ភាពជោគជ័យនៃ “ពានរង្វាន់គ្រាប់ពូជ” នៃកម្មវិធីមេគង្គអាយស៊ីធីខែមលើកទី៥ ឆ្នាំ ២០១៧
ភាពលេចធ្លោ ដែលចេញពី កម្មវិធីមេគង្គអាយស៊ីធីខែមលើកទី៥ ឆ្នាំ ២០១៧ ដែលបានរៀបចំឡើងដោយ អង្គការទិន្នន័យអំពីការអភិវឌ្ឍ គឺ “ពានរង្វាន់គ្រាប់ពូជ” ដែលផ្តល់ទឹកប្រាក់ចំនួន ៣.០០០ ដុល្លារសហរដ្ឋអាមេរិច សម្រាប់ក្រុមនីមួយៗ នៃអ្នកទទួលបានពានរង្វាន់ពីប្រាំប្រទេស។ ប្រហែលជាកន្លះឆ្នាំបន្ទាប់ពីទទួលពានរង្វាន់ ក្រុមនីមួយៗបានអនុវត្តគម្រោងរបស់ពួកគេ យើងចង់ឆ្លុះបញ្ចាំងពីស្ថានភាពនៃគម្រោងទាំងនោះ ដែលមាននៅប្រទេសកម្ពុជា ថៃ វៀតណាម ឡាវ និងមីយ៉ាន់ម៉ា។ នៅផ្នែកដំបូងនៃប្លក់ខ្លីជាស៊េរីនេះ យើងនឹងបង្ហាញជូន នូវគម្រោងជាទម្រង់លើបណ្ដាញ ដែលមានលក្ខណៈច្នៃប្រឌិតថ្មី និងគួរឱ្យចាប់អារម្មណ៍គឺ៖ កម្មវិធី CCEducare របស់ប្រទេសមីយ៉ាន់ម៉ា កម្មវិធីទូរស័ព្ទ CAM Lost and Found របស់កម្ពុជា និងទំព័រ iLearning ដែលបង្កើតឡើងដោយសមាជិកក្រុមមួយមកពីប្រទេសឡាវ។ គម្រោងដែលទទួលបានទាំងអស់ត្រូវបានឧបត្ថម្ភដោយកម្មវិធី SPIDER -កម្មវិធីរបស់ប្រទេសស៊ុយអែតសម្រាប់វិស័យ ICT នៅក្នុងតំបន់កំពុងអភិវឌ្ឍន៍។
CCEducare Myanmar៖ វគ្គសិក្សាតាមប្រព័ន្ធអ៊ិនធឺណេត/លើបណ្ដាញ
សម្រាប់ក្រុម CCEducare Myanmar ការតភ្ជាប់រវាងកម្មវិធីលើបណ្ដាញ (online) និងក្រៅបណ្ដាញ (offline) គឺជាផ្នែកមួយនៃខ្លឹមសារណែនាំសម្រាប់គម្រោងអប់រំរបស់ក្រុម CCEducare នៃប្រទេសមីយ៉ាន់ម៉ា។ ក្រុមនេះបានបង្កើតកម្មវិធីអាហារូបករណ៍មួយ ដែលមានឈ្មោះថា “កម្មវិធីអប់រំពលរដ្ឋសកម្ម” ដែលរួមបញ្ចូលនូវវគ្គសិក្សាលើបណ្ដាញ ជាមួយនឹងការរៀននៅក្នុងថ្នាក់។ វិធីសាស្ត្រកូនកាត់នេះ កើតចេញពីវប្បធម៌សិក្សារបស់ប្រទេសមីយ៉ាន់ម៉ា។ សមាជិកក្រុមម្នាក់បាននិយាយថា «ក្រុមរបស់យើងបានគិតអំពីរបៀប ដែលយើងអាចទទួលចំណេះដឹង ពីការរៀនតាមប្រព័ន្ធអ៊ីនធឺណេត នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ អ្វីដែលជាបញ្ហានោះគឺ យុវវ័យនៅក្នុងប្រទេសមីយ៉ាន់ម៉ា មិនសូវស្គាល់ការសិក្សាតាមប្រព័ន្ធអ៊ីនធឺណេតទេ ដូច្នេះយើងសម្រេចចិត្តជ្រើសរើសវិធីសាស្ត្រ រួមបញ្ចូលការសិក្សា លើបណ្ដាញ (online) និងថ្នាក់រៀន»។ ក្រុម CCEducare ជ្រើសរើសអ្នកចូលរួមចំនួន ១៥នាក់ ក្នុងចំណោមអ្នកដាក់ពាក្យសុំអាហារូបករណ៍ជាង ៥០នាក់ សម្រាប់វគ្គសិក្សាដំបូង។ ប្រជាពលរដ្ឋវ័យក្មេង បានចូលរួមក្នុងថ្នាក់រៀន និងរៀនមេរៀនលើបណ្ដាញ ដែលបង្រៀនដោយគ្រូ ដែលមានបទពិសោធន៍។ ប្រធានបទ នៃការបណ្ដុះបណ្ដាលលើកទី១គឺ៖ ការអប់រំជាពលរដ្ឋ។ «យើងសម្រេចចិត្តបញ្ចូលប្រធានបទ ទាក់ទងនឹងនិន្នាការនយោបាយ សង្គម និងសេដ្ឋកិច្ច ដែលក្រុមយុវវ័យគួរតែយល់ដឹងនៅក្នុងសម័យសកលភាវូបនីយកម្មនេះ» សមាជិកក្រុមម្នាក់នេះបន្ថែមថា «យើងចង់បង្រៀន អ្នកចូលរួមអំពីរបៀប ដែលពួកគេអាចចូលរួម និងសិទ្ធិជាមូលដ្ឋានដែលពួកគេមាន ក្នុងនាមជាពលរដ្ឋសកម្ម»។ លោក ទីន លីន ដែលជាសិក្ខាកាមមួយរូប បានលើកឡើងពីអ្វីដែលបានជម្រុញគាត់ឱ្យដាក់ពាក្យសុំចូលរៀនវគ្គសិក្សានេះ «ខ្ញុំសង្ឃឹមថា មេរៀនដែលខ្ញុំរៀនពីវគ្គនេះ នឹងផ្តល់ចំណេះដឹងដល់ខ្ញុំកាន់តែប្រសើរ ដើម្បីឱ្យខ្ញុំអាចជួយសិស្សរបស់យើង ឱ្យយល់ពីតួនាទី និងសិទ្ធិរបស់ពួកគេ ក្នុងនាមជាពលរដ្ឋមីយ៉ាន់ម៉ា»។ អ្នកអាចស្វែងយល់បន្ថែមពី គម្រោងនេះនៅលើទំព័រហ្វេសប៊ុក របស់ពួកគេ និងតាមរយៈវេទិកាសិក្សាលើអ៊ីនធឺណិត CCEducare Myanmar។ នាពេលអនាគត ក្រុមនេះនឹងរៀបចំវគ្គសិក្សាបន្ថែមទៀត ជាឧទាហរណ៍មុខវិជ្ជាដូចជា “សហគមន៍” “ការចូលរួម” និង “ផែនការសកម្មភាពសង្គម”។
CAM Lost and Found៖ មធ្យោបាយថ្មីមួយដើម្បីស្វែងរកវត្ថុដែលបាត់របស់អ្នកមកវិញ
តើអ្នកធ្លាប់បាត់បង់វត្ថុសំខាន់ៗ ដូចជាកាបូប ទូរស័ព្ទ ឬកូនសោរដែរឬទេ? ប្រហែលយើងទាំងអស់គ្នា ធ្លាប់មានបទពិសោធន៍មិនល្អបែបនេះ។ ក្រុមយុវវ័យកម្ពុជា បានយល់ដឹងពីបញ្ហានេះ ហើយសម្រេចចិត្តស្វែងរកដំណោះស្រាយ។ ជាលទ្ធផល កម្មវិធីទូរស័ព្ទដ៏ប៉ិនប្រសព្វមួយ អាចជួយអ្នករកឃើញអ្វីដែលអ្នកបានបាត់បង់។ កម្មវិធីទូរស័ព្ទ CAM Lost and Found បង្កើតឡើងដោយតភ្ជាប់ជាមួយផែនទី Google (Google Map) និងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ កំណត់ទីតាំង នៃវត្ថុដែលបាត់បង់ ឬរកឃើញវិញ។ ការរចនាកម្មវិធីទូរស័ព្ទដែលគួរឱ្យទាក់ទាញ និងងាយស្រួលប្រើនេះ នឹងត្រូវដាក់ឱ្យប្រើប្រាស់ និងផ្សព្វផ្សាយជាសាធារណៈក្នុងពេលឆាប់ៗនេះ ដោយសង្ឃឹមថា នឹងផ្តល់ភាពងាយស្រួលដល់ប្រជាជនកម្ពុជា។ នៅពេលបច្ចុប្បន្ន កម្មវិធីទូរស័ព្ទនេះ ស្ថិតនៅក្នុងដំណាក់កាលសាកល្បងនៅឡើយ។ មានតែក្រុមតូចមួយ ដែលជាមិត្តភ័ក្ត្រ និងអ្នកស្គាល់គ្នាប៉ុណ្ណោះ ដែលដាក់ឱ្យប្រើកម្មវិធីនេះសាកល្បង ដើម្បីធ្វើការវាយតម្លៃកំហុសឆ្គងនានា និងពិនិត្យមើលលទ្ធភាពប្រើប្រាស់របស់កម្មវិធីទូរស័ព្ទ។ មុននឹងកម្មវិធីនេះ ដាក់ឱ្យដំណើរការជាសាធារណៈ ក្រុមការងារគម្រោង នៅតែកំពុងស្វែងរកអ្នកឧបត្ថម្ភ និងដៃគូប្រព័ន្ធផ្សព្វផ្សាយបន្ថែមទៀត។ ដោយសារតែវិទ្យុ អេប៊ីស៊ី (ABC) បានទទួលយកនូវសេវាកម្មរបស់ក្រុម CAM Lost and Found សមាជិកក្រុមបាន ពិចារណាលើ ការសហការណ៍ជាមួយវិទ្យុមួយនេះ ដើម្បីបន្តសកម្មភាពរបស់ពួកគេ។ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (Open Development Cambodia) នឹងបន្តតាមដាន និងធ្វើបច្ចុប្បន្នភាពពីគម្រោងមួយនេះទៀត។
ការរៀនអន្តរកម្មលើបណ្តាញ៖ ការរចនាដែលគួរឱ្យចាប់អារម្មណ៍សម្រាប់ទទួលបានចំណេះដឹងកាន់តែប្រសើរ
មិនខុសគ្នាទៅនឹងក្រុមនៅប្រទេសមីយ៉ាន់ម៉ានោះទេ ក្រុមអនុវត្តគម្រោងនៅប្រទេសឡាវ ក៏បានបង្កើតទម្រង់កម្មវិធីលើបណ្តាញមួយ ដែលមានគោលបំណងដើម្បីសម្រេចឱ្យបាននូវវិធីសាស្ត្រសិក្សាសម័យទំនើប។ ក្រុមការងារជឿជាក់ថាការសិក្សាតាមអ៊ិនធឺណែតនេះ អាចនឹងធ្វើឱ្យកាន់តែងាយស្រួល មានភាពទាក់ទាញ និងបង្ហាញពីអន្តរកម្មនៃមាតិកាសិក្សា៖ «មាតិកានៃការសិក្សា នៅលើទម្រង់លើបណ្តាញនេះ នឹងអាចឱ្យមនុស្សយល់កាន់តែច្បាស់ មិនថាពួកគេលំបាកក្នុងការស្រមើលស្រមៃ និងការមើលឃើញនោះទេ»។ គេហទំព័រដែលត្រូវបានបើកឱ្យដំណើរការកាលពីដើមឆ្នាំនេះ ផ្តល់ព័ត៌មានសម្រាប់អ្នកប្រើប្រាស់វ័យក្មេងនៅក្នុងភាពច្នៃប្រឌិត។ ក្រុមគម្រោងបានប្រើប្រាស់ទ្រឹស្តី “ការរៀនដោយលេង” ជាមួយមាតិកាអន្តរកម្ម ដែលជាវិធីសាស្ត្រថ្មីមួយ ដើម្បីបង្កើនការយល់ដឹងរបស់អ្នកប្រើប្រាស់ក្នុងការស្វែងយល់ពីទ្រឹស្តីស្មុគស្មាញ។ ឧទាហរណ៍ ទំព័រមួយនៃទំព័រដំបូង ដែលបង្ហាញអំពីព័ត៌មាននៃបណ្តាប្រទេសអាស៊ាន ដែលបានរៀបចំយ៉ាងល្អ។ នៅលើទំព័រមួយផ្សេងទៀត អ្នកប្រើប្រាស់អាចរៀន អំពីបច្ចេកវិទ្យានៃការប្រើប្រាស់អ៊ីម៉ែល។ នៅមានមុខវិជ្ជាជាច្រើនទៀត ដែលកំពុងត្រូវបានបង្កើតនាពេលបច្ចុប្បន្ន រួមមានដូចជា សុវត្ថិភាពអ៊ីនធឺណែត និងប្រធានបទផ្សេងៗទៀត។ អង្គការទិន្នន័យអំពីការអភិវឌ្ឍ មានភាពរីករាយចំពោះដំណើរការគម្រោងនេះ ហើយកំពុងរង់ចាំមើលមាតិកាបន្ថែម ដែលនឹងបង្កើតឡើងនៅពេលខាងមុខ។ ដោយសារគម្រោងនេះ ផ្តោតពិសេសតែលើប្រជាជនឡាវ គេហទំព័រនេះត្រូវបានសរសេរជាភាសាឡាវតែប៉ុណ្ណោះ។ ទោះបីជាអ្នកមិនយល់ភាសានេះក៏ដោយ ក៏អ្នកគួរតែចូលមើល គេហទំព័រដែលរចនាឡើងយ៉ាងល្អនេះដែរ។
គម្រោងទាំង៣មានលក្ខណៈស្រដៀងគ្នា ដោយពួកគេផ្តល់នូវដំណោះស្រាយ ដោយប្រើប្រាស់អ៊ិនធឺណែតសម្រាប់បញ្ហាដែលកើតមាន។ មិនថាប្រព័ន្ធ ទំនាក់ទំនង ឬកម្មវិធីទូរស័ព្វស្វែងរកវត្ថុដែលបាត់នោះទេ កម្មវិធីទាំងអស់នេះគឺដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់មនុស្ស។ អង្គការអូឌីស៊ី សប្បាយរីករាយ ដោយមើលឃើញពីការអភិវឌ្ឍគម្រោងទាំងអស់ ហើយនឹងបង្ហាញគម្រោងផ្សេងទៀតនៅក្នុងប្លក់បន្ទាប់។ នៅក្នុងប្លក់បន្ទាប់ គឺផ្តោតលើគម្រោងចំនួន២ទៀត ដែលអនុវត្តលើការធ្វើឱ្យប្រសើរឡើងនៅសហគមន៍មូលដ្ឋាន។