ពង្រឹងសមត្ថភាព​សហគមន៍​លើ​ការ​គ្រប់គ្រង​ទិន្នន័យ​ និង​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​នៅ​ខេត្តកោះកុង​

នៅ​ថ្ងៃ​ទី​៨-៩​ ខែមេសា​ ឆ្នាំ​២០២៦​ ក្រុមការងារ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​ចូលរួម​ជា​វាគ្មិន​ក្នុង​ការ​បណ្តុះបណ្តាល​សមត្ថភាព​ដែល​ផ្តោត​លើ​ភាព​ជា​អ្នកដឹកនាំ​ ជំនាញ​សម្របសម្រួល​ ការ​គ្រប់គ្រង​ទិន្នន័យ​សហគមន៍​ និង​ការ​យល់​ដឹង​អំពី​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ សម្រាប់​បណ្តាញ​សហគមន៍​នេសាទ​ និង​តំបន់​ការពារ​សហគមន៍​នៅ​កោះកុង​។​

​វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ អង្គការ​មជ្ឈមណ្ឌល​ម្លប់​ព្រហ្ម​វិហារធម៌​ (MPC)​ ដែលរៀបចំឡើង​រួម​គ្នា​ជាមួយ​បណ្តាញ​សហគមន៍​នេសាទ​ សហគមន៍​តំបន់​ការពារ​ តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​ដង​ពែង​ និង​បណ្តាញ​សហគមន៍​ឧទ្យាន​ជាតិ​បទុម​សាគរ​ ​ខេត្តកោះកុង។​ វគ្គ​បណ្តុះបណ្តាល​នេះ​បាន​ធ្វើ​ឡើង​ដោយ​មាន​អ្នកចូលរួម​ចំនួន​ ៣៤​នាក់​ មក​ពី​សហគមន៍​នេសាទ​ និង​សហគមន៍​តំបន់​ការពារ​ចំនួន​ ១៣​។​

​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​គោលបំណង​ពង្រឹងសមត្ថភាព​របស់​តំណាង​សហគមន៍​ឱ្យ​ក្លាយជា​អ្នកដឹកនាំ​ និង​អ្នកសម្របសម្រួល​ក្នុងស្រុក​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​។​ កម្មវិធី​នេះ​ក៏​ផ្តោត​លើ​ការ​ពង្រឹងសមត្ថភាព​របស់​អ្នកចូលរួម​ក្នុង​ការ​ចូល​មើល​ គ្រប់គ្រង​ និង​ប្រើប្រាស់​ទិន្នន័យ​សហគមន៍​ ដើម្បី​គាំទ្រ​ការ​ស្វែងរក​ការ​គាំទ្រ​មតិ​ផ្អែក​លើ​ភស្តុ​តាង​ និង​ការ​ចូលរួម​ក្នុង​ដំណើរការ​គ្រប់គ្រង​បរិស្ថាន​។​

ក្នុងអំឡុងពេល​នៃ​វគ្គ​បណ្តុះបណ្តាល​ ក្រុមការងារ​អូ​ឌី​ស៊ី​ បាន​បង្ហាញ​ពី​របៀប​ស្វែងរក​ទិន្នន័យ​សហគមន៍​នេសាទ​ និង​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ នៅ​លើ​គេហទំព័រ​របស់​អូ​ឌី​ស៊ី​។​ បន្ថែម​ពី​នេះ​ ក្រុមការងារ​ក៏​បាន​ចែករំលែក​ចំណេះដឹង​ និង​បទ​ពិសោធន៍​ជាក់ស្តែង​លើ​ប្រធានបទ​សំខាន់ៗ​មួយ​ចំនួន​ រួម​មាន​៖

  • ការ​គ្រប់គ្រង​ទិន្នន័យ​សហគមន៍​ និង​ការ​ទទួល​បាន​ព័ត៌មាន​
  • ការ​ចូលរួម​ជា​សាធារណៈ​នៅ​ក្នុង​ដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ (EIA)
  • ​ការ​យល់​ដឹង​អំពី​ផែនការ​គ្រប់គ្រង​បរិស្ថាន​ និង​តួនាទី​របស់​សហគមន៍​ក្នុង​ការ​តាមដាន​ផល​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​
  • ​សារៈសំខាន់​នៃ​ការ​ធ្វើការ​សម្រេចចិត្ត​ផ្អែក​លើ​ទិន្នន័យ​ ក្នុង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព​

​តាម​រយៈ​ការ​ពិភាក្សា​ លំ​ហាត់​តាម​ក្រុម​ និង​សកម្មភាព​ចែករំលែក​ចំណេះដឹង​ អ្នកចូលរួម​ទទួល​បានការ​យល់​ដឹង​កាន់តែ​ច្រើន​អំពី​របៀប​ដែល​ទិន្នន័យ​ ការ​ចូលរួម​របស់​សហគមន៍​ និង​ការ​គ្រប់គ្រង​បរិស្ថាន​មាន​ទំនាក់ទំនង​គ្នា​ទៅ​វិញ​ទៅ​មក​។​ វគ្គ​បណ្តុះបណ្តាល​ក៏​បាន​លើកទឹកចិត្ត​អ្នកចូលរួម​ឱ្យ​ពង្រឹង​កិច្ចសហការ​នៅ​ក្នុង​បណ្តាញ​របស់​ពួក​គេ​ និង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ការពារ​ធនធានធម្មជាតិ​ក្នុងស្រុក​ និង​ជីវភាព​រស់នៅ​របស់​សហគមន៍​។​

​សកម្មភាព​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្តជា​បន្តបន្ទាប់​របស់​អូ​ឌី​ស៊ី​ ក្នុង​ការ​ពង្រឹងសមត្ថភាពរបស់​សហគមន៍​មូលដ្ឋាន​តាម​រយៈ​ទិន្នន័យ​បើក​ទូលាយ​ ការ​យល់​ដឹង​អំពី​បរិស្ថាន​ និង​ការ​ចូលរួម​ប្រកបដោយ​បរិ​យា​ប័ន្ន​ក្នុង​ដំណើរការ​ធ្វើការ​សម្រេចចិត្ត​ទាក់ទង​នឹង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​