តំណាងមកពីអាជីវកម្មចម្រុះក្នុងខេត្តសៀមរាប បានចូលរួមការបណ្ដុះបណ្ដាលរបស់អូឌីស៊ី ទាក់ទងនឹងអាជីវកម្ម និងអក្ខរកម្មឌីជីថល
នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំការបណ្ដុះបណ្ដាលមួយថ្ងៃពេញ នាក្រុងសៀមរាប ខេត្ដសៀមរាប សម្រាប់គម្រោង “ការពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហគ្រាសធុនតូចនិងមធ្យមនៅប្រទេសកម្ពុជា តាមរយៈទិន្នន័យបើកទូលាយ និងអក្ខរកម្មឌីជីថល” ដែលទទួលបានជំនួយពីមជ្ឈមណ្ឌលសម្រាប់សហគ្រាសឯកជនអន្ដរជាតិ។ គួរកត់សម្គាល់ថា ការបណ្ដុះបណ្ដាលសម្រាប់គម្រោងនេះត្រូវបានប្រព្រឹត្តឡើង៤លើកជាបន្តបន្ទាប់គ្នានៅភូមិសាស្ត្រ៤ផ្សេងគ្នា ដូចជារាជធានីភ្នំពេញ ខេត្តមណ្ឌលគិរី ខេត្តកំពត និងខេត្តសៀមរាប។ ការបណ្ដុះបណ្ដាលនៅខេត្តសៀមរាប ដែលជាការបណ្ដុះបណ្ដាលលើកចុងក្រោយសម្រាប់គម្រោងនេះមានការចូលរួមពីតំណាងសហគ្រាសធុនតូចនិងមធ្យម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្រុងសៀមរាប និងបណ្ដាស្រុកមួយចំនួន ចំនួន១៨នាក់ ក្នុងនោះស្ត្រី១៣នាក់ និងបុរស៥នាក់ដែលជាជនមានពិការភាព១នាក់។ តំណាងទាំងនោះមកពីវិស័យចម្រុះដូចជាអាជីវកម្មសាឡន ទំនិញលក់ដុំ-រាយ ឱសថ រុក្ខជាតិ និងទោចក្រយានយន្ត។ល។
កម្មវិធីនេះចាប់ផ្ដើមដោយសុន្ទរកថាស្វាគមន៍និងបើកកម្មវិធីរបស់ លោក ធី ទ្រី នាយកប្រតិបត្តិនៃអូឌីស៊ី។ លោកបានស្វាគមន៍តំណាងអាជីវកម្មដែលបានចូលរួមកម្មវិធីនេះ ក្នុងគោលដៅបង្កើនចំណេះដឹងនិងសមត្ថភាពក្នុងការធ្វើអាជីវកម្ម ជាពិសេសការយល់ដឹងផ្នែកច្បាប់ដែលពាក់ព័ន្ធ និងការទាញយកអត្ថប្រយោជន៍ពីឌីជីថលសម្រាប់បម្រើអាជីវកម្មរបស់ខ្លួន។ ជាពិសេស លោកបានលើកឡើងពីការរួមចំណែកដ៏សំខាន់របស់វិស័យសហគ្រាសធុនតូចនិងមធ្យម និងសេដ្ឋកិច្ចក្រៅប្រ័ពន្ធទៅក្នុងសេដ្ឋកិច្ចជាតិ ព្រមទាំងការចូលរួមរបស់សហគ្រិនស្ដ្រី តាមរយៈការបង្កើតការងារ ផលិតផលនិងសេវាកម្មក្នុងស្រុក និងការបង្កើនប្រាក់ចំណូលផងដែរ។ លោកបន្តទៀតថា នេះជាឱកាសដ៏ល្អសម្រាប់អ្នកចូលរួមក្នុងការជជែកពិភាក្សា ពិគ្រោះ និងចែករំលែកជាមួយអ្នកចូលរួមផ្សេងទៀត ក៏ដូចជាអ្នកបណ្ដុះបណ្ដាលដែលមកពីស្ថាប័នជំនាញផ្នែកច្បាប់និងអាជីវកម្ម ព្រមទាំងក្រុមការងារអូឌីស៊ីដែលផ្ដោតលើឌីជីថលនិងប្រព័ន្ធផ្សព្វផ្សាយសង្គម។
បន្ទាប់ពីសុន្ទរកថានេះបានបញ្ចប់ទៅ អ្នកចូលរួមទទួលបានការពន្យល់បន្ថែមអំពីបុព្វហេតុនៃការរៀបចំកម្មវិធីនេះ ព្រមទាំងទិដ្ឋភាពសំខាន់ៗនៃគម្រោងទាំងមូល។ ការបណ្ដុះបណ្ដាលរយៈពេលមួយថ្ងៃពេញនេះមានចំនួន៣ប្រធានបទដូចជា៖ ១) ការទទួលខុសត្រូវសង្គមរបស់សាជីវកម្ម និងផែនការអាជីវកម្ម ដោយកញ្ញា ស្រី ណាក់ ដៃគូអភិវឌ្ឍអាជីវកម្ម និង អ្នកជំនាញផ្នែកទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម នៃក្រុមហ៊ុនមេធាវី សរណ ២) គន្លឹះសុវត្ថិភាពអ៊ីនធឺណិត ដោយលោក សំអាន ម៉ារឌី ប្រធានគ្រប់គ្រងផ្នែកព័ត៌មានវិទ្យា និងគេហទំព័រ និង ៣) ការបង្កើតមាតិកានៅលើបណ្ដាញសង្គម ដោយលោក ណៃ ម៉ាណេត ប្រធានផ្នែកទំនាក់ទំនងនៃអូឌីស៊ី។
មុននឹងចាប់ផ្ដើមការបណ្ដុះបណ្ដាល អ្នកចូលរួមតម្រូវឱ្យធ្វើតេស្ដជាមុនសិន ដើម្បីវិនិច្ឆ័យពីចំណេះដឹងរបស់ពួកគេមុនទទួលបានការបណ្ដុះបណ្ដាល។ នៅក្នុងបទបង្ហាញទី១ អ្នកចូលរួមបង្ហាញការចាប់អារម្មណ៍លើកិច្ចការពារអ្នកប្រើប្រាស់ ការរួមចំណែកក្នុងការថែរក្សាបរិស្ថាននិងធនធានធម្មជាតិ ការកំណត់និយមន័យសហគ្រាសធុនតូចនិងមធ្យម ជាដើម។ ក្នុងនោះ អ្នកចូលរួមបានឆ្លុះបញ្ចាំងផែនការអាជីកម្មរបស់ខ្លួនទៅតាមគំរូជាក់លាក់ ហើយក៏បានលើកឧទាហរណ៍នៃអាជីវកម្មផ្ទាល់ខ្លួនដែលបានឆ្លងកាត់ការពិសោធគុណភាព ការប្រើប្រាស់ផលិតផលក្នុងស្រុក ការវេចខ្ចប់ និងការគិតគូរពីសុខភាពរបស់អតិថិជន។ ម្យ៉ាងទៀត ពួកគេក៏លើកយកអត្ថប្រយោជន៍នៃការចុះបញ្ជីអាជីវកម្ម ក្នុងគោលបំណងការពារកម្មសិទ្ធិបញ្ញានៃអាជីវកម្មរបស់ខ្លួន។ ចំពោះបទបង្ហាញទី២ ពួកគេបានចូលរួមធ្វើតេស្ដល្បងប្រាជ្ញានិងឈ្វេងយល់បន្ថែមពីការការពារទិន្នន័យនិងពង្រឹងសុវត្ថិភាពនៅលើឧបករណ៍ឌីជីថលរបស់ខ្លួន តាមរយៈការប្រើប្រាស់ពាក្យសម្ងាត់ខ្លាំង និងការប្រើប្រាស់បណ្ដាញឯកជននិម្មិត។ រីឯបទបង្ហាញចុងក្រោយវិញ ពួកគេបានឈ្វេងយល់ពីបច្ចេកទេសផ្សព្វផ្សាយអាជីវកម្មដោយភាពច្នៃប្រតិដ្ឋលើប្រព័ន្ធអនឡាញ ដើម្បីទាក់ទាញអតិថិជន។
បន្ទាប់ពីបទបង្ហាញទាំងនេះ អ្នកចូលរួមត្រូវធ្វើតេស្ដដដែលម្ដងទៀត ដើម្បីប្រៀបធៀបចំណេះដឹងមុននិងក្រោយទទួលបានការបណ្ដុះបណ្ដាល។ ពួកគេក៏តម្រូវឱ្យបំពេញកម្រងសំណួរដើម្បីវាយតម្លៃពីការបណ្ដុះបណ្ដាលនេះផងដែរ ក្នុងគោលបំណងកែលម្អការអនុវត្តគម្រោងឱ្យកាន់តែប្រសើរ។ តាមរយៈការវាយតម្លៃនេះ ពួកគេសម្ដែងការពេញចិត្តចំពោះការពន្យល់ខ្លឹមសារបានល្អពីសម្នាក់អ្នកបណ្ដុះបណ្ដាល និងទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។ ក្នុងនោះ ពួកគេក៏បានលើកយកបញ្ហាប្រឈមមួយចំនួននៃអាជីវកម្មរបស់ខ្លួនដូចជា កង្វះដើមទុន ការលក់និងការធ្វើទីផ្សារ ការប្រកួតប្រជែង ពន្ធដារ និងការទទួលរងឥទ្ធិពលសេដ្ឋកិច្ចសកលលោក។ បន្ថែមពីនេះ ពួកគេទទួលបានឱកាសចូលជាសមាជិកនៅក្នុងក្រុមតេឡេក្រាមរបស់អូឌីស៊ី ដើម្បីទទួលបានឯកសារបណ្ដុះបណ្ដាល ព័ត៌មានពាក់ព័ន្ធ និងឱកាសផ្សេងទៀតផងដែរ។