ការ​ពង្រឹង​ជំនាញ​និទានរឿង​បែប​ឌី​ជី​ថ​ល​សម្រាប់​សហគមន៍​តំបន់ឆ្នេរ​សមុទ្រ​នៅ​ខេត្តកោះកុង​ និង​ខេត្ត​ព្រះ​សីហ​នុ​

នៅ​ថ្ងៃ​ទី​២​ ខែមិថុនា​ ឆ្នាំ​២០២៦​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ សហការ​ជាមួយ​អង្គការ​ម្លប់​ព្រហ្ម​វិហារធម៌​ (MPC)​ និង​អង្គការ​ស្រឡាញ់​ធនធានធម្មជាតិ​កម្ពុជា​ (CNRO)​ បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ «​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ថតរូប​ និង​វី​ដេ​អូ​ដោយ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​»​ សម្រាប់​អ្នកចូលរួម​ចំនួន​ ៤២​ នាក់​ ក្នុង​នោះ​មាន​ស្ត្រី​ ១៣​ នាក់​ មក​ពី​សហគមន៍​នេសាទ​ សហគមន៍​តំបន់​ការពារ​ និង​អង្គការ​ដៃគូ​នានា​នៅ​ខេត្តកោះកុង​ និង​ខេត្ត​ព្រះ​សីហ​នុ​។​ វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវ​បាន​អនុវត្ត​ក្រោម​គម្រោង​ «​​ពង្រឹង​សកម្មភាព​សង្គម​ស៊ី​វិល​ដើម្បី​ចូលរួម​ក្នុង​អភិបាលកិច្ច​សេដ្ឋកិច្ច​ (SCAEG) ២០២៣–២០២៦»​ ដែល​ក្រោម​កិច្ចសហការ​គាំទ្រ​មូលនិធិ​ដោយ​សហភាព​អឺរ៉ុប​។​ គោលបំណង​នៃ​ការ​បណ្តុះបណ្តាល​គឺ​ដើម្បី​ពង្រឹង​ជំនាញ​របស់​អ្នកចូលរួម​ក្នុង​ការ​ផលិត​មាតិកា​ឌី​ជី​ថ​ល​ដោយ​ប្រើ​ស្មា​ត​ហ្វូ​ន​ និង​បង្កើន​សមត្ថភាព​របស់​ពួក​គេ​ក្នុង​ការ​ចែករំលែក​រឿងរ៉ាវ​សហគមន៍​ សកម្មភាព​ និង​បញ្ហា​អភិវឌ្ឍន៍​មូលដ្ឋាន​តាម​រយៈ​បណ្តាញ​សង្គម​។​

​វគ្គ​បណ្តុះបណ្តាល​បាន​ចាប់ផ្តើម​ដោយ​សុន្ទរកថា​ស្វាគមន៍​ពី​ក្រុមការងារ​អូ​ឌី​ស៊ី​ បន្ទាប់​មក​មានការ​ណែនាំ​អំពី​គោលបំណង​នៃ​សិក្ខាសាលា​ និង​សារៈសំខាន់​នៃ​ការ​និទានរឿង​បែប​ឌី​ជី​ថ​ល​ (Digital​ Storytelling)​ សម្រាប់​ការ​ចូលរួម​ និង​ការ​តស៊ូ​មតិ​របស់​សហគមន៍​។​ ដើម្បី​លើកទឹកចិត្ត​ឱ្យ​មានការ​ចូលរួម​ ក្រុមការងារ​អូ​ឌី​ស៊ី​ បាន​រៀបចំ​ល្បែង​ «​ពិត​ ឬ​ មិន​ពិត​»​ ដោយ​ប្រើ​សំណួរ​ពាក់ព័ន្ធ​នឹង​បច្ចេកទេស​ថតរូប​ និង​វី​ដេ​អូ​។​ សកម្មភាព​នេះ​បាន​ជួយ​ឱ្យ​អ្នកចូលរួម​ចែករំលែក​ចំណេះដឹង​ដែល​ពួក​គេ​មាន​ស្រាប់​ កែតម្រូវ​ការ​យល់​ច្រឡំ​ និង​ចូលរួម​ក្នុង​បរិយាកាស​សិក្សា​បែប​អន្តរ​កម្ម​។​

អ្នកចូលរួម​ត្រូវ​បាន​ណែនាំ​អំពី​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ថត​វី​ដេ​អូ​ដោយ​ប្រើ​ស្មា​ត​ហ្វូ​ន​ រួម​មានការ​រៀបចំ​ស៊ុម​រូបភាព​​ ការ​កំណត់​មុំ​ថត​ ពន្លឺ​ ចលនា​ គុណភាព​សំឡេង​ និង​បច្ចេកទេស​នៃ​ការ​និទានរឿង​។​ ​មុន​ពេល​សម្រាក​ទទួលទាន​អាហារ​ថ្ងៃត្រង់​ អ្នកចូលរួម​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​អនុវត្ត​ចំណេះដឹង​ដែល​ទើប​រៀន​ ដោយ​ថត​វី​ដេ​អូ​ខ្លីៗ​លើ​ប្រធានបទ​ណាមួយ​តាម​ជម្រើស​របស់​ពួក​គេ​។​ លំ​ហាត់​នេះ​បាន​ផ្តល់​ឱកាស​ឱ្យ​អ្នកចូលរួម​អនុវត្ត​ការ​និទានរឿង​តាម​រយៈ​វី​ដេ​អូ​ ខណៈ​ពេល​ស្វែង​យល់​ពី​បរិស្ថាន​ជុំវិញ​ និង​ជីវភាព​សហគមន៍​ពី​ទស្សនៈ​ផ្សេងៗ​។​

នៅ​វគ្គ​រសៀល​ អ្នកចូលរួម​ត្រូវ​បាន​ណែនាំ​អំពី​កម្មវិធី​កាត់ត​វី​ដេ​អូ​ CapCut​។​ គ្រូ​បណ្តុះបណ្តាល​បាន​បង្ហាញ​ពី​របៀប​នាំ​ចូល​វី​ដេ​អូ​ កាត់ត​ឈុត​វី​ដេ​អូ​ រៀបចំ​លំដាប់​ឈុត​ និង​បន្ថែម​អក្សរ​ តន្ត្រី​ និង​បែបផែន​ផ្លាស់​ប្តូរ​រវាង​ឈុត​។​ បន្ទាប់​មក​ អ្នកចូលរួម​បាន​កាត់ត​វី​ដេ​អូ​ដែល​ពួក​គេ​បាន​ថត​នៅ​ពេល​ព្រឹក​ ដោយ​បំ​ប្លែង​​វី​ដេ​អូ​ដើម​ទៅ​ជា​រឿងរ៉ាវ​វី​ដេ​អូ​ខ្លីៗ​ដែល​មាន​រចនាសម្ព័ន្ធ​ច្បាស់លាស់​។​ លំ​ហាត់​នេះ​បាន​អនុញ្ញាត​ឱ្យ​ពួក​គេ​ទទួល​បាន​បទ​ពិសោធន៍​ពេញលេញ​នៃ​ដំណើរការ​ផលិត​មាតិកា​ឌី​ជី​ថ​ល​ ចាប់ពី​ការ​ថត​រហូត​ដល់​ការ​កាត់ត​ ដោយ​ប្រើ​តែ​ស្មា​ត​ហ្វូ​ន​ប៉ុណ្ណោះ​។​

ដើម្បី​លើកទឹកចិត្ត​ឱ្យ​មានការ​អនុវត្ត​ជំនាញ​បន្ថែម​អូ​ឌី​ស៊ី​ បាន​ណែនាំ​អំពី​កម្មវិធី​ប្រកួត​វី​ដេ​អូ​សហគមន៍​នា​ពេល​ខាង​មុខ​។​ កម្មវិធី​នេះ​នឹង​ផ្តល់​ឱកាស​ដល់​អ្នកចូលរួម​ក្នុង​ការ​បង្ហាញ​ភាព​ច្នៃប្រឌិត​របស់​ពួក​គេ​តាម​រយៈ​ការ​ផលិត​វី​ដេ​អូ​ខ្លីៗ​ស្តី​ពី​ជីវភាព​សហគមន៍​ ការ​អភិរក្ស​បរិស្ថាន​ និង​បញ្ហា​អភិវឌ្ឍន៍​មូលដ្ឋាន​។​ ​ស្នាដៃ​ដែល​មានគុណ​ភាពល្អ​នឹង​ត្រូវ​បាន​ទទួលស្គាល់​ និង​អាច​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​ទំនាក់ទំនង​របស់​អូ​ឌី​ស៊ី​ ដើម្បី​ជួយ​បង្កើន​ការ​បង្ហាញ​សំឡេង​ និង​ទស្សនៈ​របស់​សហគមន៍​។​

បន្ទាប់​ពី​សិក្ខាសាលា​ អ្នកចូលរួម​បាន​បន្ត​ចូលរួម​យ៉ាង​សកម្ម​តាម​រយៈ​ក្រុម​តេលេ​ក្រាម​ ដែល​បង្កើត​ឡើង​ដោយ​អូ​ឌី​ស៊ី​។​ វេទិកា​នេះ​អនុញ្ញាត​ឱ្យ​អ្នកចូលរួម​ចែករំលែក​វី​ដេ​អូ​ដែល​ពួក​គេ​បាន​កាត់ត​ ផ្លាស់​ប្តូរ​យោបល់​ និង​ទទួល​បានការ​ណែនាំ​ពី​ក្រុម​បណ្តុះបណ្តាល​។​ ​ការ​ចូលរួម​ជា​បន្ត​នេះ​បាន​បង្ហាញ​ពី​ការ​លើកទឹកចិត្ត​ខ្ពស់​របស់​អ្នកចូលរួម​ និង​គូសបញ្ជាក់​ពី​តម្លៃ​ជាក់ស្តែង​នៃ​វគ្គ​បណ្តុះបណ្តាល​។​ ក្រុម​តេ​លេ​ក្រាម​​ ក៏​ដើរតួ​នាទី​ជា​មធ្យោបាយ​សម្រាប់​ចែករំលែក​ព័ត៌មាន​ និង​បច្ចុប្បន្នភាព​ពាក់ព័ន្ធ​នឹង​កម្មវិធី​ប្រកួត​វី​ដេ​អូ​សហគមន៍​ផង​ដែរ​។​

តាម​រយៈ​វគ្គ​បណ្តុះបណ្តាល​នេះ​ និង​សកម្មភាព​ចូលរួម​បន្ត​អូ​ឌី​ស៊ី​ នៅ​តែ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​គាំទ្រ​សហគមន៍​នៅ​តំបន់ឆ្នេរ​សមុទ្រ​ឱ្យ​ពង្រឹង​ជំនាញ​ទំនាក់ទំនង​ឌី​ជី​ថ​ល​របស់​ខ្លួន​។​ កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងនេះ​រួមចំណែក​ដល់​ការ​ចូលរួម​ប្រកបដោយ​បរិ​យា​បន្ន​ សំឡេង​សហគមន៍​ដែល​កាន់តែ​រឹង​មាំ​ និង​ការ​ប្រើប្រាស់​ឧបករណ៍​ឌី​ជី​ថ​ល​កាន់តែ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ចែករំលែក​បទ​ពិសោធន៍​មូលដ្ឋាន​នៅ​តាម​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​។