ការជជែកពិភាក្សាទៅលើភាពដែលអាចប្រើប្រាស់បាននៃទំព័រគណនេយ្យភាពសង្គម
ក្រុមការងាររបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានចំណាយពេលខ្លះក្នុងខែកញ្ញានេះ ដើម្បីពិនិត្យមើលការងារដែលកំពុងដំណើរការរបស់ខ្លួន ដើម្បីបង្កើតទំព័ររងនៃគណនេយ្យភាពសង្គមសម្រាប់គម្រោងការច្នៃប្រឌិតថ្មីសម្រាប់គណនេយ្យភាពសង្គមនៅកម្ពុជា (ISAC)។
លោក វ៉ាមឿន និមល ជាគ្រូបង្រៀន និងអ្នកបង្កើតគេហទំព័រ បានសម្របសម្រួលក្នុងការជជែកពិភាក្សា ដោយពិនិត្យមើលការងាររបស់ក្រុមការងារអូឌីស៊ី លើការពង្រឹងទំព័រគណនេយ្យភាពសង្គមកាលពីឆ្នាំមុន។ លោក និមល បានជួយក្នុងការបំប្លែងការរចនានៅក្នុងគំរូទៅជារចនាសម្ព័ន្ធដែលអាចអនុវត្តបាន ក៏ដូចជាធ្វើការសាកល្បងលទ្ធភាពប្រើប្រាស់នៅលើទំព័រគណនេយ្យភាពសង្គមតាមស្តង់ដារ ISO។
អ្នកចូលរួមបានពិនិត្យមើលដំណើរការរបស់អូឌីស៊ីដោយផ្ទៀងផ្ទាត់ជាមួយនឹងអនុសាសន៍របស់ក្រុមការងារ Newsgain ដែលពីមុនបានធ្វើការត្រួតពិនិត្យលើបញ្ហាប្រឈមនៃការប្រើប្រាស់គេហទំព័រអូឌីស៊ីទាំងមូល។ បន្ទាប់មក អ្នកចូលរួមពិនិត្យមើលរបាយការណ៍កាលពីឆ្នាំ២០២១ អំពីទំព័រគណនេយ្យភាពសង្គម ដែលប្រៀបធៀបវាទៅនឹងស្តង់ដារគេហទំព័រ ISO ។
នៅក្នុងការពិភាក្សាបន្ថែម អ្នកចូលរួមបានពិភាក្សាអំពីលទ្ធភាពប្រើប្រាស់ទូរស័ព្ទ ការបង្កើនប្រសិទ្ធភាពម៉ាស៊ីនស្វែងរក មុខងារស្វែងរកនៅលើគេហទំព័រផ្ទាល់ និងការប្រើប្រាស់ WordPress ‘កម្មវិធីជំនួយ’ ។ អ្នកចូលរួមក៏បានពិនិត្យមើលមុខងារផែនទី (តាមរយៈ TerriaJS) និងជម្រើសសម្រាប់ការទាញយកឯកសារទិន្នន័យ។
ខណៈពេលដែលវឌ្ឍនភាពត្រូវបានបង្កើតឡើងនៅលើមុខជាច្រើន បញ្ហាប្រឈមមួយចំនួននៅតែមាន។ អូឌីស៊ី និង Internews នឹងបន្តធ្វើការជាមួយគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ ដើម្បីបន្តពង្រឹងទំព័រគណនេយ្យភាពសង្គមក្នុងឆ្នាំទី៤ នៃគម្រោង ISAC នាពេលខាងមុខនេះ ។