ចំណាប់អារម្មណ៍ដំបូងរបស់អ្នកស្ម័គ្រចិត្តរបស់កម្មវិធី Mekong ICT Camp លើកទី៥ នៅកម្ពុជា
Mekong ICT Camp គឺជាសិក្ខាសាលាមួយដែលមានរយៈពេលមួយសប្តាហ៍ និងមានគោលបំណងផ្តល់ដល់អ្នកចូលរួមនូវជំនាញ និងគន្លឹះក្នុងការប្រើប្រាស់បច្ចេកវិទ្យាផ្សេងៗដើម្បីដោះស្រាយបញ្ហាសង្គម និងបរិស្ថាន និងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការច្នៃប្រឌិត និងការផ្លាស់ប្តូរក្នុងសង្គម។ កម្មវិធីនេះនឹងផ្តល់ឱកាសឲ្យអ្នកចូលរួម និងអ្នកជំនាញផ្លាស់ប្តូរចំណេះដឹង និងចំណេះធ្វើ ដោយមានការពិភាក្សា និងបង្កើនការយល់ដឹងកាន់តែច្រើនអំពីបញ្ហាទាក់ទងនឹងការប្រើប្រាស់បច្ចេកវិទ្យានៅអនុតំបន់ទន្លេមេគង្គ។ ទាំងនេះគឺ ដើម្បីពង្រឹងបរិស្ថានឌីជីថលមួយប្រកបដោយនិរន្តរភាពទូទាំងតំបន់ ដែលគាំទ្រដល់ការរៀបចំផែនការ និងការអនុវត្តកម្មវិធី និងគោលនយោបាយអភិវឌ្ឍន៍ និងមនុស្សធម៌នានា។
កម្មវីធី Mekong ICT Camp លើកទី៥នេះ នឹងប្រព្រឹត្តទៅប្រកបដោយមោទនភាពចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ នៅខេត្តសៀមរាប ប្រទេសកម្ពុជា។ ឆ្នាំនេះពិសេសណាស់ ដោយអូឌីស៊ី (ODC) មានកិត្តិយសក្នុងការចូលរួមធ្វើជាម្ចាស់ផ្ទះ ក៏ដូចជាមានតួនាទីជាវាគ្មិន អ្នកសម្របសម្រួល និងគណៈកម្មការផ្តល់យោបល់ក្នុងការរៀបចំសិក្ខាសាលានេះផងដែរ។ សម្រាប់ពួកយើងជាអ្នកស្ម័គ្រចិត្តសម្រាប់កម្មវិធីនេះ ពួកយើងមានក្តីរំភើបរីករាយ ដែលអាចចូលរួមក្នុងការរៀបចំ និងធ្វើឲ្យសិក្ខាសាលានេះទទួលបាននូវភាពជោគជ័យ។
នៅថ្ងៃទី២២ ខែកក្កដាឆ្នាំ២០១៧ ពួកយើងជាក្រុមអ្នកស្ម័គ្រចិត្តមានកិច្ចប្រជុំជាក្រុមមួយជាមួយលោក ធី ទ្រី នៅEmerald HUB ដើម្បីពិភាក្សាការងារ។ នោះគឺជាថ្ងៃតែមួយ ដែលបេក្ខជនដាក់ពាក្យដើម្បីធ្វើអ្នកស្ម័គ្រចិត្តត្រូវបានជ្រើសរើសទៅវគ្គសម្ភាសន៍។ កម្មវិធីនេះ បានទទួលពាក្យសម្រាប់អ្នកស្ម័គ្រចិត្តចាប់ពីថ្ងៃទី៥ ខែមេសាឆ្នាំ២០១៧ ហើយបានឈប់ទទួលពាក្យនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ។ អ្នកដាក់ពាក្យមានរហូតដល់ទៅជាង ៣០០នាក់ ប៉ុន្តែមានតែអ្នកស្ម័គ្រចិត្តចំនួន ៨នាក់ប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើសសម្រាប់កម្មវិធី Mekong ICT Camp 2017 នេះ។
កិច្ចប្រជុំគ្នាលើកដំបូងប្រព្រឹត្តទៅយ៉ាងរលូន ដោយពួកយើងចាប់ផ្តើមស្គាល់គ្នាទៅវិញទៅមក និងស្វាគមន៍គ្នាជាមិត្ត។ កិច្ចប្រជុំបានចាប់ផ្តើមដោយអ្នកស្ម័គ្រចិត្តម្នាក់ៗចាប់ផ្តើមណែនាំខ្លួន ហើយបានពិភាក្សាអំពីការរៀបចំ និងការត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ Mekong ICT Camp និង Barcamp Cambodia ដែលនឹងប្រារព្ធធ្វើឡើងនៅខេត្តសៀមរាបចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០១៧ ខាងមុខនេះ ។
នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ អ្នកស្ម័គ្រចិត្តបានសម្តែងនូវចំណាប់អារម្មណ៍ដំបូងរបស់ពួកគេ អំពីមូលហេតុដែលពួកគេសម្រេចចិត្តចូលរួមក្នុងកម្មវិធី Mekong ICT Camp។
នេះគឺជាការលើកឡើងខ្លះៗពីអ្នកស្ម័គ្រចិត្តរបស់យើង៖
កញ្ញា ហុយ សម្បត្តិ ៖ “ឈ្មោះរបស់ខ្ញុំគឺសម្បត្តិ ហើយខ្ញុំជាជនជាតិខ្មែរ។ ខ្ញុំធ្វើការនៅក្នុងអង្គការសិទ្ធិមនុស្សក្នុងស្រុកនៅរាធានីភ្នំពេញ។ ខ្ញុំធ្លាប់ជាអ្នកចូលរួមក្នុង Mekong ICT Camp នៅឆ្នាំ២០១៥ នៅប្រទេសថៃ ។ តាមរយៈបទពិសោធន៍នៃការចូលរួមការបោះជំរុំកាលពីលើកមុន វាបានលើកទឹកចិត្តឲ្យខ្ញុំចង់ចូលរួមក្នុងកម្មវិធីនេះម្តងទៀត។ មិនមែនត្រឹមតែជាអ្នកចូលរួមនោះទេ ប៉ុន្តែខ្ញុំចង់ជួយ និងចូលរួមច្រើនជាងនេះ ជាជាងគ្រាន់តែអង្គុយ ហើយស្តាប់។ នោះគឺ ខ្ញុំចង់ក្លាយជាអ្នកស្ម័គ្រចិត្តម្នាក់។ ខ្ញុំអាចចូលរួមយ៉ាងសកម្ម ហើយខ្ញុំសប្បាយចិត្តក្នុងការធ្វើជាអ្នកស្ម័គ្រចិត្តសម្រាប់ការបោះជំរុំលើកនេះ។ អនុញ្ញាតឱ្យខ្ញុំជួយអ្នក!”
លោក លឹម រស្មី ៖ “សួស្តីខ្ញុំបាទ រស្មី។ បច្ចុប្បន្ននេះ ខ្ញុំជាអ្នកមានជំនាញវិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP) និងសាកលវិទ្យាល័យ Fort Hays State។ នេះជាលើកទីមួយសម្រាប់ខ្ញុំក្នុងការចូលរួមក្នុងកម្មវិធីនេះ ហើយខ្ញុំពិតជារំភើបខ្លាំងណាស់។ មូលហេតុដែលនាំឲ្យខ្ញុំចូលរួមក្នុងការបោះជំរុំនេះ ពីព្រោះខ្ញុំចង់ពង្រីកចំណេះដឹង និងបទពិសោធន៍ទាក់ទងទៅនឹងជំនាញដែលខ្ញុំកំពុងរៀន ក៏ដូចជាបង្កើតទំនាក់ទំនងថ្មីជាមួយអ្នកដទៃទៀត។ បទពិសោធជាក់ស្តែងហាក់ដូចជាហួសពីការរំពឹងទុករបស់ខ្ញុំទៅទៀត។ ខ្ញុំសង្ឃឹមថានឹងជួបអ្នកទាំងអស់គ្នាឆាប់ៗក្នុងព្រឹត្តិការណ៍ Mekong ICT Camp នេះ។”