បទ​ពិសោធន៍​របស់​យើង​នៅ​ក្នុង​ស​ន្និ​សី​ទ​រៃ​អង្គាសប្រាក់​អន្តរជាតិ​ឆ្នាំ​២០២៣​ នៅ​ប្រទេស​ហូ​ឡង់​

ដំបូង​ឡើយ​ សមាជិក​ក្រុមប្រឹក្សាភិបាល​របស់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ដែល​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​វាគ្មិន​ម្នាក់​ នៅ​ក្នុង​ស​ន្និ​សិ​ទ​រៃ​អង្គាសប្រាក់​អន្តរជាតិ​ (IFC)​ ឆ្នាំ​២០២៣​ បាន​ណែនាំ​ក្រុមការងារ​ពី​សន្និសីទ​នេះ​។​ គាត់​បាន​លើក​ឡើង​ថា​ កម្មវិធី​នេះ​ជា​ការ​ជួបជុំ​ដ៏​អស្ចារ្យ​សម្រាប់​អ្នក​ជំនាញការ​រៃ​អង្គាសប្រាក់​នៅ​ទូ​ទាំង​ពិភពលោក​ ដូចនេះ​យើង​ក៏​បាន​សម្រេចចិត្ត​ចុះ​ឈ្មោះ​ភ្លាមៗ​សម្រាប់​សន្និសីទ​ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៧​ ដល់​ថ្ងៃ​ទី​២០​ ខែតុលា​ ឆ្នាំ​២០២៣​ នៅ​ទីក្រុង​ Noordwijk​ ប្រទេស​ហូ​ឡង់​ ដែល​ជា​កន្លែង​របស់​អង្គការ​មិន​ស្វែងរក​ប្រាក់​ចំណេញ​មាន​ឥ​ទិ្ធ​ពល​ជា​ច្រើន​ធ្វើការ​ដើម្បី​យុត្តិធម៌​ សន្តិភាព​ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​ ការ​ធ្វើ​ដំណើរ​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​គោលដៅ​របស់​យើង​ មាន​រយៈពេល​មួយ​ថ្ងៃ​នៃ​ការ​ធ្វើ​ដំណើរ​ជា​បន្តបន្ទាប់​។​ យ៉ាងណា​ក៏​ដោយ​ ការ​ចំណាយ​ពេលវេលា​ និង​ការ​ខិតខំ​ប្រឹងប្រែង​បាន​បង្ហាញ​ថា​មាន​ប្រយោជន៍​យ៉ាង​ខ្លាំង​។​

​អ្នកចូលរួម​ទាំងអស់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ក្នុង​សាល​ដ៏​ធំ​មួយ​ ដោយ​មាន​ភ្លើងពណ៌​ដ៏​រស់​រវើក​អម​ជាមួយ​តន្ត្រី​ ដែល​ជំរុញ​ឱ្យ​បរិយាកាស​សម្រាប់​ការ​ចាប់ផ្តើម​សន្និសីទ​គួរ​ឱ្យ​ចាប់អារម្មណ៍​បន្ថែម​មួយ​កម្រិត​ទៀត​។​ អ្នកស្រី​ Ruby​ Chadwick​ នាយក​កម្មវិធី​ នៃ​ The​ Resource​ Alliance​ បាន​បើក​កិច្ច​ចាប់ផ្តើម​កម្មវិធី​។​ គាត់​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​អ្នកចូលរួម​ទាំងអស់​នៅ​ក្នុង​សន្និសីទ​ដ៏​ធំ​បំផុត​ប្រចាំឆ្នាំ​នៃ​ ដោយ​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ចំពោះ​ឱកាស​ដែល​បាន​ជួប​អ្នកចូលរួម​គ្រប់ៗ​គ្នា​។​ បន្ទាប់​ពី​សុន្ទរកថា​ស្វាគមន៍​ គាត់​បាន​បន្ត​ណែនាំ​សាស្ត្រាចារ្យ​ដ៏​ល្បី​របស់​សាលា​ Harvard​ គឺ​ លោក​ Erica​ Chenoweth​ ដែល​ល្បីល្បាញ​សម្រាប់​កិច្ចការ​ស្រាវជ្រាវ​យ៉ាង​ទូលំទូលាយ​របស់​គាត់​ស្តី​ពី​ “​អំណាច​មនុស្ស​”​។​ សាស្ត្រាចារ្យ​ Chenoweth​ បាន​រក​ឃើញ​ថា​សុពលភាព​នៃ​ការ​មិន​គោរព​តាម​ស៊ី​វិល​មិន​ត្រឹមតែ​ជា​ជម្រើស​ត្រឹមត្រូវ​ខាង​សីលធម៌​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​ជា​មធ្យោបាយ​ដ៏​មាន​ឥទ្ធិពល​បំផុត​ក្នុង​ការ​រៀបចំ​ទិដ្ឋភាព​នៃ​នយោបាយ​ពិភពលោក​ផង​ដែរ​។​

សន្និសីទ​ត្រូវ​បាន​រៀបចំ​ឡើងជា​ប្រធានបទ​ធំៗ​ចំនួន​ប្រាំ​គឺ​ យុទ្ធសាស្ត្រ​ គោលបំណង​នៃ​ការ​គិត​ ការ​និទានរឿង​ បច្ចេកវិទ្យា​ថ្មីៗ​ និង​ភាព​ជា​អ្នកដឹកនាំ​ និង​ការ​អភិវឌ្ឍ​ក្រុម​។​ នៅ​ក្នុង​ប្រភេទ​ប្រធានបទ​នីមួយៗ​មាន​បណ្តុំ​នៃ​ប្រធានបទ​តូចៗ​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​ជា​ច្រើន​ ដែល​អ្នកចូលរួម​អាច​ជ្រើសរើស​ចូល​ដោយ​សេរី​ស្រប​តាម​ចំណាប់អារម្មណ៍​ និង​គោលបំណង​របស់​ពួក​គេ​។​

ព្រឹត្តិការណ៍​នេះ​ពិតជា​មាន​សារៈសំខាន់​ណាស់​ដោយ​វាគ្មិន​អន្តរជាតិ​ល្បីៗ​បាន​ចែករំលែក​យុទ្ធសាស្ត្រ​ ការ​អនុវត្ត​ល្អៗ​ បទ​ពិសោធន៍​ដ៏​សម្បូរ​បែប​ និង​ការ​យល់​ដឹង​អំពី​និន្នាការ​ដែល​កំពុង​រីក​ចម្រើន​ផង​ដែរ​។​ អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​ជា​ពិសេស​នោះ​ គឺ​មានការ​ដាក់​បញ្ចូល​នូវ​វគ្គ​សតិ​បញ្ហា​រួម​មាន​ថ្នាក់​សមាធិ​ សំឡេង​បំពេរ​អារម្មណ៍​ និង​យូ​ហ្គា​ ដែល​បាន​រៀបចំ​ឡើង​យ៉ាង​គិតគូរ​សម្រាប់​អ្នកចូលរួម​ឱ្យ​សម្រាក​ និង​បន្ធូរ​អារម្មណ៍​បន្ទាប់​ពី​ចូលរួម​សិក្សា​ក្នុង​ប្រធានបទ​នីមួយៗ​ប្រចាំ​ថ្ងៃ​ និង​ដើម្បី​ធ្វើ​ឱ្យ​អារម្មណ៍​របស់​អ្នកចូលរួម​ធូរស្រាល​មុន​ពេល​អាហារ​ពេល​ល្ងាច​ជុំ​គ្នា​។​ ពិធីជប់លៀង​អាហារ​ពេល​ល្ងាច​ប្រៀប​ដូច​ជា​ ការ​ប្រារព្ធ​ពិធី​ដ៏​ធំ​សម្រាប់​បង្រួបបង្រួម​អ្នក​ជំនាញការ​រៃ​អង្គាសប្រាក់​ពី​ជុំវិញ​ពិភពលោក​សម្រាប់​សមិទ្ធិ​ផល​រួម​ និង​ការ​ខិតខំ​ប្រឹងប្រែង​តស៊ូ​ពេញ​មួយ​ឆ្នាំ​។​ បន្ទាប់​ពី​សន្និសីទ​រយៈពេល​បី​ថ្ងៃ​ កម្មវិធី​បាន​បញ្ចប់​ជាមួយនឹង​សុន្ទរកថា​គន្លឹះ​របស់​សកម្មជន​ការ​ប្រែប្រួល​អាកាសធាតុ​ដ៏​លេចធ្លោ​បី​រូប​មក​ពី​ប្រទេស​ផ្សេងៗ​គ្នា​។​

​ក្រុមការងារ​របស់​យើង​បាន​ទទួល​នូវ​ចំនេះដឹង​ដ៏​មាន​តម្លៃ​ពី​ស​ន្និ​សិ​ទ​រៃ​អង្គាសប្រាក់​អន្តរជាតិ​ ឆ្នាំ​២០២៣​ ដែល​នឹង​អាច​ពង្រឹង​យុទ្ធសាស្ត្រ​ ការ​អនុវត្ត​ និង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ម្ចាស់​ជំនួយ​ និង​ដៃគូ​ជាទី​គោរព​របស់​យើង​។​ យើង​សូម​ថ្លែងអំណរគុណ​ជា​ខ្លាំង​ចំពោះ​ម្ចាស់​ជំនួយ​ទាំងអស់​របស់​យើង​ ដែល​តែងតែ​គាំទ្រ​ដល់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ក្នុង​ការ​រក្សា​សន្ទុះ​នៃ​ចក្ខុវិស័យ​របស់​យើង​ក្នុង​ការ​ជំរុញ​តម្លាភាព​ និង​គំនិត​ផ្តួចផ្តើម​ទិន្នន័យ​បើក​ទូលាយ​នៅ​កម្ពុជា​។​