ភាពជោគជ័យ​នៃ​ “ពាន​រង្វាន់​គ្រាប់​ពូជ” នៃ​កម្មវិធី​មេគង្គ​អាយ​ស៊ី​ធី​ខែ​ម​លើក​ទី​៥​ ឆ្នាំ​ ២០១៧​ (បន្ត)

​នៅ​ក្នុង​ប្លក់​មុន​​ យើង​រៀបរាប់​នៅ​ក្នុង​ស៊េរី​ប្លក់​ពី​លទ្ធផល​នៃ​គម្រោង​ទាំង​៥ ​ដែល​​ត្រូវ​​បាន​​ជ្រើស​រើស​​ឱ្យ​ទទួល​​ពាន​រង្វាន់​គ្រាប់​ពូជ​​ក្នុង​ កម្មវិធី​មេគង្គ​អាយ​ស៊ី​ធី​ខែ​ម​ ២០១៧​។​ បន្ទាប់​ពី​បាន​ណែនាំ​ក្រុម​ដែល​មក​ពី​កម្ពុជា​ មី​យ៉ា​ន់​ម៉ា​ និង​ឡាវ​ នៅ​ក្នុង​ប្លក់​មុន​មក​ ពេល​នេះ​យើងនឹង​ណែនាំ​គម្រោង​ដែល​ឈ្នះ​ពី​ប្រទេស​ថៃ​ និង​វៀតណាម​។​ គម្រោង​ទាំង​ពីរ​គឺ​៖​ វិទ្យាស្ថាន​សិក្សា​មេគង្គ​នៃ​ចំណេះដឹង​មូលដ្ឋាន​ និង​គម្រោង​ទឹកជំនន់​ បាន​ទទួល​ទឹកប្រាក់​ចំនួន​ ៣.០០០​ដុល្លារ​ ពី​កម្មវិធី​ SPIDER​ ដែល​ជា​កម្ម​វិធី​របស់​​ប្រទេស​​ស៊ុយអែត​​សម្រាប់​​​​​វិស័យ​​ ICT​ នៅ​​​ក្នុង​​​តំបន់​​​​​កំពុង​​អភិវឌ្ឍន៍​​​​​។​

ជំរុំ​ធម្មជាតិ​មេគង្គ​៖​ ជា​បទ​ពិសោធ​ជិត​ស្និទ្ធជាមួយ​​ធម្មជាតិ​សម្រាប់​យុវជន​ ២០​ នាក់​

​រយៈពេល​២​ថ្ងៃ​នៃ​ការ​រៀនសូត្រ​ពី​បទ​ពិសោធន៍​ក្នុង​បរិបទ​ធម្មជាតិ ​និង​សង្គម​នៃ​ទន្លេមេគង្គ​ ដែល​ជា​ប្រភព​ទន្លេ​ដ៏​ធំ​មួយ​របស់​ប្រទេស​ថៃ​ ដែល​ជា​ព្រំប្រទល់​ជាមួយ​ប្រទេស​ឡាវ​។​ នេះ​ជា​អ្វី​ដែលយុវជន​២០​នាក់​ អាច​រីករាយ​ក្នុងអំឡុងពេល​បោះជំរុំ​ធម្មជាតិ​មេគង្គ​។​ គម្រោង​នេះ​រៀបចំ​ដោយ​សាលា​មេគង្គ​ ដោយ​​ផ្តោត​លើ​ចំណេះដឹង​ដែល​មាននៅ​មូលដ្ឋាន​ និង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​វាយតម្លៃ​បរិស្ថាន​នេះ​។​ សិស្សៗ​ទាំង​នោះ​មាន​ភាពសប្បាយ​រីករាយ​នឹង​ការ​បោះជំរុំ​ ដែលកម្ម​វិធីនេះ​រួម​មាន​សកម្មភាព​ដូច​ជា​ ការ​ធ្វើ​ដំណើរ​តាម​ទូក​ និង​ការ​សន្ទនា​ជាមួយ​អ្នកស្រុក​ដើម្បី​រៀន​អំពី​ប្រវត្តិសាស្ត្រ​របស់​ទន្លេ​។​ យោង​តាម​អ្នក​រៀបចំ​កម្មវិធី​ «យុវជនទាំង​នោះ​បាន​យល់​ដឹង​អំពី​ភាព​សំបូរ​បែប​នៃ​ទន្លេមេគង្គ​ ដែល​ជា​ជម្រក​សត្វ​ និង​បក្សី​ជា​ច្រើន​ដែលយុវជន​មិន​ដែល​ធ្លាប់​ឮ​ពី​មុន​មក​»​។​ ពិត​ណាស់​បទ​ពិសោធ​នៃ​ការ​រៀនសូត្រ​នេះ​ មិន​ត្រឹមតែ​ជា​វប្បធម៌​នៃ​ការ​ផ្ទេរ​ចំណេះដឹង​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​​ទាំង​​ជា​កម្មវិធី​​​អនុវត្ត​​ជាក់​ស្តែង​ ដែល​អាច​ឱ្យ​យុវជន​​​ស្វែង​យល់​ពី​បរិស្ថាន​ដោយ​ខ្លួនឯង​។​ បន្ថែម​ពី​នេះ​ អ្នក​ចូល​រួម​​បាន​រៀន​ពី​របៀប​វិភាគ​/​វាស់​ស្ទង់​គុណភាព​ទឹក​ ទន្លេ​ និង​ចូលរួម​ធ្វើ​ផែនទី​សហគមន៍​មួយ​ចំនួន​ទៀត​ផង​។​ អ្នក​រៀប​ចំការ​បោះជុំរំ​សន្និដ្ឋាន​ថា​៖​ «​សិស្ស​អាច​រៀន​បាន​ច្រើន​តាម​រយៈការ​ដាក់​ទ្រឹស្ដី​ទៅ​ជា​ការ​អនុវត្ត​ដោយ​ប្រើ​គម្រោង ​ដែល​មាន​មូល​ដ្ឋាន​លើ​ការ​រៀន​សូត្រ​នៅ​ខាងក្រៅ​សាលា។​ ប្រសិនបើ​យើង​ចង់​កសាង​ចំណេះដឹង​ និង​មាន​បំណង​អភិរក្ស​ទន្លេមេគង្គ​ និង​ធនធានធម្មជាតិ​ដទៃ​ទៀត​ យើង​ត្រូវ​ផ្តល់​ឱកាស​ដល់​យុវជន​ និង​មនុស្ស​ពេញវ័យ​ឱ្យ​ទទួល​បាន​បទ​ផ្ទាល់​ដោយ​ផ្ទាល់​ ដើម្បី​រៀនសូត្រ​ និង​បង្កើត​ទំនាក់ទំនង​ កាន់តែ​ជិត​ស្និទ្ធ​ជាមួយ​បរិស្ថាន​»​។​ ការ​បោះជុំរំ​នេះ​ ធ្វើ​ឡើង​កាលពី​ខែធ្នូ​ឆ្នាំ​មុន​ ដែល​នឹង​អាច​មាន​សកម្មភាព​បែប​នេះ​ទៀត​នៅ​ក្នុង​តំបន់​ផ្សេង​។​ អូឌីស៊ី​​ នឹង​បន្ត​តាមដាន​គម្រោង​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​នេះ​។​

សិស្សៗ​ចូលរួម​សកម្មភាព​គូសផែន​ទី​ភូមិ​ និង​ទទួល​ការ​ណែនាំ​ទូទៅ​អំពីតំបន់​ដែល​ទៅ​ទស្សនា​

សិស្សៗ​ស្វែង​យល់​ពី​ទំនៀម​ទំលាប់ និង​វប្បធម៌​របស់​អ្នក​ភូមិ (រូបខាង​ឆ្វេង) ព្រមទាំង​រៀន​ពីការ​វិភាគ​គុណភាព​ទឹក​ នៅទន្លេ​មេគង្គ​

អណ្តែតលើ​ទឹកជំនន់៖ គម្រោងផ្តល់​ពន្លឺនៅក្នុងសាលារៀន

អន្តរ​កម្ម​រវាង​ធម្មជាតិ​ និង​មនុស្ស​ ក៏​ដើរតួ​យ៉ាង​សំខាន់​នៅ​ក្នុង​គម្រោង​ដែល​បាន​រៀបរាប់​ខាងលើ​ ដែល​ទទួល​បាន ពានរង្វាន់​​គ្រាប់ពូជ​។​ ក្រុម​ការងារ​​នៃ​​គម្រោង​​អណ្តែត​​លើ​​ទឹក​ជំនន់​​នៅ​​ក្នុង​​ប្រទេស​​វៀតណាម​ ដឹង​​ពី​​បញ្ហា​​កង្វះ​ខាត​​នៃ​ការ​​ផ្គត់ផ្គង់​អគ្គិសនី​​នៅ​តាម​ជនបទ​ ហើយ​ក៏​មិន​ស្ទាក់ស្ទើរ​ក្នុង​ការ​ចាត់វិធានការដែរ​។​ សាលា​បឋម​សិក្សា​ចំនួន​២​ ដែល​រហូត​មក​ទល់​ពេល​នេះ​ មិន​មាន​ចរន្តអគ្គិសនី​ គឺជា​អ្នក​ទទួលផល​ពី​គម្រោង​នេះ​។​ អរគុណ​ដល់​ទួ​រ​ប៊ី​ន​ខ្យល់​ ចំនួន​១០​ ដែល​បាន​ដំឡើង​ ដោយ​ក្រុម​គ្រូៗ​ និង​សិស្សានុសិស្ស​ ដែល​ឥឡូវនេះ​មាន​ភ្លើង​បំភ្លឺ​ ហើយ​អាច​ប្រើ​ឧបករណ៍​អេ​ឡិច​ត្រូ​និក​សាមញ្ញៗ​ដូច​ជា​វិទ្យុ​ ឬ​ទូរទស្សន៍​។​ ក្រុមការងារ​​គម្រោង​នេះ​បាន​ពន្យល់​ថា​ “​ការ​ទទួល​បាន​អគ្គិសនី​ប្រើប្រាស់​នេះ​ បាន​លើកទឹកចិត្ត​ឱ្យ​សិស្សានុសិស្ស​សិក្សា​ គ្រូបង្រៀន​ និង​​កាត់​បន្ថយ​ហានិភ័យ​ ក្នុងអំឡុងពេល​រដូវ​ធ្លាក់​អ័ព្ទ​ និង​ខ្យល់ព្យុះ​”​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ ការ​ដំឡើង​ទួ​រ​ប៊ី​ន​ខ្យល់​នេះ​ គ្រាន់តែ​ធាតុ​សំខាន់​មួយ​នៃ​គម្រោង​នេះ​ប៉ុណ្ណោះ​។​ សម្រាប់​​អ្នករៀប​ចំ​​គម្រោង​នេះ​ វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ចូល​រួម​ និង​ជួយ​ដល់​ប្រជាជន​ក្នុង​តំបន់​​។​ ហេតុនេះ​ហើយ​ ពួក​គេ​បាន​ផ្សព្វ​ផ្សាយ​បេសកកម្ម​របស់​ពួក​គេ​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​​៖​ “​ដំបូង​ វា​ស្ទើរតែ​មិន​អាច​ទាក់ទង​ជាមួយ​សហគមន៍​បាន​ទេ​។​ ក្រុមការងារ​របស់​គម្រោង​បាន​ផ្ញើរ​អ៊ី​ម៉ែ​ល​ទៅអ្នក​កាសែត​ក្នុងស្រុក​ ដោយ​មិន​ស្គាល់​គាត់​ពី​មុន​មក​នោះ​ទេ​។​ អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​គឺ​ ក្រុម​នេះ​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំងពី​អ្នកកាសែត​នោះ​ ហើយ​គាត់​បាន​ក្លាយជា​ឯកអគ្គរដ្ឋទូត​តំណាង​ក្នុង​សហគមន៍​ទៀត​ផង​”​។​ សមាជិក​ក្រុមការងារ​ សង្ឃឹមថា​គម្រោង​នេះ​ អាច​ជា​គម្រោង​ផ្តល់​ពន្លឺ​មួយ​ ដែល​ទាក់ទាញ​ម្ចាស់​ជំនួយ​បន្ថែម​ទៀត​ ដើម្បី​គាំទ្រ​ដល់​សកម្មភាព​ស្រ​ដៀង​គ្នា​នេះ​។​

ទីតាំង​សា​លា​រៀន​ដែល​ក្រុម​ការងារ​គម្រាង​ចុះ​ទៅ​។

ក្រុម​ការងារ​គម្រោង​កំពុង​តំឡើង​ទួរប៊ីន​ខ្យល់​។

​អូ​ឌី​ស៊ី​ មាន​ក្តី​សោមនស្ស​រីករាយ​នឹង​លទ្ធផល​នៃ​ជ័យ​លា​ភី​ទាំង៥​។​ ក្រុម​ទាំងនោះ​បាន​បង្ហាញ​ថា​ គំនិត​ដ៏​ល្អ​មួយ​ដែល​អាច​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​ជីវិត​រស់នៅ​របស់​ប្រជាជន​នៅ​ប្រទេស​ទាំង​៥​។​ គ្រប់​ក្រុម​ទាំងអស់​បាន​រាយការណ៍​ពី​បញ្ហា​ និង​ឧបសគ្គ​ដែល​ពួក​គេ​ត្រូវ​ដោះស្រាយ​ និង​ដែល​ពួក​គេ​ភាគច្រើន​នៅ​ទីបំផុត​អាច​សម្រេច​បាន​។​ បទ​ពិសោធ​ន៏​ដែល​ផ្តល់​ពានរង្វាន់​ជំនួយ​គ្រាប់ពូជ​នេះ​ មិន​ត្រឹមតែ​មាន​ផល​វិជ្ជមាន​សម្រាប់​សហគមន៍​ ដែល​រង​ផល​ប៉ះពាល់​ និង​ក្រុម​គោលដៅ​នោះ​ទេ​ ប៉ុន្តែ​ក៏​បាន​ពង្រឹង​រចនាសម្ព័ន្ធ​ក្រុម​របស់​ក្រុម​រៀបចំ​ផង​ដែរ​។​ ដូច្នេះ​ អូឌីស៊ី​ មាន​សុទិដ្ឋិនិយម​ថា​ គម្រោង​ទាំងនេះ​អាច​ជា​ចំណុច​ចាប់ផ្ដើម​សម្រាប់​ការ​ចូលរួម​ជា​បន្តបន្ទាប់​របស់​ក្រុម​ទាំង​៥ ​ហើយ​ជា​ឧទាហរណ៍​ដ៏​អស្ចារ្យ​សម្រាប់​អ្នកចូលរួម​ក្នុង​ជំរុំ​ កម្មវិធី​មេគង្គ​អាយ​ស៊ី​ធី​ខែ​ម​ នា​ពេល​អនាគត​។​