សិក្ខាសាលា​បណ្តុះបណ្តាល​ពី​ចម្ងាយ​ស្តី​ពី​ អក្ខរកម្ម​ទិន្នន័យ​អំពី​គណនេយ្យ​ភាព​សង្គម

​នៅ​ថ្ងៃ​ទី​១៤​ ដល់​ ថ្ងៃ​ទី​១៧​ ខែមិថុនា​ ឆ្នាំ​២០២១​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​សិក្ខាសាលា​បណ្តុះបណ្តាល​ពី​ចម្ងាយ​រយៈពេល​បួន​ថ្ងៃ​ស្តី​ពី​ អក្ខរកម្ម​ទិន្នន័យ​អំពី​គណនេយ្យ​ភាព​សង្គម​ បាន​ដោយ​ជោគជ័យ​។​ ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​ សិក្ខាសាលា​រយៈពេល​បួន​ថ្ងៃនេះ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ប្រព័ន្ធ​វី​ដេ​អូ​អន​ឡាញ​ «Zoom»​ និង​មាន​អ្នកចូលរួម​សរុប​ចំនួន​១៦​នាក់​ដែល​ពួក​គាត់​គឺ​មក​ពី​ស្ថាប័ន​ផ្សេងៗ​គ្នា​។​ អ្នកចូលរួម​ទាំង​គឺជា​បុគ្គលិក​នៅ​អង្គការ​សង្គម​ស៊ី​វិល​ដែល​ធ្វើការ​លើ​គណនេយ្យ​ភាព​សង្គម​។​

​សិក្ខាសាលា​នេះ​ ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​បណ្តុះបណ្តាល​អ្នកចូលរួម​នូវ​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​បរិយាយ​រឿង​ដោយ​ប្រើប្រាស់​ទិន្នន័យ​ ដើម្បី​ឱ្យ​ទិន្នន័យ​នោះ​បាន​ដល់​ទស្សនិកជន​ទូទៅ​តាម​រយៈ​ការ​ពង្រឹង​ការ​បរិយាយ​រឿង​ដោយ​ប្រើប្រាស់​ទិន្នន័យ​ និង​ប្រើប្រាស់​ភាសា​សាមញ្ញ​ លើកកម្ពស់​ការ​សម្រេចចិត្ត​ដែល​ទាក់ទង​ទៅ​នឹង​គណនេយ្យ​ភាព​សង្គម​ និង​គោលនយោបាយ​សាធារណៈ​នៅ​កម្ពុជា​។​

​អំឡុង​ពេល​នៃ​សិក្ខាសាលា​ អ្នកចូលរួម​ត្រូវ​បាន​បណ្តុះបណ្តាល​អំពី​ការ​​ស្វែង​រក​​ទិន្នន័យ​ពាក់ព័ន្ធ​នឹងការងារ​របស់​ពួក​គាត់​​​ បង្កើន​ការ​គិត​ស៊ីជំរៅ​ និង​ដំណើរការ​រៀបចំ​ចាត់ចែង​។ បន្ថែម​ពី​នេះ​ពួក​គាត់​​ត្រូវ​បាន​ជំរុញ​ឱ្យ​​បង្កើត​សំណួរ​ និង​ស្វែងរក​ចម្លើយ​តាម​រយៈ​ទិន្នន័យ​ដែល​ត្រូវ​បាន​គេ​មើលឃើញ​ និង​គណនា​លើ​ទិន្នន័យ​​ផ្តុំ​​ ហើយ​ប្រែក្លាយ​ទិន្នន័យ​ដែល​ទទួល​បាន​ទៅ​ជា​ព័ត៌មាន​រួច​រៀប​ចំការ​​បរិយាយ​រឿង​ដោយ​ប្រើប្រាស់​ទិន្នន័យ​​ព្រមទាំង​ការ​​សរសេរ​។​

​វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវ​បាន​ចាប់ផ្តើម​ដោយ​មានការ​បើក​ស​ន្ទ​រក​ថា​ពី​ លោក​ ធី​ ទ្រី​ ដែល​ជានា​យក​ប្រតិបត្តិ​នៃ​អង្គការ​អូ​ឌី​ស៊ី​ និង​លោក​ ប៊ី​ស្ណុ​ សា​ព​កូតា​ ប្រធាន​គម្រោងការ​ឆ្នៃ​ប្រឌិត​ថ្មី​សម្រាប់​គណនេយ្យ​ភាព​សង្គម​នៅ​កម្ពុជា​ (ISAC)​ ។​ បន្ទាប់​ពី​ការ​បើក​ស​ន្ទ​រក​ថា​ អ្នកចូលរួម​ទាំងអស់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ណែនាំ​ខ្លួន​ទៅ​វិញ​ទៅ​មក​ ដែល​មាន​សារៈសំខាន់​ក្នុង​ការ​យល់​ដឹង​ពី​គ្នា​ឱ្យ​បាន​កាន់តែ​ច្បាស់​ និង​សេចក្តី​រំពឹង​ទុក​ដែល​ទទួល​បាន​ពី​វគ្គ​បណ្តុះបណ្តាល​នេះ​ ជា​ពិសេស​ការ​យល់​ដឹង​អំពី​ទិន្នន័យ​បើក​ទូលាយ​ ព្រមទាំង​តួនាទី​នៃ​ទិន្នន័យ​ ជំនាញ​ក្នុង​ការ​កំណត់​ប្រភព​នៃ​ព័ត៌មាន​ និង​វិភាគ​ដំណើររឿង​ដោយ​ផ្អែក​លើ​ទិន្នន័យ​។

ប​នា្ទ​ប់​ពី​សុន្ទរកថា​ វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវ​បាន​ចាប់ផ្តើម​ដោយ​ការ​ប្រឡង​ដើម្បី​វាយតម្លៃ​ពី​ការ​យល់​ដឹង​របស់​អ្នកចូលរួម​របស់​យើង​អំពី​ទិន្នន័យ​។​ បន្ទាប់​ពី​ការ​ធ្វើតេស្ត​ លោក​ សំ​អាន​ ម៉ារ​ឌី​ មន្ត្រីជាន់ខ្ពស់​ផ្នែក​អភិវឌ្ឍន៍​គេហទំព័រ​ និង​ព័ត៌មានវិទ្យា​របស់​អូ​ឌី​ស៊ី​បាន​ចាប់ផ្តើម​ជាមួយនឹង​ការ​ពន្យល់​ពី​មូលដ្ឋាន​នៃ​ការ​ប្រសព្វ​របស់​ទិន្នន័យ​ ដំណើររឿង​ និង​គោលការណ៍​ ហើយ​បាន​បន្ត​ដោយ​លោក​ បាន​ ចន្ទ​ផល្លា​ អ្នក​ស្រាវជ្រាវ​ ផ្នែក​អភិវឌ្ឍន៍​សង្គម​របស់​អូ​ឌី​ស៊ី​អំពី​ការ​យល់​ដឹង​មូលដ្ឋាន​អំពី​ទិន្នន័យ​។​

​បន្ទាប់​ពី​ការ​សម្រាក​បន្តិច​មក​ លោក​ វង្ស​ ពិ​សិទ្ធ​ មន្ត្រីជាន់ខ្ពស់​ផ្នែក​ស្រាវជ្រាវ​ទិន្នន័យ​ និង​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​(GIS)​នៃ​អូ​ឌី​ស៊ី​បាន​ចាប់ផ្តើម​បន្ត​វគ្គ​បណ្ដុះបណ្ដាល​នេះ​ជាមួយនឹង​លំ​ហាត់​មួយ​ចំនួន​ចាប់តាំងពី​ពេល​ព្រឹក​ ដោយ​បំបែក​អ្នកចូលរួម​ទៅ​តាម​បន្ទប់​នីមួយៗ​ (Break​ out​ room)​។​ នៅ​ចុងបញ្ចប់​នៃ​វគ្គ​បណ្តុះបណ្តាល​ថ្ងៃ​ទី​មួយ​ លោក​ ឡុ​ច​ កល្យាណ​ ដែល​ជា​អ្នក​ស្រាវជ្រាវ​ទិន្នន័យ​ និង​ ឯកទេស​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​(GIS)​ បាន​បង្ហាញ​ពី​ដំណើរការ​នៃ​ការ​ស្វែងរក​ទិន្នន័យ​ជាមួយនឹង​លំ​ហាត់​តូចៗ​មួយ​ចំនួន​នៅ​ចុងបញ្ចប់​។​

​នៅ​ថ្ងៃ​ទី​១៥​ ខែមិថុនា​ ដែល​ជា​ថ្ងៃ​ទី​ពីរ​ នៃ​ការ​បណ្តុះបណ្តាល​នេះ​ លោក​ កល្យាណ​ បាន​ស្វាគមន៍​អ្នកចូលរួម​ជាមួយនឹង​លំ​ហាត់​ខ្លះៗ​ពី​ការ​ស្វែងរក​ទិន្នន័យ​ដែល​បាន​ពន្យល់​កាលពី​ថ្ងៃ​ទី​មួយ​ ដើម្បី​រំលឹក​ឡើង​វិញ​នូវ​ព័ត៌មាន​មួយ​ចំនួន​មុន​ពេល​បន្ត​វគ្គ​បណ្តុះបណ្តាល​ទៅ​មុខ​ទៀត​។​ បន្ទាប់​មក​លោក​ ពិ​សិទ្ធ​ បាន​ធ្វើ​បទ​បង្ហាញ​ទាក់ទង​នឹង​ការ​សម្ភាសន៍​ទិន្នន័យ​ម្តង​មួយ​ជំហានៗ​។​ ដោយសារ​តែ​វគ្គ​នេះ​មាន​សារៈសំខាន់​ខ្លាំង​សម្រាប់​ការ​បណ្តុះបណ្តាល​ទាំងមូល​ លោក​ ពិ​សិទ្ធ​ បាន​សំរេច​ដាក់​នូវ​លំ​ហាត់​ជា​ច្រើន​ដល់​អ្នកចូលរួម​ តាំងពី​ព្រឹក​រហូត​ដល់​ចុងបញ្ចប់​នៃ​ថ្ងៃ​ទី​ពីរ​។​

​នៅ​ថ្ងៃ​ទី​១៦​ ខែមិថុនា​ ដែល​ជា​ថ្ងៃ​ទី​បី​ នៃ​ការ​បណ្តុះបណ្តាល​លោក​ ពិ​សិទ្ធ​ បាន​ចាប់ផ្តើម​បង្ហាញ​អំពី​ data​ story​ recipe​ lab​ និង​ការ​ធ្វើ​ឱ្យ​ទិន្នន័យ​ទាំងនោះ​មាន​ភាព​សាមញ្ញ​ និង​ងាយ​យល់​ ដើម្បី​ឱ្យ​ទិន្នន័យ​របស់​យើង​កាន់តែ​មាន​លក្ខណៈ​ទាក់ទាញ​ និង​គួរ​ឱ្យ​ចាប់អារម្មណ៍​ដូច​ជា​ការ​យក​មនុស្ស​ជា​ប្រធាន​ ដូច្នេះ​វា​ងាយស្រួល​ជាង​ក្នុង​ការ​បញ្ចូល​កិរិយា​ស័ព្ទ​សកម្មភាព​តាម​ក្រោយ​។​ ស្រ​ដៀង​ទៅ​នឹង​វគ្គ​មុន​ដែរ​ លោក​ ពិ​សិទ្ធ​ បាន​បំបែក​អ្នកចូលរួម​ទៅ​តាម​បន្ទប់​តូចៗ​ជាមួយនឹង​លំ​ហាត់​ខ្លះៗ​ ហើយ​បន្ទាប់​មក​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​ថ្ងៃ​ទី​បី​ ជាមួយ​កម្មវិធី​អូ​ស៊ី​អ​ភាសា​ខ្មែរ​ ដោយ​លោក​ ផល្លា​។​

​នៅ​ថ្ងៃ​ទី​១៧​ ខែមិថុនា​ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​បណ្តុះបណ្តាល​នេះ​ លោក​ ម៉ារ​ឌី​ បាន​ពន្យល់​អំពី​វិធី​ដែល​យើង​អាច​រៀបចំ​រឿងរ៉ាវ​ដោយ​ផ្អែក​លើ​ទិន្នន័យ​បាន​ ដែល​ក្នុង​នោះ​មាន​ដូច​ជា​ ​រចនាសម្ព័ន្ធ​នៃ​រឿង​ដោយ​ប្រើប្រាស់​ទិន្នន័យ​។​ អ្វី​ដែល​សំខាន់​ពី​វគ្គ​នេះ​គឺ​ ជម្រើស​នៃ​រចនា​សម្ព័​ន​របស់​រឿង​ដោយ​ប្រើប្រាស់​ទិន្នន័យ​ដែល​រាប់​បញ្ចូល​ទាំង​ ពីរ៉ាមីត​បញ្ច្រាស​ (Inverted​ Pyramid)  ​ ប្រៀបធៀប​ភាព​ផ្ទុយ​គ្នា​ (Compare​ Contrast)​ និង​មួយ​ជំហាន​ម្តង​ទៅ​តាម​បញ្ហា​ (Step-by-Step​ through​ an​ Issue​ )​។​ នៅ​ចុងបញ្ចប់​នៃ​ការ​បណ្តុះបណ្តាល​រយៈពេល​បួន​ថ្ងៃ​ អ្នកចូលរួម​ទាំងអស់​មានឱកាស​ក្នុង​ការ​ពិភាក្សា​គ្នា​បន្ថែម​ និង​ការ​ប្រឡង​តាម​រយៈ​ហ្គូ​ហ្គ​ល​ហ្វ​ម​ (Google​ Form)​ ដើម្បី​វាយតម្លៃ​បន្ថែម​លើ​ការ​យល់​ដឹង​របស់​អ្នកចូលរួម​បន្ទាប់​ពី​ការ​បណ្តុះបណ្តាល​រយៈពេល​បួន​ថ្ងៃ​កន្លង​មក​។​

​តាម​រយៈ​ការ​បណ្តុះបណ្តាល​រយៈពេល​ ៤​ ថ្ងៃនេះ​ យើង​អាច​មើលឃើញ​ពី​ការ​រីក​ចំរើន​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ការ​យល់​ដឹង​អំពី​មូលដ្ឋាន​គ្រឹះ​នៃ​អក្ខរកម្ម​ទិន្នន័យ​អំពី​គណនេយ្យ​ភាព​សង្គម​ ជា​ពិសេស​តាម​រយៈ​ការ​ប្រលង​ចុង​ក្រោយ​ដែល​អ្នកចូលរួម​ទាំងអស់​បាន​ធ្វើ​។​ សរុប​មក​ អ្នកចូលរួម​ទាំងអស់​បាន​ពេញចិត្ត​នឹង​វគ្គ​បណ្តុះបណ្តាល​នេះ​ ព្រោះ​វា​បាន​ជួយ​ដល់​ពួក​គេ​យ៉ាង​ខ្លាំង​ជាមួយនឹង​ការ​សិក្សា​ និង​ការងារ​។​