កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​ប្រកបដោយ​ផ្លែផ្កា​របស់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​

ក្រុមការងារ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (ODC)​ មាន​មាន​ក្តី​សោមនស្ស​រីករាយ​ជា​ខ្លាំង​ក្នុង​ការ​រៀបចំ​នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​នា​ពេល​ថ្មីៗ​នេះ​ នៅ​សណ្ឋាគារ​ Hyatt​ Regency​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​នៅ​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០២១​។​ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​សមាជិក​ក្រុមប្រឹក្សាភិបាល​ និង​ក្រុមអ្នក​​គ្រប់គ្រង​ ODC​ មានការ​ជួបជុំ​គ្នា​ដោយ​ផ្ទាល់​ចាប់តាំងពី​ការ​ឆ្លង​យ៉ាង​ខ្លាំង​នូវ​ជំងឺ​កូ​វី​ដ​-១៩​ជា​សហគមន៍​នៅ​កម្ពុជា​កាលពីដើម​ឆ្នាំ​២០២១​មក​។​

រូបថតជុំគ្នានៃក្រុមប្រឹក្សាភិបាល និងក្រុម​អ្នក​គ្រប់គ្រងនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១។

​​កិច្ចប្រជុំ​បាន​ចាប់ផ្តើម​ដោយ​សុន្ទរកថា​ស្វាគមន៍​ដោយ​លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​/​និពន្ធ​នាយក​នៃ​​ ODC​​។​ លោក​ ទ្រី​ បាន​ធ្វើ​បច្ចុប្បន្នភាព​អំពី​សមិទ្ធិ​ផល​សំខាន់ៗ​នៃ​ការងារ​ ODC​ ស្ថានភាព​ហិរញ្ញវត្ថុ​ សកម្មភាព​ផ្សព្វផ្សាយ​ក្នុង​ឆ្នាំ​២០២១​នេះ​ និង​ កម្មវិធី​អបអរសាទរ​ខួប១០​ឆ្នាំ​នៃ​គេហទំព័រ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ កាល​ពី​ពេល​ថ្មី​ៗ​​នេះ​។​

​កាលពី​ខែសីហា​កន្លង​ទៅ​ ដោយ​យោង​តាម​វិធានការ​សុខាភិបាល​ និង​ការ​រឹត​បន្តឹង​ការ​ជួបជុំ​ក្នុង​បរិបទ​កូ​វី​ដ​-១៩​ ការ​អញ្ជើញ​ភ្ញៀវ​កិត្តិយស​ និង​សមាជិក​ក្រុមប្រឹក្សាភិបាល​របស់​យើង​ដើម្បី​ចូលរួម​អបអរសាទរ​​ព្រឹត្តិការណ៍​ខួប១០​ឆ្នាំ​របស់​ ODC​ គឺ​មិន​អាច​ប្រព្រឹត្តិ​ទៅ​បាន​នោះ​ទេ​។​ ទោះ​យ៉ាងណា​ក៏​ដោយ​ វា​មិនមែន​ជា​ឧបសគ្គ​រារាំង​យើង​ពី​ការ​ប្រារព្ធ​ព្រឹត្តិការណ៍​ដ៏​រំភើប​នេះ​បាន​ទេ​។​ ខួប១០​ឆ្នាំ​ គឺជា​ឱកាស​ដ៏​ល្អ​បំផុត​របស់​ ODC​ ដើម្បី​បង្ហាញ​ពី​ការ​​ថ្លែង​អំណរ​គុណ​របស់​យើង​ចំពោះ​ក្រុម​អ្នក​ដែល​បាន​គាំទ្រ​ និង​កំពុង​គាំទ្រ​គេហទំព័រ​ទិន្នន័យ​បើក​ទូលាយ​មួយ​នេះ​។​ សូម​អរគុណ​អ្នក​គ្រប់​គ្នា​សម្រាប់​ពេលវេលា​ និង​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ចូលរួម​ផលិត​វី​ដេ​អូ​សម្រាប់​ព្រឹត្តិការណ៍​និម្មិត​ (Virtual​ event)​ របស់​យើង​ ដើម្បី​ចែករំលែក​ជាមួយ​ម្ចាស់​ជំនួយ​ ដៃគូ​អភិវឌ្ឍន៍​ និង​អ្នក​ប្រើប្រាស់​អំពី​ដំណើរ​ (Journey)​ របស់​ ODC​ ចាប់តាំងពី​យើង​បាន​ចាប់ផ្តើម​ក្នុង​ឆ្នាំ​២០១១​។​ វី​ដេ​អូ​ទាំងនោះ​នឹង​បន្ត​រំលឹក​យើង​អំពី​រឿង​រាវ​ដែល​ ODC​ បាន​ឆ្លងកាត់​ក្នុងអំឡុងពេល​ដប់​ឆ្នាំ​ចុង​ក្រោយ​នេះ​ ​​ប្រាប់​ថា​​យើងជា​នរណា​​នា​​​​ពេល​នេះ​ ហើយ​អ្វី​ទៅ​​ដែល​ជា​គោលដៅ​អនាគត​របស់​ ODC​ នៅ​រយៈ​ដប់​ឆ្នាំ​ខាង​មុខ​។​ ស្វែងរក​វី​ដេ​អូ​ខួប​ ១០​ឆ្នាំ​ របស់​យើង​ទាំងអស់​នៅ​លើ​ YouTube​ របស់​ ODC​ ។​

​បន្ទាប់​មក​ នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ផង​ដែរ​ សមាជិក​ក្រុមប្រឹក្សាភិបាល​ក៏​បាន​ពិនិត្យ​ និង​ផ្តល់​យោបល់​​ទៅ​លើ​ការ​វាយតម្លៃ​ខាងក្រៅ​ដែរ​បាន​ធ្វើ​ឡើង​ដោយ​អ្នក​ប្រឹក្សា​ឯករាជ្យ​មួយ​របស់​ ODC។​ ការ​វាយតម្លៃ​នេះ​ បាន​ឆ្លុះ​បញ្ចាំង​យ៉ាង​ពិស្តារ​ទៅ​លើ​បច្ចុប្បន្នភាព​ និង​គម្រោង​ទៅ​ថ្ងៃ​អនាគត​ស្រប​ពេល​ដែរ​​ ODC ​កំពុង​តែ​សាទរភាព​រីក​ចម្រើន​រយៈពេល​មួយ​ទសវត្សរ៍​កន្លង​មកនេះ​។​ ការ​ពិភាក្សា​ទៅ​លើ​ការ​វាយតម្លៃ​នេះ​ ត្រូវ​បាន​វែកញែក​ វិភាគ​យ៉ាង​លម្អិត​ និង​ផ្លាស់​ប្តូរ​ទស្សនៈ​ទៅ​លើ​ចំណុច​ដែរ​ត្រូវ​កែ​លម្អ​ ក៏​ដូច​ជា​ផែនការ​ដែរ​ត្រូវ​អនុវត្ត​ឲ្យ​ស្រប​ទៅ​តាម​ទិស​ដៅ​អនាគត​របស់​ ODC ​ផង​ដែរ​។​

​យោង​ទៅ​តាម​ការ​ពិភាក្សា​ដែរ​បាន​សម្រេច​ ODC ​គ្រោង​មាន​សកម្មភាព​ផ្សព្វផ្សាយ​ឲ្យ​បាន​ច្រើន​ជាង​មុន​ ដូច​ជា​កម្មវិធី​ កម្ពុជា​ អាយ​ស៊ី​ធី​ខេ​ម​ ២០២២​ ដែល​ជា​អកុសល​កម្មវិធី​នេះ​ត្រូវ​បាន​ពន្យារពេល​កាលពី​ឆ្នាំ​ម​២០២០​កន្លង​មក​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​-១៩​។​ កម្ម​វ​ធី​បោះជំរុំ​ (​អាយ​ស៊ី​ធី​ខេ​ម​)​ ខាង​មុខ​នេះ​ គឺជា​ភស្តុ​តាង​នៃ​ភាព​ជោគជ័យ​របស់​កម្ម​វ​ធី​​ កម្ពុជា អាយ​ស៊ី​ធី​ខែម​​ ​ឆ្នាំ​ ២០១៨​ កន្លង​មក​ ហើយ​ ODC គ្រោង​នឹង​បង្កើត​ឲ្យ​មានការ​ចូលរួម​ច្រើន​ជាង​១២០​នាក់​។​ កម្ម​វ​ធី​បោះជំរុំ​ខាង​មុខ​នេះ​នឹង​មានកម្ម​វិធី​ដូច​ជា​៖​ បទ​បង្ហាញ​ជាមួយ​ប្រធានបទ​ដ៏​ទាក់ទាញ​ សិក្ខាសាលា​ និង​ សកម្មភាព​ជា​ច្រើន​ទៀត​។​ អ្នកចូលរួម​ទាំងអស់​នឹង​ទទួល​បាន​នូវ​ការ​បំពាក់បំប៉ន​យ៉ាង​ស៊ីជម្រៅ​ ការ​ចែករំលែក​បទ​ពិសោធ​ទៅ​លើ​ការ​ប្រើប្រាស់​ទិន្នន័យ​បើក​ទូលាយ​ និង​បច្ចេកវិទ្យា​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​បញ្ចេញមតិ​ និង​ការ​សម្រេចចិត្ត​ដែល​ផ្អែក​ទៅ​លើ​ភស្តុ​តាង​។​

​គម្រោង​សកម្មភាព​ផ្សព្វផ្សាយ​មួយទៀត​ដែល​ ODC នឹង​សង្កត់ធ្ងន់​ផង​ដែរ​នៅ​ក្នុង​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ​ គឺ​វគ្គ​បណ្តុះបណ្តាល​ដែល​ផ្តោត​ខ្លាំង​អំពី​អក្ខរកម្ម​ទិន្នន័យ​។​ កម្មវិធី​វគ្គ​បណ្តុះបណ្តាល​នេះ​ គឺ​មាន​ទិស​ដៅ​ស្រ​ដៀង​កម្ម​វិធី​​​កាលពី​ឆ្នាំ​កន្លង​មក​ដែរ​ ពោល​គឺ​ផ្តោត​ជា​ពិសេស​ការ​ចូលរួម​ពី​សំណាក់​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ដូច​ជា​ ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​ មន្ត្រី​រដ្ឋាភិបាល​ និង​ ក្រុម​អ្នក​សារព័ត៌មាន​។​ គោលបំណង​នៃ​កម្មវិធី​វគ្គ​បណ្តុះបណ្តាល​នេះ​គឺ​ចង់​បំពាក់បំប៉ន​អ្នកចូលរួម​ទាំងអស់​ឲ្យ​បាន​យល់​ និង​ចេះ​ប្រើប្រាស់​ ស្វែងរក​ប្រភព​ទិន្នន័យ​ ប្រមូលផ្តុំ​ទិន្នន័យ​ និង​ វិភាគ​ទិន្នន័យ​។​ ពិសេស​ជាង​នេះ​ទៅ​ទៀត​ ពួក​គាត់​ចេះ​ទាញ​យក​ ហើយ​ដាក់​បញ្ចូល​ទិន្នន័យ​ទាំងនោះ​ទៅ​ក្នុង​ការងារ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​បាន​។​

​រីឯ​គម្រោង​សកម្មភាព​ផ្សព្វផ្សាយ​ធំ​ចុង​ក្រោយ​មួយទៀត​ ក្រុម​អ្នក​​គ្រប់គ្រង​​​​ ODC បាន​លើក​ឡើង​អំពី​បំណង​គ្រោង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កម្មវិធី​ សន្និសីទ​ទិន្នន័យ​បើក​ទូលាយ​អាស៊ី​ ឆ្នាំ​២០២៣​ ទៅ​ដល់​សមាជិក​ក្រុមប្រឹក្សាភិបាល​។​ ជាក់ស្តែង​ណាស់​ ឆ្នាំ​នេះ​សន្និសីទ​ទិន្នន័យ​បើក​ទូលាយ​អាស៊ី​ នឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ប្រទេស​វៀតណាម​ ហើយ​សន្និសីទ​នេះ​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ម្តងទៀត​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​នា​ឆ្នាំ​ក្រោយ​។​ ODC ​យល់​ឃើញ​ថា​នេះ​ គឺជា​ឱកាស​ដ៏​ល្អ​មួយ​ដើម្បី​ឲ្យ​ខ្លួន​បាន​ចូលរួម​ផ្សព្វផ្សាយ​អំពី​ទិន្នន័យ​បើក​ទូលាយ​នៅ​ក្នុង​កម្រិត​តំបន់​តាម​រយៈ​សន្និសីទ​នេះ​ ដែល​នឹង​មានការ​ចូលរួម​ពី​សំណាក់​ប្រទេស​នានា​២០​ផ្សេង​ទៀត​។​ ក្រុមការងារ​ ODC ​មានការ​រំពឹង​ទុក​យ៉ាង​មោះមុត​ក្នុង​ការ​រៀបចំ​កម្មវិធី​ដែល​បាន​គ្រោងទុក​ដូច​រៀបរាប់​ខាងលើ​មក​ ហើយ​ក៏​សង្ឃឹម​ផង​ដែរ​ថា ​ពួក​យើង​អាច​​រៀប​ចំ​កម្មវិធី​ទាំង​អស់នេះ​បាន​រលូន​ ដោយ​គ្មាន​ការ​គំរាមកំហែង​ពី​ស្ថានភាព​កូ​វី​ដ​-១៩​។​

​ជា​ចុង​ក្រោយ​ ពួក​យើង​មាន​ភាព​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ដែរ​បាន​រៀបចំ​ឲ្យ​មាន​កិច្ចប្រជុំ​នេះ​។​ ពេលវេលា​មួយ​នេះ​គឺជា​ឱកាស​ដ៏​ល្អ​ដែល​អាច​ឲ្យ​ពួក​យើង​ពិភាក្សា​លម្អិត​ទៅ​លើ​ការងា​ដែរ​បាន​ធ្វើ​កន្លង​មក​ និង​ត្រិះ​រិះ​វែកញែក​ទៅ​លើ​ផែនការ​បន្ទាប់​។​ ការ​ណែនាំ​ផ្សេងៗ​ត្រូវ​បាន​លើ​ឡើង​ដោយនៅ​តែ​ស្រប​ទៅ​តាម​ផែនការ​យុទ្ធសាស្ត្រ​ ODC បច្ចុប្បន្ន​ ហើយ​ធានា​ថា​អាច​ជួយ​ជ្រុម​ជ្រែង​ឲ្យ​​ ODC នឹង​នៅ​តែ​ដើរ​ត្រូវ​ទៅ​តាម​ចក្ខុវិស័យ​របស់​ខ្លួន​។​ ក្រុម​អ្នក​​គ្រប់គ្រង​​ ODC ​នឹង​ទន្ទឹម​រង​ចាំ​ការ​ប្រជុំ​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​នា​ពេល​ខាង​មុខ​ទៀត​។​