សិក្ខាសាលា​អ្នក​ពាក់ព័ន្ធ​ស្តី​ពី​ការប្រើ​ប្រាស់​ទិន្នន័យ​បើកទូលាយ​ និង​ឧបករណ៍​ឌីជីថល​សម្រាប់​ការអនុវត្ត​គម្រោង​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​

នៅ​ថ្ងៃទី​ ០៤​ ខែវិច្ឆិកា​ឆ្នាំ​ ២០១៩​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (អូ​ឌី​ស៊ី​) បាន​រៀបចំ​សិក្ខាសាលា​អ្នក​ពាក់ព័ន្ធ​ដែល​មាន​រយៈពេល​មួយថ្ងៃ​ពេញ​ ស្តី​ពី​ “ការប្រើ​ប្រាស់​ទិន្នន័យ​បើកទូលាយ​ ផែនទី​ និង​ប្រើប្រាស់​ឧបករណ៍​ឌីជីថល​សម្រាប់​ការអនុវត្ត​គម្រោង​កាន់តែ​ប្រសើរ​” នៅ​សណ្ឋាគារ​សាន់​វ៉េ​រាជធានី​ភ្នំពេញ​។ សិក្ខាសាលា​នេះ​ទទួល​ថវិកា​ពីទី​ភ្នាក់ងារ​សហរដ្ឋអាមេរិក​សំរាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ (USAID​) តាមរយៈ​វិទ្យា​សា្ថន​គ្រប់គ្រង​បូព៌ា​-បស្ចឹម​ (EWMI​) ក្រោម​គម្រោ​ងពង្រឹង​សមត្ថភាព​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា​ (CCSS)​។ សិក្ខាសាលា​នេះ​មាន​គោលបំណង​ចែករំលែក​ចំណេះដឹង​ស្តី​ពី​ទិន្នន័យ​បើកទូលាយ​ និង​របៀប​ចូល​មើល​ និង​ទាញ​យក​ទិន្នន័យ​ និង​ព័ត៌មាន​ពី​គេហទំព័រ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ក៏ដូចជា​ការណែនាំ​ឧបករណ៍​ឌីជីថល​ដែល​អាច​ជួយ​ដល់​ការសិក្សា​ស្រាវជ្រាវ​ ការអនុវត្ត​គម្រោង​ និង​ការ​ផ្សព្វផ្សាយ​គម្រោង​ ហើយ​ជាចុងក្រោយ​ ធ្វើការ​វាយតម្លៃ​ពី​តំរូវការ​នៃ​ការ​កសាង​សមត្ថភាព​សំរាប់​អ្នក​ពាក់ព័ន្ធ​លើ​ការប្រើ​ប្រាស់​ឧបករណ៍​ទាំងនោះ​ដើម្បី​ទទួល​បាន​អត្ថ​ប្រយោជន៍​ និង​លើកកម្ពស់​ជីវភាពរស់នៅ​ និង​គុណភាព​ជីវិត​ដល់​សហគមន៍​មូលដ្ឋាន​​ ជនជាតិ​ដើម​ភាគតិច​ និង​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​ ដើម្បី​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

សិក្ខាសាលា​នេះ​មានការ​ចូលរួម​ពី​មនុស្ស​ចំនួន​ ២២​ នាក់​ (ស្រី​ ៤ នាក់​ និង​ ២ នាក់​ទៀត​ជា​ជនជាតិភាគតិច​ព្នង​) មក​ពី​ខេត្ត​ចំនួន​ ៨ រួមមាន​ខេត្តមណ្ឌលគិរី​ ក្រចេះ​ ស្ទឹងត្រែង​ ព្រះសីហនុ​ កោះកុង​ បាត់ដំបង​ កំពង់ឆ្នាំង​ សៀមរាប​ និង​រាជធានី​ភ្នំពេញ​។ អ្នកចូលរួម​ភាគច្រើន​ជា​អ្នក​សម្រប​សម្រួល​​កម្មវិធី​ មន្ត្រី​គម្រោង​ ប្រធាន​គម្រោង​ មន្ត្រី​ផ្នែក​GIS​ ​អ្នក​ស្ម័គ្រចិត្ត​ និង​ជា​អ្នកសម្របសម្រួល​សហគមន៍​ដែល​មក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​អង្គការ​សហគមន៍​មូលដ្ឋាន​ ដែល​កំពុងធ្វើការ​យ៉ាងសកម្ម​ក្នុង​វិស័យ​ធនធាន​ធម្មជាតិ​ ​ជីវភាព​រស់​នៅ​របស់​សហគមន៍​នៅ​ភាគ​ខាងជើង​ ទំនាប​កណ្តាល​ និង​តំបន់ឆ្នេរ​សមុទ្រ​នៃ​ប្រទេស​កម្ពុជា​។ ក្នុង​នោះ​រួមមាន​អង្គការ​ភូមិ​ខ្ញុំ​ (MVi​), ក្រុមការងារ​ពង្រឹង​ និង​អភិវឌ្ឍន៍​សហគមន៍​ (CEDT​), អង្គការ​អភិវឌ្ឍន៍​សំលេង​សហគមន៍​ (BCV​), អង្គការ​ភាពជា​ដៃ​គូរ​សង្គម​ស៊ីវិល​កម្ពុជា​(CCSP​), អង្គការ​ដើម្បី​ជីវភាព​ និង​ព្រៃឈើ​ (FLO​), វិទ្យាស្ថាន​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​ជនបទ​កម្ពុជា​ (CIRD​), អង្គការ​មរតក​, អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា​ (CNRO​), អង្គការ​បណ្តុះបណ្តាល​សហគមន៍​ដើម្បី​ការអភិវឌ្ឍន៍​ (CTOD​) និង​អង្គការ​ព្រហ្មវិហារ​ធម៌​ (PVT​) ។

វគ្គ​ដំបូង​នៃ​សិក្ខាសាលា​គឺ​ស្តីអំពី​ “ទិន្នន័យបើក​ទូលាយ​​” ។ នៅក្នុង​វគ្គ​នេះ​ អ្នក​ពាក់ព័ន្ធ​នឹង​រៀនសូត្រ​ពី​ទិន្នន័យ​បើកទូលាយ​ អាជ្ញាប័ណ្ណ​ច្នៃប្រឌិត​រួម​ អត្ថ​ប្រយោជន៍​ និង​របៀប​ចូលរួម​ក្នុង​ចលនា​ទិន្នន័យ​បើកទូលាយ​តាមរយៈ​ការអនុវត្ត​។ វគ្គ​នេះ​ត្រូវ​បាន​ចាប់ផ្តើម​ដោយ​ការ​ធ្វើលំ​ហា​ត់​រយៈ​ពេល​ខ្លី​មួយ​ ដោយ​ស្នើសុំ​ឱ្យ​អ្នកចូលរួម​សរសេរ​នូវ​អ្វី​ដែល​អ្នក​ទាំង​អស់​គ្នា​គិត​អំពី​ “តើ​អ្វីទៅ​ជា​ទិន្នន័យ​បើកទូលាយ​?”។ ភាគច្រើន​នៃ​អ្នក​ពាក់ព័ន្ធ​របស់​យើង​ ជាទូទៅ​បាន​​យល់​ឃើញ​ថា​ពាក្យ​ “ទិន្នន័យ​បើកទូលាយ​” គឺ​ថ្មី​ណាស់​សម្រាប់​ពួកគាត់​។ យោង​តាម​ចម្លើយ​ដែល​បាន​ប្រមូល​អ្នកចូលរួម​មួយចំនួន​បាន​និយាយ​ថា​ “ទិន្នន័យ​បើកទូលាយ​ គឺជា​ទិន្នន័យ​ដែល​ត្រូវ​បាន​ផ្តល់​ជូន​ដោយ​ឥតគិតថ្លៃ​ និង​គ្មាន​លក្ខខណ្ឌ​” ឯអ្នកខ្លះ​ទៀត​បាន​និយាយ​ថា​ “ទិន្នន័យ​បើកទូលាយ​ គឺជា​ទិន្នន័យ​ដែល​អាច​ទាញ​យក​បាន​ពី​ស្ថាប័ន​ ឬគេហទំព័រ​រដ្ឋាភិបាល​សម្រាប់​សាធារណៈ​ជន​ប្រើប្រាស់​"។

អ្នក​ស្រី​ គឹម​ វណ្ណ​ឌី​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ដើម្បី​ជីវភាព​ និង​ព្រៃឈើ​ (FLO​) បាន​និយាយ​ថា​ ​អ្នកស្រី​ធ្លាប់​លឺ​ច្រើន​អំពី​ “ប្រភព​បើកទូលាយ​ - Open​ Sources​” ប៉ុន្តែ​នេះ​ជា​លើកទីមួយ​ហើយដែល​អ្នក​ស្រី​បាន​លឺ​ពាក្យ​ “ទិន្នន័យ​បើកទូលាយ​-Open Data​”។ សំណួរ​គួរ​ឱ្យ​ចាប់អារម្មណ៍​ជាច្រើន​ត្រូវ​បាន​លើកឡើង​នៅក្នុង​វគ្គ​នេះ​ ជាពិសេស​អំពី​ការប្រើ​ប្រាស់​សិទ្ធិ​អ្នកនិពន្ធ​ និង​អាជ្ញាប័ណ្ណ​ច្នៃប្រឌិត​រួម​។

វគ្គ​បន្ទាប់​គឺ​ស្តីអំពី​ “គេហទំព័រ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ និង​ផែនទី​អន្តរកម្ម​”។ វគ្គ​នេះ​មាន​គោលបំណង​ផ្តល់​ការណែនាំ​ដល់​អ្នកចូលរួម​អំពី​វិធី​ដែល​ពួកគាត់​អាច​ចូល​ដំណើរការ​ប្រើប្រាស់​លើ​គេហទំព័រ​​ទិន្នន័យ​បើកទូលាយ​​ ដូចជា​គេហទំព័រ​របស់​អូ​ឌី​ស៊ី​ ដើម្បី​ទាញ​យក​ទិន្នន័យ​ស្តី​ពី​ធនធាន​ធម្មជាតិ​ ជនជាតិ​ដើម​ភាគតិច​ អភិបាលកិច្ច​ និង​កិច្ចការ​ស្រាវជ្រាវ​ដែល​ពាក់ព័ន្ធ​ និង​ឯកសារ​ច្បាប់​នានា​ពី​គេហទំព័រ​ដោយ​​សេរី​​។ មាតិកា​ជាច្រើន​របស់​អូ​ឌី​ស៊ី​ត្រូវ​បាន​បង្ហាញ​ រាប់​ចាប់ពី​ទំព័រ​ប្រធានបទ​ និង​មាតិកា​ដែល​ទាក់ទង​ ផែនទី​អន្តរកម្ម​នៅ​លើ​បណ្តាញ​ និង​ទំព័រ​ទាញ​យក​ផែនទី​ ព័ត៌មាន​អំពី​ទិន្នន័យ​ និង​ទំព័រ​ច្បាប់​។

លោក​ អ៊ួង​ ទិវា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​មរតក ​​បាន​មានប្រសាសន៍​ថា​ “នៅក្នុង​សង្គម​ស៊ីវិល​ យើង​មាន​ជំនាញ​ទៅលើ​វិ​ស័យ​ផ្សេង​ៗពីគ្នា​ ហើយ​ការណ៍​ដែល​មាន​អង្គការ​ដែល​ធ្វើការងារ​ផ្តល់​​ជាប្រភព​ទិន្នន័យ​ និង​ធនធាន​ព័ត៌មាន​ដូចជា​អូ​ឌី​ស៊ី​បែបនេះ​ គឺ​ពិតជា​គួរ​អោយ​កោតសរសើរ​។ ក្នុង​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​របស់​យើង​ មនុស្ស​ម្នា​ក់ៗ​​សុទ្ធតែ​ត្រូវការ​ការ​ទទួល​បាន​ព័ត៌មាន​ ហើយ​សម្រាប់​អង្គការ​ស៊ីវិល​យើង​ក៏​ត្រូវការ​មជ្ឈមណ្ឌល​ទិន្នន័យ​ដែល​អាច​ទុកចិត្ត​បាន​និង​សំបូរ​បែបដូចជា​គេហទំព័រ​អូ​ឌី​ស៊ី​ ដើម្បី​ចូល​មើល​និង​ស្វែងយល់​អំពី​និន្នាការ​អភិវឌ្ឍន៍​ បច្ចុប្បន្នភាព​នៃ​ការ​បោះពុម្ព​ផ្សាយ​ការស្រាវជ្រាវ​ និង​ឯកសារ​ច្បាប់​ ដើម្បី​ជួយ​ដល់​ការងារ​តស៊ូ​មតិ​របស់​យើង​។”

ក្រៅពី​ការណែនាំ​អំពី​របៀប​ដើម្បី​ទទួល​បាន​ទិ​ន្ន័​យ និង​ប្រើប្រាស់​ឧបករណ៍​ផែនទី​ស្តី​ពី​ធនធាន​ធម្មជាតិ​នៅក្នុង​ប្រទេស​កម្ពុជា​មក​ ក្រុមការងារ​អូ​ឌី​ស៊ី​ក៏បាន​ផ្តល់​ការចែក​រំលែក​ចំណេះដឹង​បន្ថែម​លើ​ការប្រើ​ប្រាស់​ “ព័ត៌មាន​ជា​រូបភាព​ក្រា​ហ្វិ​ច ឬ Info​-graphic​” ឬហេតុអ្វី​អង្គការ​សង្គម​ស៊ីវិល​ទាំងអស់​គួរតែ​បញ្ចូល​ការងារ​ព័ត៌មាន​ក្រា​ហ្វិ​ចទៅ​ក្នុង​ការ​ផ្សព្វផ្សាយ​និង​សំភារៈ​ផ្សព្វផ្សាយ​របស់​ខ្លួន​។ នៅក្នុង​វគ្គ​នេះ​ លោក​ ជា​ សឹង្ហ​តារា​ឫទ្ធិ​ មន្ត្រី​ស្រាវជ្រាវ​ និង​ទំនាក់ទំនង​​របស់​អូ​ឌី​ស៊ី​ បាន​បង្ហាញ​​​ជា​គំនិត​  សមាសធាតុ​ និង​លក្ខខណ្ឌ​តម្រូវ​នានា​ដែល​ត្រូវតែ​មាន​ដើម្បី​បង្កើត​ជា​ព័ត៌មាន​ក្រា​ហ្វិ​ចដែល​គួរ​ឱ្យ​ទាក់ទាញ​ ផ្តល់​ជា​ព័ត៌មាន​ និង​មានប្រសិទ្ធភាព​សម្រាប់​សកម្មភាព​ផ្សព្វផ្សាយ​គម្រោង​ ឬសម្រាប់​បង្កើន​ឥទ្ធិពល​នៃ​គម្រោង​ទៅដល់​ក្រុម​គោលដៅ​។

ឧបករណ៍​ថ្មី​មួយទៀត​ដែល​អូ​ឌី​ស៊ី​​បាន​ណែនាំ​ផង​ដែរ​នោះ​គឺ​ “ឧបករណ៍​ប្រមូល​ទិន្នន័យ​ - Kobo​ Toolbox​”។ Kobo​ Toolbox​ គឺជា​ឧបករណ៍​ប្រភព​បើកទូលាយ​ និង​ឥតគិតថ្លៃ​ ដែល​សមស្រប​បំផុត​សម្រាប់​ការ​ប្រមូល​ទិន្នន័យ​នៅ​តាម​ទីវាល​ដែល​មានការ​ប្រឈម​ពី​លក្ខខណ្ឌ​បរិស្ថាន​។ អ្នកចូលរួម​ទាំងអស់​យល់ឃើញ​ថា​ ឧបករណ៍​មួយ​នេះ​គឺ​​​ ពិតជា​គួរ​ឱ្យ​ចាប់អារម្មណ៍​ខ្លាំង​ ហើយ​ពួកគាត់​ចង់​ដឹង​បន្ថែម​ទៀត​អំពី​ការប្រើ​ប្រាស់​ឧបករណ៍​នេះ​។ ​​​អ្នកចូលរួម​របស់​យើង​​ក៏បាន​ឱ្យ​ដឹង​ដែរ​ថា​ នៅក្នុង​ការងារ​ប្រចាំថ្ងៃ​របស់​ពួកគាត់​ ការ​ប្រមូល​ទិន្នន័យ​ឬការស្ទង់មតិ​តាម​មូលដ្ឋាន​ជាមួយ​សហគមន៍​ ភាគច្រើនគឺ​ធ្វើឡើង​ដោយ​ប្រើ​ក្រដាស​ ឬសំនួរ​ដែល​បាន​បោះពុម្ព​។

មុន​ពេល​សិក្ខាសាលា​ត្រូវ​បាន​បញ្ចប់​ អ្នកចូលរួម​ទាំងអស់​តម្រូវ​ឱ្យ​ចូលរួម​ផ្តល់​ជាម​តិ​យោបល់​ត្រលប់​ និង​វាយតម្លៃ​ការ​បណ្តុះបណ្តាល​មួយថ្ងៃ​ពេញ​នេះ​។ តាមរយៈ​លទ្ធផល​ដែ​ល​ប្រមូល​បាន​ពី​ការវាយតម្លៃ​នេះ​ ឃើញថា​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ពិតជា​រៀនសូត្រ​បាន​ច្រើន​អំពី​ទិន្នន័យ​បើកទូលាយ​ ​អាជ្ញាប័ណ្ណ​ច្នៃប្រឌិត​រួម​ ​​ការស្វែងរក​ទិន្នន័យ​ ហើយ​​ជាពិសេសនោះ​​​គឺ​ ការប្រើ​ប្រាស់​ផែនទី​អន្តរកម្ម​ ដែល​អាច​ជួយ​សម្រួលកិច្ច​ការស្រាវជ្រាវ​ និងការ​​អនុវត្ត​គម្រោង​នៅ​​តំបន់​​គោលដៅ​របស់​ពួកគាត់បាន​​ច្រើន​ ជាឧទាហរណ៍​ ការ​ផ្ទៀងផ្ទាត់​ភាព​ត្រួត​គ្នា​រវាង​ព្រំប្រទល់​ដីសម្បទាន​សេដ្ឋកិច្ច​ និង​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ឬដី​សហគមន៍​ព្រៃឈើ​ ដែល​កន្លងមក​ពួកគាត់​ត្រូវ​ធ្វើ​ការ​​ស្នើ​សុំ​​ទៅកាន់​ស្ថាប័នរដ្ឋ​ដែល​ពាក់ព័ន្ធ​ ដើម្បី​ជួយ​ធ្វើការ​ត្រួតពិនិត្យ​ និង​ឆ្លើយតប​ ហើយ​ការងារ​នេះ​​កគឺត្រូវ​ចំ​នាយ​ពេលវេលា​ច្រើន​​​។ បន្ថែម​ពីនេះ​ អ្នកចូលរួម​ទាំងអស់​រំពឹង​ថា​ អូ​ឌី​ស៊ី​នឹង​មាន​វគ្គ​បណ្តុះបណ្តាល​បន្ថែម​នា​ពេល​ឆាប់​ៗខាងមុខ​ ដើម្បី​ពួកគាត់​អាច​រៀនសូត្រ​ស៊ីជម្រៅ​ទៅលើ​ការបង្កើត​ផែនទី​ ការបង្កើត​ព័ត៌មាន​ក្រាហ្វិក​ និង​ការប្រើ​ប្រាស់​ឧបករណ៍​ប្រមូល​ទិន្នន័យ​ Kobo​ Toolbox​។