ភាពជោគជ័យ​នៃ​ “ពាន​រង្វាន់​គ្រាប់​ពូជ” នៃ​កម្មវិធី​មេគង្គ​អាយ​ស៊ី​ធី​ខែ​ម​លើក​ទី​៥​ ឆ្នាំ​ ២០១៧​

ភាព​លេចធ្លោ​ ដែល​ចេញពី​ កម្មវិធី​មេគង្គ​អាយ​ស៊ី​ធី​ខែ​ម​លើក​ទី​៥​ ឆ្នាំ​ ២០១៧​ ដែល​បាន​រៀបចំ​ឡើង​ដោយ​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ គឺ​ “ពានរង្វាន់គ្រាប់ពូជ”​ ដែល​ផ្តល់​ទឹកប្រាក់​ចំនួន​ ៣.០០០​ ដុល្លារ​សហរដ្ឋ​អា​មេ​រិច​ សម្រាប់​ក្រុម​នីមួយៗ​ នៃ​អ្នក​ទទួលបាន​ពាន​រង្វាន់​ពី​ប្រាំប្រទេស​។​ ប្រហែលជា​កន្លះ​ឆ្នាំ​បន្ទាប់​ពី​​ទទួល​ពានរង្វាន់​ ក្រុម​នី​មួយៗ​បាន​អនុវត្ត​គម្រោង​របស់​ពួក​គេ​ យើង​ចង់ឆ្លុះបញ្ចាំង​​ពី​ស្ថានភាព​នៃ​គម្រោង​ទាំងនោះ​ ដែល​មាននៅ​ប្រទេស​កម្ពុជា​ ថៃ​ វៀតណាម​ ឡាវ​ និង​មីយ៉ាន់ម៉ា។​ នៅ​ផ្នែក​ដំបូង​នៃ​ប្លក់​ខ្លី​ជា​ស៊េរី​នេះ​ យើង​នឹង​បង្ហាញ​ជូន​ នូវ​គម្រោង​ជាទម្រង់​លើ​​បណ្ដាញ​ ដែល​មាន​លក្ខណៈ​ច្នៃប្រឌិត​ថ្មី​ និង​គួរ​ឱ្យ​ចាប់អារម្មណ៍​គឺ​៖​ កម្ម​វិធី CCEducare​ របស់​ប្រ​ទេស​មី​យ៉ាន់​ម៉ា​ កម្មវិធី​ទូរស័ព្ទ​ CAM​ Lost​ and​ Found​ របស់​កម្ពុជា​ និង​ទំព័រ​ iLearning​ ដែល​បង្កើត​ឡើង​ដោយ​សមាជិក​ក្រុម​មួយ​មក​ពី​ប្រទេស​ឡាវ​។​ គម្រោង​ដែល​ទទួល​បាន​ទាំងអស់​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​កម្មវិធី​ SPIDER​ -​កម្ម​វិធី​របស់​​ប្រទេស​​ស៊ុយអែត​​សម្រាប់​​​​​វិស័យ​​ ICT​ នៅ​​​ក្នុង​​​តំបន់​​​​​កំពុង​​អភិវឌ្ឍន៍​​​​។​

CCEducare​ Myanmar៖​ វគ្គ​សិក្សា​តាម​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណេ​ត​/លើ​​បណ្ដាញ​

​សម្រាប់​ក្រុម​ CCEducare​ Myanmar ​កា​រត​ភ្ជាប់​រវាង​កម្មវិធី​លើ​​បណ្ដាញ (online)​​ និង​ក្រៅ​បណ្ដាញ (offline)​ គឺជា​ផ្នែក​មួយ​នៃ​ខ្លឹមសារ​ណែនាំ​សម្រាប់​គម្រោង​អប់រំ​របស់​ក្រុម ​CCEducare​ នៃ​​ប្រទេស​មី​យ៉ា​ន់​ម៉ា​។​ ក្រុម​នេះ​បាន​បង្កើត​កម្មវិធី​អាហារូបករណ៍​មួយ​ ដែល​មានឈ្មោះ​ថា​ “​កម្មវិធី​អប់រំ​ពលរដ្ឋ​សកម្ម​”​ ដែល​រួម​បញ្ចូល​​នូវ​វគ្គ​សិក្សា​លើ​​បណ្ដាញ​ ជាមួយនឹង​ការ​រៀន​នៅ​ក្នុង​ថ្នាក់​។​ វិធីសាស្ត្រ​កូនកាត់​នេះ​ កើត​ចេញពី​វប្បធម៌​សិក្សា​របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា​។​ សមាជិក​ក្រុម​ម្នាក់​បាន​និយាយ​​ថា​ «​ក្រុម​របស់​យើង​បាន​គិត​អំពី​របៀប​ ដែល​យើង​អាច​ទទួល​ចំណេះដឹង​ ពី​ការ​រៀន​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​។​ អ្វី​ដែល​ជា​បញ្ហា​នោះ​គឺ​ យុវវ័យ​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ មិនសូវ​ស្គាល់​ការ​សិក្សា​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ទេ​ ដូច្នេះ​យើង​សម្រេចចិត្ត​ជ្រើសរើស​វិធីសាស្ត្រ​ រួមបញ្ចូលការសិក្សា​​ លើ​​បណ្ដាញ​ (online)​ និង​ថ្នាក់រៀន​»។​​ ក្រុម​ CCEducare​ ជ្រើសរើស​អ្នកចូលរួម​ចំនួន​ ១៥​នាក់​ ក្នុង​ចំណោម​អ្នក​ដាក់​ពាក្យ​សុំអាហារូបករណ៍​ជាង​ ៥០នាក់​ សម្រាប់​វគ្គ​សិក្សា​ដំបូង​។​ ប្រជាពលរដ្ឋ​វ័យក្មេង​ បាន​ចូលរួម​ក្នុង​ថ្នាក់រៀន​ និងរៀន​​មេរៀន​លើ​​បណ្ដាញ​ ដែល​បង្រៀន​ដោយ​គ្រូ​ ដែល​មានបទពិសោធន៍​។​ ប្រធានបទ​ នៃ​ការ​បណ្ដុះបណ្ដាល​លើក​ទី​១​គឺ៖ ​ការ​អប់​រំជា​ពលរដ្ឋ​។​ «​យើង​សម្រេចចិត្ត​បញ្ចូល​ប្រធានបទ​ ទាក់ទង​នឹង​និន្នាការ​នយោបាយ​ សង្គម​ និង​សេដ្ឋកិច្ច​ ដែល​ក្រុម​យុវវ័យ​គួរតែ​យល់​ដឹង​នៅ​ក្នុង​សម័យ​សកលភាវូបនីយកម្មនេះ​​» សមាជិក​ក្រុម​ម្នាក់​នេះ​បន្ថែម​ថា​ «យើង​ចង់​បង្រៀន​ អ្នកចូលរួម​អំពី​របៀប​ ដែល​ពួក​គេ​អាច​ចូលរួម​ និង​សិទ្ធិ​ជា​មូលដ្ឋាន​ដែល​ពួក​គេ​មាន​ ក្នុង​នាម​ជា​ពលរដ្ឋ​សកម្ម​»។​ លោក​ ទី​ន​ លី​ន​ ដែល​ជា​សិក្ខាកាម​មួយ​រូប​ បាន​លើក​ឡើង​ពី​អ្វី​ដែល​បាន​ជម្រុញ​គាត់​ឱ្យ​ដាក់​ពាក្យសុំ​ចូល​រៀន​វគ្គ​សិក្សា​នេះ​ «ខ្ញុំ​សង្ឃឹមថា​ មេរៀន​ដែល​ខ្ញុំ​រៀន​ពី​វគ្គ​នេះ​ នឹង​ផ្តល់​ចំណេះ​ដឹង​​ដល់​ខ្ញុំ​កាន់តែ​ប្រសើរ​ ដើម្បី​ឱ្យ​ខ្ញុំ​អាច​ជួយ​សិស្ស​របស់​យើង​ ឱ្យ​យល់​ពី​តួនាទី​ និង​សិទ្ធិ​របស់​ពួក​គេ​​ ក្នុង​នាម​ជា​ពលរដ្ឋ​មី​យ៉ា​ន់​ម៉ា​»​។​ អ្នក​អាច​ស្វែង​យល់​បន្ថែម​ពី​ គម្រោង​នេះ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ របស់​ពួក​គេ​ និង​តាម​រយៈ​វេទិកា​សិក្សា​លើ​អ៊ីនធឺណិត​ CCEducare​ Myanmar។​ នា​ពេល​អនាគត​​ ក្រុម​នេះ​នឹង​រៀបចំ​វគ្គ​សិក្សា​បន្ថែម​ទៀត​ ជា​ឧទាហរណ៍​មុខ​វិជ្ជាដូច​ជា​​ “សហគមន៍​” “​ការ​ចូលរួម​”​ និង​ “​ផែនការ​សកម្មភាព​សង្គម​”​។​

CAM​ Lost​ and​ Found៖​ មធ្យោបាយ​ថ្មី​មួយ​ដើម្បី​ស្វែងរក​វត្ថុ​ដែលបាត់​របស់​អ្នក​មក​វិញ​

​តើ​អ្នក​ធ្លាប់​​បាត់បង់​វត្ថុ​សំខាន់ៗ​ ដូច​ជា​កាបូប​ ទូរស័ព្ទ​ ឬ​កូនសោ​រដែរ​ឬទេ​?​ ប្រហែល​យើង​ទាំងអស់​គ្នា​ ធ្លាប់​មានបទពិសោធន៍​មិនល្អ​បែប​នេះ​។​ ក្រុម​យុវវ័យ​កម្ពុជា​ បាន​យល់ដឹង​ពី​​បញ្ហា​នេះ​ ហើយ​សម្រេចចិត្ត​ស្វែងរក​ដំណោះស្រាយ​។​ ជា​លទ្ធផល​ កម្មវិធី​ទូរស័ព្ទ​ដ៏​ប៉ិនប្រសព្វ​មួយ​ អាច​ជួយ​អ្នករក​ឃើញ​អ្វី​ដែល​អ្នក​បាន​បាត់បង់​។​ កម្មវិធី​ទូរស័ព្ទ​ CAM​ Lost​ and​ Found​ បង្កើត​ឡើង​​ដោយ​ត​ភ្ជាប់​ជាមួយ​ផែនទី​ Google​ (Google​ Map)​ និង​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​ កំណត់​ទីតាំង​ នៃ​វត្ថុ​ដែល​បាត់បង់​ ឬ​រក​ឃើញ​វិញ​។​ ការ​រចនា​កម្មវិធី​ទូរស័ព្ទ​ដែល​គួរ​ឱ្យ​ទាក់ទាញ​ និង​ងាយស្រួល​ប្រើ​នេះ​ នឹង​ត្រូវ​ដាក់​ឱ្យ​ប្រើប្រាស់​ និង​ផ្សព្វផ្សាយ​ជា​សាធារណៈ​ក្នុង​ពេល​ឆាប់ៗ​នេះ​ ដោយ​សង្ឃឹម​ថា ​​នឹងផ្តល់​ភាព​ងាយ​ស្រួល​ដល់​ប្រជាជន​កម្ពុជា។​ នៅ​ពេល​បច្ចុប្បន្ន​ កម្មវិធីទូរស័ព្ទ​នេះ​ ស្ថិត​នៅ​ក្នុង​ដំណាក់កាល​សាកល្បង​នៅឡើយ​។​ មាន​តែ​ក្រុម​តូច​មួយ​ ដែល​ជា​មិត្ត​ភ័ក្ត្រ​ និង​អ្នក​ស្គាល់គ្នា​ប៉ុណ្ណោះ​ ដែល​ដាក់​ឱ្យ​ប្រើ​កម្មវិធីនេះ​​សាកល្បង​ ដើម្បី​ធ្វើការ​វាយតម្លៃ​កំហុសឆ្គង​នានា​ និង​ពិនិត្យ​មើល​លទ្ធភាព​ប្រើប្រាស់​របស់​កម្មវិធីទូរស័ព្ទ​។​ មុន​នឹង​កម្មវិធី​នេះ​ ដាក់​ឱ្យ​ដំណើរការ​ជា​សាធារណៈ​ ក្រុមការងារ​គម្រោង​ នៅ​តែ​កំពុង​ស្វែងរក​អ្នក​ឧបត្ថម្ភ​ និង​ដៃគូ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បន្ថែម​ទៀត​។​ ដោយ​សារ​តែ​​វិទ្យុ​ អេ​ប៊ី​ស៊ី​ (ABC)​ បាន​ទទួលយក​នូវ​សេវាកម្ម​​របស់​ក្រុម​ CAM​ Lost​ and​ Found​ សមាជិក​ក្រុមបាន ពិចារណា​លើ​ ការ​សហ​ការណ៍​ជាមួយ​វិទ្យុ​មួយ​នេះ​ ដើម្បី​បន្តសកម្មភាព​របស់​ពួក​គេ​។​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (Open​ Development​ Cambodia)​ នឹង​បន្ត​តាមដាន​ និង​ធ្វើ​បច្ចុប្បន្នភាព​ពី​គម្រោង​មួយ​នេះ​ទៀត​។​

​ការ​រៀន​អន្តរ​កម្ម​លើបណ្តាញ​៖​​ ការ​រចនាដែលគួរឱ្យចាប់អារម្មណ៍សម្រាប់​ទទួលបាន​ចំណេះដឹង​កាន់តែ​ប្រសើរ​

​មិន​ខុស​គ្នា​ទៅ​នឹង​ក្រុម​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​នោះ​ទេ​ ក្រុម​អនុវត្ត​គម្រោង​នៅ​ប្រទេស​ឡាវ​ ក៏​បាន​បង្កើត​ទម្រង់​កម្មវិធី​​លើ​បណ្តាញ​មួយ​ ដែល​មាន​គោលបំណង​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​វិធីសាស្ត្រ​សិក្សា​សម័យ​ទំនើប​។​ ក្រុមការងារ​ជឿជាក់​ថា​ការ​សិក្សាតាម​អ៊ិន​ធឺណែត​នេះ​​ អាច​នឹង​​ធ្វើ​ឱ្យ​កាន់តែ​ងាយស្រួល​ មាន​ភាព​ទាក់ទាញ​ និង​បង្ហាញ​ពី​អន្តរ​កម្ម​នៃ​មាតិកាសិក្សា​​៖​ «​មាតិកា​នៃ​ការ​សិក្សា​ ​នៅ​លើ​ទម្រង់​លើ​បណ្តាញ​​នេះ​ នឹង​អាច​ឱ្យ​មនុស្ស​យល់​កាន់តែ​ច្បាស់​ មិន​ថា​ពួក​គេ​លំបាក​ក្នុង​ការ​ស្រមើល​ស្រមៃ​ និង​ការ​មើលឃើញ​នោះ​ទេ»​។​ គេហទំព័រ​ដែល​ត្រូវ​បាន​បើកឱ្យ​ដំណើរការ​កាលពីដើម​ឆ្នាំ​នេះ​ ផ្តល់​ព័ត៌មាន​សម្រាប់​អ្នក​ប្រើប្រាស់​​វ័យក្មេង​នៅ​ក្នុង​ភាព​ច្នៃប្រឌិត​។​ ក្រុម​គម្រោង​បាន​ប្រើប្រាស់​ទ្រឹស្តី​ “​ការ​រៀន​ដោយ​លេង​”​ ជាមួយ​មាតិកា​អន្តរ​កម្ម​ ដែល​ជា​វិធីសាស្ត្រ​ថ្មី​មួយ​ ដើម្បី​បង្កើន​ការ​យល់​ដឹង​របស់​អ្នក​ប្រើប្រាស់ក្នុង​ការ​​ស្វែង​យល់​ពី​ទ្រឹស្តី​ស្មុគស្មាញ​។​ ឧទាហរណ៍​ ទំព័រ​មួយ​នៃ​​ទំព័រ​ដំបូង​ ដែល​បង្ហាញ​អំពី​ព័ត៌មាន​នៃ​​បណ្តា​ប្រទេស​អាស៊ាន​ ដែល​បាន​រៀបចំ​យ៉ាង​ល្អ​។​ នៅ​លើ​ទំព័រ​មួយ​ផ្សេង​ទៀត​ អ្នក​ប្រើប្រាស់​អាច​រៀន​ អំពី​បច្ចេកវិទ្យា​នៃ​ការ​ប្រើប្រាស់​អ៊ី​ម៉ែ​ល​។​ នៅមាន​មុខ​វិជ្ជា​ជា​ច្រើន​ទៀត​ ដែល​កំពុង​ត្រូវ​បាន​បង្កើត​នា​ពេល​បច្ចុប្បន្ន​ រួម​មាន​ដូចជា​ ​សុវត្ថិភាព​អ៊ីនធឺណែ​ត​ និង​ប្រធានបទ​ផ្សេងៗ​ទៀត​។​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ មាន​ភាព​រីករាយ​ចំពោះ​ដំណើរការ​គម្រោង​នេះ​ ហើយ​កំពុង​រង់ចាំ​មើល​មាតិកា​បន្ថែម ​ដែល​នឹង​បង្កើត​ឡើង​​នៅ​ពេល​ខាង​មុខ​។​ ដោយសារ​គម្រោង​នេះ​ ផ្តោត​ពិសេស​តែ​លើ​ប្រជាជន​ឡាវ​ គេហទំព័រ​នេះ​ត្រូវ​បាន​សរសេរ​ជា​ភាសា​ឡាវ​តែ​ប៉ុណ្ណោះ​។​ ទោះបីជា​អ្នក​មិន​យល់​ភាសានេះ​ក៏ដោយ​​ ក៏​អ្នក​គួរតែ​ចូល​មើល​ គេហទំព័រ​ដែល​រចនា​ឡើង​យ៉ាង​ល្អ​នេះ​ដែរ​។​

​គម្រោង​ទាំង៣​មាន​លក្ខណៈ​ស្រ​ដៀង​គ្នា​ ដោយ​​ពួក​គេ​ផ្តល់​នូវ​ដំណោះស្រាយ​ ដោយ​ប្រើប្រាស់​អ៊ិ​ន​ធឺ​ណែ​ត​សម្រាប់​បញ្ហា​ដែល​កើត​មាន​។​ មិន​ថា​ប្រព័ន្ធ​ ទំនាក់ទំនង​ ឬ​កម្មវិធី​ទូរ​ស័​ព្វ​ស្វែងរក​វត្ថុ​ដែល​បាត់​នោះ​ទេ កម្មវិធី​ទាំង​អស់​នេះ​គឺ​ដើម្បី​សម្រួល​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃរបស់​មនុស្ស​​។​ អង្គការ​អូ​ឌី​ស៊ី​ សប្បាយ​រីករាយ​ ដោយ​មើលឃើញ​ពី​ការ​អភិវឌ្ឍ​គម្រោង​ទាំងអស់​ ហើយនឹង​បង្ហាញ​គម្រោង​ផ្សេង​ទៀត​នៅ​ក្នុង​ប្លក់​បន្ទាប់​។​ នៅ​ក្នុង​ប្លក់​បន្ទាប់​ គឺ​ផ្តោត​លើ​គម្រោង​ចំនួន២​ទៀត​ ដែល​អនុវត្ត​លើ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៅ​សហគមន៍​មូលដ្ឋាន​។​