាន​ និង​ចូលរួម​ក្នុង​ដំណើរការ​សម្រេចចិត្ត​ ស្តី​ពី​ការ​បែងចែក​ផលប្រយោជន៍​ និង​ហានិភ័យ​។​

​ទំនុកចិត្ត​ គឺជា​ប្រធានបទ​ស្នូល​នៃ​ការ​ពិភាក្សា​នៅ​ក្នុង​សន្និសីទ​។​ ព័ត៌មាន​ដែល​ត្រឹមត្រូវ​ និង​អាច​ជឿ​ទុកចិត្ត​បាន​ គឺជា​គ្រឹះ​ដ៏​សំខាន់​សម្រាប់​អភិបាលកិច្ច​ធនធានធម្មជាតិ​ប្រកបដោយ​គណនេយ្យ​ភាព​ និង​ជា​មូលដ្ឋាន​នៃ​ការ​សម្រេចចិត្ត​ប្រកបដោយ​ភាព​ឆ្លាត​វៃ​។​ ការ​ផ្សព្វផ្សាយ​ទិន្នន័យ​គឺជា​ជំហាន​ដំបូង​ដ៏​សំខាន់​ ប៉ុន្តែ​ទិន្នន័យ​នឹង​កាន់តែ​មាន​តម្លៃ​ នៅ​ពេល​ដែល​មនុស្ស​គ្រប់​គ្នា​អាច​យល់​ វាយតម្លៃ​ភាព​ជឿជាក់​ និង​ប្រើប្រាស់​វា​ដើម្បី​ចោទ​ជា​សំណួរ​បាន​។​ ការ​បញ្ជាក់​ប្រភព​ច្បាស់លាស់​ ការ​ផ្ទៀងផ្ទាត់​ដោយ​ប្រុង​ប្រយ័ត្ន​ និង​ការ​ពន្យល់​អំពី​ដែន​កំណត់​នៃ​ទិន្នន័យ​ នឹង​ជួយ​កសាង​ទំនុកចិត្ត​ ព្រមទាំង​បង្ហាញ​ឱ្យ​ឃើញ​នូវ​ចន្លោះ​ខ្វះខាត​នៃ​ព័ត៌មាន​។​ ទិន្នន័យ​បើក​ទូលាយ​ផ្តល់​នូវ​មូលដ្ឋាន​រួម​សម្រាប់​កិច្ច​សន្ទនា​រវាង​សហគមន៍​ ស្ថាប័នរដ្ឋ​ ក្រុមហ៊ុន​ឯកជន​ អ្នក​ស្រាវជ្រាវ​ អ្នក​សារព័ត៌មាន​ និង​អង្គការ​សង្គម​ស៊ី​វិល​។​ ទិន្នន័យ​ទាំងនេះ​ជួយ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​អាច​ពិនិត្យ​មើល​ភស្តុ​តាង​ជាក់ស្តែង​ និង​យល់​ដឹង​ពី​ផល​ប៉ះពាល់​នៃ​ការ​សម្រេចចិត្ត​លើ​ធនធានធម្មជាតិ​មក​លើ​ជីវភាព​របស់​ពួក​គេ​។​

​របាយការណ៍​បច្ចេកទេស​ និង​សំណុំ​ទិន្នន័យ​ធំៗ​ ច្រើន​តែ​មាន​ភាព​ស្មុគស្មាញ​ និង​ពិបាក​ស្វែង​យល់​។​ ប៉ុន្តែ​ សហគមន៍​តែងតែ​ត្រូវការ​ចម្លើយ​ចំពោះ​សំណួរ​ជាក់ស្តែង​ដូច​ជា​៖​ តើ​គម្រោង​នេះ​ស្ថិត​នៅ​ទីណា​?​ តើ​ក្រុមហ៊ុន​ណាខ្លះ​បាន​ចូលរួម​?​ តើ​គម្រោង​នេះ​អាច​ប៉ះពាល់​ដល់​ដីធ្លី​ ជីវភាព​ និង​បរិស្ថាន​យ៉ាងដូចម្តេច​?​ តើ​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​អាច​លើក​ឡើង​ពី​កង្វល់​ និង​ចូលរួម​ក្នុង​ការ​សម្រេចចិត្ត​ដោយ​របៀប​ណា​?​ ការ​បង្កើត​ផែនទី​ដែល​ងាយស្រួល​ប្រើប្រាស់​ ការ​ពន្យល់​ដោយ​ច្បាស់លាស់​ និង​ការ​ផ្តល់​ព័ត៌មាន​ជា​ភាសា​តំបន់​ អាច​ជួយ​ឆ្លើយ​សំណួរ​ទាំងនេះ​បាន​។​ ការ​ប្រែក្លាយ​ព័ត៌មាន​បច្ចេកទេស​ទៅ​ជា​ចំណេះដឹង​ដែល​អាច​យក​ទៅ​ប្រើប្រាស់​បាន​ គឺជា​កត្តាចាំបាច់​សម្រាប់​តម្លាភាព​ពិតប្រាកដ​ ជា​ពិសេស​សម្រាប់​ជនជាតិ​ដើម​ភាគតិច​ និង​ក្រុម​ងាយ​រង​គ្រោះ​ ដែល​តែងតែ​ជួប​ឧបសគ្គ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ និង​ការ​ចូលរួម​សម្រេចចិត្ត​។​

​ក្នុងអំឡុងពេល​សន្និសីទ​ លោក​ ទ្រី​ បាន​ចែករំលែក​សំណុំ​ទិន្នន័យ​បើក​ទូលាយ​ស្តី​ពី​ឧស្សាហកម្ម​និស្សា​រណកម្ម​របស់​អូ​ឌី​ស៊ី​ និង​តំបន់​មេគង្គ​ (ODM)​ ដោយ​បាន​បង្ហាញ​ថា​ ទិន្នន័យ​ដែល​ងាយស្រួល​ចូល​ប្រើ​ អាច​ជួយ​គាំទ្រ​យ៉ាង​ខ្លាំង​ដល់​ការ​ស្រាវជ្រាវ​ ការ​សន្ទនា​ផ្អែក​លើ​ភស្តុ​តាង​ និង​ការ​បង្កើន​គណនេយ្យ​ភាព​ក្នុង​អភិបាលកិច្ច​ធនធានធម្មជាតិ​។​ អូ​ឌី​ស៊ី​ មាន​ប្រព័ន្ធ​ទិន្នន័យ​ ផែនទី​ និង​ព័ត៌មាន​ជា​សាធារណៈ​ ស្តី​ពី​ធនធាន​រ៉ែ​ ព្រមទាំង​វិស័យ​ប្រេង​ និង​ឧស្ម័ន​នៅ​កម្ពុជា​។​ ធនធាន​ទាំងនេះ​ត្រូវ​បាន​ប្រមូលផ្តុំ​ពី​ប្រភព​ផ្សេងៗ​ ដើម្បី​ជួយ​ឱ្យ​អ្នក​ប្រើប្រាស់​អាច​សិក្សា​ និង​យល់​ដឹង​កាន់តែ​ច្បាស់​អំពី​សកម្មភាព​និស្សា​រណកម្ម​ និង​ទំនាក់ទំនង​របស់​វា​ទៅ​នឹង​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​។​ តាម​រយៈ​វេទិកា​ទិន្នន័យ​បើក​ទូលាយ​ ការ​ស្រាវជ្រាវ​ ការ​ធ្វើ​ផែនទី​ និង​ការ​បណ្តុះបណ្តាល​សមត្ថភាព​ អូ​ឌី​ស៊ី​ កំពុង​គាំទ្រ​ប្រជាពលរដ្ឋ​ អ្នក​សារព័ត៌មាន​ អ្នក​ស្រាវជ្រាវ​ និង​អង្គការ​សង្គម​ស៊ី​វិល​ ក្នុង​ការ​ទទួល​បាន​ និង​ប្រើប្រាស់​ព័ត៌មាន​អភិវឌ្ឍន៍​ប្រកបដោយ​ប្រសិទ្ធភាព​។​ ការ​ចែករំលែក​បទ​ពិសោធន៍​របស់​អូ​ឌី​ស៊ី​ និង​ ODM​ ក្នុង​សន្និសីទ​នេះ​ បាន​ផ្សារ​ភ្ជាប់​កិច្ច​ពិភាក្សា​កម្រិត​អន្តរជាតិ​ ជាមួយនឹង​ឧទាហរណ៍​ជាក់ស្តែង​នៃ​ការ​ប្រើប្រាស់​ទិន្នន័យ​បើក​ទូលាយ​នៅ​កម្ពុជា​ និង​ក្នុង​តំបន់​មេគង្គ​។​

​កិច្ច​ពិភាក្សា​ទាំងនេះ​មាន​សារៈសំខាន់​ជា​ពិសេស​ ក្នុង​បរិបទ​ដែល​លំហ​សង្គម​ស៊ី​វិល​ប្រឈម​នឹង​ការ​រួម​តូច​ និង​អាទិភាព​នៃ​ការ​ផ្តល់​ថវិកា​មានការ​ផ្លាស់​ប្តូរ​។​ ការ​រក្សា​បាន​នូវ​តម្លាភាព​ ទាមទារ​ឱ្យ​មានការ​គាំទ្រ​ជា​បន្តបន្ទាប់​លើ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​សាធារណជន​ ការ​ស្រាវជ្រាវ​ឯករាជ្យ​ និង​ការ​ចូលរួម​យ៉ាង​សកម្ម​ពី​អង្គការ​សង្គម​ស៊ី​វិល​។​ សម្រាប់​សហគមន៍​ដែល​ប្រឈម​នឹង​ការ​ផាត់​ចេញ​ ឬ​ការ​រើសអើង​ ការ​ទទួល​បាន​ទិន្នន័យ​ត្រូវ​តែ​ដើរ​ទន្ទឹម​គ្នា​ជាមួយនឹង​កិច្ច​សន្ទនា​ប្រកបដោយ​បរិ​យា​បន្ន​ ព្រមទាំង​ឱកាស​ក្នុង​ការ​សួរ​សំណួរ​ និង​ទទួល​បាន​ចម្លើយ​ច្បាស់លាស់​។​ ក្នុង​ន័យ​នេះ​ អង្គការ​សង្គម​ស៊ី​វិល​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ប្រជាពលរដ្ឋ​បកស្រាយ​ព័ត៌មាន​ និង​ឆ្លុះ​បញ្ចាំង​ពី​កង្វល់​របស់​ពួក​គេ​ទៅ​កាន់​ថ្នាក់ដឹកនាំ​។​ ការ​ចូលរួម​របស់​លោក​ ទ្រី​ បាន​បញ្ជាក់​ឡើង​វិញ​នូវ​សារៈសំខាន់​នៃ​ការ​ភ្ជាប់​ទិន្នន័យ​ដែល​ជឿ​ទុកចិត្ត​បាន​ ទៅ​នឹង​ការ​ចូលរួម​របស់​សាធារណជន​។​ នៅ​ពេល​ដែល​ការ​ចាប់អារម្មណ៍​លើ​វិស័យ​រ៉ែ​សំខាន់ៗ​កាន់តែ​កើនឡើង​ សហគមន៍​ចាំបាច់​ត្រូវ​យល់​ដឹង​អំពី​របៀប​គ្រប់គ្រង​ធនធាន​ ការ​បែងចែក​ផលប្រយោជន៍​ និង​ផល​ប៉ះពាល់​នៃ​ការ​សម្រេចចិត្ត​ទាំងនោះ​ចំពោះ​អនាគត​របស់​ពួក​គេ​។​ តាម​រយៈ​ការ​ធ្វើ​ឱ្យ​ព័ត៌មាន​មាន​ភាព​ងាយស្រួល​ទទួល​បាន​ និង​ការ​ជំរុញ​ការ​ប្រើប្រាស់​ព័ត៌មាន​ទាំងនោះ​ អូ​ឌី​ស៊ី​ រួមចំណែក​ក្នុង​ការ​កសាង​ទំនុកចិត្ត​សាធារណៈ​ ការ​ចូលរួម​ប្រកបដោយ​ការ​យល់​ដឹង​ និង​គណនេយ្យ​ភាព​ ដែល​ជា​គ្រឹះ​មិន​អាច​ខ្វះ​បាន​សម្រាប់​វិបុលភាព​រួម​។​