កម្មវិធី Presidential Hackathon ឆ្នាំ២០១៩ នៅប្រទេសតៃវ៉ាន់
ក្រុមការងារអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានចូលរួមកម្មវិធី Presidential Hackathon ឆ្នាំ២០១៩ នៅទីក្រុងតៃប៉ិ ប្រទេសតៃវ៉ាន់ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែកក្កដា។ កម្មវិធី Presidential Hackathon គឺជាគំនិតផ្តួចផ្តើមដែលបានបង្កើតឡើងដោយរដ្ឋាភិបាលតៃវ៉ាន់ ដើម្បីបញ្ជាក់ពីសារៈសំខាន់នៃប្រភពកូដបើកទូលាយ ទិន្នន័យបើកទូលាយ និងការអនុវត្តពាក់ព័ន្ធល្អៗ ដែលអាចយកមកអនុវត្តដើម្បីដោះស្រាយតម្រូវការរបស់ប្រទេសតាមរយៈនវានុវត្តន៍សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច។
អង្គការអូឌីស៊ីគឺជាក្រុមមួយក្នុងចំណោមក្រុមលេចធ្លោចំនួន ៦ ដែលត្រូវបានជ្រើសរើសដើម្បីចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធី Presidential Hackathon ឆ្នាំ២០១៩។ ក្រុមទាំង ៦ សុទ្ធតែមានអ្នកជំនាញខាងទិន្នន័យបើកទូលាយ និងបច្ចេកវិទ្យាមកពីបណ្តាប្រទេសផ្សេងៗដូចជា អូស្ត្រាលី ហូឡង់ បារាំង សហរដ្ឋអាមេរិក ម៉ាឡេស៊ី ហុងឌូរ៉ាស ស្រីលង្កា និងកម្ពុជា។ ក្រោមប្រធានបទ “ការរៀបចំហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព” ក្រុមនីមួយៗមានការច្នៃប្រឌិតប្លែកៗគួរអោយកត់សំគាល់ និងមានភាពលេចធ្លោរួមមាន គេហទំព័រស្តីពីការត្រួតពិនិត្យកាកសំណល់ពីការសាងសង់ សេវាកម្មប្រឹក្សាលើការវិភាគហេដ្ឋារចនាសម្ព័ន្ធ គេហទំព័របើកទូលាយស្តីពីហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ឧបករណ៍វាយតម្លៃអ្នកចូលរួមដេញថ្លៃ កំណត់ទីតាំងដែលសាកសមសម្រាប់សាលារៀន និងមណ្ឌលសុខភាព ឧបករណ៍វាយតម្លៃផលប៉ះពាល់នៃហេដ្ឋារចនាសម្ព័ន្ធ។
ក្នុងអំឡុងពេលបួនថ្ងៃនៃកម្មវិធីដ៏ស្វិតស្វាញនេះ ក្រុមទាំងអស់បានខិតខំធ្វើការលើគម្រោងរបស់ពួកគេរួមទាំងការរចនាគំនិត ការរចនាគម្រោង និងគំរូដើម្បីរៀបចំសម្រាប់ការប្រកួតជម្រុះចុងក្រោយ។ ក្នុងអំឡុងពេលនៃកម្មវិធីនេះ ក៏មានវគ្គចែករំលែកពីអ្នកជំនាញខាងទិន្នន័យបើកទូលាយអន្តរជាតិ ដែលបានបង្ហាញអំពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងការណែនាំអំពីស្តង់ដារកិច្ចសន្យាបើកទូលាយអន្តរជាតិ (OCDS / OC4IDS)។ ក្រៅពីវគ្គចែករំលែកពីក្រុមអ្នកជំនាញអន្ដរជាតិ ក្រុមទាំងអស់ក៏មានឱកាសរៀនសូត្រពីក្រុមប្រកួតតៃវ៉ាន់ដែលលេចធ្លោ ដែលបានជាប់នៅក្នុងការប្រកួតក្នុងប្រទេសនៃកម្មវិធី Presidential Hackathon ឆ្នាំ២០១៩។ ខណៈពេលដែលកម្មវិធី Presidential Hackathon នេះមានគោលបំណងពន្លឿនការធ្វើឱ្យប្រសើរឡើងនៃសេវាសាធារណៈ និងជំរុញកំណើនសេដ្ឋកិច្ច និងសង្គមជាបរិយាប័ន្ន ស្តង់ដារទិន្នន័យកិច្ចសន្យាបើកទូលាយ (OCDS) និងកិច្ចសន្យាបើកទូលាយសម្រាប់ស្តង់ដារទិន្នន័យហេដ្ឋារចនាសម្ព័ន្ធ (OC4IDS) ត្រូវបានណែនាំជាដំណោះស្រាយដែលបានស្នើសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែប្រសើរ និងប្រកបដោយចីរភាព ដោយប្រើជាឧបករណ៍ត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធ ដើម្បីការពារគម្រោងប្រឆាំងនឹងអំពើពុករលួយ និងបង្កើនលទ្ធភាពនៃការសម្រេចគោលដៅ។
នៅថ្ងៃចុងក្រោយ ក្រុមចូលរួមប្រកួតទាំងអស់ត្រូវបានអញ្ជើញឱ្យបង្ហាញគម្រោងច្នៃប្រឌិតថ្មីរបស់ពួកគេនៅក្នុងវិមានប្រធានាធិបតីតៃវ៉ាន់។ នេះគឺជាកិត្តិយសដ៏ធំធេង ដែលកម្មវិធីត្រូវបានប្រារព្ធឡើងក្រោមអធីបតីភាពរបស់អនុប្រធានាធិបតីកោះតៃវ៉ាន់ លោក Chen Chien-jen ដែលអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍។ លោកអនុប្រធានាធិបតីតៃវ៉ាន់បានមានប្រសាសន៍ថា Hackathon ដែលមានប្រធានបទ៖ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាពគឺស្របជាមួយនឹងការខិតខំរបស់រដ្ឋាភិបាលក្នុងការផ្លាស់ប្តូរគំនិត និងការច្នៃប្រឌិតរវាងកោះតៃវ៉ាន់ និងអ្នកជំនាញបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានក្រៅប្រទេស។ បន្ទាប់ពីបញ្ចប់ការធ្វើបទបង្ហាញរបស់ក្រុមនីមួយៗ ក្រុមអូឌីស៊ីមានកិត្តិយសណាស់ដែលបានក្លាយជាក្រុមមួយក្នុងចំណោមក្រុមលេចធ្លោទាំង៦ដែលត្រូវបានជ្រើសរើស សម្រាប់គម្រោង គេហទំព័របើកទូលាយស្តីពីហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅថ្នាក់ក្រោមជាតិនៅក្នុង Presidential Hackathon វគ្គប្រកួតប្រជែងអន្តរជាតិ។ ការប្រកួតប្រជែងនេះបានផ្តល់នូវចំណ៉ដឹងសំខាន់ៗជាច្រើនសម្រាប់ក្រុមការងារអូឌីស៊ី ដើម្បីកែលម្អ និងបន្តអភិវឌ្ឍគេហទំព័រ។ លោក ធី ទ្រី នាយកប្រតិបត្តិ/និពន្ធនាយករបស់អូឌីស៊ី បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ក្រុមការងារ ដើម្បីស្វែងយល់ និងរៀនសូត្របន្ថែមអំពីស្តង់ដារទិន្នន័យកិច្ចសន្យាបើកទូលាយ និងគេហទំព័ររដ្ឋាភិបាលបើកទូលាយពីសហគមន៍អន្តរជាតិ និងរដ្ឋាភិបាលតៃវ៉ាន់។ លើសពីនេះទៅទៀត ក្រុមការងារក៏មានឱកាសដើម្បីស្វែងយល់ពីលទ្ធភាពក្នុងការរចនា និងពង្រឹងគេហទំព័ររបស់យើងផងដែរ។ Presidential Hackathon ឆ្នាំ២០១៩ បានបញ្ចប់ជាមួយនឹងដំណើរទស្សនកិច្ចនៅក្នុងវិមានប្រធានាធិបតីតៃវ៉ាន់។ ក្រុមចូលរួមប្រកួតប្រជែងទាំងអស់ត្រូវបានណែនាំឱ្យស្គាល់គោលនយោបាយ វប្បធម៌ និងប្រវត្តិសាស្ត្ររបស់កោះតៃវ៉ាន់។
គេហទំព័របើកទូលាយរបស់អូឌីស៊ីអំពី ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅតាមនៅថ្នាក់ក្រោមជាតិ
ការស្ថាបនាផ្លូវថ្នល់នៅកម្ពុជាគឺជាអាទិភាពចំបង។ យោងតាមតួលេខចុងក្រោយបំផុតពីឆ្នាំ២០១៣ មានតែ ១២.២៣៩ គីឡូម៉ែត្រប៉ុណ្ណោះដែលត្រូវបានក្រាល ក្នុងចំណោមផ្លូវសរុប ៤៧.២៦៣ គីឡូម៉ែត្រ។ ស្ថានភាពផ្លូវថ្នល់ក៏ជាបញ្ហាសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសផងដែរ។ ការត្អូញត្អែររួមមានការជន់លិច និងការខូចខាតផ្លូវ ដែលនាំឱ្យមានតម្រូវការការងារថែទាំជាញឹកញាប់។ ការកើនឡើងនៃភាពផ្តាច់មុខនៃការស្ថាបនាផ្លូវថ្នល់រួមចំណែកដល់ការខ្វះខាតនៃតម្លាភាព និងគណនេយ្យភាព ដែលនាំឱ្យមានហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពទាប។ ការពិតដែលថាព័ត៌មានតិចតួចដែលផ្សព្វផ្សាយជាសាធារណៈជារឿយៗមិនមានរចនាសម្ព័ន្ធ និងលំបាកក្នុងការស្វែងរក បានរារាំងដល់សមត្ថភាពរបស់សាធារណៈជនក្នុងការឃ្លាំមើល និងធ្វើឱ្យរដ្ឋាភិបាលមានគណនេយ្យភាព។
ថ្មីៗនេះ រដ្ឋាភិបាលបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនក្នុងការពង្រឹងការឃ្លាំមើលការស្ថាបនាផ្លូវថ្នល់ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវគុណភាព និងប្រសិទ្ធភាព។ អូឌីស៊ីយល់ថា នេះគឺជាឱកាសមួយដើម្បីលើកកម្ពស់គណនេយ្យភាព ការចូលរួមរបស់ពលរដ្ឋក្នុងការត្រួតពិនិត្យ និងលើកកម្ពស់អន្តរកម្មរវាងសាធារណៈ និងរដ្ឋាភិបាល។ អូឌីស៊ីព្យាយាមភ្ជាប់គំលាតព័ត៌មាន និងផ្តល់ទិន្នន័យច្បាស់លាស់ និងភាពសាមញ្ញអំពីដំណើរការសាងសង់ផ្លូវថ្នល់នៅកម្ពុជា។ យើងនឹងបង្កើតទំព័រព័ត៌មានទិន្នន័យថ្មីមួយនៅលើគេហទំព័ររបស់អូឌីស៊ីដែលជាគេហទំព័រទិន្នន័យបើកទូលាយតាមប្រព័ន្ធអ៊ីនធឺណិត ដែលមានឈ្មោះថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅថ្នាក់ក្រោមជាតិ។ វានឹងផ្តល់នូវទិន្នន័យទាន់សម័យ និងលម្អិតស្តីពីការត្រួតពិនិត្យថវិកា និងព័ត៌មានអំពីដំណើរការសាងសង់ផ្លូវថ្នល់នៅកម្ពុជា។ ដើម្បីធ្វើឱ្យវាមានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ និងអាចចូលដំណើរការបានសម្រាប់អ្នកគ្រប់គ្នា អូឌីស៊ីនឹងបង្ហាញរឿងរ៉ាវតាមរយៈឧបករណ៍ដែលធ្វើឱ្យទិន្នន័យអាចមើលឃើញ ហើយយើងនឹងអនុវត្តតាមស្តង់ដារទិន្នន័យ OC4IDS។
ជាបឋម អូឌីស៊ីនឹងបន្ថែមស្រទាប់ផែនទីដែលបានបង្កើតទៅក្នុង“ ផែនទីអន្តរកម្ម” នៅលើគេហទំព័រ ដែលអ្នកប្រើប្រាស់នឹងអាចដាក់ស្រទាប់ផែនទីថ្មីជាមួយស្រទាប់ផែនទីផ្សេងៗទៀតដែលមានស្រាប់ ដើម្បីបង្ហាញអំពីរឿងរ៉ាវផ្សេងៗទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅថ្នាក់ក្រោមជាតិនៅកម្ពុជា។ ដើម្បីបង្ហាញនូវព័ត៌មានដែលមិនបានប្រមូលផ្តុំគ្នា ការធ្វើឱ្យទិន្នន័យមើលឃើញបែបផ្សេងៗទៀតនឹងត្រូវបន្ថែមទៅទំព័រថ្មីនេះ ដើម្បីឱ្យអ្នកប្រើប្រាស់អាចមើលឃើញទិដ្ឋភាពទូទៅនៃប្រធានបទនេះនៅក្នុងបរិបទប្រទេសកម្ពុជា និងធ្វើការប្រៀបធៀបជាមួយប៉ារ៉ាម៉ែត្រផ្សេងទៀត។ នៅកម្រិតគម្រោង អ្នកប្រើប្រាស់អាចមើលព័ត៌មានលម្អិតនៃគម្រោងជាក់លាក់ណាមួយដែលព័ត៌មានលម្អិតនៃគម្រោងត្រូវបានប្រមូលផ្តុំនៅក្នុងដំណាក់កាលកំណត់អត្តសញ្ញាណ ការដេញថ្លៃ ការប្រកាស និងដំណើរការនៃគម្រោង។ លើសពីនេះ អ្នកប្រើប្រាស់ក៏អាចចូលមើលព័ត៌មានលម្អិតនៃកិច្ចសន្យារបស់គម្រោង ដើម្បីស្វែងយល់ពីលទ្ធផលជាក់ស្តែង ពេលវេលា និងតម្លៃនៃការអនុវត្តគម្រោង។
ជាមួយនឹងព័ត៌មាន និងទិន្នន័យដែលអាចរកបានដោយសេរីសម្រាប់អ្នករាល់គ្នាក្នុងការទទួលបាន និងប្រើប្រាស់ អូឌីស៊ីជឿជាក់ថា ការបង្ហាញព័ត៌មានបែបនេះនឹងបង្កើនការចូលរួមរបស់ប្រជាពលរដ្ឋ ការទាមទារជាសាធារណៈសម្រាប់តម្លាភាពកាន់តែច្រើន ហើយនឹងលើកកម្ពស់ការប្រកួតប្រជែងគ្នារវាងអ្នកសាងសង់ដែលនឹងនាំឱ្យផ្លូវថ្នល់មានគុណភាពខ្ពស់នៅកម្ពុជា។