កម្មវិធីផ្សព្វផ្សាយគម្រោងស្តីពី “ការធ្វើឲ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈ តាមរយៈបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា”

កម្មវិធីផ្សព្វផ្សាយគម្រោងស្តីពី “ការធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈ តាមរយៈបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា”។
នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ អង្គការទិន្និន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) សហការជាមួយអង្គការស្តារកម្ពុជា និងមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានរៀបចំកម្មវិធីផ្សព្វផ្សាយគម្រោងស្តីពី “ការធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈ តាមរយៈបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា” ទៅដល់ភាគីពាក់ព័ន្ធនៃក្រុមគោលដៅ នៅស្រុករមាសហែក ខេត្តស្វាយរៀង។ កម្មវិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពរបស់ឯកឧត្តម ហ៊ូ វតនៈ អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង និងមានការចូលរួមពីតំណាងគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) តំណាងមន្ត្រីសាលាខេត្ត តំណាងមន្ត្រីប្រតិបត្តិស្រុកខាងវិស័យសុខាភិបាល និងវិស័យអប់រំ តំណាងមន្ត្រីរដ្ឋបាលឃុំ តំណាងមន្ត្រីមណ្ឌលសុខភាព នាយកសាលា និងអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍។ គម្រោងនេះ មានការគាំទ្រមូលនិធិដោយ កម្មវិធីរបស់ប្រទេសស៊ុយអែតសម្រាប់វិស័យ ICT នៅក្នុងតំបន់កំពុងអភិវឌ្ឍន៍ (SPIDER)។
កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដូចខាងក្រោម៖
- ដើម្បីបង្ហាញដល់សហគមន៍គោលដៅ និងអ្នកពាក់ព័ន្ធអំពីកម្មវិធី និងផែនការសកម្មភាពរបស់គម្រោង SPIDER ក្នុងឆ្នាំ២០១៧ និង២០១៨។
- ដើម្បីកសាងផែនការសកម្មភាពដោយមានការចូលរួមពីសហគមន៍គោលដៅជំនាញ និងស្ថាប័នពាក់ព័ន្ធ។
- ដើម្បីបង្ហាញពីករណីសិក្សាលើការអនុវត្តគម្រោងគណនេយ្យភាពសង្គមក្នុងមូលដ្ឋាន។
កម្មវិធីទាំងមូលត្រូវបានប្រព្រឹត្តទៅដោយរលូន ដោយមានអ្នកចូលរួមប្រមាណ៤០នាក់មកពីស្ថាប័នផ្សេងៗគ្នា ដែលធ្វើឱ្យកម្មវិធីទទួលបាននូវមតិយោបល់ជាច្រើនដើម្បីកែលម្អនូវចំណុចអវិជ្ជមានឱ្យបានកាន់តែប្រសើរឡើង។

អ្នកចូលរួមជាច្រើនមកពីស្ថាប័នផ្សេងៗគ្នា។
កម្មវិធីត្រូវបានប្រព្រឹត្តឡើងនៅវេលាម៉ោង៧កន្លះព្រឹក នៅមន្ទីរកិច្ចការនារីខេត្តស្វាយរៀង ដោយអ្នកចូលរួមទាំងអស់ធ្វើការចុះឈ្មោះជាមុនសិន។ មុនចាប់ផ្តើមកម្មវិធី អ្នកចូលរួមទាំងអស់ត្រូវក្រោកឈរឡើង ដើម្បីធ្វើការគោរពភ្លេងជាតិ ដោយការច្រៀងចំរៀងភ្លេងជាតិរួមគ្នា។ នេះជាការរំលឹកមួយដ៏ល្អ ព្រោះអ្នកទាំងអស់គ្នាប្រហែលជាមិនសូវមានឳកាសក្នុងការច្រៀងចំរៀងភ្លេងជាតិដោយផ្ទាល់ចាប់តាំងពីបញ្ចប់ថ្នាក់វិទ្យាល័យមក។

អ្នកចូលរួមក្នុងកម្មវិធីក្រោកឈរឡើង និងច្រៀងបទគោរពទង់ជាតិទាំងអស់គ្នា។
ជាកិច្ចចាប់ផ្តើមនៃកម្មវិធី លោក ធី ទ្រី ជានាយកប្រតិបត្តិ/និពន្ធនាយកនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ បានឡើងមានមិតិស្វាគមន៍ និងបង្ហាញពីគោលបំណងនៃកម្មវិធីដល់អ្នកចូលរួម។ បន្ទាប់មក ឯកឧត្តម ហ៊ូ វតនៈ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង បានផ្តល់កិត្តិយសថ្លែងចំណាប់អារម្មណ៍ និងធ្វើការសំណេះសំណាល ដោយឯកឧត្តមបានមានប្រសាសន៍ថា គណនេយ្យភាពតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិចូលរួមធ្វើឱ្យការងារមានប្រសិទ្ធិភាព។ បន្ទាប់ពីធ្វើការថ្លែងសុន្ទរកថាចប់ ឯកឧត្តមបានប្រកាសបើកកម្មវិធី។

លោក ធី ទ្រី (រូបខាងឆ្វេង) ឯកឧត្តម ហ៊ូ វតនៈ (រូបកណ្តាល) និង លោក ជេដ្ឋ គីមជុង (រូបខាងស្តាំ)។
មុនពេលចូលកម្មវិធីបន្ទាប់ អ្នកចូលរួមទាំងអស់ត្រូវបានតម្រូវឱ្យធ្វើការណែនាំខ្លួនម្នាក់ម្តងៗ ដើម្បីបង្កើនភាពស្និទ្ធស្នាល។ ក្នុងនាមអង្គការអូឌីស៊ី ជាអ្នកដឹកនាំគម្រោងទាំងមូល លោក ធី ទ្រី បានធ្វើបទបង្ហាញពីគម្រោងស្តីពី “ការធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈ តាមរយៈបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា” ដែលធ្វើឱ្យអ្នកចូលរួមកាន់តែយល់ច្បាស់ពីគម្រោងនេះ។

អ្នកចូលរួមម្នាក់បានធ្វើការណែនាំខ្លួន។

លោក ធី ទ្រី កំពុងធ្វើបទបង្ហាញស្តីពីគម្រោង ពី “ការធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈ តាមរយៈបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា”។
អ្នកតំណាងមកពី វិស័យអប់រំ សុខាភិបាល និងរដ្ឋបាលឃុំ បានធ្វើការចែករំលែកនូវបទពិសោធន៍ ដែលធ្វើការអនុវត្តន៍ I-SAF ដោយបង្ហាញពីភាពរីកចម្រើន ការប្រឈម និងអនុសាសន៍។ បន្ទាប់ពីអ្នកតំណាងមកពីវិស័យនីមួយៗធ្វើការចែករំលែកហើយ អ្នកចូលរួមទាំងអស់ត្រូវបានផ្តល់ឱកាសឱ្យសួរសំណួរ និងផ្តល់ជាមតិយោបល់។

អ្នកចូលរួមម្នាក់បានឡើងបញ្ចេញមតិយោបល់ បន្ទាប់ពីអ្នកតំណាងមកពីវិស័យទាំង៣ធ្វើការចែករំលែកនូវបទពិសោធន៍រួច។
ជាកិច្ចបញ្ចប់នៃកម្មវិធី លោក ជេដ្ឋ គីមជុង ជាគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប) និងជាអនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងតាមដាន បានធ្វើចំណាប់អារម្មណ៍អំពីការអនុវត្តគម្រោងនៅមូលដ្ឋាន និងប្រកាសបិទកម្មវិធី។

លោក ជេដ្ឋ គីមជុង បានធ្វើចំណាប់អារម្មណ៍អំពីការអនុវត្តគម្រោងនៅមូលដ្ឋាន និងប្រកាសបិទកម្មវិធី។