លី​ ស្រី​នាង​៖​ បទ​ពិសោធន៍​ និង​ចំណាប់អារម្មណ៍​នៃ​ការ​ហាត់​ការ​នៅ​អូ​ឌី​ស៊ី​

ខ្ញុំ​ជា​និស្សិត​ឆ្នាំ​ទី​៤​ នៃ​ដេ​ប៉ា​តឺ​ម៉​ង់​គ្រប់គ្រង​ និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ​ នៃ​មហាវិទ្យាល័យ​សិក្សា​អភិវឌ្ឍន៍​ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។​ ជំនាញ​របស់ខ្ញុំ​គ្របដណ្តប់​លើ​ប្រធានបទ​យ៉ាង​ទូលំទូលាយ​ ពាក់ព័ន្ធ​នឹង​ធនធានធម្មជាតិ​ ដូច​ជា​ ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ដោយ​ចីរភាព​ ការ​អភិរក្ស​ ការ​ប្រើប្រាស់​ដីធ្លី​ ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ច្បាប់​ និង​បទបញ្ញត្តិ​នានា​ តំបន់ការពារធម្មជាតិ​ ធនធាន​រ៉ែ​ ធនធាន​ជលផល​ ការ​គ្រប់គ្រង​តំបន់ឆ្នេរ​ ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ វិធីសាស្ត្រ​ស្រាវជ្រាវ​ ព្រមទាំង​ការ​ស្ដារ​ និង​កែ​លម្អ​ប្រព័ន្ធ​អេកូឡូស៊ី​ជាដើម​។​ កន្លង​មក​ រាល់ពេល​ធ្វើ​កិច្ចការ​សាលា​ ឬ​ការ​ស្រាវជ្រាវ​បន្ថែម​ ទិន្នន័យ​ភាគច្រើន​ដែល​ខ្ញុំ​ប្រើប្រាស់​ គឺ​តែងតែ​ទាញ​យក​ដោយ​ផ្ទាល់​ពី​គេហទំព័រ​របស់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​។​

​ខ្ញុំ​បាន​ចាប់ផ្ដើម​បទ​ពិសោធន៍​ធ្វើការ​ជា​អ្នក​ហាត់​ការ​លើក​ដំបូង​នៅ​អូ​ឌី​ស៊ី​ កាលពី​ថ្ងៃ​ទី​៦​ ខែកក្កដា​ ឆ្នាំ​២០២៦​ ក្នុង​ផ្នែក​បណ្ណាធិការ​ និង​ស្រាវជ្រាវ​។​ ខ្ញុំ​ពិតជា​មាន​សេចក្ដី​សោមនស្ស​រីករាយ​ និង​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឱកាស​ដ៏​មាន​តម្លៃ​មួយ​នេះ​។​ អំឡុង​ពេលធ្វើការ​នៅ​ទី​នេះ​ ខ្ញុំ​បាន​រៀនសូត្រ​ និង​ទទួល​បាន​ចំណេះដឹង​ថ្មីៗ​ជា​ច្រើន​បន្ថែម​ទៀត​ក្រៅពី​ថ្នាក់រៀន​ ព្រមទាំង​បាន​ពង្រឹង​ជំនាញ​ស្រាវជ្រាវ​ និង​ការ​យល់​ដឹង​អំពី​ធនធានធម្មជាតិ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​។​

​រយៈពេល​ ៣​ខែ​ ដែល​ខ្ញុំ​បាន​ហាត់​ការ​នៅ​អូ​ឌី​ស៊ី​ គឺជា​បទ​ពិសោធន៍​ដ៏​មាន​តម្លៃ​បំផុត​ ដោយ​ខ្ញុំ​ទទួល​បាន​ចំណេះដឹង​ច្រើន​ជាង​ត្រឹមតែ​រឿង​ធនធានធម្មជាតិ​។​ តួនាទី​ប្រចាំ​ថ្ងៃ​របស់ខ្ញុំ​ គឺ​ការ​អាន​ និង​តាមដាន​ព័ត៌មាន​ថ្មីៗ​ដើម្បី​បង្ហោះ​លើ​គេហទំព័រ​របស់​អូ​ឌី​ស៊ី​ ដែល​កិច្ចការ​នេះ​បាន​ជួយ​ឱ្យ​ខ្ញុំ​ទទួល​បាន​ចំណេះដឹង​ថ្មីៗ​ជា​រៀងរាល់ថ្ងៃ​។​ ទោះជា​ត្រូវធ្វើ​ការងារ​ប្រចាំ​ថ្ងៃ​ដដែលៗ​ក៏​ដោយ​ ក៏​ខ្ញុំ​មិន​ដែល​មាន​អារម្មណ៍​ធុញទ្រាន់​ឡើយ​ ព្រោះតែ​ចិត្ត​ស្រឡាញ់​ ការ​ចង់​ចេះ​ចង់​ដឹង​អំពី​បញ្ហា​សង្គម​ និង​ការ​អភិវឌ្ឍ​ ព្រមទាំង​បំណងប្រាថ្នា​យ៉ាង​មុតមាំ​ក្នុង​ការ​រៀនសូត្រ​។​ ការ​រៀនសូត្រ​ជា​ប្រចាំ​រៀងរាល់ថ្ងៃ​ គឺជា​គោលដៅ​ផ្ទាល់ខ្លួន​របស់ខ្ញុំ​ ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​ និង​រួមចំណែក​ដល់​ការ​រីក​ចម្រើន​នៃ​សង្គម​ជាតិ​។​

​ជាមួយ​គ្នា​នេះ​ដែរ​ ខ្ញុំ​បាន​សរសេរ​អត្ថបទ​ប្រធានបទ​ស្រាវជ្រាវ​មួយ​ស្ដី​អំពី​ «​ប្រព័ន្ធ​អេកូឡូស៊ី​»​។​ តាម​រយៈ​កិច្ចការ​នេះ​ ខ្ញុំ​បាន​យល់​ដឹង​កាន់តែ​ច្បាស់​អំពី​អត្ថន័យ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​ និង​សារសំខាន់​របស់​វា​ចំពោះ​ភព​ផែនដី​។​ ដោយសារ​តែ​ខ្ញុំ​ត្រូវ​រៀបចំ​អត្ថបទ​នេះ​ជា​ភាសា​ខ្មែរ​ និង​ភាសា​អង់គ្លេស​ វា​បាន​ក្លាយជា​ឱកាស​ដ៏​ល្អ​ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​សរសេរ​ និង​ពង្រឹងសមត្ថភាព​ភាសា​អង់គ្លេស​របស់ខ្ញុំ​បន្ថែម​ទៀត​។​ លើស​ពី​នេះ​ ខ្ញុំ​បាន​រៀនសូត្រ​ពី​ជំនាញ​អនុវត្ត​ជាក់ស្ដែង​ ដូច​ជា​ ការ​ស្រាវជ្រាវ​ វិធីសាស្ត្រ​ប្រមូល​ទិន្នន័យ​ ការ​ដកស្រង់​ប្រភព​ និង​ការ​រក្សា​អត្ថន័យ​ដើម​នៃ​ព័ត៌មាន​។​ ក្រៅពី​នេះ​ ខ្ញុំ​ក៏​បាន​សរសេរ​មាតិកា​ខ្លីៗ​ចំនួន​ ១០​ អំពី​ព្រៃឈើ​ ដោយ​ផ្នែក​មួយ​បាន​លើក​ឡើង​ពី​ជំនឿ​មិន​ត្រឹមត្រូវ​ និង​ការ​យល់​ខុស​ជា​ទូទៅ​កន្លង​មក​ ហើយ​ផ្នែក​មួយទៀត​បាន​បកស្រាយ​កែប្រែ​ការ​យល់​ខុស​ទាំងនោះ​ ឱ្យមក​ត្រឹមត្រូវ​តាម​បែប​វិទ្យាសាស្ត្រ​ និង​ភាព​ជាក់ស្ដែង​វិញ​។​ ការ​សរសេរ​មាតិកា​ទាំងនេះ​ បាន​ជួយ​កែប្រែ​ការ​យល់​ខុស​កន្លង​មក​របស់ខ្ញុំ​ផ្ទាល់​ ពង្រីក​ចំណេះដឹង​អំពី​ព្រៃឈើ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ និង​បាន​ចែករំលែក​ចំណេះដឹង​ដែល​មាន​ប្រយោជន៍​ទាំងនេះ​ទៅ​កាន់​សាធារណជន​។​

​បន្ថែម​ពី​នេះ​ទៅ​ទៀត​ អូ​ឌី​ស៊ី​បាន​ផ្ដល់​ឱកាស​ឱ្យ​ខ្ញុំ​បាន​ចូលរួម​ក្នុង​កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​ ឆ្នាំ​២០២៦​ ក្នុង​នាម​ជា​អ្នក​ស្ម័គ្រចិត្ត​ និង​បាន​ចូលរួម​ចំណែក​រៀបចំ​កម្មវិធី​នេះ​រហូត​ទទួល​បាន​ជោគជ័យ​។​ ខ្ញុំ​បាន​ជួយ​គាំទ្រ​ក្រុមការងារ​ភស្តុ​ភារ​ លើ​ការ​រៀបចំ​ដឹក​ជញ្ជូន​ និង​សម្ភារៈ​។​ ខ្ញុំ​ និង​ក្រុមការងារ​បាន​ផ្តោត​សំខាន់​លើ​ការ​ចែក​សម្ភារ​ជូន​អ្នកចូលរួម​ទាំងអស់​ ដូច​ជា​ កាបូប​ ប័ណ្ណសម្គាល់ខ្លួន​ អាវ​ រៀបចំ​បញ្ជី​ឈ្មោះ​ចុះ​វត្តមាន​ប្រចាំ​ថ្ងៃ​ ទទួលខុសត្រូវ​លើ​ប័ណ្ណ​អាហារ​ ព្រមទាំង​ប្រចាំការ​ជួយ​សម្រួល​ដល់​អ្នកចូលរួម​ និង​រៀបចំ​តាម​បន្ទប់​ពិភាក្សា​ក្រុម​នានា​។​ មិន​ត្រឹមតែ​បាន​រួមចំណែក​រៀបចំ​កម្មវិធី​ប៉ុណ្ណោះ​ទេ​ ខ្ញុំ​ថែម​ទាំង​បាន​រៀនសូត្រ​យ៉ាងច្រើន​ពី​គ្រប់​វគ្គ​សិក្សា​ ដែល​វាគ្មិន​ជាតិ​ និង​អន្តរជាតិ​បាន​ចែករំលែក​ អំពី​បញ្ញា​សិប្បនិម្មិត​ សុវត្ថិភាព​ឌី​ជី​ថ​ល​ សិទ្ធិ​ និង​ការ​ទទួល​បាន​ព័ត៌មាន​ជាដើម​។​ ក្រៅពី​ការងារ​ភស្តុ​ភារ​ ខ្ញុំ​ក៏​បាន​សរសេរ​ប្លុក​មួយ​ស្ដី​ពី​ «​ទិដ្ឋភាព​សំខាន់ៗ​នៃ​ថ្ងៃ​ទី​២​ នៃ​កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​ ២០២៦»​ ដែល​ត្រូវ​បាន​ដាក់​ប​ណ្ចូ​ល​ទៅ​លើ​គេហទំព័រ​ផង​ដែរ​។​

អានអំពីស្រីនាងនៅទីនេះ

​ក្នុងអំឡុងពេល​ហាត់​ការ​រយៈពេល​ ៣​ខែ​នៅ​អូ​ឌី​ស៊ី​ ខ្ញុំ​មិន​ត្រឹមតែ​ទទួល​បាន​ចំណេះដឹង​ និង​បទ​ពិសោធន៍​ការងារ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ខ្ញុំ​ថែម​ទាំង​ទទួល​បានការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ ការ​ណែនាំ​ប្រកបដោយ​ការ​យកចិត្តទុកដាក់​ និង​ការ​គោរព​គ្នា​តាម​បែប​វិជ្ជាជីវៈ​ពី​សំណាក់​ក្រុមការងារ​ទាំងមូល​។​ ខ្ញុំ​តែងតែ​ទទួល​បាន​នូវ​ដំបូន្មាន​ល្អៗ​ និង​ការ​យកចិត្តទុកដាក់​ពី​ក្រុមការងារ​មក​លើ​រូប​ខ្ញុំ​ និង​អ្នក​ហាត់​ការ​ដទៃ​ទៀត​ ដែល​ធ្វើ​ឱ្យ​ពួក​យើង​មិន​ដែល​មាន​សម្ពាធ​ក្នុង​ការងារ​ឡើយ​។​ ខ្ញុំ​បាន​តាំងចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​យក​ក្រុមការងារ​អូ​ឌី​ស៊ី​ធ្វើ​ជា​គំរូ​ល្អ​សម្រាប់​ខ្លួនឯង​ ទាំង​អាកប្បកិរិយា​ក្នុង​ការងារ​ ចំណេះដឹង​ ការ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​ និង​ស្មារតី​សហការ​ជា​ក្រុម​។​ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អូ​ឌី​ស៊ី​ ដែល​បាន​ផ្ដល់​ឱកាស​ដ៏​វិសេសវិសាល​នេះ​ដល់​រូប​ខ្ញុំ​ក្នុង​រយៈពេល​ ៣​ខែ​នេះ​។​ បទ​ពិសោធន៍​ និង​ចំណេះដឹង​ដែល​ខ្ញុំ​ទទួល​បាន​ពី​អូ​ឌី​ស៊ី​ នឹង​ក្លាយជា​គ្រឹះ​យ៉ាង​សំខាន់​សម្រាប់​ការ​សិក្សា​ និង​មាគ៌ា​អាជីព​របស់ខ្ញុំ​នា​ពេល​អនាគត​។​ ខ្ញុំ​សូម​ជូនពរ​ឱ្យ​អូ​ឌី​ស៊ី​ទទួល​បាន​នូវ​ភាព​ជោគជ័យ​ និង​ការ​រីក​ចម្រើន​កាន់តែ​ខ្លាំងក្លា​បន្ថែម​ទៀត​។​ អូ​ឌី​ស៊ី​ ពិតជា​ស្ថាប័ន​ដ៏​ល្អ​ប្រសើរ​មួយ​ ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ផ្ដល់​ឱកាស​មាន​ន័យ​ដល់​យុវជន​ ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​សង្គម​ និង​ប្រទេស​ជាតិ​។​ សូម​អរគុណ​!​