កិច្ចប្រជុំជាដៃគូវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រជាមួយគណៈកម្មាធិការសម្រាប់ការវាយតម្លៃបរិស្ថាននៃប្រទេសហូឡង់
នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារអង្គការទិន្នន័យអំពីការអភិវឌ្ឍ បានធ្វើដំណើរទៅកាន់ទីក្រុង Utrecht ប្រទេសហូឡង់ ដើម្បីចូលរួមប្រជុំសំខាន់មួយជាមួយលោកបណ្ឌិត Arend Kolhoff លេខាធិការបច្ចេកទេសនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅគណៈកម្មាធិការសម្រាប់ការវាយតម្លៃបរិស្ថាននៃប្រទេសហូឡង់។ អូឌីស៊ីបាននឹងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មការ លើការផ្តល់ធាតុចូលដល់សេចក្តីព្រាងគោលការណ៍ណែនាំទូទៅសម្រាប់ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ និងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រសម្រាប់គម្រោងអាជីវកម្មខ្សាច់សំណង់នៅតាមដងទន្លេមេគង្គ និងទន្លេបាសាក់ក្នុងប្រទេសកម្ពុជា។
គោលបំណងចម្បងនៃកិច្ចប្រជុំនេះគឺដើម្បីធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានាដែលបានកើតមានឡើងទាក់ទងនឹងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនាពេលថ្មីៗនេះ។ កិច្ចពិភាក្សាក៏បានផ្តោតទៅលើការងារដែលកំពុងបន្តលើការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រក្នុងបរិបទប្រទេសកម្ពុជា។
ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នៃក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតក្រុមការងារគ្រូបង្គោលថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។ ក្រុមការងារនេះទទួលខុសត្រូវក្នុងការរៀបចំមេរៀនបណ្តុះបណ្តាល ផ្សព្វផ្សាយចំណេះដឹងអំពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ និងលើកកម្ពស់ការយល់ដឹងតាមរយៈកិច្ចប្រជុំ វគ្គបណ្តុះបណ្តាល និងសិក្ខាសាលាផ្សេងៗនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ បន្ថែមពីលើសកម្មភាពអប់រំ ពួកគេក៏កៀងគរធនធាន និងបង្កើតភាពជាដៃគូជាមួយអង្គការមិនមែនរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធផ្សេងទៀត ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញកម្មវិធីបណ្តុះបណ្តាលដ៏ទូលំទូលាយលើការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ។
សូមរង់ចាំព័ត៌មានថ្មីៗបន្ថែមទៀតអំពីដំណើរឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព!