សិក្ខាសាលាស្តីអំពី គេហទំព័រអូឌីស៊ី និងព័ត៌មានសេវាសាធារណៈ
នៅថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នៅការិយាល័យអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) រាជធានីភ្នំពេញ ក្រុមការងារអូឌីស៊ី បានរៀបចំសិក្ខាសាលាស្តីពី “គេហទំព័រអូឌីស៊ី និងការទទួលបានព័ត៌មានអំពីសេវាសាធារណៈ” ដែលសិក្ខាសាលានេះត្រូវបានផ្តល់មូលនិធិដោយ កម្មវិធីរបស់ប្រទេសស៊ុយអែតសម្រាប់វិស័យ ICT នៅក្នុងតំបន់កំពុងអភិវឌ្ឍន៍ ហៅកាត់ថា “SPIDER” ក្រោមគម្រោង “ការយល់ដឹងជាសាធារណៈ និងការចូលរួមក្នុងការផ្តល់សេវារបស់រដ្ឋាភិបាល”។
គោលបំណងនៃការរៀបចំកិច្ចប្រជុំនេះឡើង គឺដើម្បីធ្វើការផ្សព្វផ្សាយ ទំព័រស្តីពីការទទួលបានសេវាសាធារណៈនៅលើគេហទំព័រអង្គការទិន្នន័យអំពីការអភិវឌ្ឍ និងការប្រើប្រាស់ ការទាញយកព័ត៌មាន និងទិន្នន័យពីទំព័រនេះ សម្រាប់ជាប្រយោជន៍ដល់ការលើកកម្ពស់ជីវភាព និងគុណភាពរបស់ប្រជាពលរដ្ឋតាមរយៈការចូលរួមចំណែកអភិបាលកិច្ចល្អ និងតម្លាភាពក្នុងវិស័យសេវាសាធារណៈ។ កិច្ចប្រជុំនេះ មានអ្នកចូលរួមចំនួន ១៣ នាក់ រួមមានអ្នកសម្របសម្រួលគណនេយ្យភាពសង្គម (CAF) អ្នកសារព័ត៌មានប្រជាពលរដ្ឋ (CJ) និងក្រុមការងារមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)។

លោកធី ទ្រី នាយកប្រតិបត្តិនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) កំពុងមានមតិស្វាគមន៍ទៅកាន់អ្នកចូលរួម។

ក្រុមការងារផ្នែកព័ត៌មានវិទ្យាកំពុងធ្វើបទបង្ហាញអំពីរបៀបនៃការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណែតក្នុងការស្វែងរកព័ត៌មាន និងពីរបៀបរក្សាសន្តិសុខឧបករណ៍ដែលប្រើប្រាស់សម្រាប់ដំណើការអ៊ីនធើណែត។

ក្រុមការងារពណ្ណាធីការរបស់អូឌីស៊ីកំពុងធ្វើការចុចបង្ហាញពីគេហទំព័រអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ដោយមានសិក្ខាកាមកំពុងប្រើប្រាស់ទូរស័ព្ទរបស់គាត់ដើម្បីចូលទៅកាន់គេហទំព័រអូឌីស៊ី។

ក្រុមការងារពណ្ណាធីការរបស់អូឌីស៊ីកំពុងធ្វើការបង្ហាត់បង្ហាញដល់សិក្ខាកាមពីដំណើរការចូលទៅកាន់ទំព័រព័ត៌មានទិន្នន័យ “ការទទួលបានសេវាសាធារណៈ” និងរបៀបដើម្បីស្វែងរកព័ត៌មាន និងទាញទិន្នន័យពីទំព័រនេះ។

ក្រុមការងារពណ្ណាធីការរបស់អូឌីស៊ីកំពុងបង្ហាញពីរបៀបក្នុងការមើល និងទាញយកស្រទាប់ផែនទី ទាក់ទងនឹងទីតាំងសាលារៀន មន្ទីរពេទ្យ និងមណ្ឌលសុខភាព ពីទំព័រការទទួលបានសេវាសាធារណៈ។

សិក្ខាកាមកំពុងឡើងបង្ហាញពីរបៀបនៃការប្រើប្រាស់សេវារថយន្តក្រុងសាធារណៈនៅទីក្រុងភ្នំពេញ ដោយប្រើប្រាស់ផែនទីខ្សែររត់នៅលើទំព័រការទទួលបានសេវាសាធារណៈ។

ក្រុមការងារនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ កំពុងធ្វើការណែនាំអំពីកម្មវិធី ”សេវាល្អសង្គមល្អ” ដែលមានចាក់ផ្សាយនៅលើវិទ្យុសារិកា។