អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បាន​រៀបចំ​សិក្ខាសាលា​ស្តី​ពី​ “​អភិបាលកិច្ច​ឌី​ជី​ថ​ល​ និង​បច្ចេកវិទ្យា​នៃ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម​”

សិក្ខាសាលា​ “​អភិបាលកិច្ច​ឌី​ជី​ថ​ល​ និង​បច្ចេកវិទ្យា​នៃ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម​”​ បាន​រៀបចំ​នៅ​ថ្ងៃ​ទី​២៩​ ខែមិថុនា​ ឆ្នាំ​២០២៣​ ដោយ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​។​ សិក្ខាសាលា​នេះ​ទទួល​បាន​សិក្ខាកាម​ចំនួន​១០​រូប​ (​ស្ត្រី​៤​រូប​)​ ដែល​មក​ពី​វិស័យ​ផ្សេងៗ​គ្នា​។​ គោលដៅ​ចម្បង​នៃ​សិក្ខាសាលា​នេះ​ គឺ​ដើម្បី​ផ្សព្វផ្សាយ​ពី​លទ្ធផល​ស្រាវជ្រាវ​អំពី​ឥទ្ធិពល​នៃ​ច្បាប់​/​បទ​ប្បញ្ញត្តិ​ថ្មីៗ​ទាក់ទង​នឹង​ឌី​ជី​ថ​ល​និង​បច្ចេកវិទ្យា​សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម​។​ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ការ​សិក្សា​ស្រាវជ្រាវ​នេះ​ គឺជា​កិច្ចសហការ​រវាង​អង្គការ​អូ​ឌី​ស៊ី​ និង​មហាវិទ្យាល័យ​នីតិសាស្ត្រ​ វី​លៀម​ និង​ម៉ា​រី​ នៅ​សហរដ្ឋ​អាម៉េរិក​។​ គោលដៅ​ចម្បង​មួយទៀត​ គឺ​ដើម្បី​កំណត់​ពី​ចំណុច​ចាំបាច់​សម្រាប់​កិច្ច​ពិភាក្សា​គោលនយោបាយ​អំពី​អភិបាលកិច្ច​នៅ​ក្នុង​សហគ្រាស​ធុន​តូច​ និង​មធ្យម​។​

​សិក្ខាសាលា​នេះ​ បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ចំនួន​៤​ ដូច​ជា​៖
១)​ បង្ហាញ​លទ្ធផល​ស្រាវជ្រាវ​ពី​ច្បាប់​ថ្មីៗ​និង​ឥទ្ធិពល​នៃ​បទ​ប្បញ្ញត្តិ​ផ្សេង​ទៀត​ ជា​ពិសេស​ច្បាប់​ស្តី​ពី​ការ​ការពារ​ទិន្នន័យ​ និង​ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ​
២)​ ផ្តល់​ឱកាស​ដល់​ភាគី​ពាក់ព័ន្ធ​ដើម្បី​ចែករំលែក​ការ​យល់​ឃើញ​ពី​ច្បាប់​/​បទ​ប្បញ្ញត្តិ​ទាក់ទង​នឹង​ពាណិជ្ជកម្ម​តាម​បែប​អេ​ឡិច​ត្រូ​និក​ និង​បច្ចេកវិទ្យា​
៣)​ កំណត់​យន្តការ​ឆ្លើយ​តប​ឱ្យទាន់​ពេល​ ដើម្បី​អនុវត្ត​បន្ត​ឆ្ពោះទៅ​មុខ​
៤)​ ពិភាក្សា​អំពី​ទំនាក់ទំនង​រវាង​ច្បាប់​/​បទ​ប្បញ្ញត្តិ​ជាមួយនឹង​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ជា​ពិសេស​នៅ​ក្នុង​ទិដ្ឋភាព​អនុលោម​ភាព​ច្បាប់​។​

​សិក្ខាសាលា​នេះ​បាន​ចាប់ផ្តើម​ ដោយ​មតិ​ស្វាគមន៍​ពី​កញ្ញា​ អ៊ួ​ន​ វិមល​ ប្រធាន​គ្រប់គ្រង​កម្មវិធី​ និង​ភាព​ជា​ដៃគូ​ នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ។​ មតិ​ស្វាគមន៍​នោះ​បាន​ឆ្លុះ​បញ្ចាំង​ពី​ឌី​ជី​ថ​លូ​ប​នី​យ​កម្ម​ដែលបាន​ផ្លាស់​ប្តូរ​របៀប​នៃ​ការ​ទំនាក់ទំនង​នៅ​ក្នុង​ប្រព័ន្ធ​សង្គម​ នយោបាយ​ និង​សេដ្ឋកិច្ច​។​ ប៉ុន្តែ​ ប្រជាជន​កម្ពុជា​ដែល​​ស្ថិតនៅ​ក្នុង​ក្រុម​មិនសូវ​ទទួល​បាន​ឱកាស​ មាន​កង្វះ​មធ្យោបាយ​ក្នុង​ការ​ពង្រីក​អាជីវកម្ម​ និង​អនុលោម​ទៅ​តាម​ច្បាប់​ដែល​គ្របដណ្តប់​លើ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​ឌី​ជី​ថ​ល​ បើ​ទោះបីជា​អ៊ីនធឺណិត​បាន​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​កាន់តែ​ប្រសើរ​ និង​មាន​បរិ​យា​បន្ន​ជាង​មុន​ក៏​ដោយ​។​

​របៀបវារៈ​បន្ទាប់​ គឺ​ការ​ធ្វើ​បទ​បង្ហាញ​ចំនួន​២​ ដោយ​កញ្ញា​ Lauren​ Daffenberg​ ដែល​ជា​អ្នក​ហាត់​ការ​ផ្នែក​ស្រាវជ្រាវ​ នៅ​អង្គការ​អូ​ឌី​ស៊ី​។​ ក្នុង​នោះ​ បទ​បង្ហាញ​ទី​១​ ស្តី​ពី​ទិដ្ឋភាព​ទូទៅ​នៃ​បទ​ប្បញ្ញត្តិ​អភិបាលកិច្ច​ឌី​ជី​ថ​ល​ និង​លទ្ធផល​ស្រាវជ្រាវ​។​ កញ្ញា​ ចាប់ផ្តើម​ដោយ​បង្ហាញ​ពី​ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ ដែល​ទទួល​រង​ប្រតិកម្ម​ពី​អង្គការ​សង្គម​ស៊ី​វិល​។​ ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ មាន​សារៈសំខាន់​ក្នុង​ការ​ពង្រឹង​លើ​ការ​ប្រមូល​ចំណូល​ជាតិ​ ពង្រឹង​សន្តិសុខ​ជាតិ​ និង​គ្រប់គ្រង​បទ​លើ្ម​ស​បច្ចេកវិទ្យា​ ប៉ុន្តែ​មាន​មតិ​ខ្លះ​បាន​លើក​ឡើង​ថា​ ការ​អនុ​វត្តបទ​ប្បញ្ញត្តិ​នេះ​មានការ​រឹតត្បិត​លើ​ការ​ប្រកួតប្រជែង​រវាង​ប្រតិបត្តិ​ករ​ផ្តល់សេវា​អ៊ីនធឺណិត​ (ISP)​ នៅ​កម្ពុជា​ និង​អាច​ធ្វើ​ឱ្យ​សេវា​យឺត​ផង​ដែរ​។​ បន្ថែម​ពី​នេះ​ វា​អាច​ជា​ឧបសគ្គ​ដល់​វិនិយោគិនក្នុង​ការ​វិនិយោគ​ ឬ​ចាក​ចេញពី​វិស័យ​នេះ​។​ ចំពោះ​បទ​ប្បញ្ញត្តិ​ទាក់ទង​នឹង​ការ​ប្រើប្រាស់​ឈ្មោះ​ដែន​ជាតិ​ នៅ​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត​វិញ​ គឺជា​ការ​ពង្រឹង​កា​រត​ភ្ជាប់​រវាង​ទីផ្សារ​ក្នុងស្រុក​និង​ទីផ្សារ​អន្តរជាតិ​ ព្រមទាំង​បង្កើន​ចំណូល​ពន្ធ​ និង​ពង្រឹង​ដល់​ការ​ប្រមូល​ទិន្នន័យ​ក៏​ដោយ​ ប៉ុន្តែ​ការ​ចំណាយ​ថ្លៃដើម​របស់​បុគ្គល​ឬ​សហគ្រាស​ក៏​មានការ​កើនឡើង​ដែរ​។​

​បទ​បង្ហាញ​បន្ទាប់​ គឺ​បង្ហាញ​អំពី​ទិដ្ឋភាព​ទូទៅ​នៃ​បទ​ប្បញ្ញត្តិ​ដែល​គ្របដណ្តប់​លើ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​បច្ចេកវិទ្យា​ ដូច​ជា​ច្បាប់​ស្តី​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​,​ អនុក្រឹត្យ​ដែល​ពាក់ព័ន្ធ​,​ និង​ក្រមរដ្ឋប្បវេណី​ និង​ក្រមព្រហ្មទណ្ឌ​។​ ច្បាប់​ស្តី​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​បាន​តាក់តែង​ និង​ពន្យល់​បទដ្ឋាន​គតិ​យុ​ត្ត​បាន​យ៉ាង​ប្រសើរ​ ប៉ុន្តែ​ក្នុង​បទដ្ឋាន​បច្ចេកទេស​ ច្បាប់​ខាងលើ​មិន​មាន​កំណត់​ពី​ទិន្នន័យ​ឯកជន​​នោះ​ទេ​។​ ច្បាប់​នេះ​អនុវត្ត​ចំពោះ​ឯកសារ​ សកម្មភាព​ ព័ត៌មាន​ ដែល​ចរាចរ​នៅ​លើ​អ៊ីនធឺណិត​ ព្រមទាំង​រក្សា​ទុក​ដោយ​មិន​មាន​រយៈពេល​កំណត់​។​ បទ​បង្ហាញ​នេះ​ក៏​បាន​លើកយក​អនុក្រឹត្យ​ចំនួន​២​មក​ពិភាក្សា​ផង​ដែរ​ ដូច​ជា​អនុក្រឹត្យ​លេខ​២៥២​ ស្តី​ពី​ការ​គ្រប់គ្រង​ ការ​ប្រើប្រាស់​ និង​ការ​ការពារ​សុវត្ថិភាព​ទិន្នន័យ​អត្តសញ្ញាណ​បុគ្គល​ និង​អនុក្រឹត្យ​លេខ​២៨៧​ ស្តី​ពី​ការ​គ្រប់គ្រង​និង​ការ​ប្រើប្រាស់​ឈ្មោះ​ដែន​ជាតិ​នៅ​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត​។​ លើស​ពី​នេះ​ កញ្ញា​បាន​បង្ហាញ​ពី​បទ​ប្បញ្ញត្តិ​ General​ Data​ Protection​ Regulation​ (GDPR)​ នៅ​សហភាព​អឺរ៉ុប​ ដែល​ជា​ច្បាប់​គំរូ​និង​គ្រប់​ជ្រុងជ្រោយ​មួយ​ ព្រោះ​បទ​ប្បញ្ញត្តិ​នេះ​អនុវត្ត​គ្រប់​ស្ថាប័ន​ដែល​ប្រមូល​ទិន្នន័យ​ពី​ប្រជាជន​នៃ​សហភាព​អឺរ៉ុប​។​ ដូច្នេះ​ សហគ្រាស​ធុន​តូច​ និង​មធ្យម​ នឹង​ទទួល​បាន​សេចក្តី​ទុកចិត្ត​ពី​អតិថិជន​ ព្រមទាំង​បង្កើន​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​ នៅ​ពេល​ដែល​ពួក​គេ​អាច​ធានា​សុវត្ថិភាព​លើ​ការ​សម្ងាត់​របស់​ទិន្នន័យ​បាន​។​

​កញ្ញា​បាន​បូក​សរុប​បទ​បង្ហាញ​ទាំងនេះ​ ដោយ​លើកយក​ផល​វិជ្ជមាន​នៃ​ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ ដែល​ធានា​នូវ​សន្តិសុខ​ជាតិ​ និង​ដោះស្រាយ​បទល្មើស​បច្ចេកវិទ្យា​។​ បទ​បង្ហាញ​នេះ​ក៏​ផ្តល់​ជា​សេចក្ដីណែនាំ​ បន្ថែម​លើ​ការ​ពិភាក្សា​ និង​លើកកម្ពស់​ការ​យល់​ដឹង​លើ​បច្ចេកវិទ្យា​ចំពោះ​ប្រជាជន​ ពួក​គេ​ក៏​ត្រូវ​ទទួល​បានការ​ធានា​ផ្នែក​ច្បាប់​ផង​ដែរ​។​ ដោយហេតុ​ថា​ សហគ្រាស​ធុន​តូច​ និង​មធ្យម​ បាន​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​បាន​យ៉ាងច្រើន​ ដូច្នេះការ​ដាក់​ចេញ​នូវ​បទ​ប្បញ្ញត្តិ​ក៏​ត្រូវ​ពិចារណា​អំពី​ផល​ប៉ះពាល់​ដែល​អាច​កើត​មាន​ឡើង​ចំពោះ​វិស័យ​នេះ​ផង​ដែរ​។​

​បន្ទាប់​ពី​បញ្ចប់​បទ​បង្ហាញ​នីមួយៗ​ វេទិកា​ពិភាក្សា​ត្រូវ​បាន​រៀបចំ​ឡើង​ ដោយ​ផ្តល់​ឱកាស​ដល់​សិក្ខាកាម​ឆ្លុះ​បញ្ចាំង​ និង​ចែករំលែក​បទ​ពិសោធ​ទាក់ទង​នឹង​ប្រធានបទ​ខាងលើ​។​ ជាក់ស្តែង​ ក្រោយ​បទ​បង្ហាញ​អំពី​ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ សិក្ខាកាម​មួយ​ចំនួន​បាន​ចែករំលែក​ថា​ នេះ​ជា​លើក​ទី​មួយ​ដែល​ពួក​គេ​ឮ​អំពី​បទ​ប្ប​ញ្ញ​តិ្ត​នេះ​។​ ដូច្នេះ​ ការ​លើកយក​បទ​ប្បញ្ញត្តិ​នេះ​ គឺជា​ជំហាន​ដំបូង​និង​សំខាន់​ដើម្បី​យក​មក​ចែករំលែក​នៅ​ក្នុង​កិច្ច​ពិភាក្សា​គោលនយោបាយ​។​ ក្រោយ​បញ្ចប់​បទ​បង្ហាញ​ទី​២​ ធាតុ​ចូល​ចម្បង​គឺ​ទាក់ទង​នឹង​ដំណើ​ការ​ចុះបញ្ជី​របស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​។​ ដំណើរការ​នេះ​មាន​ភាព​ងាយស្រួល​ជាង​មុន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ប៉ុន្តែ​ប្រសិនបើ​ដំណើរការ​យូរ​ ហើយ​ចំណាយ​ខ្ពស់​ វា​គឺជា​បញ្ហា​ប្រឈម​របស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​ធុរកិច្ច​ថ្មី​ (startups)​ មួយ​ចំនួន​ទៅ​វិញ​។​ ម្យ៉ាងទៀត​ ស្ថាប័នរដ្ឋ​ និង​អង្គភាព​ផ្សេង​ទៀត​ មិន​ទាន់​កំណត់​បាន​នូវ​និយម​ន័យ​រួម​ អំពី​សហគ្រាស​ធុន​មីក្រូ​ តូច​ និង​មធ្យម​នៅឡើយ​ទេ​ ហេតុនេះ​ហើយ​ទើប​ពួក​គេ​មិន​យល់​ច្បាស់​ថា​ ពួក​គេ​ស្ថិត​នៅ​ក្នុង​ការ​កំណត់​ណាមួយ​ឡើយ​។​ ជា​រួម ការ​កំណត់​បាន​នូវ​និយម​ន័យ​ជាក់លាក់នឹង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ពួក​គេ​។​ ដោយឡែក​ សហគ្រាស​ជា​ច្រើន​ជ្រើសរើស​មិន​ចុះបញ្ជី​ផ្លូវការ​ ដែល​អាច​ប៉ះពាល់​ដល់​ការ​ប្រកួតប្រជែង​ដល់​សហគ្រាស​ដែល​បាន​ចុះបញ្ជី​រួច​។​ ក្រៅពី​នេះ​ សិក្ខាកាម​ខ្លះ​បាន​បង្ហាញ​ពី​ផល​លំបាក​ក្នុង​ការ​រក្សា​នូវ​ដែន​គេហទំព័រ​របស់​ខ្លួន​ ដោយសារ​បញ្ហា​មួយ​ចំនួន​។​ ករណី​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ ការ​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ (Facebook)​ មាន​ភាព​ងាយស្រួល​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ ខណៈ​ការ​ប្រើប្រាស់​គេហទំព័រ​ប្រឈម​នឹង​បញ្ហា​ជាង​។​

​សិក្ខាកាម​ក៏​បាន​ពិភាក្សា​ពី​ការ​រួមចំណែក​នៃ​ការ​ការពារ​ទិន្នន័យ​នៅក្នុង​សង្គម​បច្ចុប្បន្ន​ ជា​ពិសេស​គឺ​ទិន្នន័យ​ឯកជន​ ព្រមទាំង​ឆ្លុះ​បញ្ចាំង​ពី​គម្លាតនៃការយល់ដឹង​រវាង​មនុស្ស​ជំនាន់​ក្រោយ​ និង​ជំនាន់​មុន​។​ ជា​ទូទៅ​ មនុស្ស​ជំនាន់​មុន​ងាយ​រង​គ្រោះ​ពី​ការ​បន្លំ​ ឬ​ហែក​ចូល​នៅ​លើ​អ៊ីនធឺណិត​ ហើយ​ពួក​គេ​ក៏​មិនដឹង​ថា​ខ្លួន​កំពុង​ប្រឈម​នឹង​បញ្ហា​នេះ​ដែរ​។​ មិនតែប៉ុណ្ណោះ​ មនុស្ស​វ័យ​ជំទង់​ជា​ច្រើន​ក៏​មិន​ខ្វាយខ្វល់​ពី​ការ​ការពារ​ទិន្នន័យ​ឯកជន​នៅ​លើ​ប្រព័ន្ធ​អន​ឡាញ​ និង​មិន​មាន​ឆន្ទៈ​ក្នុង​ការ​ឈ្វេងយល់​ពី​ការ​ការពារ​ទៀត​ផង​។​ ផ្ទុយ​ទៅ​វិញ​ មនុស្ស​ជំនាន់​ក្រោយ​មានការ​យល់​ដឹង​ច្រើន​លើ​បញ្ហា​នេះ​ ដូច​បណ្តា​ប្រទេស​ដទៃ​ទៀត​ដែរ​។​ សិក្ខាកាម​បាន​ចែករំលែក​ថា​ អតិថិជន/អ្នកផ្តល់ព័ត៌មាន​ភាគច្រើន​បាន​សួរនាំ​សុវត្ថិភាព​នៃ​ទិន្នន័យ​ឯកជន​របស់​ពួក​គេ​។​ ដោយសារ​មានសម្ពាធ​ពី​មនុស្ស​​ជំនាន់​ក្រោយ​ វា​ពិតជា​ចាំបាច់​ដែល​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ចាប់ផ្តើម​ស្វែងរក​វិធីសាស្ត្រ​ក្នុង​ការ​ការពារ​ទិន្នន័យ​ឯកជន​។​

​នៅ​ចន្លោះ​បទ​បង្ហាញ​ទាំង​ពីរ​ខាងលើ​នេះ​ អង្គការ​អូ​ឌី​ស៊ី​បាន​ឆ្លៀតឱកាស​នេះ​ក្នុង​ការ​បង្ហាញ​ពី​គម្រោង​ “​ការ​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ និង​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​ប្រទេស​កម្ពុជា​ តាម​រយៈ​ទិន្នន័យ​បើក​ទូលាយ​ និង​អក្ខរកម្ម​ឌី​ជី​ថ​ល​”​ ដែល​ទទួល​បានការ​គាំទ្រ​ហិរញ្ញវត្ថុ​ពី​មជ្ឈមណ្ឌល​សម្រាប់​សហគ្រាស​ឯកជន​អន្តរជាតិ​ (CIPE)​។​ លោក​ ឆេ​ង​ ភ​ត្រា​ មន្ត្រី​គម្រោង​នៅ​អង្គការ​អូ​ឌី​ស៊ី​ បាន​ធ្វើ​បទ​បង្ហាញ​ដោយ​ចង្អុលបង្ហាញ​ពី​គោលដៅ​របស់​គម្រោង​ក្នុង​ការ​លើកកម្ពស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​សមាជិក​នៅ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ដូច​ជា​ស្ត្រី​ និង​ជនជាតិ​ដើម​ភាគតិច​ ឱ្យ​យល់​ដឹង​ពី​អក្ខរកម្ម​ឌី​ជី​ថ​ល​ និង​ហិរញ្ញវត្ថុ​ និង​ផ្នែក​ច្បាប់​ដែល​ទាក់ទង​នឹង​វិស័យ​ឯកជន​នៅ​កម្ពុជា​។​ បន្ថែម​ពី​នេះ​ វេទិកា​នេះ​ក៏​ជា​ឱកាស​ក្នុង​ការ​កសាង​បណ្តាញ​ទំនាក់ទំនង​ជាមួយនឹង​សិក្ខាកាម​ ដែល​គ្រប់គ្រង​ ឬ​ធ្វើការ​នៅ​ក្នុង​វិស័យ​នេះ​ ព្រមទាំង​ប្រមូល​ធាតុ​ចូល​ដូច​ជា​ទិន្នន័យ​ និង​អនុសាសន៍​ពី​បទ​បង្ហាញ​ទាំង​ពីរ​នោះ​ ដើម្បី​យក​មក​អនុវត្ត​គម្រោង​។​​ សិក្ខាសាលា​នេះ​បាន​បញ្ចប់​ដោយ​សុន្ទរកថា​បិទ​ពី​កញ្ញា​ អ៊ួ​ន​ វិមល​ និង​ការ​ថតរូប​អនុស្សាវរីយ៍​។​ អង្គការ​អូ​ឌី​ស៊ី​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ សិក្ខាសាលា​នេះ​ គឺជា​មធ្យោបាយ​មួយ​ដ៏​សំខាន់​ក្នុង​ការ​បង្កើត​ទំនាក់ទំនង​ជាមួយនឹង​វិស័យ​ឯកជន​ និង​ស្វែងរក​នូវ​ចន្លោះ​ប្រហោង​សម្រាប់​ការ​ស្រាវជ្រាវ​បន្តបន្ទាប់​ ព្រមទាំង​សិក្សា​ពី​ការ​អភិវឌ្ឍ​ធនធាន​ឱ្យ​ឆ្លើយ​តប​ទៅ​នឹង​សហគ្រាស​ធុន​តូច​ និង​មធ្យម​។​