ពង្រឹងការការពារព្រៃសហគមន៍តាមរយៈទិន្នន័យបើកទូលាយ

នៅ​ថ្ងៃ​ទី​ ៤-៦​ ខែសីហា​ ឆ្នាំ​២០២៦​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ចំនួន​បី​ នៅ​ខេត្តក្រចេះ​ រតនគិរី​ និង​មណ្ឌលគិរី​ ស្តី​ពី​ការ​ប្រើប្រាស់​ ព័ត៌មានទិន្នន័យស្តីពីការ​ជូនដំណឹង​អំពី​ការ​រំខាន​ព្រៃឈើ​ ដើម្បី​គាំទ្រ​ដល់​ការ​តាមដាន​ និង​ការ​ការពារ​ព្រៃឈើ​ដោយ​សហគមន៍​។​ គំនិត​ផ្តួចផ្តើម​នេះ​ទទួល​បានការ​គាំទ្រ​ពី​ Global​ Forest​ Watch​ (GFW)​ និង​ Norwegian​ People’s​ Aid​ (NPA)​។​

​វគ្គ​បណ្តុះបណ្តាល​ក្រោម​ប្រធានបទ​ «​ការ​ប្រើប្រាស់​ទិន្នន័យ​ជូនដំណឹង​អំពី​ការ​រំខាន​ព្រៃឈើ​សម្រាប់​ការ​តាមដាន​ និង​ការ​ការពារ​ព្រៃឈើ​»​ មាន​អ្នកចូលរួម​សរុប​ ៨៥​នាក់​ រួម​មាន​សមាជិក​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ សហគមន៍​ព្រៃឈើ​ សហគមន៍​មូលដ្ឋាន​ និង​អង្គការ​សហគមន៍​មូលដ្ឋាន​ មក​ពី​ខេត្តក្រចេះ​ ព្រះ​វិហារ​ ស្ទឹង​ត្រែង​ រតនគិរី​ និង​មណ្ឌលគិរី​។​ វគ្គ​បណ្តុះបណ្តាល​នេះ​មាន​គោលបំណង​ពង្រឹងសមត្ថភាព​សហគមន៍​ក្នុង​ការ​ប្រើប្រាស់​ទិន្នន័យ​ជូនដំណឹង​អំពី​ការ​រំខាន​ព្រៃឈើ​ និង​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ ដើម្បី​តាមដាន​ ផ្ទៀងផ្ទាត់​ និង​ឆ្លើយ​តប​ចំពោះ​ការ​រំខាន​ដែល​អាច​កើត​មាននៅ​ក្នុង​តំបន់​ព្រៃរបស់​ពួក​គេ​។​

​បំ​លែង​ទិន្នន័យ​ពី​ផ្កាយ​រណប​ទៅ​ជា​ព័ត៌មាន​ដែល​សហគមន៍​អាច​ប្រើប្រាស់​បាន​

​ក្រុមការងារ​បាន​ណែនាំ​អ្នកចូលរួម​អំពី​ទិន្នន័យ​ជូនដំណឹង​អំពី​ការ​រំខាន​ព្រៃឈើ​ ដែល​ធ្វើ​ឡើង​តាម​រយៈ​បច្ចេកវិទ្យា​ផ្កាយ​រណប​ និង​ទិន្នន័យ​ពី​ប្រភព​ដូច​ជា​ Global​ Forest​ Watch,​ JJ-FAST​ និង​ SERVIR​ Southeast​ Asia​។​ ប្រភព​ទិន្នន័យ​ទាំងនេះ​អាច​ផ្តល់​សញ្ញា​ដំបូង​អំពី​ការ​ផ្លាស់​ប្តូរ​ ឬ​ការ​រំខាន​ដែល​អាច​កើត​មាននៅ​ក្នុង​តំបន់​ព្រៃ​។​ សម្រាប់​សហគមន៍​ដែល​មាន​ភារកិច្ច​ការពារ​ព្រៃឈើ​ ការ​ដឹង​ថា​តើ​តំបន់​ណា​ដែល​គួរ​យកចិត្តទុកដាក់​ជា​មុន​ អាច​ជួយ​ឱ្យ​ការ​ចុះ​ល្បាត​ និង​ការ​តាមដាន​មាន​ប្រសិទ្ធភាព​ជាង​មុន​។​ ព័ត៌មាន​ទិន្នន័យ​នេះ​អាច​ជួយ​សហគមន៍​កំណត់​ទីតាំង​ដែល​អាច​មានការ​រំខាន​ បង្ហាញ​ទីតាំង​ទាំងនោះ​នៅ​លើ​ផែនទី​ និង​ប្រើប្រាស់​ព័ត៌មាន​នេះ​ ដើម្បី​រៀបចំ​ការ​ចុះ​ពិនិត្យ​ និង​ផ្ទៀងផ្ទាត់​នៅ​ទីវាល​។​

​ទោះជា​យ៉ាងណា​ វគ្គ​បណ្តុះបណ្តាល​បាន​ផ្តោត​លើ​ចំណុច​សំខាន់​មួយ​ថា​៖​ ការ​ជូនដំណឹង​មិនមែន​មាន​ន័យ​ថា​ មានការ​បាត់បង់​ព្រៃឈើ​ ឬ​សកម្មភាព​ខុសច្បាប់​កើតឡើង​នោះ​ទេ​។​ ការ​ជូនដំណឹង​គ្រាន់តែ​ជា​ព័ត៌មាន​បឋម​ ដែល​ត្រូវការ​ពិនិត្យ​ និង​ផ្ទៀងផ្ទាត់​បន្ថែម​តាម​រយៈ​ការ​សង្កេត​នៅ​ទីវាល​ និង​ចំណេះដឹង​មូលដ្ឋាន​របស់​សហគមន៍​។​

​រៀន​តាម​រយៈ​ការ​អនុវត្ត​ជាក់ស្តែង​

​ផ្នែក​ដែល​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​អ្នកចូលរួម​គឺ​ការ​អនុវត្ត​ជាក់ស្តែង​។​ ជំនួស​ឱ្យ​ការ​ស្តាប់​តែ​បទ​បង្ហាញ​ អ្នកចូលរួម​បាន​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ផ្ទាល់ខ្លួន​ ដើម្បី​ស្វែង​យល់​ពី​ព័ត៌មាន​ទិន្នន័យ​ និង​អនុវត្ត​ការ​ប្រើប្រាស់​ឧបករណ៍​ឌី​ជី​ថ​ល​។​ ពួក​គេ​បាន​រៀន​ស្វែងរក​ទីតាំង​តាម​រយៈ​ Google​ Maps​ ទទួល​ការ​ជូនដំណឹង​តាម​តេ​លេ​ក្រាម​ និង​ប្រើប្រាស់​ឯកសារ​ KML​ ដើម្បី​បង្ហាញ​ទីតាំង​នៅ​លើ​ Google​ Earth​។​ ពួក​គេ​ក៏​បាន​អនុវត្ត​ការ​កំណត់​តំបន់​ដែល​អាច​មានការ​រំខាន​ និង​ស្វែង​យល់​ពី​របៀប​ដែល​ព័ត៌មាន​ទាំងនេះ​អាច​ជួយ​ដល់​ការ​ផ្ទៀងផ្ទាត់​នៅ​ទីវាល​ និង​ការ​រៀបចំ​ផែនការ​ចុះ​ល្បាត​។​

​អ្នកចូលរួម​ជា​ច្រើន​យល់​ថា​ វគ្គ​បណ្តុះបណ្តាល​បាន​ជួយ​ភ្ជាប់​បច្ចេកវិទ្យា​ផ្កាយ​រណប​ទៅ​នឹង​ការងារ​ជាក់ស្តែង​ដែល​ពួក​គេ​កំពុង​អនុវត្ត​ដើម្បី​ការពារ​ព្រៃ​សហគមន៍​។​ ការ​ជូនដំណឹង​ពី​ផ្កាយ​រណប​ដែល​អាច​មើលទៅ​ជា​ព័ត៌មាន​បច្ចេកទេស​ បាន​ក្លាយជា​ទីតាំង​ជាក់លាក់​មួយ​ដែល​សហគមន៍​អាច​កំណត់​ ស្វែង​យល់​ ពិភាក្សា​ និង​អាច​ចុះ​ពិនិត្យ​ជាក់ស្តែង​នៅ​ទីវាល​។​

​ពី​ការ​បណ្តុះបណ្តាល​ទៅ​ជា​ការ​ជូនដំណឹង​សម្រាប់​តំបន់​សហគមន៍​នីមួយៗ​

​ការងារ​នេះ​មិន​បាន​បញ្ចប់​ត្រឹមតែ​វគ្គ​បណ្តុះបណ្តាល​ប៉ុណ្ណោះ​ទេ​។​ បន្ទាប់​ពី​វគ្គ​បណ្តុះបណ្តាល​ ក្រុមការងារ​អូ​ឌី​ស៊ី​បាន​សហការ​ជាមួយ​សហគមន៍​ និង​ដៃគូ​ពាក់ព័ន្ធ​ដើម្បី​បង្កើត​តំបន់​គោលដៅ​ (Areas​ of​ Interest​ –​ AOIs)​ ដែល​ស្រប​ទៅ​នឹង​ព្រៃ​សហគមន៍​ និង​តំបន់​ទទួលខុសត្រូវ​របស់​សហគមន៍​នីមួយៗ​។​
​តំបន់​គោលដៅ​ទាំងនេះ​អនុញ្ញាត​ឱ្យ​ប្រព័ន្ធ​ផ្តល់​ព័ត៌មាន​ដែល​មាន​ភាព​ច្បាស់លាស់​ និង​ផ្តោត​លើ​តំបន់​ជាក់លាក់​ជាង​មុន​។​ នៅ​ពេល​ប្រព័ន្ធ​រក​ឃើញ​ការ​រំខាន​ព្រៃឈើ​ដែល​អាច​កើត​មាននៅ​ក្នុង​តំបន់​របស់​សហគមន៍​ ការ​ជូនដំណឹង​នឹង​ត្រូវ​បាន​ផ្ញើ​ដោយ​ផ្ទាល់​ទៅ​កាន់​ឆា​នែ​ល​តេ​លេ​ក្រាម​របស់​សហគមន៍​។​
​នេះ​មាន​ន័យ​ថា​ សហគមន៍​មិន​ចាំបាច់​ស្វែងរក​ព័ត៌មាន​ដោយ​ខ្លួនឯង​ជា​ប្រចាំ​ពី​តំបន់​ធំៗ​នោះ​ទេ​។​ ពួក​គេ​អាច​ទទួល​បានការ​ជូនដំណឹង​ដែល​ពាក់ព័ន្ធ​ជា​ពិសេស​នឹង​តំបន់​ដែល​ខ្លួន​ទទួលខុសត្រូវ​តាមដាន​។​ បន្ទាប់​មក​ សហគមន៍​អាច​ពិនិត្យ​ទីតាំង​ និង​រៀបចំ​ការ​ចុះ​ផ្ទៀងផ្ទាត់​ ឬ​ចុះ​ល្បាត​នៅ​ទីវាល​តាម​ភាព​សម​ស្រប​។​

​ភ្ជាប់​បច្ចេកវិទ្យា​ជាមួយ​ចំណេះដឹង​មូលដ្ឋាន​

​ការ​ចូលរួម​យ៉ាង​សកម្ម​ និង​ការ​ពិភាក្សា​ក្នុង​អំឡុង​វគ្គ​បណ្តុះបណ្តាល​បាន​បង្ហាញ​ថា​ បច្ចេកវិទ្យា​មាន​ប្រយោជន៍​បំផុត​នៅ​ពេល​វា​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជាក់ស្តែង​របស់​សហគមន៍​។​ វគ្គ​បណ្តុះបណ្តាល​បាន​បង្ហាញ​ថា​ ការ​តាមដាន​ព្រៃឈើ​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​មិន​ចាំបាច់​ជា​ការងារ​សម្រាប់​តែ​អ្នកជំនាញ​បច្ចេកទេស​នោះ​ទេ​។​ ជាមួយនឹង​ការ​ណែនាំ​ជាក់ស្តែង​ សមាជិក​សហគមន៍​អាច​ប្រើប្រាស់​ឧបករណ៍​ឌី​ជី​ថ​ល​ដែល​ងាយស្រួល​ប្រើ​តាម​រយៈ​ទូរស័ព្ទ​ដៃ​ដើម្បី​ទទួល​បាន​ និង​យល់​អំពី​ព័ត៌មាន​ទាក់ទង​នឹង​ព្រៃឈើ​របស់​ពួក​គេ​។​ ការ​រួម​បញ្ចូល​គ្នា​រវាង​ព័ត៌មាន​ពី​ផ្កាយ​រណប​ ឧបករណ៍​ឌី​ជី​ថ​ល​ ចំណេះដឹង​មូលដ្ឋាន​ និង​ការ​ផ្ទៀងផ្ទាត់​នៅ​ទីវាល​អាច​ផ្តល់​ឱកាស​ឱ្យ​សហគមន៍​ធ្វើការ​តាមដាន​ព្រៃឈើ​បាន​កាន់តែ​ចំ​គោលដៅ​ និង​ផ្អែក​លើ​ព័ត៌មាន​ច្បាស់លាស់​។​

​ពី​ព័ត៌មាន​ទៅ​ជា​សកម្មភាព​

​វគ្គ​បណ្តុះបណ្តាល​ទាំង​បី​នេះ​មិនមែន​គ្រាន់តែ​ជា​ការ​ណែនាំ​អំពី​បច្ចេកវិទ្យា​ថ្មី​មួយ​ប៉ុណ្ណោះ​ទេ​។​ វា​បាន​ផ្តល់​ជំនាញ​ជាក់ស្តែង​ដល់​សហគមន៍​ និង​បង្កើត​យន្តការ​បន្ត​សម្រាប់​ទទួល​បាន​ព័ត៌មាន​ទាន់​ពេលវេលា​អំពី​ការ​រំខាន​ព្រៃឈើ​ដែល​អាច​កើត​មាន​។​ នៅ​ចុងបញ្ចប់​នៃ​វគ្គ​បណ្តុះបណ្តាល​ អ្នកចូលរួម​បាន​រៀន​ប្រើប្រាស់​ផែនទី​ឌី​ជី​ថ​ល​ ទទួល​ការ​ជូនដំណឹង​តាម​តេ​លេ​ក្រាម​ប្រើប្រាស់​ឯកសារ​ KML​ និង​បកស្រាយ​ទិន្នន័យ​ជូនដំណឹង​អំពី​ការ​រំខាន​ព្រៃឈើ​។​ សហគមន៍​ដែល​បាន​ចូលរួម​ក៏​ទទួល​បានការ​គាំទ្រ​ក្នុង​ការ​បង្កើត​តំបន់​គោលដៅ​របស់​ខ្លួន​ ដើម្បី​ទទួល​បានការ​ជូនដំណឹង​ដែល​ផ្តោត​លើ​តំបន់​របស់​ពួក​គេ​ នៅ​ពេល​រក​ឃើញ​ការ​រំខាន​ដែល​អាច​កើត​មាន​។​

​បច្ចេកវិទ្យា​ផ្កាយ​រណប​អាច​បង្ហាញ​ថា​ តើ​ការ​ផ្លាស់​ប្តូរ​ដែល​អាច​កើត​មាន​កំពុង​ស្ថិត​នៅ​ទីណា​ ខណៈ​សហគមន៍​ផ្តល់​នូវ​ ចំណេះដឹង​មូលដ្ឋាន​ និង​វត្ត​មាននៅ​ទីវាល​ដែល​ចាំបាច់​សម្រាប់​ស្វែង​យល់​ និង​ផ្ទៀងផ្ទាត់​អ្វី​ដែល​កំពុង​កើតឡើង​ជាក់ស្តែង​។​ នៅ​ពេល​ទិន្នន័យ​បើក​ទូលាយ​ និង​ព័ត៌មាន​ទាន់​ពេលវេលា​អាច​ទៅ​ដល់​ដៃ​អ្នក​ដែល​កំពុង​ការពារ​ព្រៃឈើ​ ព័ត៌មាន​អាច​ត្រូវ​បាន​បំ​លែង​ទៅ​ជា​សកម្មភាព​។​

​តាម​រយៈ​វិធីសាស្ត្រ​នេះ​ អូ​ឌី​ស៊ី​មាន​គោលបំណង​ពង្រឹងសមត្ថភាព​សហគមន៍​ក្នុង​ការ​តាមដាន​ព្រៃឈើ​ និង​រួមចំណែក​ដល់​ការ​ការពារ​ព្រៃឈើ​នៅ​កម្ពុជា​ដែល​មាន​ភាព​ទាន់​ពេលវេលា​ ផ្អែក​លើ​ព័ត៌មាន​ និង​ដឹកនាំ​ដោយ​សហគមន៍​។​