សិក្ខាសាលាដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទំព័រព័ត៌មានថ្មីរបស់អូឌីស៊ី ស្តីពី គណនេយ្យភាពសង្គម
នៅថ្ងៃទី១១ ខែវិច្ឆិកា អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានធ្វើការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទំព័រព័ត៌មានថ្មីរបស់ខ្លួន ដែលមានឈ្មោះថា គណនេយ្យភាពសង្គម។ ទំព័រនេះត្រូវបានរចនាឡើងដោយក្រុមការងារអូឌីស៊ី ដើម្បីធ្វើឱ្យប្រសើរឡើងក្នុងការផ្តល់ទិន្នន័យ និងព័ត៌មានទាក់ទងនឹងគណនេយ្យភាពសង្គម និងការផ្ដល់សេវាសាធារណៈ។ កិច្ចការងារនេះស្ថិតនៅក្រោមគម្រោង ការច្នៃប្រឌិតថ្មីសម្រាប់គណនេយ្យភាពសង្គមនៅកម្ពុជា (ISAC)។
គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺដើម្បីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទំព័រព័ត៌មានថ្មីរបស់អូឌីស៊ីអំពី គណនេយ្យភាពសង្គមដែលផ្តល់ព័ត៌មានអំពីប្រធានបទសំខាន់ចំនួន ៤ រួមមាន ថវិកាថ្នាក់ក្រោមជាតិ សេវារដ្ឋបាលថ្នាក់ក្រោមជាតិ សាលាបឋមសិក្សា និងមណ្ឌលសុខភាព។ សិក្ខាសាលាបើកដំណើរការទំព័រព័ត៌មានគណនេយ្យភាពសង្គមរបស់អូឌីស៊ីមានគោលបំណងធំៗ ចំនួន ៤ គឺ៖ ១) បង្ហាញទិន្នន័យ ព័ត៌មាន និងលក្ខណៈពិសេសនៃទំព័រព័ត៌មានថ្មីស្តីពី គណនេយ្យភាពសង្គម ២) លើកកម្ពស់ការយល់ដឹងអំពីទិដ្ឋភាពព័ត៌មានបច្ចុប្បន្នស្តីពីថវិកាសាធារណៈ ការផ្តល់សេវាសាធារណៈ និងឈ្វេងយល់ការកំណត់ពេលវេលា និងអាទិភាព ៣) បង្កើតការពិភាក្សា ចែករំលែកការអនុវត្តល្អៗ និងជំរុញការចែករំលែកព័ត៌មានក្នុងចំណោមអ្នកចូលរួមសិក្ខាសាលាទាំងអស់ និង ៤) លើកទឹកចិត្តឱ្យមានការសហការបន្ថែមទៀតរវាងភាគីពាក់ព័ន្ធ រួមមាន រាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មាន ដើម្បីធ្វើឱ្យប្រសើរឡើងនូវគណនេយ្យភាពសង្គមនៅកម្ពុជា។
ដើម្បីបង្កើនការយល់ដឹង និងការចែករំលែកព័ត៌មានអំពីទំព័រគណនេយ្យភាពសង្គម សិក្ខាសាលាស្តីពីការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទំព័រថ្មីនេះត្រូវបានប្រារព្ធឡើងនៅសណ្ឋាគារហ៊ីម៉ាវ៉ារី និងតាមរយៈការចូលរួមពីចម្ងាយដោយប្រើប្រាស់កម្មវិធី Zoom ពីសំណាក់សាធារណៈជនទូទៅ អង្គការដៃគូ និងអង្គការអនុវត្តគម្រោងដែលស្ថិតនៅក្រោមគម្រោង ISAC តំណាងភាគីពាក់ព័ន្ធ និងអ្នកសម្របសម្រួលគណនេយ្យសង្គម។
លោក ធី ទ្រី នាយកប្រតិបត្តិ/និពន្ធនាយកនៃអង្គការអូឌីស៊ី និងលោក ប៊ីស្ណុ សាពកូតា ប្រធានគម្រោងការឆ្នៃប្រឌិតថ្មីសម្រាប់គណនេយ្យភាពសង្គមនៅកម្ពុជា (ISAC) បានធ្វើការសុន្ទរកថាស្វាមន៍អ្នកចូលរួមនៅក្នុងសិក្ខាសាលានេះ។ លោក ធី ទ្រី បានថ្លែងអំពីការងាររបស់អូឌីស៊ី ក្នុងការបង្កើតទំព័រគណនេយ្យភាពសង្គម ដោយដំបូងឡើយមានការរៀបចំជាសិក្ខាសាលានៅខែឧសភា ឆ្នាំ២០២០ និងបន្តដោយការងារជាបន្តបន្ទាប់ជាមួយក្រុមការងារអភិវឌ្ឍទំព័ររបស់អូឌីស៊ី និងអ្នកពិគ្រោះយោបល់មកពីខាងក្រៅ។ លោកបានកត់សម្គាល់ថា ផ្នែកសំខាន់នៃការងាររបស់អូឌីស៊ី គឺការចែករំលែកព័ត៌មានអំពីថវិកា និងព័ត៌មានស្តីពីការផ្តល់សេវាសាធារណៈ ដែលជាទិដ្ឋភាពរួមនៃព័ត៌មាននៅក្នុងទំព័រនេះ។
លោក ប៊ីស្ណុ សាពកូតា បានលើកឡើងអំពីតម្លៃនៃទំព័រគណនេយ្យភាពសង្គមដែលជាផ្នែកមួយនៃគម្រោង ISAC ដើម្បីផ្សព្វផ្សាយឱ្យកាន់តែមានការយល់ដឹងជាសាធារណៈ និងពង្រឹងការផ្សព្វផ្សាយព័ត៌មាន។
ជាកិច្ចបន្ទាប់ លោក លី ហ្វ័រសៃត៍ មន្ត្រីលទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ច នៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ(USAID) បានធ្វើសុន្ទរកថាបើកកម្មវិធី។ លោកបានចែករំលែកអំពីបរិបទនៃគម្រោង ISAC ជារួម ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយក្នុងការពង្រីកវិសាលភាពនៃផលប៉ះពាល់របស់គម្រោង។
បន្ទាប់ពីការណែនាំអំពីការងារជុំវិញការអភិវឌ្ឍទំព័រថ្មីនេះ និងតួនាទីនៃទំព័រនេះនៅក្នុងគម្រោង ISAC លោក បាន ចន្ទផល្លា បណ្ណាធិការ – អ្នកស្រាវជ្រាវ ផ្នែកអភិវឌ្ឍន៍សង្គមរបស់អូឌីស៊ី បានធ្វើបទបង្ហាញពីមុខងារ និងការប្រើប្រាស់ទំព័រគណនេយ្យភាពសង្គម ដោយបង្ហាញអំពីផ្នែកសំខាន់ៗចំនួនបួនរបស់ទំព័រនេះរួមមាន ព័ត៌មានក្រាហ្វិក អត្ថបទ តារាងទិន្នន័យ និងផែនទី ក៏ដូចជាការបញ្ជាក់ពីមុខងារផ្សេងៗគ្នា និងភាពងាយស្រួលនៃការប្រើប្រាស់របស់ទំព័រនេះ។
បន្ទាប់មកសិក្ខាសាលាបានផ្តល់ឱកាសឱ្យអ្នកចូលរួមទាំងអស់ចោទជាសំណួរ និងផ្តល់មតិយោបល់លើទំព័រថ្មីនេះ ដោយសំណួរភាគច្រើនមកពីអ្នកចូលរួមពីចម្ងាយតាមរយៈកម្មវិធី Zoom។ លោក បាន ច័ន្ទផល្លា និងក្រុមការងារអូឌីស៊ីផ្សេងទៀតបានបញ្ជាក់ពីការប្រើប្រាស់ទំព័រ ក៏ដូចជាវិសាលភាពនៃទំព័រទាំងមូល និងគោលដៅរយៈពេលវែង។ យើងបានទទួលសំណួរ និងយោបល់ជាច្រើនពីអ្នកចូលរួម។
ដើម្បីបញ្ចប់សិក្ខាសាលានេះ កញ្ញា អ៊ួន វិមល ប្រធានគ្រប់គ្រងកម្មវិធី និងភាពជាដៃគូនៃអូឌីស៊ី បានសរុបឡើងវិញនូវកម្មវិធីនាថ្ងៃនេះ ហើយបានកត់សម្គាល់ថា អូឌីស៊ី នឹងស្វែងរកកិច្ចសហការបន្ថែមទៀតជាមួយភាគីពាក់ព័ន្ធដើម្បីបន្តពង្រឹង និងអភិវឌ្ឍទំព័រនេះឆ្ពោះទៅមុខ។