អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានរៀបចំសិក្ខាសាលាស្តីពី “អភិបាលកិច្ចឌីជីថល និងបច្ចេកវិទ្យានៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់សហគ្រាសធុនតូច និងមធ្យម”
សិក្ខាសាលា “អភិបាលកិច្ចឌីជីថល និងបច្ចេកវិទ្យានៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់សហគ្រាសធុនតូច និងមធ្យម” បានរៀបចំនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។ សិក្ខាសាលានេះទទួលបានសិក្ខាកាមចំនួន១០រូប (ស្ត្រី៤រូប) ដែលមកពីវិស័យផ្សេងៗគ្នា។ គោលដៅចម្បងនៃសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយពីលទ្ធផលស្រាវជ្រាវអំពីឥទ្ធិពលនៃច្បាប់/បទប្បញ្ញត្តិថ្មីៗទាក់ទងនឹងឌីជីថលនិងបច្ចេកវិទ្យាសម្រាប់សហគ្រាសធុនតូច និងមធ្យម។ គួរបញ្ជាក់ផងដែរថា ការសិក្សាស្រាវជ្រាវនេះ គឺជាកិច្ចសហការរវាងអង្គការអូឌីស៊ី និងមហាវិទ្យាល័យនីតិសាស្ត្រ វីលៀម និងម៉ារី នៅសហរដ្ឋអាម៉េរិក។ គោលដៅចម្បងមួយទៀត គឺដើម្បីកំណត់ពីចំណុចចាំបាច់សម្រាប់កិច្ចពិភាក្សាគោលនយោបាយអំពីអភិបាលកិច្ចនៅក្នុងសហគ្រាសធុនតូច និងមធ្យម។
សិក្ខាសាលានេះ បានរៀបចំឡើងក្នុងគោលបំណងចំនួន៤ ដូចជា៖
១) បង្ហាញលទ្ធផលស្រាវជ្រាវពីច្បាប់ថ្មីៗនិងឥទ្ធិពលនៃបទប្បញ្ញត្តិផ្សេងទៀត ជាពិសេសច្បាប់ស្តីពីការការពារទិន្នន័យ និងការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ
២) ផ្តល់ឱកាសដល់ភាគីពាក់ព័ន្ធដើម្បីចែករំលែកការយល់ឃើញពីច្បាប់/បទប្បញ្ញត្តិទាក់ទងនឹងពាណិជ្ជកម្មតាមបែបអេឡិចត្រូនិក និងបច្ចេកវិទ្យា
៣) កំណត់យន្តការឆ្លើយតបឱ្យទាន់ពេល ដើម្បីអនុវត្តបន្តឆ្ពោះទៅមុខ
៤) ពិភាក្សាអំពីទំនាក់ទំនងរវាងច្បាប់/បទប្បញ្ញត្តិជាមួយនឹងសហគ្រាសធុនតូច និងមធ្យម ជាពិសេសនៅក្នុងទិដ្ឋភាពអនុលោមភាពច្បាប់។
សិក្ខាសាលានេះបានចាប់ផ្តើម ដោយមតិស្វាគមន៍ពីកញ្ញា អ៊ួន វិមល ប្រធានគ្រប់គ្រងកម្មវិធី និងភាពជាដៃគូ នៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ ។ មតិស្វាគមន៍នោះបានឆ្លុះបញ្ចាំងពីឌីជីថលូបនីយកម្មដែលបានផ្លាស់ប្តូររបៀបនៃការទំនាក់ទំនងនៅក្នុងប្រព័ន្ធសង្គម នយោបាយ និងសេដ្ឋកិច្ច។ ប៉ុន្តែ ប្រជាជនកម្ពុជាដែលស្ថិតនៅក្នុងក្រុមមិនសូវទទួលបានឱកាស មានកង្វះមធ្យោបាយក្នុងការពង្រីកអាជីវកម្ម និងអនុលោមទៅតាមច្បាប់ដែលគ្របដណ្តប់លើសហគ្រាសធុនតូច និងមធ្យម និងឌីជីថល បើទោះបីជាអ៊ីនធឺណិតបានផ្សារភ្ជាប់ទំនាក់ទំនងកាន់តែប្រសើរ និងមានបរិយាបន្នជាងមុនក៏ដោយ។
របៀបវារៈបន្ទាប់ គឺការធ្វើបទបង្ហាញចំនួន២ ដោយកញ្ញា Lauren Daffenberg ដែលជាអ្នកហាត់ការផ្នែកស្រាវជ្រាវ នៅអង្គការអូឌីស៊ី។ ក្នុងនោះ បទបង្ហាញទី១ ស្តីពីទិដ្ឋភាពទូទៅនៃបទប្បញ្ញត្តិអភិបាលកិច្ចឌីជីថល និងលទ្ធផលស្រាវជ្រាវ។ កញ្ញា ចាប់ផ្តើមដោយបង្ហាញពីការបង្កើតច្រកទ្វារអ៊ីនធឺណិត ដែលទទួលរងប្រតិកម្មពីអង្គការសង្គមស៊ីវិល។ ការបង្កើតច្រកទ្វារអ៊ីនធឺណិត មានសារៈសំខាន់ក្នុងការពង្រឹងលើការប្រមូលចំណូលជាតិ ពង្រឹងសន្តិសុខជាតិ និងគ្រប់គ្រងបទលើ្មសបច្ចេកវិទ្យា ប៉ុន្តែមានមតិខ្លះបានលើកឡើងថា ការអនុវត្តបទប្បញ្ញត្តិនេះមានការរឹតត្បិតលើការប្រកួតប្រជែងរវាងប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិត (ISP) នៅកម្ពុជា និងអាចធ្វើឱ្យសេវាយឺតផងដែរ។ បន្ថែមពីនេះ វាអាចជាឧបសគ្គដល់វិនិយោគិនក្នុងការវិនិយោគ ឬចាកចេញពីវិស័យនេះ។ ចំពោះបទប្បញ្ញត្តិទាក់ទងនឹងការប្រើប្រាស់ឈ្មោះដែនជាតិ នៅក្នុងប្រព័ន្ធអ៊ីនធឺណិតវិញ គឺជាការពង្រឹងការតភ្ជាប់រវាងទីផ្សារក្នុងស្រុកនិងទីផ្សារអន្តរជាតិ ព្រមទាំងបង្កើនចំណូលពន្ធ និងពង្រឹងដល់ការប្រមូលទិន្នន័យក៏ដោយ ប៉ុន្តែការចំណាយថ្លៃដើមរបស់បុគ្គលឬសហគ្រាសក៏មានការកើនឡើងដែរ។
បទបង្ហាញបន្ទាប់ គឺបង្ហាញអំពីទិដ្ឋភាពទូទៅនៃបទប្បញ្ញត្តិដែលគ្របដណ្តប់លើសហគ្រាសធុនតូច និងមធ្យម និងបច្ចេកវិទ្យា ដូចជាច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, អនុក្រឹត្យដែលពាក់ព័ន្ធ, និងក្រមរដ្ឋប្បវេណី និងក្រមព្រហ្មទណ្ឌ។ ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបានតាក់តែង និងពន្យល់បទដ្ឋានគតិយុត្តបានយ៉ាងប្រសើរ ប៉ុន្តែក្នុងបទដ្ឋានបច្ចេកទេស ច្បាប់ខាងលើមិនមានកំណត់ពីទិន្នន័យឯកជននោះទេ។ ច្បាប់នេះអនុវត្តចំពោះឯកសារ សកម្មភាព ព័ត៌មាន ដែលចរាចរនៅលើអ៊ីនធឺណិត ព្រមទាំងរក្សាទុកដោយមិនមានរយៈពេលកំណត់។ បទបង្ហាញនេះក៏បានលើកយកអនុក្រឹត្យចំនួន២មកពិភាក្សាផងដែរ ដូចជាអនុក្រឹត្យលេខ២៥២ ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការការពារសុវត្ថិភាពទិន្នន័យអត្តសញ្ញាណបុគ្គល និងអនុក្រឹត្យលេខ២៨៧ ស្តីពីការគ្រប់គ្រងនិងការប្រើប្រាស់ឈ្មោះដែនជាតិនៅក្នុងប្រព័ន្ធអ៊ីនធឺណិត។ លើសពីនេះ កញ្ញាបានបង្ហាញពីបទប្បញ្ញត្តិ General Data Protection Regulation (GDPR) នៅសហភាពអឺរ៉ុប ដែលជាច្បាប់គំរូនិងគ្រប់ជ្រុងជ្រោយមួយ ព្រោះបទប្បញ្ញត្តិនេះអនុវត្តគ្រប់ស្ថាប័នដែលប្រមូលទិន្នន័យពីប្រជាជននៃសហភាពអឺរ៉ុប។ ដូច្នេះ សហគ្រាសធុនតូច និងមធ្យម នឹងទទួលបានសេចក្តីទុកចិត្តពីអតិថិជន ព្រមទាំងបង្កើនកេរ្តិ៍ឈ្មោះរបស់ខ្លួន នៅពេលដែលពួកគេអាចធានាសុវត្ថិភាពលើការសម្ងាត់របស់ទិន្នន័យបាន។
កញ្ញាបានបូកសរុបបទបង្ហាញទាំងនេះ ដោយលើកយកផលវិជ្ជមាននៃការបង្កើតច្រកទ្វារអ៊ីនធឺណិត ដែលធានានូវសន្តិសុខជាតិ និងដោះស្រាយបទល្មើសបច្ចេកវិទ្យា។ បទបង្ហាញនេះក៏ផ្តល់ជាសេចក្ដីណែនាំ បន្ថែមលើការពិភាក្សា និងលើកកម្ពស់ការយល់ដឹងលើបច្ចេកវិទ្យាចំពោះប្រជាជន ពួកគេក៏ត្រូវទទួលបានការធានាផ្នែកច្បាប់ផងដែរ។ ដោយហេតុថា សហគ្រាសធុនតូច និងមធ្យម បានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាបានយ៉ាងច្រើន ដូច្នេះការដាក់ចេញនូវបទប្បញ្ញត្តិក៏ត្រូវពិចារណាអំពីផលប៉ះពាល់ដែលអាចកើតមានឡើងចំពោះវិស័យនេះផងដែរ។
បន្ទាប់ពីបញ្ចប់បទបង្ហាញនីមួយៗ វេទិកាពិភាក្សាត្រូវបានរៀបចំឡើង ដោយផ្តល់ឱកាសដល់សិក្ខាកាមឆ្លុះបញ្ចាំង និងចែករំលែកបទពិសោធទាក់ទងនឹងប្រធានបទខាងលើ។ ជាក់ស្តែង ក្រោយបទបង្ហាញអំពីការបង្កើតច្រកទ្វារអ៊ីនធឺណិត សិក្ខាកាមមួយចំនួនបានចែករំលែកថា នេះជាលើកទីមួយដែលពួកគេឮអំពីបទប្បញ្ញតិ្តនេះ។ ដូច្នេះ ការលើកយកបទប្បញ្ញត្តិនេះ គឺជាជំហានដំបូងនិងសំខាន់ដើម្បីយកមកចែករំលែកនៅក្នុងកិច្ចពិភាក្សាគោលនយោបាយ។ ក្រោយបញ្ចប់បទបង្ហាញទី២ ធាតុចូលចម្បងគឺទាក់ទងនឹងដំណើការចុះបញ្ជីរបស់សហគ្រាសធុនតូច និងមធ្យម។ ដំណើរការនេះមានភាពងាយស្រួលជាងមុនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែប្រសិនបើដំណើរការយូរ ហើយចំណាយខ្ពស់ វាគឺជាបញ្ហាប្រឈមរបស់សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មី (startups) មួយចំនួនទៅវិញ។ ម្យ៉ាងទៀត ស្ថាប័នរដ្ឋ និងអង្គភាពផ្សេងទៀត មិនទាន់កំណត់បាននូវនិយមន័យរួម អំពីសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅឡើយទេ ហេតុនេះហើយទើបពួកគេមិនយល់ច្បាស់ថា ពួកគេស្ថិតនៅក្នុងការកំណត់ណាមួយឡើយ។ ជារួម ការកំណត់បាននូវនិយមន័យជាក់លាក់នឹងបង្កលក្ខណៈងាយស្រួលដល់ពួកគេ។ ដោយឡែក សហគ្រាសជាច្រើនជ្រើសរើសមិនចុះបញ្ជីផ្លូវការ ដែលអាចប៉ះពាល់ដល់ការប្រកួតប្រជែងដល់សហគ្រាសដែលបានចុះបញ្ជីរួច។ ក្រៅពីនេះ សិក្ខាកាមខ្លះបានបង្ហាញពីផលលំបាកក្នុងការរក្សានូវដែនគេហទំព័ររបស់ខ្លួន ដោយសារបញ្ហាមួយចំនួន។ ករណីមួយចំនួនបានលើកឡើងថា ការប្រើប្រាស់ហ្វេសប៊ុក (Facebook) មានភាពងាយស្រួលក្នុងការទទួលបានព័ត៌មាន ខណៈការប្រើប្រាស់គេហទំព័រប្រឈមនឹងបញ្ហាជាង។
សិក្ខាកាមក៏បានពិភាក្សាពីការរួមចំណែកនៃការការពារទិន្នន័យនៅក្នុងសង្គមបច្ចុប្បន្ន ជាពិសេសគឺទិន្នន័យឯកជន ព្រមទាំងឆ្លុះបញ្ចាំងពីគម្លាតនៃការយល់ដឹងរវាងមនុស្សជំនាន់ក្រោយ និងជំនាន់មុន។ ជាទូទៅ មនុស្សជំនាន់មុនងាយរងគ្រោះពីការបន្លំ ឬហែកចូលនៅលើអ៊ីនធឺណិត ហើយពួកគេក៏មិនដឹងថាខ្លួនកំពុងប្រឈមនឹងបញ្ហានេះដែរ។ មិនតែប៉ុណ្ណោះ មនុស្សវ័យជំទង់ជាច្រើនក៏មិនខ្វាយខ្វល់ពីការការពារទិន្នន័យឯកជននៅលើប្រព័ន្ធអនឡាញ និងមិនមានឆន្ទៈក្នុងការឈ្វេងយល់ពីការការពារទៀតផង។ ផ្ទុយទៅវិញ មនុស្សជំនាន់ក្រោយមានការយល់ដឹងច្រើនលើបញ្ហានេះ ដូចបណ្តាប្រទេសដទៃទៀតដែរ។ សិក្ខាកាមបានចែករំលែកថា អតិថិជន/អ្នកផ្តល់ព័ត៌មានភាគច្រើនបានសួរនាំសុវត្ថិភាពនៃទិន្នន័យឯកជនរបស់ពួកគេ។ ដោយសារមានសម្ពាធពីមនុស្សជំនាន់ក្រោយ វាពិតជាចាំបាច់ដែលសហគ្រាសធុនតូច និងមធ្យម ចាប់ផ្តើមស្វែងរកវិធីសាស្ត្រក្នុងការការពារទិន្នន័យឯកជន។
នៅចន្លោះបទបង្ហាញទាំងពីរខាងលើនេះ អង្គការអូឌីស៊ីបានឆ្លៀតឱកាសនេះក្នុងការបង្ហាញពីគម្រោង “ការពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហគ្រាសធុនតូច និងមធ្យមនៅប្រទេសកម្ពុជា តាមរយៈទិន្នន័យបើកទូលាយ និងអក្ខរកម្មឌីជីថល” ដែលទទួលបានការគាំទ្រហិរញ្ញវត្ថុពីមជ្ឈមណ្ឌលសម្រាប់សហគ្រាសឯកជនអន្តរជាតិ (CIPE)។ លោក ឆេង ភត្រា មន្ត្រីគម្រោងនៅអង្គការអូឌីស៊ី បានធ្វើបទបង្ហាញដោយចង្អុលបង្ហាញពីគោលដៅរបស់គម្រោងក្នុងការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម និងសមាជិកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាស្ត្រី និងជនជាតិដើមភាគតិច ឱ្យយល់ដឹងពីអក្ខរកម្មឌីជីថល និងហិរញ្ញវត្ថុ និងផ្នែកច្បាប់ដែលទាក់ទងនឹងវិស័យឯកជននៅកម្ពុជា។ បន្ថែមពីនេះ វេទិកានេះក៏ជាឱកាសក្នុងការកសាងបណ្តាញទំនាក់ទំនងជាមួយនឹងសិក្ខាកាម ដែលគ្រប់គ្រង ឬធ្វើការនៅក្នុងវិស័យនេះ ព្រមទាំងប្រមូលធាតុចូលដូចជាទិន្នន័យ និងអនុសាសន៍ពីបទបង្ហាញទាំងពីរនោះ ដើម្បីយកមកអនុវត្តគម្រោង។ សិក្ខាសាលានេះបានបញ្ចប់ដោយសុន្ទរកថាបិទពីកញ្ញា អ៊ួន វិមល និងការថតរូបអនុស្សាវរីយ៍។ អង្គការអូឌីស៊ីសង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលានេះ គឺជាមធ្យោបាយមួយដ៏សំខាន់ក្នុងការបង្កើតទំនាក់ទំនងជាមួយនឹងវិស័យឯកជន និងស្វែងរកនូវចន្លោះប្រហោងសម្រាប់ការស្រាវជ្រាវបន្តបន្ទាប់ ព្រមទាំងសិក្សាពីការអភិវឌ្ឍធនធានឱ្យឆ្លើយតបទៅនឹងសហគ្រាសធុនតូច និងមធ្យម។