សិក្ខាសាលា​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ទំព័រ​ព័ត៌មាន​ថ្មី​របស់​អូ​ឌី​ស៊ី​ ស្តី​ពី​ គណនេយ្យ​ភាព​សង្គម​

នៅ​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​ធ្វើការ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ទំព័រព័ត៌មាន​ថ្មី​របស់​ខ្លួន​ ដែល​មានឈ្មោះ​ថា​ គណនេយ្យ​ភាព​សង្គម​។​ ទំព័រ​នេះ​ត្រូវ​បាន​រចនា​ឡើង​ដោយ​ក្រុមការងារ​អូ​ឌី​ស៊ី​ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ក្នុង​ការ​ផ្តល់​ទិន្នន័យ​ និង​ព័ត៌មាន​ទាក់ទង​នឹង​គណនេយ្យ​ភាព​សង្គម​ និង​ការ​ផ្ដល់​សេវា​សាធារណៈ​។​ កិច្ច​ការងារ​នេះ​ស្ថិត​នៅ​ក្រោម​គម្រោង​ ការ​ច្នៃប្រឌិត​ថ្មី​សម្រាប់​គណនេយ្យ​ភាព​សង្គម​នៅ​កម្ពុជា​ (ISAC)​។​

គោលបំណង​សំខាន់​នៃ​សិក្ខាសាលា​នេះ​ គឺ​ដើម្បី​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ទំព័រ​ព័ត៌មាន​ថ្មី​របស់​អូ​ឌី​ស៊ី​អំពី​ គណនេយ្យ​ភាព​សង្គម​ដែល​ផ្តល់​ព័ត៌មាន​អំពី​ប្រធានបទ​សំខាន់​ចំនួន​ ៤​ រួម​មាន​ ថវិកា​ថ្នាក់​ក្រោម​ជាតិ​ សេវា​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ សាលា​បឋម​សិក្សា​ និង​មណ្ឌល​សុខភាព​។​ សិក្ខាសាលា​បើក​ដំណើរការ​ទំព័រ​ព័ត៌មាន​គណនេយ្យ​ភាព​សង្គម​របស់​អូ​ឌី​ស៊ី​មាន​គោលបំណង​ធំៗ​ ចំនួន​ ៤​ គឺ​៖​ ១)​ បង្ហាញ​ទិន្នន័យ​ ព័ត៌មាន​ និង​លក្ខណៈ​ពិសេស​នៃ​ទំព័រ​ព័ត៌មាន​ថ្មី​ស្តី​ពី​ គណនេយ្យ​ភាព​សង្គម​ ២)​ លើកកម្ពស់​ការ​យល់​ដឹង​អំពី​ទិដ្ឋភាព​ព័ត៌មាន​បច្ចុប្បន្ន​ស្តី​ពី​ថវិកា​សាធារណៈ​ ការ​ផ្តល់​សេវា​សាធារណៈ​ និង​ឈ្វេងយល់​ការ​កំណត់​ពេលវេលា​ និង​អាទិភាព​ ៣)​ បង្កើត​ការ​ពិភាក្សា​ ចែករំលែក​ការ​អនុវត្ត​ល្អៗ​ និង​ជំរុញ​ការ​ចែករំលែក​ព័ត៌មាន​ក្នុង​ចំណោម​អ្នកចូលរួម​សិក្ខាសាលា​ទាំងអស់​ និង​ ៤)​ លើកទឹកចិត្ត​ឱ្យ​មានការ​សហការ​បន្ថែម​ទៀត​រវាង​ភាគី​ពាក់ព័ន្ធ​ រួម​មាន​ រាជរដ្ឋាភិបាល​ អង្គការ​សង្គម​ស៊ី​វិល​ និង​អ្នក​សារព័ត៌មាន​ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​គណនេយ្យ​ភាព​សង្គម​នៅ​កម្ពុជា​។​

លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​​នៃ​អង្គការ​អូ​ឌី​ស៊ីកំពុង​ឆ្លើយ​តប​​សំណួរ​ពី​អ្នក​ចូលរួម។

ដើម្បី​បង្កើន​ការ​យល់​ដឹង​ និង​ការ​ចែករំលែក​ព័ត៌មាន​អំពី​ទំព័រ​គណនេយ្យ​ភាព​សង្គម​ សិក្ខាសាលា​ស្តី​ពី​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ទំព័រ​ថ្មី​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី​ និង​តាម​រយៈ​ការ​ចូលរួម​ពី​ចម្ងាយ​ដោយ​ប្រើប្រាស់​កម្មវិធី​ Zoom​ ពី​សំណាក់​សាធារណៈជន​ទូទៅ​ អង្គការ​ដៃគូ​ និង​អង្គការ​អនុវត្ត​គម្រោង​ដែល​ស្ថិត​នៅ​ក្រោម​គម្រោង​ ISAC​ តំណាង​ភាគី​ពាក់ព័ន្ធ​ និង​អ្នកសម្របសម្រួល​គណនេយ្យ​សង្គម​។​

អ្នក​​ចូលរួម​ពី​ចម្ងាយ​ដោយ​ប្រើប្រាស់​កម្មវិធី​ Zoom។

លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​/​និពន្ធ​នាយក​នៃ​អង្គការ​អូ​ឌី​ស៊ី​ និង​លោក​ ប៊ី​ស្ណុ​ សា​ព​កូតា​ ប្រធាន​គម្រោងការ​ឆ្នៃ​ប្រឌិត​ថ្មី​សម្រាប់​គណនេយ្យ​ភាព​សង្គម​នៅ​កម្ពុជា​ (ISAC)​ បាន​ធ្វើការ​សុន្ទរកថា​ស្វា​មន៍​អ្នកចូលរួម​នៅ​ក្នុង​សិក្ខាសាលា​នេះ​។​ លោក​ ធី​ ទ្រី​ បាន​ថ្លែង​អំពី​ការងារ​របស់​អូ​ឌី​ស៊ី​ ក្នុង​ការ​បង្កើត​ទំព័រ​គណនេយ្យ​ភាព​សង្គម​ ដោយ​ដំបូង​ឡើយ​មានការ​រៀបចំ​ជា​សិក្ខាសាលា​នៅ​ខែឧសភា​ ឆ្នាំ​២០២០​ និង​បន្ត​ដោយ​ការងារ​ជា​បន្តបន្ទាប់​ជាមួយ​ក្រុម​ការងារ​​អភិវឌ្ឍ​ទំព័រ​របស់​អូ​ឌី​ស៊ី​ និង​​អ្នក​ពិគ្រោះ​យោបល់​មក​ពី​ខាង​ក្រៅ​​។​ លោក​បាន​កត់​សម្គាល់ថា​ ផ្នែក​សំខាន់​នៃ​ការងារ​របស់​អូ​ឌី​ស៊ី​ គឺ​ការ​ចែករំលែក​ព័ត៌មាន​អំពី​ថវិកា​ និង​ព័ត៌មាន​ស្តី​ពី​ការ​ផ្តល់​សេវា​សាធារណៈ​ ដែល​ជា​ទិដ្ឋភាព​រួម​នៃ​ព័ត៌មាន​នៅ​ក្នុង​ទំព័រ​នេះ​។

លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​​នៃ​អង្គការ​អូ​ឌី​ស៊ីកំពុង​​ធ្វើការ​សុន្ទរកថា​ស្វា​មន៍។

លោក​ ប៊ី​ស្ណុ​ សា​ព​កូតា​ បាន​លើក​ឡើង​អំពី​តម្លៃ​នៃ​ទំព័រ​គណនេយ្យ​ភាព​សង្គម​ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​ ISAC​ ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​មានការ​យល់​ដឹង​ជា​សាធារណៈ​ និង​ពង្រឹង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​។​

​លោក​ ប៊ី​ស្ណុ​ សា​ព​កូតា​ ប្រធាន​គម្រោង ISAC កំពុង​​ធ្វើការ​សុន្ទរកថា​ស្វា​មន៍។

ជា​កិច្ច​បន្ទាប់​ លោក​ លី​ ហ្វ័​រ​សៃ​ត៍​ មន្ត្រី​លទ្ធិប្រជាធិបតេយ្យ​ និង​អភិបាលកិច្ច​ នៃ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​(USAID)​ បាន​ធ្វើ​សុន្ទរកថា​បើក​កម្មវិធី​។​ លោក​បាន​ចែករំលែក​អំពី​បរិបទ​នៃ​គម្រោង​ ISAC​ ជា​រួម​ ក៏​ដូច​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្សព្វផ្សាយ​ក្នុង​ការ​ពង្រីក​វិសាលភាព​នៃ​ផល​ប៉ះពាល់​របស់​គម្រោង​។​

លោក​ លី​ ហ្វ័​រ​សៃ​ត៍​ មន្ត្រី​លទ្ធិប្រជាធិបតេយ្យ​ និង​អភិបាលកិច្ច​ នៃ USAID​ គំពុង​​ធ្វើ​សុន្ទរកថា​បើក​កម្មវិធី​។

​បន្ទាប់​ពី​ការ​ណែនាំ​អំពី​ការងារ​ជុំវិញ​ការ​អភិវឌ្ឍ​ទំព័រ​ថ្មី​នេះ​ និង​តួនាទី​នៃ​ទំព័រ​នេះ​នៅ​ក្នុង​គម្រោង​ ISAC​ លោក​ បាន​ ចន្ទ​ផល្លា​ បណ្ណាធិការ​ –​ អ្នក​ស្រាវជ្រាវ​ ផ្នែក​អភិវឌ្ឍន៍​សង្គម​របស់​អូ​ឌី​ស៊ី​ បាន​ធ្វើ​បទ​បង្ហាញ​ពីមុខ​ងារ​ និង​ការ​ប្រើប្រាស់​ទំព័រ​គណនេយ្យ​ភាព​សង្គម​ ដោយ​បង្ហាញ​អំពី​ផ្នែក​សំខាន់ៗ​ចំនួន​បួន​របស់​ទំព័រ​នេះ​រួម​មាន​ ព័ត៌មាន​ក្រាហ្វិក​ អត្ថបទ​ តារាង​ទិន្នន័យ​ និង​ផែនទី​ ក៏​ដូច​ជា​ការ​បញ្ជាក់​ពីមុខ​ងារ​ផ្សេងៗ​គ្នា​ និង​ភាព​ងាយស្រួល​នៃ​ការ​ប្រើប្រាស់​របស់​ទំព័រ​នេះ​។​

លោក​ បាន​ ចន្ទ​ផល្លា​ កំពុង​​ធ្វើ​បទ​បង្ហាញ​ពីមុខ​ងារ​ និង​ការ​ប្រើប្រាស់​ទំព័រ​គណនេយ្យ​ភាព​សង្គម។

បន្ទាប់​មក​សិក្ខាសាលា​បាន​ផ្តល់​ឱកាស​ឱ្យ​អ្នកចូលរួម​ទាំងអស់​ចោទ​ជា​សំណួរ​ និង​ផ្តល់​មតិយោបល់​លើ​ទំព័រ​ថ្មី​នេះ​ ដោយ​សំណួរ​ភាគច្រើន​មក​ពី​អ្នកចូលរួម​ពី​ចម្ងាយ​តាម​រយៈ​កម្មវិធី​ Zoom​។​ លោក​ បាន​ ច័ន្ទ​ផល្លា​ និង​ក្រុមការងារ​អូ​ឌី​ស៊ី​ផ្សេង​ទៀត​បាន​បញ្ជាក់​ពី​ការ​ប្រើប្រាស់​ទំព័រ​ ក៏​ដូច​ជា​វិសាលភាព​នៃ​ទំព័រ​ទាំងមូល​ និង​គោលដៅ​រយៈពេល​វែង​។​ យើង​បាន​ទទួល​សំណួរ​ និង​យោបល់​ជា​ច្រើន​ពី​អ្នកចូលរួម​។​

​ដើម្បី​បញ្ចប់​សិក្ខាសាលា​នេះ​ កញ្ញា​ អ៊ួ​ន​ វិមល​ ប្រធាន​គ្រប់គ្រង​កម្មវិធី​ និង​ភាព​ជា​ដៃគូ​នៃ​អូ​ឌី​ស៊ី​ បាន​សរុប​ឡើង​វិញ​នូវ​កម្មវិធី​នា​ថ្ងៃនេះ​ ហើយ​បាន​កត់​សម្គាល់ថា​ អូ​ឌី​ស៊ី​ នឹង​ស្វែងរក​កិច្ចសហការ​បន្ថែម​ទៀត​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​បន្ត​ពង្រឹង​ និង​អភិវឌ្ឍ​ទំព័រ​នេះ​ឆ្ពោះទៅ​មុខ​។