សិក្ខាសាលាអ្នកពាក់ព័ន្ធស្តីពីការប្រើប្រាស់ទិន្នន័យបើកទូលាយ និងឧបករណ៍ឌីជីថលសម្រាប់ការអនុវត្តគម្រោងឱ្យកាន់តែប្រសើរឡើង
នៅថ្ងៃទី ០៤ ខែវិច្ឆិកាឆ្នាំ ២០១៩ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំសិក្ខាសាលាអ្នកពាក់ព័ន្ធដែលមានរយៈពេលមួយថ្ងៃពេញ ស្តីពី “ការប្រើប្រាស់ទិន្នន័យបើកទូលាយ ផែនទី និងប្រើប្រាស់ឧបករណ៍ឌីជីថលសម្រាប់ការអនុវត្តគម្រោងកាន់តែប្រសើរ” នៅសណ្ឋាគារសាន់វ៉េរាជធានីភ្នំពេញ។ សិក្ខាសាលានេះទទួលថវិកាពីទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈវិទ្យាសា្ថនគ្រប់គ្រងបូព៌ា-បស្ចឹម (EWMI) ក្រោមគម្រោងពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលកម្ពុជា (CCSS)។ សិក្ខាសាលានេះមានគោលបំណងចែករំលែកចំណេះដឹងស្តីពីទិន្នន័យបើកទូលាយ និងរបៀបចូលមើល និងទាញយកទិន្នន័យ និងព័ត៌មានពីគេហទំព័រអង្គការទិន្នន័យអំពីការអភិវឌ្ឍ ក៏ដូចជាការណែនាំឧបករណ៍ឌីជីថលដែលអាចជួយដល់ការសិក្សាស្រាវជ្រាវ ការអនុវត្តគម្រោង និងការផ្សព្វផ្សាយគម្រោង ហើយជាចុងក្រោយ ធ្វើការវាយតម្លៃពីតំរូវការនៃការកសាងសមត្ថភាពសំរាប់អ្នកពាក់ព័ន្ធលើការប្រើប្រាស់ឧបករណ៍ទាំងនោះដើម្បីទទួលបានអត្ថប្រយោជន៍ និងលើកកម្ពស់ជីវភាពរស់នៅ និងគុណភាពជីវិតដល់សហគមន៍មូលដ្ឋាន ជនជាតិដើមភាគតិច និងការគ្រប់គ្រងធនធានធម្មជាតិ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។
សិក្ខាសាលានេះមានការចូលរួមពីមនុស្សចំនួន ២២ នាក់ (ស្រី ៤ នាក់ និង ២ នាក់ទៀតជាជនជាតិភាគតិចព្នង) មកពីខេត្តចំនួន ៨ រួមមានខេត្តមណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង ព្រះសីហនុ កោះកុង បាត់ដំបង កំពង់ឆ្នាំង សៀមរាប និងរាជធានីភ្នំពេញ។ អ្នកចូលរួមភាគច្រើនជាអ្នកសម្របសម្រួលកម្មវិធី មន្ត្រីគម្រោង ប្រធានគម្រោង មន្ត្រីផ្នែកGIS អ្នកស្ម័គ្រចិត្ត និងជាអ្នកសម្របសម្រួលសហគមន៍ដែលមកពីអង្គការក្រៅរដ្ឋាភិបាល និងអង្គការសហគមន៍មូលដ្ឋាន ដែលកំពុងធ្វើការយ៉ាងសកម្មក្នុងវិស័យធនធានធម្មជាតិ ជីវភាពរស់នៅរបស់សហគមន៍នៅភាគខាងជើង ទំនាបកណ្តាល និងតំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជា។ ក្នុងនោះរួមមានអង្គការភូមិខ្ញុំ (MVi), ក្រុមការងារពង្រឹង និងអភិវឌ្ឍន៍សហគមន៍ (CEDT), អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV), អង្គការភាពជាដៃគូរសង្គមស៊ីវិលកម្ពុជា(CCSP), អង្គការដើម្បីជីវភាព និងព្រៃឈើ (FLO), វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា (CIRD), អង្គការមរតក, អង្គការស្រាវជ្រាវជាតិកម្ពុជា (CNRO), អង្គការបណ្តុះបណ្តាលសហគមន៍ដើម្បីការអភិវឌ្ឍន៍ (CTOD) និងអង្គការព្រហ្មវិហារធម៌ (PVT) ។
វគ្គដំបូងនៃសិក្ខាសាលាគឺស្តីអំពី “ទិន្នន័យបើកទូលាយ” ។ នៅក្នុងវគ្គនេះ អ្នកពាក់ព័ន្ធនឹងរៀនសូត្រពីទិន្នន័យបើកទូលាយ អាជ្ញាប័ណ្ណច្នៃប្រឌិតរួម អត្ថប្រយោជន៍ និងរបៀបចូលរួមក្នុងចលនាទិន្នន័យបើកទូលាយតាមរយៈការអនុវត្ត។ វគ្គនេះត្រូវបានចាប់ផ្តើមដោយការធ្វើលំហាត់រយៈពេលខ្លីមួយ ដោយស្នើសុំឱ្យអ្នកចូលរួមសរសេរនូវអ្វីដែលអ្នកទាំងអស់គ្នាគិតអំពី “តើអ្វីទៅជាទិន្នន័យបើកទូលាយ?”។ ភាគច្រើននៃអ្នកពាក់ព័ន្ធរបស់យើង ជាទូទៅបានយល់ឃើញថាពាក្យ “ទិន្នន័យបើកទូលាយ” គឺថ្មីណាស់សម្រាប់ពួកគាត់។ យោងតាមចម្លើយដែលបានប្រមូលអ្នកចូលរួមមួយចំនួនបាននិយាយថា “ទិន្នន័យបើកទូលាយ គឺជាទិន្នន័យដែលត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ និងគ្មានលក្ខខណ្ឌ” ឯអ្នកខ្លះទៀតបាននិយាយថា “ទិន្នន័យបើកទូលាយ គឺជាទិន្នន័យដែលអាចទាញយកបានពីស្ថាប័ន ឬគេហទំព័ររដ្ឋាភិបាលសម្រាប់សាធារណៈជនប្រើប្រាស់”។
អ្នកស្រី គឹម វណ្ណឌី នាយកប្រតិបត្តិនៃអង្គការដើម្បីជីវភាព និងព្រៃឈើ (FLO) បាននិយាយថា អ្នកស្រីធ្លាប់លឺច្រើនអំពី “ប្រភពបើកទូលាយ – Open Sources” ប៉ុន្តែនេះជាលើកទីមួយហើយដែលអ្នកស្រីបានលឺពាក្យ “ទិន្នន័យបើកទូលាយ-Open Data”។ សំណួរគួរឱ្យចាប់អារម្មណ៍ជាច្រើនត្រូវបានលើកឡើងនៅក្នុងវគ្គនេះ ជាពិសេសអំពីការប្រើប្រាស់សិទ្ធិអ្នកនិពន្ធ និងអាជ្ញាប័ណ្ណច្នៃប្រឌិតរួម។
វគ្គបន្ទាប់គឺស្តីអំពី “គេហទំព័រអង្គការទិន្នន័យអំពីការអភិវឌ្ឍ និងផែនទីអន្តរកម្ម”។ វគ្គនេះមានគោលបំណងផ្តល់ការណែនាំដល់អ្នកចូលរួមអំពីវិធីដែលពួកគាត់អាចចូលដំណើរការប្រើប្រាស់លើគេហទំព័រទិន្នន័យបើកទូលាយ ដូចជាគេហទំព័ររបស់អូឌីស៊ី ដើម្បីទាញយកទិន្នន័យស្តីពីធនធានធម្មជាតិ ជនជាតិដើមភាគតិច អភិបាលកិច្ច និងកិច្ចការស្រាវជ្រាវដែលពាក់ព័ន្ធ និងឯកសារច្បាប់នានាពីគេហទំព័រដោយសេរី។ មាតិកាជាច្រើនរបស់អូឌីស៊ីត្រូវបានបង្ហាញ រាប់ចាប់ពីទំព័រប្រធានបទ និងមាតិកាដែលទាក់ទង ផែនទីអន្តរកម្មនៅលើបណ្តាញ និងទំព័រទាញយកផែនទី ព័ត៌មានអំពីទិន្នន័យ និងទំព័រច្បាប់។
លោក អ៊ួង ទិវា នាយកប្រតិបត្តិនៃអង្គការមរតក បានមានប្រសាសន៍ថា “នៅក្នុងសង្គមស៊ីវិល យើងមានជំនាញទៅលើវិស័យផ្សេងៗពីគ្នា ហើយការណ៍ដែលមានអង្គការដែលធ្វើការងារផ្តល់ជាប្រភពទិន្នន័យ និងធនធានព័ត៌មានដូចជាអូឌីស៊ីបែបនេះ គឺពិតជាគួរអោយកោតសរសើរ។ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់យើង មនុស្សម្នាក់ៗសុទ្ធតែត្រូវការការទទួលបានព័ត៌មាន ហើយសម្រាប់អង្គការស៊ីវិលយើងក៏ត្រូវការមជ្ឈមណ្ឌលទិន្នន័យដែលអាចទុកចិត្តបាននិងសំបូរបែបដូចជាគេហទំព័រអូឌីស៊ី ដើម្បីចូលមើលនិងស្វែងយល់អំពីនិន្នាការអភិវឌ្ឍន៍ បច្ចុប្បន្នភាពនៃការបោះពុម្ពផ្សាយការស្រាវជ្រាវ និងឯកសារច្បាប់ ដើម្បីជួយដល់ការងារតស៊ូមតិរបស់យើង។”
ក្រៅពីការណែនាំអំពីរបៀបដើម្បីទទួលបានទិន្ន័យ និងប្រើប្រាស់ឧបករណ៍ផែនទីស្តីពីធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជាមក ក្រុមការងារអូឌីស៊ីក៏បានផ្តល់ការចែករំលែកចំណេះដឹងបន្ថែមលើការប្រើប្រាស់ “ព័ត៌មានជារូបភាពក្រាហ្វិច ឬ Info-graphic” ឬហេតុអ្វីអង្គការសង្គមស៊ីវិលទាំងអស់គួរតែបញ្ចូលការងារព័ត៌មានក្រាហ្វិចទៅក្នុងការផ្សព្វផ្សាយនិងសំភារៈផ្សព្វផ្សាយរបស់ខ្លួន។ នៅក្នុងវគ្គនេះ លោក ជា សឹង្ហតារាឫទ្ធិ មន្ត្រីស្រាវជ្រាវ និងទំនាក់ទំនងរបស់អូឌីស៊ី បានបង្ហាញជាគំនិត សមាសធាតុ និងលក្ខខណ្ឌតម្រូវនានាដែលត្រូវតែមានដើម្បីបង្កើតជាព័ត៌មានក្រាហ្វិចដែលគួរឱ្យទាក់ទាញ ផ្តល់ជាព័ត៌មាន និងមានប្រសិទ្ធភាពសម្រាប់សកម្មភាពផ្សព្វផ្សាយគម្រោង ឬសម្រាប់បង្កើនឥទ្ធិពលនៃគម្រោងទៅដល់ក្រុមគោលដៅ។
ឧបករណ៍ថ្មីមួយទៀតដែលអូឌីស៊ីបានណែនាំផងដែរនោះគឺ “ឧបករណ៍ប្រមូលទិន្នន័យ – Kobo Toolbox”។ Kobo Toolbox គឺជាឧបករណ៍ប្រភពបើកទូលាយ និងឥតគិតថ្លៃ ដែលសមស្របបំផុតសម្រាប់ការប្រមូលទិន្នន័យនៅតាមទីវាលដែលមានការប្រឈមពីលក្ខខណ្ឌបរិស្ថាន។ អ្នកចូលរួមទាំងអស់យល់ឃើញថា ឧបករណ៍មួយនេះគឺ ពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំង ហើយពួកគាត់ចង់ដឹងបន្ថែមទៀតអំពីការប្រើប្រាស់ឧបករណ៍នេះ។ អ្នកចូលរួមរបស់យើងក៏បានឱ្យដឹងដែរថា នៅក្នុងការងារប្រចាំថ្ងៃរបស់ពួកគាត់ ការប្រមូលទិន្នន័យឬការស្ទង់មតិតាមមូលដ្ឋានជាមួយសហគមន៍ ភាគច្រើនគឺធ្វើឡើងដោយប្រើក្រដាស ឬសំនួរដែលបានបោះពុម្ព។
មុនពេលសិក្ខាសាលាត្រូវបានបញ្ចប់ អ្នកចូលរួមទាំងអស់តម្រូវឱ្យចូលរួមផ្តល់ជាមតិយោបល់ត្រលប់ និងវាយតម្លៃការបណ្តុះបណ្តាលមួយថ្ងៃពេញនេះ។ តាមរយៈលទ្ធផលដែលប្រមូលបានពីការវាយតម្លៃនេះ ឃើញថាអ្នកពាក់ព័ន្ធទាំងអស់ពិតជារៀនសូត្របានច្រើនអំពីទិន្នន័យបើកទូលាយ អាជ្ញាប័ណ្ណច្នៃប្រឌិតរួម ការស្វែងរកទិន្នន័យ ហើយជាពិសេសនោះគឺ ការប្រើប្រាស់ផែនទីអន្តរកម្ម ដែលអាចជួយសម្រួលកិច្ចការស្រាវជ្រាវ និងការអនុវត្តគម្រោងនៅតំបន់គោលដៅរបស់ពួកគាត់បានច្រើន ជាឧទាហរណ៍ ការផ្ទៀងផ្ទាត់ភាពត្រួតគ្នារវាងព្រំប្រទល់ដីសម្បទានសេដ្ឋកិច្ច និងដីសហគមន៍ជនជាតិដើមភាគតិច ឬដីសហគមន៍ព្រៃឈើ ដែលកន្លងមកពួកគាត់ត្រូវធ្វើការស្នើសុំទៅកាន់ស្ថាប័នរដ្ឋដែលពាក់ព័ន្ធ ដើម្បីជួយធ្វើការត្រួតពិនិត្យ និងឆ្លើយតប ហើយការងារនេះកគឺត្រូវចំនាយពេលវេលាច្រើន។ បន្ថែមពីនេះ អ្នកចូលរួមទាំងអស់រំពឹងថា អូឌីស៊ីនឹងមានវគ្គបណ្តុះបណ្តាលបន្ថែមនាពេលឆាប់ៗខាងមុខ ដើម្បីពួកគាត់អាចរៀនសូត្រស៊ីជម្រៅទៅលើការបង្កើតផែនទី ការបង្កើតព័ត៌មានក្រាហ្វិក និងការប្រើប្រាស់ឧបករណ៍ប្រមូលទិន្នន័យ Kobo Toolbox។