ការបង្ហាញទំព័រព័ត៌មានគណនេយ្យភាពសង្គមនៅវេទិកាថ្នាក់ជាតិស្តីពី ISAF ដំណាក់កាលទី២
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) មានកិត្តិយសដែលបានចូលរួមធ្វើបទបង្ហាញអំពីការប្រើប្រាស់ និងមុខងារទំព័រព័ត៌មានគណនេយ្យភាពសង្គម នៅក្នុងវេទិកាថ្នាក់ជាតិស្តីពី ការអនុវត្តផែនការគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (ISAF) នាថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តសៀមរាប។ អូឌីស៊ីមានសេចក្តីរីករាយដែលបានចូលរួមជាមួយស្ថាប័នពាក់ព័ន្ធធ្វើការងារលើ ISAF។
វេទិកានេះរៀបចំឡើងមានគោលបំណង ១) ចែករំលែកមេរៀនបទពិសោធន៍ និងការអនុវត្តល្អៗនៃការអនុវត្តការងារគណនេយ្យភាពសង្គមផ្តោតលើបរិយាបន្ន ការប្រើប្រាស់ថវិកាប្រកបដោយប្រសិទ្ធភាព និងផលប៉ះពាល់ជាវិជ្ជមាន ២) ចែករ៉លែកបទពិសោធន៍ពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ និងប្រព័ន្ធឌីជីថលផ្សេងៗសម្រាប់គណនេយ្យភាពសង្គម ៣) បង្កើនកិច្ចខិតខំប្រឹងប្រែង ការរកឃើញរបកគំឃើញ និងការផ្តួចផ្តើមថ្មីៗ ក្នុងគោលបំណងគាំទ្រដល់និរន្តរភាពនៃផែនការអនុវត្តគណនេយ្យភាពសង្គម និងគណនេយ្យភាពសង្គមក្នុងកម្ពុជា និង ៤) ប្រើប្រាស់មេរៀនបទពិសោធន៍ទាំងនេះ ដើម្បីផ្តល់ធាតុចូលដើម្បីរៀបចំយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់គណនេយ្យភាពសង្គមនៅកម្ពុជា បន្ទាប់ពីការអនុវត្តផែនការអនុវត្តគណនេយ្យភាពសង្គមដំណាក់កាលទី២។
ក្នុងវេទិកានេះមានអ្នកចូលរួមសរុបចំនួន ២៣១រូប រួមមាន គណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមថ្នាក់ក្រោមជាតិ (គ.គ.អ.ស), ក្រសួង ស្ថាប័នពាក់ព័ន្ធ, លេខាធិការដ្ឋាន គ.ជ.អ.ប, រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌមួយចំនួន រដ្ឋបាលឃុំសង្កាត់, អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍។
បន្ទាប់ពីកិច្ចពិភាក្សា និងបទបង្ហាញពីភាគីពាក់ព័ន្ធ អ្នករៀបចំវេទិកានឹងបង្កើតរបាយការណ៍សង្ខេប ដើម្បីធ្វើបច្ចុប្បន្នភាពផែនទីនៃកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្ត និងផែនការអភិវឌ្ឍឧបករណ៍ឌីជីថលសម្រាប់គណនេយ្យភាពសង្គមនៅកម្ពុជា។