សិក្ខាសាលាទី​២​ស្តី​ពី​៖​ “​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ទាញ​យក​ទិន្នន័យ​សម្រាប់​អាជីព​ជា​អ្នក​សារព័ត៌មាន​”

​សិក្ខាសាលា​ទី​២​ស្តី​ពី​៖​ “​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ទាញ​យក​ទិន្នន័យ​សម្រាប់​អាជីព​ជា​អ្នក​សារព័ត៌មាន​”
​តើ​អ្នករក​ឃើញ​ប្រធានបទ​ ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​ដើម្បី​សរសេរ​ហើយ​ឬ​នៅ​?​ ការ​ប្រើប្រាស់​ទិន្នន័យ​ អាច​ជួយ​ក្នុង​ការ​សរសេរ​អត្ថបទ​របស់​អ្នក​បាន​!​ ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​ “​ការ​ទាញ​យក​ទិន្នន័យ​សម្រាប់​អាជីព​ជា​អ្នក​សារព័ត៌មាន​”​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បាន​សហការ​ជាមួយ​ មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ បាន​រៀបចំ​សិក្ខាសាលា​ រយៈពេល​ពីរ​ថ្ងៃ​លើក​ទី​ពីរ​ សម្រាប់​សិស្ស​និស្សិត​ ដែល​កំពុង​សិក្សា​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​សារព័ត៌មាន​ និង​អ្នកកាសែត​ នៅ​ថ្ងៃ​ទី​២៤​ និង​ ២៥​ ខែឧសភា​ ឆ្នាំ​២០១៨​។​ ការ​ធ្វើការ​ជាមួយ​ទិន្នន័យ​គឺ​វា​ពិបាក​ណាស់​ ប៉ុន្តែ​ជាមួយ​អ្នកជំនាញ​ដែល​ត្រូវ​បាន​អញ្ជើញ​មក​ចូលរួម​ធ្វើ​បទ​បង្ហាញ​ក្នុង​សិក្ខាសាលា​នេះ​ បាន​ជួយ​ដល់​អ្នកចូលរួម​ឱ្យ​មាន​សមត្ថភាព​ក្នុង​ការ​ចាប់ផ្តើម​សរសេរ​សាច់​រឿង​សារព័ត៌មាន​ដោយ​ខ្លួនឯង​បាន​។​

តើ​អ្វី​ទៅ​ជា​ទិន្នន័យ​?

​ទិន្នន័យ​ គឺ​ទាក់ទង​ជាមួយនឹង​លេខ​។​ ពិតប្រាកដ​ហើយ​ ប៉ុន្តែ​វា​មាន​អ្វី​ច្រើន​ទៀត​ក្រៅពី​នេះ​។​ តើ​អ្នកដឹង​ទេ​ថា​ “Tag​ cloud”​ គឺជា​អ្វី​ ?​ ឬ​ក៏​អ្វី​ទៅ​ដែល​ ហៅ​ថា​ “Scraping”?​ មិន​ខុស​ពី​សិក្ខាសាលា​វគ្គ​មុន​ទេ​ ចាប់ផ្តើម​ពី​មួយ​ជំហាន​ទៅ​មួយ​ជំហាន​ ដំបូង​អ្នក​ត្រូវ​ស្វែងរក​ទិន្នន័យ​ បន្ទាប់​មក​អ្នក​ត្រូវ​ច្រោះ​ និង​វិភាគ​វា​។​ បន្ទាប់​ពី​នេះ​ អ្នក​អាច​ចាប់ផ្តើម​ធ្វើ​ទិន្នន័យ​របស់​អ្នក​ឱ្យ​ក្លាយជា​រូបភាព​ (Visualization)​ ហើយ​នៅ​ទី​បញ្ចប់​អ្នក​អាច​សរសេរ​អត្ថបទ​សារព័ត៌មាន​របស់​អ្នក​ឱ្យ​មាន​ភាព​ទាក់ទាញ​បាន​។​ អ្នកចូលរួម​មានឱកាស​អាន​គំរូ​អនុវត្ត​ល្អ​បំផុត​ ដើម្បី​ស្វែង​យល់​ពី​ទម្រង់​អត្ថបទ​ទិន្នន័យ​ ដែល​មាន​ភាព​ស្រ​ដៀង​គ្នា​។​

អ្នក​ចូលរួម​ធ្វើការ​សិក្សា​ស្វែងយល់​ជាក្រុមអំ​ពី​អត្ថបទសារព័ត៌មានដែល​ប្រើ​ប្រាស់​​ទិន្នន័យ​

តោះ​ចាប់ផ្តើម​!

​ដូច្នេះ​ យើង​ចាប់ផ្តើម​រក​ទិន្នន័យ​!​ ប៉ុន្តែ​តើ​រក​នៅ​ទីណា​?​ លោក​ លេ​ណាត​ ក្រុ​ត​ហ្ស៊ែ​ឃ​ អ្នក​ហាត់​ការ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ទំនាក់ទំនង​ នៅ​អង្គការ​អូ​ឌី​ស៊ី​ បាន​បង្ហាញ​ពី​កន្លែង​ ដែល​ត្រូវ​ស្វែងរក​ទិន្នន័យ​តាម​អ៊ី​ន​ធើ​ណែ​ត​ និង​ផ្តល់​យោបល់​ច្បាស់លាស់​អំពី​របៀប​ ដែល​អ្នក​អាច​ច្រោះ​ទិន្នន័យ​ដើម្បី​ស្វែងរក​ព័ត៌មាន​ល្អ​បំផុត​សម្រាប់​រឿង​របស់​អ្នក​។​ ដំណើរការ​នេះ​ ត្រូវ​ចំណាយពេល​ច្រើន​ ប៉ុន្ដែ​សុំ​កុំ​បោះបង់​!​ ធនធាន​ដ៏​ល្អ​ដើម្បី​ស្វែងរក​ទិន្នន័យ​អំពី​ប្រទេស​កម្ពុជា​ គឺជា​គេហទំព័រ​របស់​អូ​ឌី​ស៊ី​។​ កញ្ញា​ ឌុ​ច​ សុធា​វី​ន​ ដែល​ជា​មន្ត្រី​ស្រាវជ្រាវ​ និង​ភាព​ជា​ដៃគូ​ នៅ​អង្គការ​អូ​ឌី​ស៊ី​បាន​បង្ហាញ​ពី​ ភាព​ងាយស្រួល​ក្នុង​ការ​ស្វែងរក​ទិន្នន័យ​នៅ​លើ​ គេហទំព័រ​នេះ​ និង​របៀប​ដែល​អ្នក​អាច​ប្រើ​ផែនទី​អន្តរ​កម្ម​ជា​មូលដ្ឋាន​ សម្រាប់​សរសេរ​អត្ថបទ​សារព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក​។​ ដោយ​មាន​ព័ត៌មាន​ជាក់លាក់​អំពី​រចនាសម្ព័ន្ធ​នៃ​សំណុំ​ទិន្នន័យ​ អ្នកចូលរួម​បាន​អនុវត្ត​ការ​វិភាគ​ទិន្នន័យ​ដោយ​ប្រើ​កម្មវិធី​ អេស​ភី​អេស​អេស​ (SPSS)​ ក្រោម​ការ​បង្ហាត់បង្រៀន​ដោយ​ លោក​ លី​ ជាទី​ ជា​អ្នកគ្រប់គ្រង​ប្រតិបត្តិការ​នៅ​ក្រុមហ៊ុន​ រៀល​ ថា​ម​ ដា​តា​ សឹ​លូ​សិន​ (Real-time​ Data​ Solution​ co.,​ LTD)​។​

លោកលេណាត កំពុងពន្យល់ពី​របៀបស្វែងរក​ទិន្នន័យ​នៅលើប្រព័ន្ធអនឡាញ

លោក ជាទី កំពុងពន្យល់​​ពីរបៀបវិភាគទិន្នន័យ​ដោយ​ប្រើប្រាស់​​កម្ម​វិ​ធី​ អេសភីអេសអេស (SPSS)

ការ​ធ្វើ​ឱ្យ​ទិន្នន័យ​ក្លាយជា​រូបភាព​៖​ គួរ​ឱ្យ​ទាក់ទាញ​ និង​មាន​ខ្លឹមសារ​

​កំឡុង​ពេល​សិក្ខាសាលា​នេះ​ អ្នកចូលរួម​ត្រូវ​បាន​ជួ​ួ​យ​គាំទ្រ​ក្នុង​ការ​វិភាគ​ និង​ការ​ធ្វើ​ឱ្យ​ទិន្នន័យ​ក្លាយជា​រូបភាព​ស្តី​ពី​ ការ​អប់រំ​នៅ​កម្ពុជា​ ក្រោម​ការ​ណែនាំ​ដោយ​លោក​ ព្រំ​ ពន់​វឌ្ឍន៍​ អ្នក​ស្រាវជ្រាវ​ទិន្នន័យ​ និង​មន្ត្រី​ផ្នែក​ GIS​ របស់​អូ​ឌី​ស៊ី​។​ ប៉ុន្ដែ​តើ​ខ្ញុំ​អាច​ជ្រើស​ក្រា​ហ្វ​មួយ​ណា​ដែល​ល្អ​បំផុត​សម្រាប់​ប្រធានបទ​នេះ​?​ នៅ​ចុងបញ្ចប់​ អ្នកចូលរួម​បាន​រៀន​ និង​ស្វែង​យល់​ពី​អ្វី​ដែល​ត្រូវធ្វើ​ និង​មិន​ត្រូវ​ក្នុង​ការ​ធ្វើ​ឱ្យ​ទិន្នន័យ​ក្លាយជា​រូបភាព​។​ ហើយ​កុំ​ភ្លេច​ណា​៖​ ការ​ធ្វើ​ឱ្យ​ទិន្នន័យ​ក្លាយជា​រូបភាព​មិន​ត្រឹមតែ​ស្រស់​ស្អាត​គួរ​ឱ្យ​ទាក់ទាញ​ទេ​ ប៉ុន្តែ​វា​ក៏​មានមុខ​ងារ​ និង​បង្កប់​អត្ថន័យ​ផង​ដែរ​!

លោក​ព្រំ ពន់វឌ្ឍន៍ កំពុង​បង្ហាញអ្នក​ចូលរួម​ពី​របៀប​ធ្វើ​ឱ្យ​ទិន្នន័យក្លាយ​ជា​រូប​ភាព​  ទាក់ទង​នឹងការអប់រំដែល​ទាញចេញពីគេហទំព័រ​អូឌីស៊ី

ការ​ចាប់ផ្តើម​សរសេរ​អត្ថបទ​សារព័ត៌មាន

​ខណៈ​ដែល​ទិន្នន័យ​ត្រូវ​បាន​ក្លាយជា​រូបភាព​មើលឃើញ​ អ្នកចូលរួម​អាច​ចាប់ផ្តើម​សរសេរ​រឿងរ៉ាវ​របស់​គេ​ តាម​បរិបទ​ និង​វិធីសាស្ត្រ​របស់​គេ​រៀងៗ​ខ្លួន​ដោយ​ផ្អែក​លើ​ទិន្នន័យ​នោះ​។​ ដើម្បី​បង្ហាញ​ពី​របៀប​បកស្រាយ​ទិន្នន័យ​តាម​បែប​អ្នក​សារព័ត៌មាន​ លោក​ គុណ​ ចិន្តា​ ព​ណ្ណា​ធី​ការ​សារព័ត៌មាន​/​អ្នក​ផលិតកម្ម​វិធី​ទូរទស្សន៍​ បាន​ណែនាំ​អ្នកចូលរួម​ពី​របៀប​បកស្រាយ​ពី​ទិន្នន័យ​រូបភាព​មើលឃើញ​ទៅ​ជា​អត្ថបទ​កាសែត​។​

លោក គុណ ចិន្តា កំពុង​ធ្វើបទបង្ហាញអំពី​របៀប​សរសេរ​សារព័ត៌មាន​ដោយ​ភ្ជាប់​ជាមួយ​ទិន្នន័យ

​ជា​ការ​ពិត​ណាស់​ អ្នកចូលរួម​បាន​ចាកចេញ​ ជាមួយនឹង​វិញ្ញាបនបត្រ​ ដែល​បង្ហាញ​ពី​ចំណេះដឹង​ និង​ជំនាញ​ថ្មីៗ​ ដែល​ទទួល​បាន​ពី​ “​ការ​ទាញ​យក​ទិន្នន័យ​សម្រាប់​អាជីព​ជា​អ្នក​សារព័ត៌មាន​”​។​ អ្នក​ទាំងអស់​គ្នា​ មាន​ភាព​សប្បាយ​រីករាយ​ជាមួយនឹង​លទ្ធផល​ នៃ​គម្រោង​ផ្ទាល់ខ្លួន​របស់​ពួក​គេ​ ហើយ​យើង​ទាំងអ់ស់​គ្នា​មាន​ក្តី​រំភើប​ខ្លាំង​ណាស់​ចំពោះ​គម្រោង​ ដែល​ផ្អែក​លើ​ទិន្នន័យ​ទាំងអស់​ ដែល​នឹង​កើតឡើង​នា​ពេល​អនាគត​ បន្ទាប់​ពី​សិក្ខាសាលា​នេះ​!

អ្នក​ចូលរួម​ទទួលបាន​វិញ្ញាបនបត្រ​ក្រោយ​បញ្ចប់​សិក្ខាសាលា​

​តើ​អ្នក​ចង់​អាន​វគ្គ​បណ្តុះបណ្តាល​វគ្គ​មុន​ដែរ​ឬទេ​?​ អ្នក​អាច​អាន​នៅ​តំណ​នេះ​៖​ https://bit.ly/2Lk4QnS