​ពង្រឹង​វេទិកា​ជូនដំណឹង​អំពី​ការ​រំខាន​ព្រៃឈើ​តាម​រយៈ​ការ​ចូលរួម​របស់​សហគមន៍​

​ក្រុមការងារ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​សហគមន៍​ចំនួន​បី​ នៅ​ខេត្តមណ្ឌលគិរី​ រតនគិរី​ និង​ក្រចេះ​ ដើម្បី​រៀបចំ​កិច្ចប្រជុំ​សហគមន៍​ និង​ប្រមូល​មតិយោបល់​ពី​ប្រជាពលរដ្ឋ​មូលដ្ឋាន​។​ ការ​ចូលរួម​ទាំងនេះ​មាន​ គោលបំណង​ យល់​ដឹង​អំពី​តម្រូវការ​ បញ្ហា​ប្រឈម​ និង​តំបន់​ភូមិសាស្ត្រ​មូលដ្ឋាន​ និង​យក​មតិយោបល់​ពី​សហគមន៍​មក​ កែ​លម្អ​ វេទិកា​ជូនដំណឹង​អំពី​ការ​រំខាន​ព្រៃឈើ​ ឱ្យ​កាន់តែ​សម​ស្រប​ ងាយស្រួល​ប្រើ​ មាន​ប្រយោជន៍​សម្រាប់​ការ​តាមដាន​ ព្រៃឈើ​ និង​ការ​សម្រេចចិត្ត​នៅ​កម្រិត​សហគមន៍​។​

ការពិគ្រោះ​យោបល់​ជាមួយ​សហគមន៍​ថុ​ង​ប៉ា​ង​ ស្រុក​កោះ​ញែក​ ខេត្តមណ្ឌលគិរី​ លើ​ប្រធានបទ​ផែនទី​ និង​វេទិកា​ជូនដំណឹង​អំពី​ការ​រំខាន​ព្រៃឈើ​

នៅ​ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០២៥​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​កិច្ច​ពិគ្រោះ​យោបល់​ជាមួយ​សមាជិក​សហគមន៍​ថុ​ង​ប៉ា​ង​ ស្រុក​កោះ​ញែក​ ខេត្តមណ្ឌលគិរី​។​ កិច្ចប្រជុំ​មាន​អ្នកចូលរួម​ចំនួន​ ១១​ នាក់​ រួម​មាន​ស្ត្រី​ ៥​ នាក់​ ដើម្បី​ពិភាក្សា​ អំពី​ការ​ធ្វើ​ផែនទី​សហគមន៍​ ឧបករណ៍​ឌី​ជី​ថ​ល​ និង​វេទិកា​ជូនដំណឹង​អំពី​ការ​រំខាន​ព្រៃឈើ​ក្នុង​បរិបទ​នៃ​ការ​អភិរក្ស​ព្រៃឈើ​ នៅ​មូលដ្ឋាន​។​

កិច្ច​ពិគ្រោះ​យោបល់​បាន​ចាប់ផ្តើម​ដោយ​កញ្ញា​ អ៊ួ​ន​ វិមល​ ដែល​បាន​ណែនាំ​អំពី​បេសកកម្ម​របស់​ អូ​ឌី​ស៊ី​ និង​ស្វាគមន៍​ អ្នកចូលរួម​ ទាំងអស់​។​ បន្ទាប់​មក​ លោក​ សំ​អាន​ ម៉ារ​ឌី​ បាន​បង្ហាញ​ទិដ្ឋភាព​ទូទៅ​អំពី​ការ​ធ្វើ​ផែនទី​សហគមន៍​ និង​តួនាទី​ របស់​ផែនទី​ ក្នុង​ការ​គ្រប់គ្រង​ដី​ និង​ព្រៃឈើ​។​

ក្នុងអំឡុងពេល​ពិភាក្សា​សមាជិក​សហគមន៍​បាន​ចែករំលែក​បញ្ហា​ប្រឈម​សំខាន់ៗ​ ដែល​ពួក​គេ​ប្រឈម​មុខ​ក្នុង​ការ​អភិរក្ស​ ព្រៃឈើ​។​ បញ្ហា​ទាំងនេះ​រួម​មាន​ កង្វះខាត​ថវិកា​ បញ្ហា​ពាក់ព័ន្ធ​នឹង​កម្មសិទ្ធិ​លើ​ដីធ្លី​ និង​តំបន់​ព្រៃឈើ​ ព្រមទាំង​ ផល​ប៉ះពាល់​បរិស្ថាន​ពី​ការ​គ្រប់គ្រង​ដី​របស់​រដ្ឋ​ (​ដី​សមូហភាព​មិន​ទាន់​ចុះបញ្ជី​រួច​)​។​ អ្នកចូលរួម​ក៏​បាន​លើក​ឡើង​អំពី​បញ្ហា​ បច្ចេកទេស​ ដោយសារ​សមាជិក​សហគមន៍​ភាគច្រើន​ពឹងផ្អែក​លើ​ទូរស័ព្ទ​ដៃ​ជា​ចម្បង​ និង​មានការ​ចូល​ប្រើ​ឧបករណ៍​ ឌី​ជី​ថ​ល​ផ្សេងៗ​នៅ​មាន​កម្រិត​។​

​ដើម្បី​យល់​ដឹង​កាន់តែ​ច្បាស់​អំពី​បទ​ពិសោធន៍​របស់​អ្នកចូលរួម​ជាមួយ​ផែនទី​ អ្នកសម្របសម្រួល​បាន​សួរ​អំពី​ការ​ប្រើប្រាស់​ ផែនទី​ និង​ផែនទី​ឌី​ជី​ថ​ល​។​ ក្រុមការងារ​បាន​បង្ហាញ​រូប​សញ្ញា​ Google​ Maps​ ដល់​អ្នកចូលរួម​ ដែល​អ្នកចូលរួម​មួយ​ចំនួន​អាច​ ស្គាល់​ខណៈ​អ្នក​ផ្សេង​ទៀត​មិន​ស្គាល់​ទេ​។​ សមាជិក​សហគមន៍​បាន​ពន្យល់​ថា​ ពួក​គេ​ច្រើន​ត្រូវការ​ស្វែងរក​ផ្លូវ​ទៅ​កាន់​ទីតាំង​ជាក់លាក់​ ប៉ុន្តែ​មិនសូវ​ដឹង​ពី​ការ​ប្រើ​ Google​ Maps​ នោះ​ទេ​។​ ផ្ទុយ​ទៅ​វិញ​ពួក​គេ​ប្រើប្រាស់​តេ​ឡេ​ក្រាម​ច្រើន​ សម្រាប់​ទំនាក់ទំនង​នៅ​ក្នុង​សហគមន៍​មូលដ្ឋាន​។​

​បន្ទាប់​មក​ លោក​ ម៉ារ​ឌី​ បាន​ណែនាំ​អំពី​វេទិកា​ជូនដំណឹង​អំពី​ការ​រំខាន​ព្រៃឈើ​ដែល​ប្រើប្រាស់​តេ​ឡេ​ក្រាម​ ដោយ​ពន្យល់​ ពី​វិធី​ដែល​វា​ផ្តល់​ព័ត៌មាន​បច្ចុប្បន្នភាព​អំពី​ការ​ផ្លាស់​ប្តូរ​ព្រៃឈើ​ និង​សារ​ជូនដំណឹង​អំពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​។​ អ្នកចូលរួម​ ត្រូវ​បាន​បង្ហាញ​ពី​របៀប​ទទួល​បាន​លេខ​និយាម​កា​ភូមិសាស្ត្រ​ និង​មើល​ទីតាំង​នៅ​លើ​ Google​ Maps​។​

សមាជិក​សហគមន៍​បាន​សម្ដែង​ការ​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​សារ​ជូនដំណឹង​អំពី​ការ​ប្រែប្រួល​នៃ​ព្រៃឈើ​ ហើយ​បង្ហាញ​ចំណាប់អារម្មណ៍​ចំពោះ​របៀប​ដំណើរការ​របស់​ប្រព័ន្ធ​នេះ​។​ អ្នកចូលរួម​មួយ​ចំនួន​បាន​សួរ​សំណួរ​លម្អិត​ ដូច​ជា​ តើ​សារ​ជូនដំណឹង​ត្រូវ​បាន​ផ្ញើ​ញឹកញាប់​ប៉ុន្មាន​ដង​ និង​តើ​ប្រព័ន្ធ​អាច​រក​ឃើញ​ការ​កាប់​ឈើ​តែ​មួយ​ដើម​បាន​ដែរ​ឬទេ​។​ លោក​ ម៉ារ​ឌី​ បាន​ ពន្យល់​អំពី​ដំណើរការ​ទូទៅ​នៅ​ពីក្រោយ​សារ​ជូនដំណឹង​ទាំងនេះ​ រួម​ទាំង​ការ​រក​ឃើញ​ការ​ផ្លាស់​ប្តូរ​តាម​រយៈពេល​មិនមែន​ ភ្លាមៗ​ទេ​។​

​បច្ចុប្បន្ន​នេះ​ សហគមន៍​ថុ​ង​ប៉ា​ង​មិន​ទាន់​មាន​ផែនទី​សហគមន៍​ផ្ទាល់ខ្លួន​នៅឡើយ​ទេ​។​ ទោះជា​យ៉ាងណា​កិច្ច​ពិគ្រោះ​ យោបល់​នេះ​ បាន​ក្លាយជា​ជំហាន​ដំបូង​ដ៏​សំខាន់​ ក្នុង​ការ​កសាង​ការ​យល់​ដឹង​អំពី​ឧបករណ៍​ផែនទី​ឌី​ជី​ថ​ល​ និង​ប្រព័ន្ធ​ តាមដាន​ព្រៃឈើ​ ដែល​អាច​គាំទ្រ​ដល់​ការ​រៀបចំ​ផែនទី​ ដោយ​សហគមន៍​ជា​អ្នកដឹកនាំ​ និង​ការ​ខិតខំ​ប្រឹងប្រែង​អភិរក្ស​ ព្រៃឈើ​ នា​ពេល​អនាគត​។​

​ការពិគ្រោះ​យោបល់​ត្រូវ​បាន​បញ្ចប់​ដោយ​ការ​ពិភាក្សា​ជា​ក្រុម​ និង​ការ​ណែនាំ​អនុវត្ត​ដោយ​ផ្ទាល់​ ដឹកនាំ​ដោយ​ លោក​ សំ​អាន​ ម៉ារ​ឌី​ លោក​ ឡុ​ច​ កល្យាណ​ លោក​ ឆេ​ង​ ហុង​ឆាយ​ និង​កញ្ញា​ អ៊ួ​ន​ វិមល​។​ អ្នកសម្របសម្រួល​បាន​បង្ហាញ​ ជា​ការ​អនុវត្តន៍​ជាក់ស្តែង​ ដើម្បី​ជួយ​ឱ្យ​អ្នកចូលរួម​ទទួល​បាន​បទ​ពិសោធន៍​ផ្ទាល់​ក្នុង​ការ​ប្រើប្រាស់​ Google​ Maps​ ដើម្បី​ បកស្រាយ​ និង​យល់​ដឹង​អំពី​ព័ត៌មាន​ការ​រំខាន​ព្រៃឈើ​។​ ​សកម្មភាព​នេះ​រួម​មានការ​ណែនាំ​ជា​ជំហានៗ​ អំពី​របៀប​បើក​ និង​យល់​អំពី​សារ​ជូនដំណឹង​ការ​រំខាន​ព្រៃឈើ​ ដែល​ត្រូវ​ បាន​ផ្ញើ​តាម​តេ​ឡ​ក្រាម​ ទៅ​កាន់​សហគមន៍​ ដែល​ជា​ឧបករណ៍​ទំនាក់ទំនង​សំខាន់​សម្រាប់​ការ​តាមដាន​ការ​កាប់​បំផ្លាញ​ ព្រៃឈើ​។​ តាម​រយៈ​ការ​អនុវត្ត​នេះ​សមាជិក​សហគមន៍​អាច​យល់​ដឹង​បាន​កាន់តែ​ច្បាស់​អំពី​របៀប​ដែល​ផែនទី​ឌី​ជី​ថ​ល​ និង​ វេទិកា​ជូនដំណឹង​អាច​គាំទ្រ​ការ​ខិតខំ​ប្រឹងប្រែង​នៅ​មូលដ្ឋាន​ក្នុង​ការ​តាមដាន​ និង​ការពារ​ធនធាន​ព្រៃឈើ​របស់​ពួក​គេ​។​

ការពិគ្រោះ​យោបល់​ជាមួយ​សហគមន៍​ភូមិ​ស្វាយ​ ស្រុក​អូរ​ជុំ​ ខេត្តរតនគិរី​ លើ​ប្រធានបទ​ផែនទី​ និង​វេទិកា​ជូនដំណឹង​អំពី​ការ​រំខាន​ព្រៃឈើ​

នៅ​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០២៥​ ក្រុមការងារ​អូ​ឌី​ស៊ី​ បាន​រៀបចំ​ការពិគ្រោះ​យោបល់​ជាមួយ​សហគមន៍​ភូមិ​ស្វាយ​ ស្រុក​អូរ​ជុំ​ ខេត្តរតនគិរី​ ដើម្បី​ណែនាំ​ និង​ពិភាក្សា​អំពី​ វេទិកា​ជូនដំណឹង​អំពី​ការ​រំខាន​ព្រៃឈើ​ និង​ពង្រឹង​ការ​ចូលរួម​ របស់​សហគមន៍​ក្នុង​ការ​ការពារ​ព្រៃឈើ​។​ ការ​ប្រជុំ​នេះ​មាន​សមាជិក​សហគមន៍​ចំនួន​ ៤៤​នាក់​ រួម​ទាំង​ស្ត្រី​ ២០​នាក់​ ដែល​បង្ហាញ​ពី​ការ​ខ្នះខ្នែង​របស់​សហគមន៍​ក្នុង​ការ​រៀនសូត្រ​ និង​ចូលរួម​ជាមួយ​ឧបករណ៍​ និង​វិធីសាស្ត្រ​ថ្មីៗ​។​

​កិច្ចប្រជុំ​បាន​ចាប់ផ្តើម​ជាមួយនឹង​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​កញ្ញា​ អ៊ួ​ន​ វិមល​ ដែល​បាន​ថ្លែងអំណរគុណ​ដល់​អ្នកចូលរួម​ទាំងអស់​សម្រាប់​ការ​ចូលរួម​ការ​ពិភាក្សា​។​ បន្ទាប់​មក​ លោក​ កាំ​ង​ វុ​ទ្ធី​ អនុ​ភូមិ​ នៃ​ភូមិ​ស្វាយ​ បាន​លើក​ឡើង​ពី​គោលបំណង​សំខាន់​នៃ​ការ​ប្រជុំ​ ដើម្បី​សហការ​ជាមួយ​អូ​ឌី​ស៊ី​ ក្នុង​ការ​តាមដាន​ការ​ប្រែប្រួល​ព្រៃឈើ​នៅ​ក្នុង​សហគមន៍​ និង​ដើម្បី​ប្រមូល​មតិយោបល់​ពី​អ្នកចូលរួម​ក្នុងភូមិ​ ដើម្បី​កែ​លម្អ​វេទិកា​បន្ថែម​ទៀត​។​

លោក​ កាំ​ង​ វុ​ទ្ធី​ ក៏​បាន​រំលឹក​ដល់​អ្នកចូលរួម​អំពី​ការ​លះបង់​របស់​វីរ​កងទ័ព​កម្ពុជា​ដែល​កំពុង​ការពារ​ ព្រំដែន​ជាតិ​ ហើយ​លើកទឹកចិត្ត​ឱ្យ​អ្នកចូលរួម​មាន​ភាព​ក្លាហាន​ក្នុង​ការ​ចែករំលែក​គំនិត​ និង​បទ​ពិសោធន៍​របស់​ខ្លួន​នៅ​ក្នុង​ កិច្ច​ពិគ្រោះ​យោបល់​នេះ​ដើម្បី​ពង្រឹង​សាមគ្គីភាព​ និង​កិច្ចសហការ​របស់​សហគមន៍​។​

​សមាជិក​ក្រុមការងារ​អូ​ឌី​ស៊ី​ លោក​ សំ​អាន​ ម៉ារ​ឌី​ បាន​ដឹកនាំ​ការ​ពិភាក្សា​សំខាន់ៗ​ ដោយ​សួរ​អ្នកចូលរួម​អំពី​ការ​រៀបចំ​ មុន​ចេញ​ល្បាត​ព្រៃ​ និង​វិធីសាស្ត្រ​កំណត់​គោលដៅ​នៃ​ការ​ល្បាត​។​ អ្នកចូលរួម​បាន​ចែករំលែក​បទ​ពិសោធន៍​ និង​បញ្ហា​ ប្រឈម​របស់​ពួក​គេ​ ជា​ពិសេស​ពាក់ព័ន្ធ​នឹង​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​នៅ​ក្នុងភូមិ​។​ សមាជិក​សហគមន៍​ មួយ​ចំនួន​បាន​ពន្យល់​ថា​ នៅ​ពេល​រក​ឃើញ​ការ​កាប់​ឈើ​ខុសច្បាប់​ ពួក​គេ​រាយការណ៍​ករណី​ទៅ​កាន់​ប៉ូលិស​ ឬ​អាជ្ញាធរ​ពាក់ព័ន្ធ​។​ ខណៈ​ដែល​អ្នក​ផ្សេង​ទៀត​បាន​ចែករំលែក​យុទ្ធសាស្ត្រ​ផ្សេងៗ​ ដូច​ជា​ការ​បញ្ឈប់​ ឬ​ឃាត់ខ្លួន​អ្នក​កាប់​ឈើ​ ខុសច្បាប់​ដោយ​ផ្ទាល់​ ដើម្បី​ទប់ស្កាត់​ការ​បំផ្លាញ​ព្រៃឈើ​បន្ថែម​ទៀត​។

​ក្នុងអំឡុងពេល​ពិភាក្សា​អំពី​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ អ្នកចូលរួម​បាន​សម្តែង​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក​ (drone)​ និង​កាមេរ៉ា​ដែល​ដំឡើង​នៅ​ចំណុច​ចូល​ព្រៃឈើ​ ដើម្បី​កែ​លម្អ​ការ​ត្រួតពិនិត្យ​ និង​ការ​ប្រមូល​ភស្តុ​តាង​។​ ឧបករណ៍​ទាំងនេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​មាន​សារៈសំខាន់​សម្រាប់​ពង្រឹង​ប្រសិទ្ធភាព​ល្បាត​ និង​បង្កើន​ការ​ការពារ​ព្រៃឈើ​។​ បន្ទាប់​មក​ លោក​ ម៉ារ​ឌី​ បាន​ណែនាំ​អំពី​ការ​ប្រើប្រាស់​ផែនទី​អាណា​ឡូ​ក​ និង​ចែកចាយ​រូបភាព​ផែនទី​ដែល​បាន​បោះផ្សាយ​ដល់​អ្នកចូលរួម​។​ អ្នកចូលរួម​ជា​ច្រើន​បាន​កត់​សម្គាល់ថា​ ពួក​គេ​មិន​ទាន់​ស៊ាំ​នឹង​ផែនទី​ឌី​ជី​ថ​ល​នៅឡើយ​ទេ​។​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ លោក​ ម៉ារ​ឌី​ បាន​ពន្យល់​ថា​ ផែនទី​ឌី​ជី​ថ​ល​ដំណើរការ​ស្រ​ដៀង​គ្នា​ទៅ​នឹង​ផែនទី​អាណា​ឡូ​ក​ ប៉ុន្តែ​តម្រូវ​ឱ្យ​មានការ​ភ្ជាប់​ជាមួយ​អ៊ីនធឺណិត​ ហើយ​អាច​ប្រើ​លើ​ស្មា​ត​ហ្វូ​ន​បាន​។​ លោក​ក៏​បាន​បង្ហាញ​ពី​របៀប​ដែល​ Google​ Maps​ អាច​ជួយ​កំណត់​ផ្លូវ​ទៅ​កាន់​គោលដៅ​ល្បាត​ និង​ទីតាំង​គោលដៅ​ ដែល​ធ្វើ​ឱ្យ​ការ​ធ្វើ​ផែនការ​ល្បាត​កាន់តែ​ងាយស្រួល​ និង​ត្រឹមត្រូវ​ជាង​មុន​។​

​អ្នកចូលរួម​ភាគច្រើន​បាន​ស្គាល់​ និង​ប្រើប្រាស់​តេ​ឡេ​ក្រាម​សម្រាប់​ទំនាក់ទំនង​រួច​មក​ហើយ​។​ លោក​ ម៉ារ​ឌី​ បាន​ណែនាំ​អំពី​ក្រុម​តេ​ឡេ​ក្រាម​ ដែល​ភ្ជាប់​ជាមួយ​វេទិកា​ជូនដំណឹង​អំពី​ការ​រំខាន​ព្រៃឈើ​របស់​អូ​ឌី​ស៊ី​ ហើយ​បាន​ពន្យល់​ ពី​វិធីសាស្ត្រ​នៃ​ដំណើរការ​របស់​សារ​ជូនដំណឹង​ស្វ័យប្រវត្តិ​នៃ​ការ​ជូនដំណឹង​អំពី​ការ​រំខាន​ព្រៃឈើ​។​
​នៅ​ពេល​រក​ឃើញ​ការ​រំខាន​ព្រៃឈើ​ ឬ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ អ្នកចូលរួម​នឹង​ទទួល​បាន​សារ​ជូនដំណឹង​តាម​តេ​ឡេ​ក្រាម​ ដែល​រួម​មាន​ព័ត៌មាន​ដូច​ជា​៖​ រយៈពេល​កាលបរិច្ឆេទ​នៃ​ការ​រំខាន​ ផ្ទៃដី​ដែល​រង​ផល​ប៉ះពាល់​ ទីតាំង​ និង​លេខ​និយាម​កា​ តំណ​ភ្ជាប់​ទៅ​កាន់​ Google​ Maps​ និង​វេទិកា​ជូនដំណឹង​អំពី​ការ​រំខាន​ព្រៃឈើ​របស់​អូ​ឌី​ស៊ី​ និង​ទិន្នន័យ​ KML​ ដែល​អាច​ទាញ​យក​សម្រាប់​ការ​ប្រើប្រាស់​បន្ថែម​ទៀត​។​ ប្រព័ន្ធ​នេះ​អនុញ្ញាត​ឱ្យ​សមាជិក​សហគមន៍​អាច​ឆ្លើយ​តប​បាន​ រហ័ស​ជាង​មុន​ និង​សម្រប​សម្រួលការ​ល្បាត​ព្រៃឈើ​មាន​ប្រសិទ្ធភាព​។​

បន្ទាប់​ពី​ការ​ណែនាំ​រួច​ អ្នកចូលរួម​ចំនួន​ ៤៤​ នាក់​ ត្រូវ​បាន​បែងចែក​ជា​ក្រុម​ពិភាក្សា​ចំនួន​ ៤​ ក្រុម​ ដោយ​ក្រុម​នីមួយៗ​ ទទួល​បានការ​ពន្យល់​ និង​ណែនាំ​ពី​ក្រុមការងារ​អូ​ឌី​ស៊ី​។​ បន្ទាប់​ពី​ការ​ពិភាក្សា​តាម​ក្រុម​ អ្នកចូលរួម​បាន​ចែករំលែក​ មតិយោបល់​វិជ្ជមាន​ និង​សម្ដែង​ការ​កោតសរសើរ​ចំពោះ​ឱកាស​ក្នុង​ការ​ផ្លាស់​ប្តូរ​គំនិត​ និង​បទ​ពិសោធន៍​ជាមួយ​គ្នា​។​ ពួក​គេ​ក៏​បាន​ផ្តល់​យោបល់​ថា​ គួរ​បន្ថែម​សម្ភារៈ​ជា​រូបភាព​ ឬ​រូបថត​បន្ថែម​ ដើម្បី​ជួយ​ឱ្យ​មានការ​យល់​ដឹង​កាន់តែ​ច្បាស់​ អំពី​ព័ត៌មាន​ស្តី​ពី​ការ​រំខាន​ព្រៃឈើ​។​

កិច្ច​ពិគ្រោះ​យោបល់​ត្រូវ​បាន​បញ្ចប់​ដោយ​សុន្ទរកថា​បិទ​ពី​កញ្ញា​ អ៊ួ​ន​ វិមល​ ដែល​បាន​ថ្លែងអំណរគុណ​ដល់​អ្នកចូលរួម​ ទាំងអស់​ អាជ្ញាធរ​ ប្រធាន​ភូមិ​ និង​អនុ​ភូមិ​ សម្រាប់​ការ​ចូលរួម​យ៉ាង​សកម្ម​។​ កញ្ញា​បាន​លើក​ឡើង​អំពី​ការ​ប្តេជ្ញា​ចិត្ត​ របស់​អូ​ឌី​ស៊ី​ ក្នុង​ការ​កែ​លម្អ​វេទិកា​ជូនដំណឹង​អំពី​ការ​រំខាន​ព្រៃឈើ​ឱ្យ​សម​ស្រប​នឹង​តម្រូវការ​របស់​សហគមន៍​មូលដ្ឋាន​។​

​អូ​ឌី​ស៊ី​បាន​លើកទឹកចិត្ត​ឱ្យ​អ្នកចូលរួម​ទាំងអស់​បន្ត​មាន​សកម្មភាព​នៅ​ក្នុង​ក្រុម​តេ​ឡេ​ក្រាម​ ព្រោះ​វេទិកា​នេះ​នឹង​ជួយ​ឱ្យ​ សហគមន៍​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​អំពី​ផល​រំខាន​ព្រៃឈើ​ និង​រក្សា​ទំនាក់ទំនង​គ្នា​បាន​នៅ​ពេល​ខាង​មុខ​។​ ខណៈ​ដែល​វេទិកា​ ជូនដំណឹង​ស្តី​ពី​ការ​រំខាន​ព្រៃឈើ​កំពុង​បន្ត​អភិវឌ្ឍ​ អូ​ឌី​ស៊ី​សង្ឃឹមថានឹង​ឃើញ​មានការ​ចូលរួម​កាន់តែ​ច្រើន​ ពី​អ្នកចូលរួម​ បន្ថែម​ទៀត​ ដើម្បី​ធ្វើការ​រួម​គ្នា​ក្នុង​លើកកម្ពស់​កិច្ច​ការពារ​ព្រៃឈើ​នៅ​ភូមិ​ស្វាយ​ និង​តំបន់​ផ្សេងៗ​ទៀត​។​

ការពិគ្រោះ​យោបល់​ជាមួយ​សហគមន៍​វាល​កន្សែង​ ស្រុក​ឆ្លូង​ ខេត្តក្រចេះ​ លើ​ប្រធានបទ​ផែនទី​ និង​វេទិកា​ជូនដំណឹង​អំពី​ការ​រំខាន​ព្រៃឈើ​

ក្រុមការងារ​អូ​ឌី​ស៊ី​បាន​រៀបចំ​ការពិគ្រោះ​យោបល់​សហគមន៍​ និង​ការ​ចូលរួម​បច្ចេកទេស​ជាមួយ​សហគមន៍​វាល​កន្សែង​ នៅ​ឃុំ​កំពង់​ដំរី​ ស្រុក​ឆ្លូង​ ខេត្តក្រចេះ​ នៅ​ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​ ២០២៥​ ដោយ​មានការ​ចូលរួម​ ពី​សមាជិក​សហគមន៍​ចំនួន​ ១៨​ នាក់​ រួម​មាន​ស្ត្រី​ចំនួន​ ៩​ នាក់​។​ កិច្ចប្រជុំ​នេះ​ដើម​ឡើយ​គ្រោង​នឹង​ធ្វើ​ឡើង​ នៅ​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​ ២០២៥​ ប៉ុន្តែ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ទៅ​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែធ្នូ​ វេលា​ម៉ោង​ ៨:០០​ ព្រឹក​ តាម​ការ​ស្នើ​សុំ​របស់​ សហគមន៍​ដោយសារ​ភាព​អាច​មាន​ពេលវេលា​ចូលរួម​របស់​ពួក​គេ​។​

​ការ​ប្រជុំ​បាន​ចាប់ផ្តើម​ដោយ​ការ​ណែនាំ​អំពី​អង្គការ​អូ​ឌី​ស៊ី​ និង​សម្តែង​មតិ​ស្វាគមន៍​ដោយ​កញ្ញា​ អ៊ួ​ន​ វិមល​ ដែល​បាន​លើក​ ទឹកចិត្ត​ឱ្យ​អ្នកចូលរួម​ទាំងអស់​ ទាំង​ស្ត្រី​ និង​បុរស​ ចូលរួម​ចែករំលែក​បទ​ពិសោធន៍​ តម្រូវការ​ និង​បញ្ហា​ប្រឈម​របស់​ ខ្លួន​យ៉ាង​សកម្ម​។​ កញ្ញា​ វិមល​ បាន​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​ចូលរួម​យ៉ាង​ទូលំទូលាយ​ពី​សហគមន៍​ ក្នុង​ការ​កែ​លម្អ​ ឧបករណ៍​ និង​ការ​គាំទ្រ​បច្ចេកទេស​ សម្រាប់​ការ​ការពារ​ព្រៃឈើ​សហគមន៍​។​

បន្ទាប់​ពី​វគ្គ​បើក​កិច្ចប្រជុំ​ លោក​ សំ​អាន​ ម៉ារ​ឌី​ បាន​សម្រប​សម្រួលការ​ពិភាក្សា​ជាមួយ​សមាជិក​សហគមន៍​ដែល​បាន​ ចែករំលែក​បទ​ពិសោធន៍​របស់​ពួក​គេ​ក្នុង​ការ​ធ្វើការ​ត្រួតពិនិត្យ​ព្រៃឈើ​ ដោយ​ប្រើប្រាស់​ឧបករណ៍​ SMART​។​ លោក​បាន​ សួរ​អំពី​វិធីសាស្ត្រ​នៃ​ការ​ល្បាត​ព្រៃ​ និង​បញ្ហា​ប្រឈម​ដែល​សហគមន៍​ជួប​ប្រទះ​ក្នុងអំឡុងពេល​អនុវត្ត​សកម្មភាព​ល្បាត​ព្រៃ​។​ អ្នកចូលរួម​បាន​កំណត់​បញ្ហា​ប្រឈម​សំខាន់ៗ​ជា​ច្រើន​ រួម​មាន​៖

  • បញ្ហា​សត្វ​ទៀក​ច្រើន​
  • ​ការ​ខ្វះខាត​មធ្យោបាយ​ធ្វើ​ដំណើរ​ និង​ស្ថានភាព​ផ្លូវ​មិនល្អ​
  • ​ថវិកា​មិន​គ្រប់គ្រាន់​សម្រាប់​ការ​អនុវត្ត​សកម្មភាព​ល្បាត​ព្រៃ​
  • ​ភាព​លំបាក​ក្នុង​ការ​ទទួល​បានការ​គាំទ្រ​បច្ចេកទេស​ទាន់​ពេលវេលា​ពី​អ្នកជំនាញ​
  • ​ហានិភ័យ​សុវត្ថិភាព​ និង​ការ​កើត​មាន​គ្រោះថ្នាក់​ ក្នុងអំឡុងពេល​ល្បាត​ព្រៃ​ដោយ​មិន​មាន​ថវិកា​សម្រាប់​គាំទ្រ​ ករណី​គ្រោះថ្នាក់​ចៃដន្យ​
  • ​ឧបករណ៍​មូលដ្ឋាន​ ដូច​ជា​ ស្បែកជើង​ដើរ​ព្រៃ​ និង​ឧបករណ៍​ជំនួយ​បឋម​ដែល​ជា​តម្រូវការ

សហគមន៍​ក៏​បាន​លើក​ឡើង​អំពី​តម្រូវការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ជា​ច្រើន​ផង​ដែរ​ រួម​មាន​៖

  • ផែនទី​ និង​កាមេរ៉ា​ សម្រាប់​ប្រើប្រាស់​ក្នុង​សកម្មភាព​ល្បាត​ព្រៃ​
  • ​ការ​ពង្រឹង​ជំនាញ​បច្ចេកទេស​ ដើម្បី​អាច​ប្រើប្រាស់​ឧបករណ៍​ដែល​មាន​ស្រាប់​ឱ្យ​មាន​ប្រសិទ្ធភាព​
  • ​ការ​បណ្តុះបណ្តាល​អំពី​បច្ចេកទេស​ដោះ​លែង​សត្វព្រៃ​ ក្នុងអំឡុងពេល​ល្បាត​ព្រៃ​

ការ​ពិភាក្សា​បាន​បន្ត​ទៅ​កាន់ការ​ណែនាំ​ផ្នែក​បច្ចេកទេស​អំពី​ការ​ធ្វើ​ផែនទី​សហគមន៍​ ដែល​ក្នុង​នោះ​ លោក​ ម៉ារ​ឌី​ បាន​ ពន្យល់​ថា​ ការ​ធ្វើ​ផែនទី​បាន​គូស​បង្ហាញ​ធាតុ​នានា​ ដែល​អាច​ជួយ​ឱ្យ​សហគមន៍​មើលឃើញ​បាន​ច្បាស់​អំពី​ផ្លូវ​ ទីតាំង​ សំខាន់ៗ​ និង​ តំបន់​ផ្សេងៗ​នៅ​លើ​ផ្ទៃរាប​ស្មើ​។​

​នៅ​ពេល​ពិភាក្សា​អំពី​ផែនទី​ឌី​ជី​ថ​ល​ អ្នកចូលរួម​បាន​ចែករំលែក​ថា​ ទោះបីជា​ពួក​គេ​ដឹង​អំពី​ឧបករណ៍​ផែនទី​ឌី​ជី​ថ​ល​ ក៏​ដោយ​ ក៏​ការ​យល់​ដឹង​នៅ​មាន​កម្រិត​នៅឡើយ​។​ ប្រហែល​ ៣០%​ នៃ​អ្នកចូលរួម​បាន​និយាយ​ថា​ បាន​ប្រើប្រាស់​ Google​ Maps​ ប៉ុន្តែ​មិន​ទាន់​មាន​ទំនុកចិត្ត​គ្រប់គ្រាន់​។​ លោក​ ម៉ារ​ឌី​ បាន​បង្ហាញ​អំពី​ចំណុច​ប្រទាក់​របស់​ Google​ Maps​ និង​ពន្យល់​អំពី​វិធីសាស្ត្រ​ដែល​ផែនទី​ឌី​ជី​ថ​លអាច​បង្ហាញផ្លូវ​ និង​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​ស្វែងរក​ទីតាំង​ផ្សេងៗ​ លើ​ផែនទី​អន្តរ​កម្ម​។

បន្ទាប់​មក​ ក្នុង​វគ្គ​លំ​ហាត់​អនុវត្ត​ជាក់ស្តែង​ ដែល​អ្នកចូលរួម​បាន​រៀន​ពី​ការ​ស្វែងរក​សាលាស្រុក​ឆ្លូង​ កំណត់​ផ្លូវ​ធ្វើ​ដំណើរ​ និង​ប៉ាន់ស្មាន​ពេលវេលា​ធ្វើ​ដំណើរ​ ដោយ​ប្រើប្រាស់​ Google​ Maps​។​

​នៅ​ចុងបញ្ចប់​ អ្នកចូលរួម​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ស្កេ​ន​ QR​ កូដ​ដើម្បី​ចូលរួម​ក្នុង​ក្រុម​តេ​ឡេ​ក្រាម​ដែល​នឹង​ ក្លាយជា​បណ្តាញ​ទំនាក់ទំនង​សំខាន់​រវាង​អង្គការ​អូ​ឌី​ស៊ី​ និង​សហគមន៍​។​

​តាម​រយៈ​ក្រុម​តេ​ឡេ​ក្រាម​ អង្គការ​អូ​ឌី​ស៊ី​ បាន​ណែនាំ​អំពី​វេទិកា​ជូនដំណឹង​អំពី​ការ​រំខាន​ព្រៃឈើ​ (Forest​ Disturbance​ Platform)​ ដោយ​បាន​ចែករំលែក​ការ​ជូនដំណឹង​អំពី​ការ​រំខាន​ព្រៃឈើ​ ដែល​រួម​មាន​ព័ត៌មាន​ដូច​ជា​៖

  • ចន្លោះ​ពេលវេលា​នៃ​ការ​កើត​មានការ​រំខាន​
  • ទំហំ​ដី​ដែល​រង​ផល​ប៉ះពាល់​
  • ​តំបន់​គ្របដណ្តប់​ និង​កូអរដោនេ​ភូមិសាស្ត្រ​
  • ​តំណ​ភ្ជាប់​ផ្ទាល់​ទៅ​កាន់​ Google​ Maps​ និង​វេទិកា​តាមដាន​ការ​រំខាន​ព្រៃឈើ​

ក្នុងអំឡុងពេល​ពិភាក្សា​ក្រុម​ អ្នកចូលរួម​បាន​បង្ហាញ​ចំណាប់អារម្មណ៍​ក្នុង​ការ​ចូល​ប្រើ​ទិន្នន័យ​អំពី​ការ​រំខាន​ព្រៃឈើ​ នៅ​ក្នុង​ កម្រិត​តូច​ និង​មាន​លក្ខណៈ​មូលដ្ឋាន​ជាង​នេះ​ ដើម្បី​អាច​តាមដាន​ និង​ត្រួតពិនិត្យ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ សហគមន៍​របស់​ពួក​គេ​បាន​កាន់តែ​មាន​ប្រសិទ្ធភាព​។​

​មុន​ពេល​បញ្ចប់​កិច្ច​ពិគ្រោះ​យោបល់​ កញ្ញា​ អ៊ួ​ន​ វិមល​ បាន​ថ្លែង​អរគុណ​ដល់​អ្នកចូលរួម​ទាំង​ ១៨​នាក់​ ចំពោះ​ការ​ ចូលរួម​យ៉ាង​សកម្ម​ និង​ការ​បញ្ចេញ​មតិយោបល់​ដ៏​មាន​តម្លៃ​។​ កញ្ញា​បាន​បញ្ជាក់​ថា​ ឧបករណ៍​ដែល​បាន​ណែនាំ​មាន​ គោលបំណង​ផ្តល់​អំណាច​ និង​ចំណេះដឹង​ជាក់ស្តែង​ដល់​សហគមន៍​ សម្រាប់​ ការ​តាមដាន​ព្រៃឈើ​ និង​បាន​លើកទឹកចិត្ត​ ឱ្យ​អ្នកចូលរួម​បន្ត​ផ្តល់​មតិយោបល់​តាម​រយៈ​ក្រុម​តេ​ឡេ​ក្រាម​ ព្រមទាំង​ណែនាំ​សមាជិក​សហគមន៍​ផ្សេង​ទៀត​ឱ្យ​ចូលរួម​ ផង​ដែរ​។​ ក្រុម​តេ​ឡេ​ក្រាម​ នេះ​នឹង​ក្លាយជា​វេទិកា​បន្ត​សម្រាប់​ការ​ទំនាក់ទំនង​ និង​ការ​សហការ​គ្នា​រវាង​ក្រុមការងារ​អូ​ឌី​ស៊ី​ និង​សហគមន៍​ដោយ​ផ្ទាល់​។​

​បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ​ ក្រុមការងារ​អូ​ឌី​ស៊ី​ បាន​សម្របសម្រួល​ជាមួយ​លោក​ ស៊ុំ​ សារាយ​ ដែល​ជា​តំណាង​សហគមន៍​ វាល​កន្សែង​ ដើម្បី​អមដំណើរ​ក្រុមការងារ​ចុះ​ទស្សនកិច្ច​តំបន់​ព្រៃ​សហគមន៍​វាល​កន្សែង​។​

​ដំណើរ​ទស្សនកិច្ច​បាន​បញ្ចប់​ដោយ​បទ​ពិសោធន៍​សិក្សា​ដ៏​វិជ្ជមាន​ និង​ការ​យល់​ដឹង​កាន់តែ​ស៊ីជម្រៅ​អំពី​តម្រូវការ​ និង​ បញ្ហា​ប្រឈម​របស់​សហគមន៍​ក្នុង​ការ​ការពារ​ធនធាន​ព្រៃឈើ​របស់​ពួក​គេ​។​ អង្គការ​អូ​ឌី​ស៊ី​នៅ​តែ​ប្តេជ្ញា​ចិត្ត​បន្ត​ធ្វើការ​យ៉ាង​ ជិត​ស្និទ្ធ​ជាមួយ​សហគមន៍​មូលដ្ឋាន​ ដើម្បី​ពង្រឹង​ការ​ទទួល​បាន​ព័ត៌មាន​ បង្កើន​សមត្ថភាព​បច្ចេកទេស​ និង​គាំទ្រ​ដល់​គំនិត​ ផ្តួចផ្តើម​ត្រួតពិនិត្យ​ព្រៃឈើ​ដែល​ដឹកនាំ​ដោយ​សហគមន៍​។​