សហគមន៍នេសាទចំនួន៤នៅខេត្តកំពត ចូលរួមការបណ្ដុះបណ្ដាលពីផែនការអាជីវកម្ម និងអក្ខរកម្មឌីជីថល
នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំការបណ្ដុះបណ្ដាលរយៈពេលមួយថ្ងៃពេញនៅស្រុកទឹកឈូ ខេត្តកំពត ដែលមានអ្នកចូលរួមចំនួន២៤នាក់ ក្នុងនោះស្ត្រី៦នាក់ ដែលដឹកនាំនិង/ឬប្រកបអាជីវកម្ម មកពីសហគមន៍នេសាទនិងទេសចរណ៍ចំនួន៤ ដូចជាសហគមន៍នេសាទត្រពាំងសង្កែ សហគមន៍នេសាទកំពង់សាមគ្គី សហគមន៍នេសាទព្រែកត្នោត និងសហគមន៍នេសាទត្រពាំងរពៅ។ នេះគឺជាលើកទី៣នៃការរៀបចំការបណ្ដុះបណ្ដាលដល់សមាជិកនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងសហគ្រាសធុនតូចនិងមធ្យម បន្ទាប់ពីធ្វើឡើងនៅរាជធានីភ្នំពេញ និងនៅខេត្តមណ្ឌលគិរី ហើយគ្រោងនឹងប្រព្រឹត្តលើកចុងក្រោយនៅខេត្តសៀមរាប។ គួរបញ្ជាក់ថា ការបណ្ដុះបណ្ដាលទាំងនេះគឺជាសកម្មភាពមួយនៃគម្រោង “ការពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហគ្រាសធុនតូចនិងមធ្យមនៅប្រទេសកម្ពុជា តាមរយៈទិន្នន័យបើកទូលាយ និងអក្ខរកម្មឌីជីថល” ដែលទទួលបានជំនួយហិរញ្ញវត្ថុពីមជ្ឈមណ្ឌលសម្រាប់សហគ្រាសឯកជនអន្ដរជាតិ (CIPE)។
ផ្ដើមពីសុន្ទរកថាស្វាគមន៍និងបើកកម្មវិធីដែលរំលេចពីគោលបំណងនៃការបណ្ដុះបណ្ដាលនិងលទ្ធផលរំពឹងទុក អ្នកចូលរួមក៏បានឈ្វេងយល់បន្ថែមពីសាវតា គោលបំណង និងទិដ្ឋភាពផ្សេងទៀតរបស់គម្រោង ដែលសហគ្រាសធុនតូចនិងមធ្យម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធជាក្រុមគោលដៅ។ សកម្មភាពចម្បងរបស់គម្រោងមានដូចជា បង្កើនការយល់ដឹងផ្នែកច្បាប់ទាក់ទងនឹងវិស័យឯកជននៅកម្ពុជា ទទួលបានឱកាសចូលរួមពិភាក្សាលើទិដ្ឋភាពច្បាប់និងការបណ្ដុះបណ្ដាល និងស្វែងរកព័ត៌មានពាក់ព័ន្ធដែលបានផ្សាយចេញនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អូឌីស៊ី។
ការបណ្ដុះបណ្ដាលនេះផ្ដោតលើប្រធានបទចំនួន៣ ដែលផ្ដើមដំបូងដោយ កញ្ញា ស្រី ណាក់ ដៃគូសហការផ្នែកអភិវឌ្ឍន៍អាជីវកម្ម និងអ្នកជំនាញផ្នែកការទទួលខុសត្រូវសង្គមរបស់សាជីវកម្មនៃក្រុមហ៊ុនមេធាវីសរណ លើប្រធានបទ “ការកសាងផែនការអាជីវកម្ម និងការទទួលខុសត្រូវសង្គមរបស់អាជីវកម្ម”។ ប្រធានបទបន្ទាប់ គឺ “ការបង្កើតមាតិកានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម” ដោយលោក ណៃ ម៉ាណេត ប្រធានផ្នែកទំនាក់ទំនងនៃអូឌីស៊ី។ រីឯប្រធានបទចុងក្រោយ គឺ “សុវត្ថិភាពឌីជីថល” ដោយលោក សំអាន ម៉ារឌី ប្រធានគ្រប់គ្រងផ្នែកព័ត៌មានវិទ្យានិងគេហទំព័រនៃអូឌីស៊ី។ រាល់ប្រធានបទនីមួយៗ អ្នកចូលរួមតម្រូវឱ្យធ្វើលំហាត់អនុវត្តលើការវិភាគ ក៏ដូចជាឆ្លុះបញ្ចាំងឡើងវិញអំពីស្ថានភាពអាជីវកម្មដែលបម្រើដល់ភ្ញៀវទេសចរ ទាំងទិដ្ឋភាពខាងក្នុង ទាំងខាងក្រៅសហគមន៍របស់ខ្លួនទៅតាមគំរូអាជីវកម្ម ដែលអ្នកបណ្ដុះបណ្ដាលបានបង្ហាញជូន។ បន្ថែមពីការណែនាំផ្ទាល់ពីអ្នកបណ្ដុះបណ្ដាលនិងអ្នកសម្របសម្រួល ពួកគេក៏ត្រូវធ្វើតេស្ដល្បងសមត្ថភាពលើការប្រើប្រាស់ឧបករណ៍ឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងជីវភាពប្រចាំថ្ងៃនិងសម្រាប់បម្រើគោលបំណងផ្សព្វផ្សាយអាជីវកម្ម និងសក្ដានុពលទេសចរណ៍ដែលមាននៅសហគមន៍នីមួយៗ។
ក្រោយពីបញ្ចប់ការបណ្ដុះបណ្ដាលនេះ អ្នកចូលរួមបានពិភាក្សាក្រុមទៅតាមសហគមន៍រៀងៗខ្លួនជុំវិញអនុលោមភាពច្បាប់និងការចុះបញ្ជីផ្លូវការរបស់សហគមន៍ អត្ថប្រយោជន៍និងបញ្ហាប្រឈមចំពោះសហគមន៍និងប្រជាសហគមន៍នៅក្នុងដំណើរការអនុវត្តកាតព្វកិច្ចច្បាប់ សំណូមពរ ព្រមទាំងការចូលរួមរបស់ស្ដ្រីនិងយុវជននៅក្នុងអាជីវកម្មនិងការអភិវឌ្ឍសហគមន៍។ និយាយជារួម កាតព្វកិច្ចចម្បងគឺការចុះបញ្ជីទទួលស្គាល់សហគមន៍ជាផ្លូវការពីថ្នាក់មូលដ្ឋានដល់ថ្នាក់ជាតិ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ និយាយដោយឡែក បច្ចុប្បន្ន សហគមន៍ខ្លះបានវិវត្តខ្លួនល្អប្រសើរបម្រើដល់ទេសចរបែបសហគមន៍ធម្មជាតិ និងត្រូវធ្វើលិខិតប្រកាសពន្ធចំពោះអាជីវកម្មទេសចរណ៍នេះ។ ក្រៅពីនេះ សហគមន៍មួយចំនួនបានបង្ហាញចំណុចខ្វះខាតផ្នែកចំណេះនិងជំនាញ ដើម្បីរៀបចំសហគមន៍ជាតំបន់ទេសចរណ៍ឱ្យកាន់តែប្រសើរនិងទាក់ទាញ សំដៅលើកកម្ពស់ជីវភាពប្រជាសហគមន៍ ជាពិសេសអភិរក្សធនធានធម្មជាតិនៅទីនោះផងដែរ។
មុនពេលបិទបញ្ចប់ការបណ្ដុះបណ្ដាលនេះ អ្នកសម្របសម្រួលបានណែនាំអ្នកចូលរួមទាំងអស់ឱ្យចូលជាសមាជិកនៅក្នុងក្រុមតេឡេក្រាម ដើម្បីទទួលបានបច្ចុប្បន្នភាពព័ត៌មាននិងចំណេះដឹងទាក់ទងនឹងអាជីវកម្ម និងឱកាសផ្សេងទៀត។ សម្រាប់ការបណ្ដុះបណ្ដាលនេះ មុនពេលបទបង្ហាញចាប់ផ្ដើម អ្នកចូលរួមតម្រូវឱ្យធ្វើតេស្ដមុនបទបង្ហាញ ហើយក្រោយពេលបទបង្ហាញទាំង៣បានបញ្ចប់ ពួកគេត្រូវធ្វើតេស្ដដដែលម្ដងទៀត ដើម្បីប្រៀបធៀបចំណេះដឹងមុននិងក្រោយទទួលបានការបណ្ដុះបណ្ដាល។ បន្ថែមពីនេះ ពួកគេត្រូវបំពេញការស្ទង់មតិដើម្បីវាយតម្លៃការបណ្ដុះបណ្ដាលនេះ ដែលជាឧបករណ៍វាស់វែងពីប្រសិទ្ធភាពនៃការបណ្ដុះបណ្ដាល និងការឆ្លើយតបទៅនឹងគោលបំណងគម្រោង ជាពិសេសដើម្បីរៀបចំការបណ្ដុះបណ្ដាលនាពេលខាងមុខឱ្យកាន់តែប្រសើរ។