សិក្ខាសាលាស្តីអំពី គេហទំព័រអូឌីស៊ី និងព័ត៌មានសេវាសាធារណៈជាមួយនឹងអាជ្ញាធរមូលដ្ឋាន, (គ.ជ.អ.ប), និងអង្គការមិនមែនរដ្ឋាភិបាលនានា
នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០១៧ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) បានរៀបចំសិក្ខាសាលាស្តីពី “គេហទំព័រអូឌីស៊ី និងការទទួលបានព័ត៌មានអំពីសេវាសាធារណៈ” នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ ដែលសិក្ខាសាលានេះត្រូវបានផ្តល់មូលនិធិដោយ កម្មវិធីរបស់ប្រទេសស៊ុយអែតសម្រាប់វិស័យ ICT នៅក្នុងតំបន់កំពុងអភិវឌ្ឍន៍ ហៅកាត់ថា “SPIDER” ក្រោមគម្រោង “ការយល់ដឹងជាសាធារណៈ និងការចូលរួមក្នុងការផ្តល់សេវារបស់រដ្ឋាភិបាល”។
គោលបំណងនៃការរៀបចំកិច្ចប្រជុំនេះឡើង គឺដើម្បីធ្វើការផ្សព្វផ្សាយ ទំព័រស្តីពីការទទួលបានសេវាសាធារណៈនៅលើគេហទំព័រអង្គការទិន្នន័យអំពីការអភិវឌ្ឍ និងការប្រើប្រាស់ ការទាញយកព័ត៌មាន និងទិន្នន័យពីទំព័រនេះ សម្រាប់ជាប្រយោជន៍ដល់ការលើកកម្ពស់ជីវភាព និងគុណភាពរបស់ប្រជាពលរដ្ឋតាមរយៈការចូលរួមចំណែកអភិបាលកិច្ចល្អ និងតម្លាភាពក្នុងវិស័យសេវាសាធារណៈ។
កិច្ចប្រជុំនេះ មានអ្នកចូលរួមចំនួន ១៧ នាក់ រួមមានអ្នកតំណាងនៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) តំណាងអាជ្ញាធរមូលដ្ឋាន ស្រុករមាសហែក ខេត្តស្វាយរៀង និងអង្គការមិនមែនរដ្ឋាភិបាលនានា ដែលកំពុងធ្វើការទាក់ទងនឹងគម្រោងការអនុវត្តក្របខណ្ឌគណនេយ្យភាពសង្គម-ISAF។

លោក ធី ទ្រី នាយកប្រតិបត្តិនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ កំពុងធ្វើការស្វាគមន៍ដល់អ្នកចូលរួម និងប្រកាសបើកសិក្ខាសាលា។

លោក ជេដ្ឋ គីមជុង តំណាងគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប) និងជាអនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងតាមដាន កំពុងធ្វើបទបង្ហាញអំពីការងាររបស់ គ.ជ.អ.ប ទាក់ទងនឹងគម្រោងការងារអនុវត្តគណនេយ្យភាពសង្គម។

ក្រុមការងារអូឌីស៊ី កំពុងជួយដល់អ្នកចូលរួមពីរបៀបការប្រើប្រាស់គេហទំព័រ អង្គការទិន្នន័យអំពីការអភិវឌ្ឍ និងរបៀបនៃការស្វែងរកព័ត៌មាននៅលើទំព័រ ការទទួលបានសេវាសាធារណៈ។