ពង្រឹងវេទិកាជូនដំណឹងអំពីការរំខានព្រៃឈើតាមរយៈការចូលរួមរបស់សហគមន៍
ក្រុមការងារអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ធ្វើទស្សនកិច្ចទៅកាន់សហគមន៍ចំនួនបី នៅខេត្តមណ្ឌលគិរី រតនគិរី និងក្រចេះ ដើម្បីរៀបចំកិច្ចប្រជុំសហគមន៍ និងប្រមូលមតិយោបល់ពីប្រជាពលរដ្ឋមូលដ្ឋាន។ ការចូលរួមទាំងនេះមាន គោលបំណង យល់ដឹងអំពីតម្រូវការ បញ្ហាប្រឈម និងតំបន់ភូមិសាស្ត្រមូលដ្ឋាន និងយកមតិយោបល់ពីសហគមន៍មក កែលម្អ វេទិកាជូនដំណឹងអំពីការរំខានព្រៃឈើ ឱ្យកាន់តែសមស្រប ងាយស្រួលប្រើ មានប្រយោជន៍សម្រាប់ការតាមដាន ព្រៃឈើ និងការសម្រេចចិត្តនៅកម្រិតសហគមន៍។

ការពិគ្រោះយោបល់ជាមួយសហគមន៍ថុងប៉ាង ស្រុកកោះញែក ខេត្តមណ្ឌលគិរី លើប្រធានបទផែនទី និងវេទិកាជូនដំណឹងអំពីការរំខានព្រៃឈើ
នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំកិច្ចពិគ្រោះយោបល់ជាមួយសមាជិកសហគមន៍ថុងប៉ាង ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ កិច្ចប្រជុំមានអ្នកចូលរួមចំនួន ១១ នាក់ រួមមានស្ត្រី ៥ នាក់ ដើម្បីពិភាក្សា អំពីការធ្វើផែនទីសហគមន៍ ឧបករណ៍ឌីជីថល និងវេទិកាជូនដំណឹងអំពីការរំខានព្រៃឈើក្នុងបរិបទនៃការអភិរក្សព្រៃឈើ នៅមូលដ្ឋាន។
កិច្ចពិគ្រោះយោបល់បានចាប់ផ្តើមដោយកញ្ញា អ៊ួន វិមល ដែលបានណែនាំអំពីបេសកកម្មរបស់ អូឌីស៊ី និងស្វាគមន៍ អ្នកចូលរួម ទាំងអស់។ បន្ទាប់មក លោក សំអាន ម៉ារឌី បានបង្ហាញទិដ្ឋភាពទូទៅអំពីការធ្វើផែនទីសហគមន៍ និងតួនាទី របស់ផែនទី ក្នុងការគ្រប់គ្រងដី និងព្រៃឈើ។

ក្នុងអំឡុងពេលពិភាក្សាសមាជិកសហគមន៍បានចែករំលែកបញ្ហាប្រឈមសំខាន់ៗ ដែលពួកគេប្រឈមមុខក្នុងការអភិរក្ស ព្រៃឈើ។ បញ្ហាទាំងនេះរួមមាន កង្វះខាតថវិកា បញ្ហាពាក់ព័ន្ធនឹងកម្មសិទ្ធិលើដីធ្លី និងតំបន់ព្រៃឈើ ព្រមទាំង ផលប៉ះពាល់បរិស្ថានពីការគ្រប់គ្រងដីរបស់រដ្ឋ (ដីសមូហភាពមិនទាន់ចុះបញ្ជីរួច)។ អ្នកចូលរួមក៏បានលើកឡើងអំពីបញ្ហា បច្ចេកទេស ដោយសារសមាជិកសហគមន៍ភាគច្រើនពឹងផ្អែកលើទូរស័ព្ទដៃជាចម្បង និងមានការចូលប្រើឧបករណ៍ ឌីជីថលផ្សេងៗនៅមានកម្រិត។
ដើម្បីយល់ដឹងកាន់តែច្បាស់អំពីបទពិសោធន៍របស់អ្នកចូលរួមជាមួយផែនទី អ្នកសម្របសម្រួលបានសួរអំពីការប្រើប្រាស់ ផែនទី និងផែនទីឌីជីថល។ ក្រុមការងារបានបង្ហាញរូបសញ្ញា Google Maps ដល់អ្នកចូលរួម ដែលអ្នកចូលរួមមួយចំនួនអាច ស្គាល់ខណៈអ្នកផ្សេងទៀតមិនស្គាល់ទេ។ សមាជិកសហគមន៍បានពន្យល់ថា ពួកគេច្រើនត្រូវការស្វែងរកផ្លូវទៅកាន់ទីតាំងជាក់លាក់ ប៉ុន្តែមិនសូវដឹងពីការប្រើ Google Maps នោះទេ។ ផ្ទុយទៅវិញពួកគេប្រើប្រាស់តេឡេក្រាមច្រើន សម្រាប់ទំនាក់ទំនងនៅក្នុងសហគមន៍មូលដ្ឋាន។
បន្ទាប់មក លោក ម៉ារឌី បានណែនាំអំពីវេទិកាជូនដំណឹងអំពីការរំខានព្រៃឈើដែលប្រើប្រាស់តេឡេក្រាម ដោយពន្យល់ ពីវិធីដែលវាផ្តល់ព័ត៌មានបច្ចុប្បន្នភាពអំពីការផ្លាស់ប្តូរព្រៃឈើ និងសារជូនដំណឹងអំពីការកាប់បំផ្លាញព្រៃឈើ។ អ្នកចូលរួម ត្រូវបានបង្ហាញពីរបៀបទទួលបានលេខនិយាមកាភូមិសាស្ត្រ និងមើលទីតាំងនៅលើ Google Maps។

សមាជិកសហគមន៍បានសម្ដែងការកោតសរសើរយ៉ាងខ្លាំងចំពោះសារជូនដំណឹងអំពីការប្រែប្រួលនៃព្រៃឈើ ហើយបង្ហាញចំណាប់អារម្មណ៍ចំពោះរបៀបដំណើរការរបស់ប្រព័ន្ធនេះ។ អ្នកចូលរួមមួយចំនួនបានសួរសំណួរលម្អិត ដូចជា តើសារជូនដំណឹងត្រូវបានផ្ញើញឹកញាប់ប៉ុន្មានដង និងតើប្រព័ន្ធអាចរកឃើញការកាប់ឈើតែមួយដើមបានដែរឬទេ។ លោក ម៉ារឌី បាន ពន្យល់អំពីដំណើរការទូទៅនៅពីក្រោយសារជូនដំណឹងទាំងនេះ រួមទាំងការរកឃើញការផ្លាស់ប្តូរតាមរយៈពេលមិនមែន ភ្លាមៗទេ។
បច្ចុប្បន្ននេះ សហគមន៍ថុងប៉ាងមិនទាន់មានផែនទីសហគមន៍ផ្ទាល់ខ្លួននៅឡើយទេ។ ទោះជាយ៉ាងណាកិច្ចពិគ្រោះ យោបល់នេះ បានក្លាយជាជំហានដំបូងដ៏សំខាន់ ក្នុងការកសាងការយល់ដឹងអំពីឧបករណ៍ផែនទីឌីជីថល និងប្រព័ន្ធ តាមដានព្រៃឈើ ដែលអាចគាំទ្រដល់ការរៀបចំផែនទី ដោយសហគមន៍ជាអ្នកដឹកនាំ និងការខិតខំប្រឹងប្រែងអភិរក្ស ព្រៃឈើ នាពេលអនាគត។
ការពិគ្រោះយោបល់ត្រូវបានបញ្ចប់ដោយការពិភាក្សាជាក្រុម និងការណែនាំអនុវត្តដោយផ្ទាល់ ដឹកនាំដោយ លោក សំអាន ម៉ារឌី លោក ឡុច កល្យាណ លោក ឆេង ហុងឆាយ និងកញ្ញា អ៊ួន វិមល។ អ្នកសម្របសម្រួលបានបង្ហាញ ជាការអនុវត្តន៍ជាក់ស្តែង ដើម្បីជួយឱ្យអ្នកចូលរួមទទួលបានបទពិសោធន៍ផ្ទាល់ក្នុងការប្រើប្រាស់ Google Maps ដើម្បី បកស្រាយ និងយល់ដឹងអំពីព័ត៌មានការរំខានព្រៃឈើ។ សកម្មភាពនេះរួមមានការណែនាំជាជំហានៗ អំពីរបៀបបើក និងយល់អំពីសារជូនដំណឹងការរំខានព្រៃឈើ ដែលត្រូវ បានផ្ញើតាមតេឡក្រាម ទៅកាន់សហគមន៍ ដែលជាឧបករណ៍ទំនាក់ទំនងសំខាន់សម្រាប់ការតាមដានការកាប់បំផ្លាញ ព្រៃឈើ។ តាមរយៈការអនុវត្តនេះសមាជិកសហគមន៍អាចយល់ដឹងបានកាន់តែច្បាស់អំពីរបៀបដែលផែនទីឌីជីថល និង វេទិកាជូនដំណឹងអាចគាំទ្រការខិតខំប្រឹងប្រែងនៅមូលដ្ឋានក្នុងការតាមដាន និងការពារធនធានព្រៃឈើរបស់ពួកគេ។

ការពិគ្រោះយោបល់ជាមួយសហគមន៍ភូមិស្វាយ ស្រុកអូរជុំ ខេត្តរតនគិរី លើប្រធានបទផែនទី និងវេទិកាជូនដំណឹងអំពីការរំខានព្រៃឈើ
នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារអូឌីស៊ី បានរៀបចំការពិគ្រោះយោបល់ជាមួយសហគមន៍ភូមិស្វាយ ស្រុកអូរជុំ ខេត្តរតនគិរី ដើម្បីណែនាំ និងពិភាក្សាអំពី វេទិកាជូនដំណឹងអំពីការរំខានព្រៃឈើ និងពង្រឹងការចូលរួម របស់សហគមន៍ក្នុងការការពារព្រៃឈើ។ ការប្រជុំនេះមានសមាជិកសហគមន៍ចំនួន ៤៤នាក់ រួមទាំងស្ត្រី ២០នាក់ ដែលបង្ហាញពីការខ្នះខ្នែងរបស់សហគមន៍ក្នុងការរៀនសូត្រ និងចូលរួមជាមួយឧបករណ៍ និងវិធីសាស្ត្រថ្មីៗ។
កិច្ចប្រជុំបានចាប់ផ្តើមជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅពីកញ្ញា អ៊ួន វិមល ដែលបានថ្លែងអំណរគុណដល់អ្នកចូលរួមទាំងអស់សម្រាប់ការចូលរួមការពិភាក្សា។ បន្ទាប់មក លោក កាំង វុទ្ធី អនុភូមិ នៃភូមិស្វាយ បានលើកឡើងពីគោលបំណងសំខាន់នៃការប្រជុំ ដើម្បីសហការជាមួយអូឌីស៊ី ក្នុងការតាមដានការប្រែប្រួលព្រៃឈើនៅក្នុងសហគមន៍ និងដើម្បីប្រមូលមតិយោបល់ពីអ្នកចូលរួមក្នុងភូមិ ដើម្បីកែលម្អវេទិកាបន្ថែមទៀត។

លោក កាំង វុទ្ធី ក៏បានរំលឹកដល់អ្នកចូលរួមអំពីការលះបង់របស់វីរកងទ័ពកម្ពុជាដែលកំពុងការពារ ព្រំដែនជាតិ ហើយលើកទឹកចិត្តឱ្យអ្នកចូលរួមមានភាពក្លាហានក្នុងការចែករំលែកគំនិត និងបទពិសោធន៍របស់ខ្លួននៅក្នុង កិច្ចពិគ្រោះយោបល់នេះដើម្បីពង្រឹងសាមគ្គីភាព និងកិច្ចសហការរបស់សហគមន៍។
សមាជិកក្រុមការងារអូឌីស៊ី លោក សំអាន ម៉ារឌី បានដឹកនាំការពិភាក្សាសំខាន់ៗ ដោយសួរអ្នកចូលរួមអំពីការរៀបចំ មុនចេញល្បាតព្រៃ និងវិធីសាស្ត្រកំណត់គោលដៅនៃការល្បាត។ អ្នកចូលរួមបានចែករំលែកបទពិសោធន៍ និងបញ្ហា ប្រឈមរបស់ពួកគេ ជាពិសេសពាក់ព័ន្ធនឹងសកម្មភាពកាប់បំផ្លាញព្រៃឈើខុសច្បាប់នៅក្នុងភូមិ។ សមាជិកសហគមន៍ មួយចំនួនបានពន្យល់ថា នៅពេលរកឃើញការកាប់ឈើខុសច្បាប់ ពួកគេរាយការណ៍ករណីទៅកាន់ប៉ូលិស ឬអាជ្ញាធរពាក់ព័ន្ធ។ ខណៈដែលអ្នកផ្សេងទៀតបានចែករំលែកយុទ្ធសាស្ត្រផ្សេងៗ ដូចជាការបញ្ឈប់ ឬឃាត់ខ្លួនអ្នកកាប់ឈើ ខុសច្បាប់ដោយផ្ទាល់ ដើម្បីទប់ស្កាត់ការបំផ្លាញព្រៃឈើបន្ថែមទៀត។

ក្នុងអំឡុងពេលពិភាក្សាអំពីការគាំទ្រផ្នែកបច្ចេកទេស អ្នកចូលរួមបានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (drone) និងកាមេរ៉ាដែលដំឡើងនៅចំណុចចូលព្រៃឈើ ដើម្បីកែលម្អការត្រួតពិនិត្យ និងការប្រមូលភស្តុតាង។ ឧបករណ៍ទាំងនេះត្រូវបានគេមើលឃើញថាមានសារៈសំខាន់សម្រាប់ពង្រឹងប្រសិទ្ធភាពល្បាត និងបង្កើនការការពារព្រៃឈើ។ បន្ទាប់មក លោក ម៉ារឌី បានណែនាំអំពីការប្រើប្រាស់ផែនទីអាណាឡូក និងចែកចាយរូបភាពផែនទីដែលបានបោះផ្សាយដល់អ្នកចូលរួម។ អ្នកចូលរួមជាច្រើនបានកត់សម្គាល់ថា ពួកគេមិនទាន់ស៊ាំនឹងផែនទីឌីជីថលនៅឡើយទេ។ ដើម្បីដោះស្រាយបញ្ហានេះ លោក ម៉ារឌី បានពន្យល់ថា ផែនទីឌីជីថលដំណើរការស្រដៀងគ្នាទៅនឹងផែនទីអាណាឡូក ប៉ុន្តែតម្រូវឱ្យមានការភ្ជាប់ជាមួយអ៊ីនធឺណិត ហើយអាចប្រើលើស្មាតហ្វូនបាន។ លោកក៏បានបង្ហាញពីរបៀបដែល Google Maps អាចជួយកំណត់ផ្លូវទៅកាន់គោលដៅល្បាត និងទីតាំងគោលដៅ ដែលធ្វើឱ្យការធ្វើផែនការល្បាតកាន់តែងាយស្រួល និងត្រឹមត្រូវជាងមុន។
អ្នកចូលរួមភាគច្រើនបានស្គាល់ និងប្រើប្រាស់តេឡេក្រាមសម្រាប់ទំនាក់ទំនងរួចមកហើយ។ លោក ម៉ារឌី បានណែនាំអំពីក្រុមតេឡេក្រាម ដែលភ្ជាប់ជាមួយវេទិកាជូនដំណឹងអំពីការរំខានព្រៃឈើរបស់អូឌីស៊ី ហើយបានពន្យល់ ពីវិធីសាស្ត្រនៃដំណើរការរបស់សារជូនដំណឹងស្វ័យប្រវត្តិនៃការជូនដំណឹងអំពីការរំខានព្រៃឈើ។
នៅពេលរកឃើញការរំខានព្រៃឈើ ឬការកាប់បំផ្លាញព្រៃឈើ អ្នកចូលរួមនឹងទទួលបានសារជូនដំណឹងតាមតេឡេក្រាម ដែលរួមមានព័ត៌មានដូចជា៖ រយៈពេលកាលបរិច្ឆេទនៃការរំខាន ផ្ទៃដីដែលរងផលប៉ះពាល់ ទីតាំង និងលេខនិយាមកា តំណភ្ជាប់ទៅកាន់ Google Maps និងវេទិកាជូនដំណឹងអំពីការរំខានព្រៃឈើរបស់អូឌីស៊ី និងទិន្នន័យ KML ដែលអាចទាញយកសម្រាប់ការប្រើប្រាស់បន្ថែមទៀត។ ប្រព័ន្ធនេះអនុញ្ញាតឱ្យសមាជិកសហគមន៍អាចឆ្លើយតបបាន រហ័សជាងមុន និងសម្របសម្រួលការល្បាតព្រៃឈើមានប្រសិទ្ធភាព។
បន្ទាប់ពីការណែនាំរួច អ្នកចូលរួមចំនួន ៤៤ នាក់ ត្រូវបានបែងចែកជាក្រុមពិភាក្សាចំនួន ៤ ក្រុម ដោយក្រុមនីមួយៗ ទទួលបានការពន្យល់ និងណែនាំពីក្រុមការងារអូឌីស៊ី។ បន្ទាប់ពីការពិភាក្សាតាមក្រុម អ្នកចូលរួមបានចែករំលែក មតិយោបល់វិជ្ជមាន និងសម្ដែងការកោតសរសើរចំពោះឱកាសក្នុងការផ្លាស់ប្តូរគំនិត និងបទពិសោធន៍ជាមួយគ្នា។ ពួកគេក៏បានផ្តល់យោបល់ថា គួរបន្ថែមសម្ភារៈជារូបភាព ឬរូបថតបន្ថែម ដើម្បីជួយឱ្យមានការយល់ដឹងកាន់តែច្បាស់ អំពីព័ត៌មានស្តីពីការរំខានព្រៃឈើ។

កិច្ចពិគ្រោះយោបល់ត្រូវបានបញ្ចប់ដោយសុន្ទរកថាបិទពីកញ្ញា អ៊ួន វិមល ដែលបានថ្លែងអំណរគុណដល់អ្នកចូលរួម ទាំងអស់ អាជ្ញាធរ ប្រធានភូមិ និងអនុភូមិ សម្រាប់ការចូលរួមយ៉ាងសកម្ម។ កញ្ញាបានលើកឡើងអំពីការប្តេជ្ញាចិត្ត របស់អូឌីស៊ី ក្នុងការកែលម្អវេទិកាជូនដំណឹងអំពីការរំខានព្រៃឈើឱ្យសមស្របនឹងតម្រូវការរបស់សហគមន៍មូលដ្ឋាន។
អូឌីស៊ីបានលើកទឹកចិត្តឱ្យអ្នកចូលរួមទាំងអស់បន្តមានសកម្មភាពនៅក្នុងក្រុមតេឡេក្រាម ព្រោះវេទិកានេះនឹងជួយឱ្យ សហគមន៍ទទួលបានព័ត៌មានថ្មីៗអំពីផលរំខានព្រៃឈើ និងរក្សាទំនាក់ទំនងគ្នាបាននៅពេលខាងមុខ។ ខណៈដែលវេទិកា ជូនដំណឹងស្តីពីការរំខានព្រៃឈើកំពុងបន្តអភិវឌ្ឍ អូឌីស៊ីសង្ឃឹមថានឹងឃើញមានការចូលរួមកាន់តែច្រើន ពីអ្នកចូលរួម បន្ថែមទៀត ដើម្បីធ្វើការរួមគ្នាក្នុងលើកកម្ពស់កិច្ចការពារព្រៃឈើនៅភូមិស្វាយ និងតំបន់ផ្សេងៗទៀត។
ការពិគ្រោះយោបល់ជាមួយសហគមន៍វាលកន្សែង ស្រុកឆ្លូង ខេត្តក្រចេះ លើប្រធានបទផែនទី និងវេទិកាជូនដំណឹងអំពីការរំខានព្រៃឈើ
ក្រុមការងារអូឌីស៊ីបានរៀបចំការពិគ្រោះយោបល់សហគមន៍ និងការចូលរួមបច្ចេកទេសជាមួយសហគមន៍វាលកន្សែង នៅឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៥ ដោយមានការចូលរួម ពីសមាជិកសហគមន៍ចំនួន ១៨ នាក់ រួមមានស្ត្រីចំនួន ៩ នាក់។ កិច្ចប្រជុំនេះដើមឡើយគ្រោងនឹងធ្វើឡើង នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៥ ប៉ុន្តែត្រូវបានផ្លាស់ប្តូរទៅធ្វើនៅព្រឹកថ្ងៃទី២៤ ខែធ្នូ វេលាម៉ោង ៨:០០ ព្រឹក តាមការស្នើសុំរបស់ សហគមន៍ដោយសារភាពអាចមានពេលវេលាចូលរួមរបស់ពួកគេ។
ការប្រជុំបានចាប់ផ្តើមដោយការណែនាំអំពីអង្គការអូឌីស៊ី និងសម្តែងមតិស្វាគមន៍ដោយកញ្ញា អ៊ួន វិមល ដែលបានលើក ទឹកចិត្តឱ្យអ្នកចូលរួមទាំងអស់ ទាំងស្ត្រី និងបុរស ចូលរួមចែករំលែកបទពិសោធន៍ តម្រូវការ និងបញ្ហាប្រឈមរបស់ ខ្លួនយ៉ាងសកម្ម។ កញ្ញា វិមល បានបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមយ៉ាងទូលំទូលាយពីសហគមន៍ ក្នុងការកែលម្អ ឧបករណ៍ និងការគាំទ្របច្ចេកទេស សម្រាប់ការការពារព្រៃឈើសហគមន៍។

បន្ទាប់ពីវគ្គបើកកិច្ចប្រជុំ លោក សំអាន ម៉ារឌី បានសម្របសម្រួលការពិភាក្សាជាមួយសមាជិកសហគមន៍ដែលបាន ចែករំលែកបទពិសោធន៍របស់ពួកគេក្នុងការធ្វើការត្រួតពិនិត្យព្រៃឈើ ដោយប្រើប្រាស់ឧបករណ៍ SMART។ លោកបាន សួរអំពីវិធីសាស្ត្រនៃការល្បាតព្រៃ និងបញ្ហាប្រឈមដែលសហគមន៍ជួបប្រទះក្នុងអំឡុងពេលអនុវត្តសកម្មភាពល្បាតព្រៃ។ អ្នកចូលរួមបានកំណត់បញ្ហាប្រឈមសំខាន់ៗជាច្រើន រួមមាន៖
- បញ្ហាសត្វទៀកច្រើន
- ការខ្វះខាតមធ្យោបាយធ្វើដំណើរ និងស្ថានភាពផ្លូវមិនល្អ
- ថវិកាមិនគ្រប់គ្រាន់សម្រាប់ការអនុវត្តសកម្មភាពល្បាតព្រៃ
- ភាពលំបាកក្នុងការទទួលបានការគាំទ្របច្ចេកទេសទាន់ពេលវេលាពីអ្នកជំនាញ
- ហានិភ័យសុវត្ថិភាព និងការកើតមានគ្រោះថ្នាក់ ក្នុងអំឡុងពេលល្បាតព្រៃដោយមិនមានថវិកាសម្រាប់គាំទ្រ ករណីគ្រោះថ្នាក់ចៃដន្យ
- ឧបករណ៍មូលដ្ឋាន ដូចជា ស្បែកជើងដើរព្រៃ និងឧបករណ៍ជំនួយបឋមដែលជាតម្រូវការ
សហគមន៍ក៏បានលើកឡើងអំពីតម្រូវការគាំទ្រផ្នែកបច្ចេកទេសជាច្រើនផងដែរ រួមមាន៖
- ផែនទី និងកាមេរ៉ា សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពល្បាតព្រៃ
- ការពង្រឹងជំនាញបច្ចេកទេស ដើម្បីអាចប្រើប្រាស់ឧបករណ៍ដែលមានស្រាប់ឱ្យមានប្រសិទ្ធភាព
- ការបណ្តុះបណ្តាលអំពីបច្ចេកទេសដោះលែងសត្វព្រៃ ក្នុងអំឡុងពេលល្បាតព្រៃ
ការពិភាក្សាបានបន្តទៅកាន់ការណែនាំផ្នែកបច្ចេកទេសអំពីការធ្វើផែនទីសហគមន៍ ដែលក្នុងនោះ លោក ម៉ារឌី បាន ពន្យល់ថា ការធ្វើផែនទីបានគូសបង្ហាញធាតុនានា ដែលអាចជួយឱ្យសហគមន៍មើលឃើញបានច្បាស់អំពីផ្លូវ ទីតាំង សំខាន់ៗ និង តំបន់ផ្សេងៗនៅលើផ្ទៃរាបស្មើ។
នៅពេលពិភាក្សាអំពីផែនទីឌីជីថល អ្នកចូលរួមបានចែករំលែកថា ទោះបីជាពួកគេដឹងអំពីឧបករណ៍ផែនទីឌីជីថល ក៏ដោយ ក៏ការយល់ដឹងនៅមានកម្រិតនៅឡើយ។ ប្រហែល ៣០% នៃអ្នកចូលរួមបាននិយាយថា បានប្រើប្រាស់ Google Maps ប៉ុន្តែមិនទាន់មានទំនុកចិត្តគ្រប់គ្រាន់។ លោក ម៉ារឌី បានបង្ហាញអំពីចំណុចប្រទាក់របស់ Google Maps និងពន្យល់អំពីវិធីសាស្ត្រដែលផែនទីឌីជីថលអាចបង្ហាញផ្លូវ និងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្វែងរកទីតាំងផ្សេងៗ លើផែនទីអន្តរកម្ម។

បន្ទាប់មក ក្នុងវគ្គលំហាត់អនុវត្តជាក់ស្តែង ដែលអ្នកចូលរួមបានរៀនពីការស្វែងរកសាលាស្រុកឆ្លូង កំណត់ផ្លូវធ្វើដំណើរ និងប៉ាន់ស្មានពេលវេលាធ្វើដំណើរ ដោយប្រើប្រាស់ Google Maps។
នៅចុងបញ្ចប់ អ្នកចូលរួមត្រូវបានអញ្ជើញឱ្យស្កេន QR កូដដើម្បីចូលរួមក្នុងក្រុមតេឡេក្រាមដែលនឹង ក្លាយជាបណ្តាញទំនាក់ទំនងសំខាន់រវាងអង្គការអូឌីស៊ី និងសហគមន៍។
តាមរយៈក្រុមតេឡេក្រាម អង្គការអូឌីស៊ី បានណែនាំអំពីវេទិកាជូនដំណឹងអំពីការរំខានព្រៃឈើ (Forest Disturbance Platform) ដោយបានចែករំលែកការជូនដំណឹងអំពីការរំខានព្រៃឈើ ដែលរួមមានព័ត៌មានដូចជា៖
- ចន្លោះពេលវេលានៃការកើតមានការរំខាន
- ទំហំដីដែលរងផលប៉ះពាល់
- តំបន់គ្របដណ្តប់ និងកូអរដោនេភូមិសាស្ត្រ
- តំណភ្ជាប់ផ្ទាល់ទៅកាន់ Google Maps និងវេទិកាតាមដានការរំខានព្រៃឈើ
ក្នុងអំឡុងពេលពិភាក្សាក្រុម អ្នកចូលរួមបានបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលប្រើទិន្នន័យអំពីការរំខានព្រៃឈើ នៅក្នុង កម្រិតតូច និងមានលក្ខណៈមូលដ្ឋានជាងនេះ ដើម្បីអាចតាមដាន និងត្រួតពិនិត្យការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ព្រៃ សហគមន៍របស់ពួកគេបានកាន់តែមានប្រសិទ្ធភាព។
មុនពេលបញ្ចប់កិច្ចពិគ្រោះយោបល់ កញ្ញា អ៊ួន វិមល បានថ្លែងអរគុណដល់អ្នកចូលរួមទាំង ១៨នាក់ ចំពោះការ ចូលរួមយ៉ាងសកម្ម និងការបញ្ចេញមតិយោបល់ដ៏មានតម្លៃ។ កញ្ញាបានបញ្ជាក់ថា ឧបករណ៍ដែលបានណែនាំមាន គោលបំណងផ្តល់អំណាច និងចំណេះដឹងជាក់ស្តែងដល់សហគមន៍ សម្រាប់ ការតាមដានព្រៃឈើ និងបានលើកទឹកចិត្ត ឱ្យអ្នកចូលរួមបន្តផ្តល់មតិយោបល់តាមរយៈក្រុមតេឡេក្រាម ព្រមទាំងណែនាំសមាជិកសហគមន៍ផ្សេងទៀតឱ្យចូលរួម ផងដែរ។ ក្រុមតេឡេក្រាម នេះនឹងក្លាយជាវេទិកាបន្តសម្រាប់ការទំនាក់ទំនង និងការសហការគ្នារវាងក្រុមការងារអូឌីស៊ី និងសហគមន៍ដោយផ្ទាល់។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ក្រុមការងារអូឌីស៊ី បានសម្របសម្រួលជាមួយលោក ស៊ុំ សារាយ ដែលជាតំណាងសហគមន៍ វាលកន្សែង ដើម្បីអមដំណើរក្រុមការងារចុះទស្សនកិច្ចតំបន់ព្រៃសហគមន៍វាលកន្សែង។
ដំណើរទស្សនកិច្ចបានបញ្ចប់ដោយបទពិសោធន៍សិក្សាដ៏វិជ្ជមាន និងការយល់ដឹងកាន់តែស៊ីជម្រៅអំពីតម្រូវការ និង បញ្ហាប្រឈមរបស់សហគមន៍ក្នុងការការពារធនធានព្រៃឈើរបស់ពួកគេ។ អង្គការអូឌីស៊ីនៅតែប្តេជ្ញាចិត្តបន្តធ្វើការយ៉ាង ជិតស្និទ្ធជាមួយសហគមន៍មូលដ្ឋាន ដើម្បីពង្រឹងការទទួលបានព័ត៌មាន បង្កើនសមត្ថភាពបច្ចេកទេស និងគាំទ្រដល់គំនិត ផ្តួចផ្តើមត្រួតពិនិត្យព្រៃឈើដែលដឹកនាំដោយសហគមន៍។
