មនុស្ស​មួយ​ចំនួន​តវ៉ា​មិន​ឲ្យ​ជនជាតិ​វៀតណាម​បោះឆ្នោត

ភ្នំពេញៈ មនុស្ស​រាប់​រយ​នាក់ ផ្អើល​ឈូឆរ​ចុះ​ឡើងៗ ឬ​ផ្តុំ​គ្នា​ចាំ​ឃ្លាំ​មើល​ជាប់​ជា​ប្រចាំ​ស្ទើរ​ពេញ​ណែន នៅ​ក្នុង​មណ្ឌល​បោះឆ្នោត សាលា​បឋម​សិក្សា ចម្ប៉ា នឹង​នៅ​តាម​ផ្លូវ​ច្រក​ចូល​ជាមួយ​នឹង​សំឡេង​ស្រែក​ហ៊ោកញ្ជ្រៀវ យ៉ាង​ទ្រហឹង​អ៊ឹងកង រារាំង​ជនជាតិ​វៀតណាម មិន​ឲ្យ​ចូល​បោះឆ្នោត បាន​ក្លាយ​ទៅ​ជា​ព្រឹត្តិការណ៍​ដ៏​ក្តៅ​គគុក​មួយ ក្នុង​ចំណោម​ព្រឹត្តិការណ៍​ជា​ច្រើន​ទៀត ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ព្រឹត្តិការណ៍​នៃ​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ម្សិលមិញ។ …

នៅ ម៉ោង​ប្រមាណ ១១ និង ៣០ នាទី​ព្រឹក ប្រជា​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន ដែល​ភ្នំពេញ ប៉ុស្តិ៍​បាន​ជួប​សម្ភាស នៅ​មណ្ឌល​បោះឆ្នោត​ក្នុង​សាលា​បឋម​សិក្សា ចម្ប៉ា បាន​និយាយ​ថា ចាប់​តាំង​ពី​ម៉ោង ៧ ព្រឹក មក​ពួក​គាត់​បាន​បណ្តេញ​ជនជាតិ​វៀតណាម ដែល​មិន​ចេះ​និយាយ​ខ្មែរ​ច្បាស់ ចេញ​ពី​មណ្ឌល​បោះឆ្នោត​នេះ​ប្រមាណ​ជាង ១០ នាក់​។ ក្រុម​អ្នក​ភូមិ​ដែល​ហាក់​បី​ដូច​ជា​កំពុង​មាន​កំហឹង​ពុះ​កញ្រ្ជោល ចំពោះ​ជនជាតិ​វៀតណាម​បាន​ចោទ​សួរ​ថា​«ជនជាតិ​វៀតណាម​ទាំង​នោះ មាន​អត្ត​សញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ប៉ុន្តែ​ពួក​គេ​មិន​ចេះ​និយាយ​ភាសា​ខ្មែរ​ច្បាស់​ទេ។ តើ​ពួក​គេ បាន​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​នោះ​មក​ពី​ណា? ខ្មែរ​មាន​ឈ្មោះ នៅ​ពេល​ទៅ​បោះឆ្នោត​បែរ​ជា​ត្រូវ​គេ​បោះ​បាត់ ហេតុ​អ្វី​ក៏​ដូច្នេះ​!»។ …

លោក ម៉ៅ ផល្លា ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​សង្កាត់ ក្បាលកោះ បាន​ថ្លែង​ថា ប្រជា​ពលរដ្ឋ​បាន​ធ្វើ​ការ​តវ៉ា​ប្រឆាំង​ជនជាតិ​វៀតណាម មិន​ឲ្យ​ចូល​បោះឆ្នោត​។ ប៉ុន្តែ​លោក​បញ្ជាក់​ថា៖«ខ្ញុំ​ក្តាប់​អត់​បាន​ទេ​បញ្ហា​ជនជាតិ​វៀតណាម​មក​បោះឆ្នោត​នេះ»។ យ៉ាង​ណា​ក្តី លោក​បន្ត​ថា សម្រាប់​មន្ត្រី​នៅ​តាម​ការិយាល័យ​បោះឆ្នោត​ឲ្យ​តែ​អ្នក​ទៅ​បោះឆ្នោត មាន​អត្ត​សញ្ញាណ​ប័ណ្ណ ហើយ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត គឺ​ពួក​គាត់​មាន​សិទ្ធិ​បោះឆ្នោត​ទៅ​តាម​ច្បាប់​។ …

សូ វិសាល
http://www.postkhmer.com/index.php/national/1-national-news/101464-2013-07-29-03-03-12