គេហទំព័ររដ្ឋបាលស្រុកដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជាដែលត្រូវបានចុះបញ្ជីជាផ្លូវការពីក្រសួង និងត្រូវបានប្រើប្រាស់ដើម្បីលើកកម្ពស់តម្លាភាពថវិកាថ្នាក់ក្រោមជាតិ
ស្រុកអូរជ្រៅស្ថិតនៅភាគខាងលិចនៃខេត្តបន្ទាយមានជ័យ ដែលជាស្រុកមួយក្នុងចំណោមក្រុងស្រុកទាំងប្រាំបួននៃខេត្តបន្ទាយមានជ័យ។ ដោយមានព្រំដែនជាប់ជាមួយប្រទេសថៃ បានធ្វើឱ្យស្រុកអូរជ្រៅក្លាយជាស្រុកមួយដែលមានភាពមមាញឹក ដោយហេតុថាវាជាទីកន្លែងច្រកទ្វារឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ។ ចំពោះព័ត៌មានទូទៅស្តីអំពីស្រុកនេះវិញ បើតាមការបញ្ជាក់របស់លោកអភិបាលស្រុកអូរជ្រៅ លោក លី សុវណ្ណារិទ្ធ បានមានប្រសាសន៍ថា មែនទែនទៅស្រុកអូរជ្រៅបានបង្កើតគេហទំព័រផ្ទាល់ខ្លួនរួចហើយកាលពីដើមឡើយ ប៉ុន្តែវាស្ទើរតែមិនដំណើរការ ដោយសារបញ្ហាកង្វះហិរញ្ញវត្ថុ និងសមត្ថភាពខាងបច្ចេកទេសក្នុងការគ្រប់គ្រងគេហទំព័រនៅមានកម្រិត ក្នុងនោះបុគ្គលិករដ្ឋបាលស្រុកមិនបានទទួលការបណ្តុះបណ្តាល និងបច្ចេកទេសក្នុងការគ្រប់គ្រងគេហទំព័រឱ្យបានគ្រប់គ្រាន់នោះឡើយ។
នៅក្នុងការអនុវត្តជាក់ស្តែងដែលទាក់ទងនឹងព័ត៌មានថវិការបស់ស្រុក ជារៀងរាល់ឆ្នាំក្រុមប្រឹក្សាស្រុកតែងតែរៀបចំវេទិកាចែករំលែកព័ត៌មាន និងពិគ្រោះយោបល់ចំនួនពីរដង ហើយអ្នកស្រុកក៏ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍សាធារណៈនេះផងដែរ។ គោលបំណងគឺដើម្បីចែករំលែក និងផ្តល់ព័ត៌មានអំពីថវិកាលើការអនុវត្តគម្រោងអភិវឌ្ឍន៍នៅក្នុងស្រុក ដែលប្រជាជនអាចទទួលបានព័ត៌មានអំពីស្ថានភាពនៃការអភិវឌ្ឍស្រុករបស់ពួកគេ។ ឧទាហរណ៍ដូចជាថាតើថវិការបស់ស្រុកត្រូវបានចំណាយយ៉ាងដូចម្តេចសម្រាប់គម្រោងអភិវឌ្ឍន៍ និងតម្រូវការនៃថវិកាមានចំនួនប៉ុន្មាន ដែលជាមធ្យោបាយមួយបង្ហាញពីតម្លាភាព និងភាពបើកទូលាយដល់ប្រជាពលរដ្ឋនៅក្នុងស្រុក។
តម្លាភាពក្នុងការគ្រប់គ្រងថវិកា គឺំពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការអភិវឌ្ឍដែលមានលក្ខណៈបរិយាបន្ន។ ទន្ទឹមនឹងនេះ ការបង្ហាញថវិកានៅកម្រិតថ្នាក់ស្រុកដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យមានការជជែកវែកញែក និងការចូលរួមជាសាធារណៈជុំវិញជម្រើស និងអាទិភាពផ្សេងៗនៃគោលនយោបាយដាក់ចេញផ្សេងៗ។ ក្នុងន័យនេះ ការបង្កើតឱ្យមានការទទួលបានព័ត៌មានស្តីពីថវិកាជាសាធារណៈពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចបង្ហាញនូវចំណង់ចំណូលចិត្តទាក់ទងនឹងតម្រូវការ និងការអភិវឌ្ឍន៍សហគមន៍ ដែលរួមចំណែកដល់ការប្រើប្រាស់ធនធានជាតិប្រកបដោយប្រសិទ្ធភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេ។ លើសពីនេះ តម្លាភាពនៃថវិកាស្រុកកាន់តែមានសារៈសំខាន់ឡើង នៅពេលដែលការទទួលខុសត្រូវ និងធនធានរបស់រដ្ឋបាលជាតិត្រូវបានផ្ទេរទៅស្រុក។
ដោយមានការយល់ដឹងយ៉ាងច្បាស់អំពីអត្ថប្រយោជន៍ទាំងនេះ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) និងអង្គការស្តារកម្ពុជា ជឿជាក់ថាវាចាំបាច់ណាស់ក្នុងការធ្វើឱ្យមានព័ត៌មាន និងទិន្នន័យ ជាពិសេសស្តីពីថវិកាក្នុងស្រុក និងផែនការថវិកាបើកទូលាយ និងអាចចូលទៅមើលបាន។ ជាមួយគ្នានេះដែរ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) និងដៃគូរបស់ខ្លួន អង្គការស្តារកម្ពុជា បានរួបរួមកម្លាំង និងសហការជាមួយរដ្ឋបាលស្រុកដើម្បីអនុវត្តគម្រោងមួយដែលមានឈ្មោះថា “ការប្រើប្រាស់ទិន្នន័យបើកទូលាយដើម្បីគាំទ្រតម្លាភាពថវិកានៅថ្នាក់ស្រុក” ។
នៅក្នុងគម្រោងនេះ ក្រុមការងារអូឌីស៊ីបានផ្តល់ការគាំទ្រដល់រដ្ឋបាលស្រុកក្នុងការបង្កើតគេហទំព័រថ្មី ដោយមានការប្រឹក្សាយោបល់ជាមួយរដ្ឋបាលស្រុក និងបានធ្វើការរួមគ្នាជាមួយក្រុមការងារអង្គការស្តារកម្ពុជា ដើម្បីបង្កើតទំព័រហ្វេសប៊ុកផ្លូវការជូនរដ្ឋបាលស្រុក។ ក្នុងរយៈពេលប្រហែលជា ៤ ខែបន្ទាប់ពីកិច្ចប្រជុំចាប់ផ្តើមអនុវត្តគម្រោងដែលបានធ្វើឡើងកាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២០មក គេហទំព័រ និងទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រុកអូរជ្រៅ ត្រូវបានបើកដំណើរការដោយជោគជ័យនៅខែ វិច្ឆិកា ឆ្នាំ ២០២០។ ការដាក់ឱ្យដំណើរការនេះ បានបង្ហាញឱ្យឃើញនូវដំណោះស្រាយសម្រាប់រដ្ឋបាលស្រុកទាក់ទងនឹងកង្វះខាតនៃការគាំទ្រផ្នែកហិរញ្ញវត្ថុ និងសមត្ថភាពបច្ចេកទេសក្នុងការគ្រប់គ្រងគេហទំព័រដែលខ្លួនបានជួបប្រទះពីមុន។ លើសពីនេះ អូឌីស៊ីក៏បានផលិតសៀវភៅណែនាំក្នុងការប្រើប្រាស់ និងគ្រប់គ្រងគេហទំព័រ សម្រាប់មន្ត្រីរដ្ឋបាលស្រុកដើម្បីគ្រប់គ្រងគេហទំព័រនេះផងដែរ ខណៈពេលដែលការបណ្តុះបណ្តាលលើការគ្រប់គ្រងគេហទំព័រ ត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅពេលដែលស្ថានភាពការឆ្លងជំងឺកូវីដ-១៩ ធូរស្រាលឡើងវិញ។
ជាមួយគេហទំព័រថ្មីនេះ រដ្ឋបាលស្រុកនឹងអាចប្រើប្រាស់វាដើម្បីដាក់បង្ហាញព័ត៌មានអំពីថវិកា និងសកម្មភាពផ្សេងៗទៀតរបស់ស្រុកទៅដល់សាធារណៈជន។ ក្នុងន័យនេះ គេហទំព័រស្រុកអូរជ្រៅនឹងក្លាយជាឧបករណ៍ដ៏សំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានដែលអាចធ្វើឱ្យពលរដ្ឋចូលរួមបានកាន់តែច្រើន ដោយជំរុញឱ្យមានជាកិច្ចពិភាក្សា និងកិច្ចសន្ទនាផ្សេងៗពាក់ព័ន្ធនឹងថវិកា ដោយសារពលរដ្ឋអាចទទួលបានព័ត៌មានកាន់តែងាយស្រួល និងមានលក្ខណៈបើកទូលាយ។ ប្រការនេះនឹងជំរុញឱ្យមានតម្លាភាពកាន់តែខ្លាំងឡើងៗលើថវិកា ហើយប្រជាពលរដ្ឋអាចធ្វើឱ្យរដ្ឋាភិបាលថ្នាក់មូលដ្ឋានមានគណនេយ្យភាព ក្នុងការទទួលខុសត្រូវចំពោះការអភិវឌ្ឍ ដែលជះឥទ្ធិពលទៅដល់ជីវភាពរស់នៅរបស់ពួកគេ។ ក្នុងនេះការផ្តល់សេវាសាធារណៈក៏ត្រូវបានគេរំពឹងថានឹងត្រូវបានលើកកម្ពស់ផងដែរ។ ជាមួយគ្នានេះដែរ លោកអភិបាលស្រុកអូរជ្រៅបានមានប្រសាសន៍ថា៖
“ការបង្កើតឱ្យមានគេហទំព័ររដ្ឋបាលស្រុក គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នកពាក់ព័ន្ធ និងជាពិសេសពលរដ្ឋ ព្រោះវាលើកកម្ពស់គណនេយ្យភាពសង្គមតាមរយៈព័ត៌មានបើកទូលាយអំពីតួនាទី និងទំនួលខុសត្រូវរបស់រដ្ឋាភិបាលថ្នាក់មូលដ្ឋាន ដែលជាអ្នកផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ។ គេហទំព័រស្រុកក៏នឹងជំរុញឱ្យមានតម្លាភាពលើថវិកា ដែលប្រជាពលរដ្ឋអាចទទួលបានព័ត៌មានអំពីការគ្រប់គ្រងថវិកា ផែនការថវិកា និងការចំណាយផ្សេងៗសម្រាប់គម្រោងអភិវឌ្ឍន៍នៅក្នុងស្រុក។”
គួរជម្រាបជូនផងដែរថា គេហទំព័រស្រុកអូរជ្រៅទើបតែទទួលបានការយល់ព្រមពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងទទួលបាននូវ “.gov.kh” កាលពីថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២១ ដែលអ្នកអាចចូលមើលបានតាមរយៈ www.ouchrovbmc.gov.kh នេះ។ ប្រការនេះបានធ្វើឱ្យស្រុកអូរជ្រៅក្លាយជាស្រុកដំបូងគេនៅប្រទេសកម្ពុជាដែលមានគេហទំព័រផ្ទាល់ខ្លួន ព្រមទាំងបានចុះបញ្ជីជាផ្លូវការ និងទទួលបាន .gov.kh របស់រដ្ឋាភិបាលកម្ពុជា។ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្នើសុំ និងការរំពឹងទុកនានាសម្រាប់ការបង្កើតគេហទំព័រនេះ លោក ហឿន ចាន់ថន នាយករដ្ឋបាលស្រុកអូរជ្រៅបានពន្យល់ថា៖
“ដោយមានការពិគ្រោះយោបល់នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាស្រុក និងទទួលបានការឯកភាព ពីឯកឧត្តម អភិបាលខេត្ត រដ្ឋបាលស្រុក បានរៀបចំគេហទំព័ររបស់ស្រុក មានភាពដូចគ្នានឹងគេហទំព័ររបស់រាជរដ្ឋាភិបាល ដោយមាន “.gov.kh”។ យើងរំពឹងផងដែរថា គេហទំព័រនេះនឹងក្លាយជាមធ្យោបាយសំខាន់មួយ ក្នុងការផ្សព្វផ្សាយព័ត៌មានជាផ្លូវការរបស់ស្រុកទៅដល់សាធារណជនឱ្យបានទាន់ពេលវេលា បន្ទាប់ពីទំព័រហ្វេសប៊ុកស្រុក និងដោយខ្ញុំបានកត់សម្គាល់ឃើញពីនិន្នាការបច្ចុប្បន្ននៃការផ្តល់សេវាសាធារណៈតាមរយៈប្រព័ន្ធអ៊ិនធឺណេតនៅតាមក្រសួងនានានៅក្នុងប្រទេសកម្ពុជា។”
លើសពីនេះដែរ នាយកប្រតិបត្តិនៃអង្គការស្តារកម្ពុជា លោកស្រី ជេត ចរិយា បានលើកឡើងដូច្នេះថា៖
“ខ្ញុំរីករាយដែលបានឃើញរដ្ឋបាលស្រុកអូរជ្រៅមានចក្ខុវិស័យវែងឆ្ងាយ ដោយបានចុះឈ្មោះគេហទំព័ររបស់ខ្លួនដើម្បីឱ្យមានលក្ខណៈផ្លូវការ “www.ouchrovbmc.gov.kh”។ គេហទំព័រនេះមានសារៈសំខាន់ណាស់នាពេលអនាគតក្នុងការបង្ហាញព័ត៌មាន និងសមិទ្ធិផលនានារបស់ស្រុក ក៏ដូចជាក្នុងការទទួលបាននូវសំណើរផ្សេងៗពីប្រជាពលរដ្ឋទាក់ទងនឹងការផ្តល់សេវាកម្ម។”
ស្រដៀងគ្នានេះដែរ ដោយមានការចូលរួមយ៉ាងសកម្មនៅក្នុងគម្រោងនេះ កញ្ញា អ៊ួន វិមល ដែលជាមន្ត្រីកម្មវិធី និងភាពជាដៃគូរបស់អង្គការអូឌីស៊ីបានបង្ហាញការយល់ឃើញថា៖
“ខ្ញុំបានឃើញពីការអភិវឌ្ឍន៍របស់គេហទំព័រតាំងពីដើមគម្រោង។ ខ្ញុំមានសេចក្តីរីករាយដែលបានដឹងថាគេហទំព័ររដ្ឋបាលស្រុកអូរជ្រៅត្រូវបានចុះបញ្ជីដោយជោគជ័យក្រោម .gov.kh រដ្ឋាភិបាល ហើយបានក្លាយជាគេហទំព័រស្រុកផ្លូវការដំបូងគេបង្អស់ ដែលទទួលបានការអនុម័តពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ គេហទំព័រនេះនឹងបម្រើគោលបំណងរដ្ឋបាលស្រុកក្នុងការផ្សព្វផ្សាយព័ត៌មានដើម្បីបំពេញបន្ថែមលើមធ្យោបាយចាស់ដែលធ្លាប់តែប្រើ។”
ដោយមានការគាំទ្រពីក្រុមការងារ អូឌីស៊ី និងស្តារកម្ពុជា ការបើកដំណើរការគេហទំព័រស្រុកបានក្លាយជាព្រឹត្តិការណ៍សំខាន់មួយសម្រាប់រដ្ឋបាលស្រុកអូរជ្រៅ ក្នុងការប្រើប្រាស់ព័ត៌មាន និងបច្ចេកវិទ្យាគមនាគមន៍ (ITC) ជាពិសេសគេហទំព័រក្នុងការផ្សព្វផ្សាយតម្លាភាពថវិកានៅកម្រិតថ្នាក់ស្រុក និងលើកកម្ពស់ការផ្តល់សេវាសាធារណៈ ក៏ដូចជាផ្សព្វផ្សាយសកម្មភាពអភិវឌ្ឍន៍ផ្សេងៗរបស់ខ្លួនទៅកាន់សាធារណៈជន។ ជាលទ្ធផល ស្រុកអូរជ្រៅអាចដើរតួជាគំរូសម្រាប់ស្រុកដទៃទៀតក្នុងការបង្កើតគេហទំព័រផ្លូវការ ជាមធ្យោបាយមួយក្នុងការទាញយកអត្ថប្រយោជន៍ពីការរីកចម្រើននៃវិស័យព័ត៌មាន និងបច្ចេកវិទ្យាគមនាគមន៍ ក្នុងការលើកកម្ពស់តម្លាភាពថវិកា និងអភិបាលកិច្ចល្អ។ ជានិន្នាការអនាគតការប្រើប្រាស់ព័ត៌មាន និងបច្ចេកវិទ្យាគមនាគមន៍ នឹងកាន់តែមានភាពប្រសើរឡើង ដោយហេតុថារដ្ឋាភិបាលបាននឹងកំពុងព្យាយាមក្នុងការលើកកម្ពស់រដ្ឋាភិបាលឌីជីថលរបស់ខ្លួន។
គម្រោងនេះទទួលបានការឧបត្ថម្ភថវិកាដោយ កម្មវិធីរបស់ប្រទេសស៊ុយអែតសម្រាប់វិស័យបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន នៅក្នុងតំបន់កំពុងអភិវឌ្ឍន៍ (SPIDER) ដែលមានគោលបំណងលើកកម្ពស់អភិបាលកិច្ចល្អ និងគុណភាពនៃការផ្តល់សេវាសាធារណៈ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវតម្លាភាពថវិកាថ្នាក់ក្រោមជាតិ។