ការចុះអនុស្សរណៈយោគយល់រវាងអូឌីស៊ី និងសាកលវិទ្យាល័យស្វាយរៀង
នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) សហការជាមួយសាកលវិទ្យាល័យស្វាយរៀង បានរៀបចំកម្មវិធីចុះអនុស្សរណៈយោគយល់ស្ដីពីការផ្ដល់ជំនួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុដល់និស្សិតរបស់សាកលវិទ្យាល័យស្វាយរៀងក្នុងការធ្វើនិក្ខេបបទបញ្ចប់ការសិក្សា។ ស្ថិតក្នុងដំណើរការធ្វើកិច្ចសហប្រត្តិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា អង្គការអូឌីស៊ីកំពុងតែ អនុវត្តគម្រោង និងវគ្គបណ្ដុះបណ្ដាលនានា ដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យាទូរគមនាគមន៍ព័ត៌មានវិទ្យា ក្នុងវិស័យអប់រំនៅកម្ពុជា។ ក្នុងនោះ កម្មវិធីផ្ដល់មូលនិធិដើម្បីគាំទ្រនិស្សិតក្នុងការសរសេរនិក្ខេបបទបញ្ចប់ការសិក្សា ជាផ្នែកមួយនៃគម្រោងរបស់អង្គការអូឌីស៊ី។
គោលបំណងសំខាន់នៃកម្មវិធីនេះ គឺ៖
- ដើម្បីចុះអនុស្សរណៈយោគយល់គ្នារវាងអង្គការអូឌីស៊ី និងសាកលវិទ្យាល័យស្វាយរៀងដើម្បីផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់និស្សិតសរសេរនិក្ខេបបទបញ្ចប់ការសិក្សា។
- ធ្វើបទបង្ហាញពីគេហទំព័ររបស់អូឌីស៊ីដល់និស្សិតសាកលវិទ្យាល័យស្វាយរៀងដើម្បីសម្រួលដល់ការធ្វើការស្រាវជ្រាវ និងសរសេរនិក្ខេបបទ ។
- បទបង្ហាញពីគេហទំព័រ ASEAN Data Science Explorers ដល់និស្សិតសាកលវិទ្យាល័យស្វាយរៀង ក្នុងការវិភាគទិន្នន័យ។
នៅក្នុងកម្មវិធីចុះអនុស្សរណៈនេះមានការចូលរួមពីគណៈគ្រប់គ្រងរបស់សាកលវិទ្យាល័យស្វាយរៀង លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យស្វាយរៀង។ កម្មវិធីនេះចាប់ផ្ដើមឡើងដោយមានការថ្លែងសន្ទរកថាបើកកម្មវិធីពីឯកឧត្តម ទុំ សារាវុធ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យស្វាយរៀង។ លោកមានចំណាប់អារម្មណ៍នៅក្នុងការចុះអនុស្សរណៈយោគយល់គ្នានេះថា សាកលវិទ្យាល័យធ្លាប់បានសហការជាមួយស្ថាប័នផ្សេងៗសម្រាប់ធ្វើការសិក្សាស្រាវជ្រាវរបស់និស្សិត ហើយការសហការជាមួយអង្គការទិន្នន័យអំពីការអភិវឌ្ឍពិតជាបានចូលរួមលើកស្ទួយកម្មវិធីសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យ ជាពិសេសគឺស្ថិតក្នុងផែនការ១០ឆ្នាំរបស់សាកលវិទ្យាល័យផងដែរ។ ឯកឧត្តមលើកឡើងទៀតថា សាកលវិទ្យាល័យស្វាយរៀងនឹងរីករាយក្នុងការសហការ និងបន្តអនុវត្តសកម្មភាពផ្សេងៗជាមួយអង្គការទិន្នន័យអំពីការអភិវឌ្ឍ។
លោក ធី ទ្រី នាយកប្រត្តិបត្តិរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានថ្លែងសន្ទរកថាស្វាគមន៍អំពីការផ្ដល់ការគាំទ្រផ្នែកថវិកាទៅដល់និស្សិតសាកលវិទ្យាល័យស្វាយរៀងថា អង្គការអូឌីស៊ីកំពុងធ្វើការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីផ្សព្វផ្សាយ និងពង្រីកការផ្ដល់ជូននូវទិន្នន័យបើកទូលាយអំពីវិស័យអប់រំ។ លោកបន្ថែមថាការផ្ដល់ការគាំទ្រនិស្សិតក្នុងការសរសេរនិក្ខេបបទបញ្ចប់ការសិក្សានេះ ត្រូវផ្ដល់ជូននិស្សិតចំនួន១០នាក់ ក្នុងរយៈពេល៣ឆ្នាំ ដោយចាប់ផ្ដើមពីឆ្នាំ ២០២២ ដល់ឆ្នាំ២០២៤ ដោយក្នុងនោះនិស្សិតម្នាក់/ក្រុម នឹងទទួលបានថវិកាចំនួន៣៥០ដុល្លា។ បន្ថែមពីនោះ សាស្ត្រាចារ្យដឹកនាំនិស្សិតក្នុងការធ្វើនិក្ខេបបទក៏នឹងទទួលបានការឧបត្ថម្ភផងដែរ។
បន្ទាប់ពីការថ្លែងសន្ទរកថាបើកកម្មវិធី តំណាងអង្គការទិន្នន័យអំពីការអភិវឌ្ឍដែលមានលោក ធី ទ្រី ជានាយកប្រត្តិបត្តិ និងតំណាងរបស់សាកលវិទ្យាល័យស្វាយរៀងដែលមានឯកឧត្តម ទុំ សារាវុធ ជាសាកលវិទ្យាធិការ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណយោគយល់ និងប្រកាសបើកកិច្ចសហការរវាងស្ថាប័នទាំងពីរ។
ជាកិច្ចបន្ទាប់ ក្រុមការងារអូឌីស៊ីបានធ្វើបទបង្ហាញទៅដល់សិស្សនិស្សិត និងសាស្ត្រាចារ្យដែលបានអញ្ជើញចូលរួម អំពីលក្ខខណ្ឌក្នុងការទទួលបានជំនួយផ្នែកហិរញ្ញវត្ថុនេះផងដែរ ក៏ដូចជាលើកឡើងជាសំណួរពាក់ព័ន្ធនានា។ ក្រុមការងារអូឌីស៊ីបានធ្វើបទបង្ហាញពីការប្រើប្រាស់ និងស្វែងរកទិន្នន័យនៅក្នុងគេហទំព័រអូឌីស៊ីទៅដល់និស្សិតសាកលវិទ្យាល័យស្វាយរៀងផងដែរ ដើម្បីសម្រួលដល់ការស្វែងរកទិន្នន័យ និងព័ត៌មានផ្សេងៗទាក់ទងនឹងប្រធានបទស្រាវជ្រាវរបស់ពួកគាត់។ និស្សិតម្នាក់បានលើកឡើងថា ការចែករំលែកពីគេហទំព័រអូឌីនេះមានសារៈសំខាន់ណាស់ ព្រោះគាត់ពុំដែលបានដឹងពីគេហទំព័រដែលផ្ដល់ទិន្នន័យបើកទូលាយ និងសំបូរបែបដូចអូឌីស៊ីពីមុនមកទេ។ កម្មវិធីបញ្ចប់ទៅដោយមានការធ្វើបទបង្ហាញអំពី គេហទំព័រ ASEAN Data Science Explorers។
ការផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុនេះ ធ្វើឡើងបន្ទាប់ពីអូឌីស៊ីទទួលបានជោគជ័យក្នុងការសហការជាមួយ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង វិទ្យាស្ថានជាតិកសិកម្មព្រែកលាប។ ការគាំទ្រធ្វើឡើងដើម្បី ចូលរួមចំណែកជួយដល់និស្សិតដែលត្រូវការថវិកាជាចាំបាច់ ក្នុងការសិក្សាស្រាវជ្រាវ និងសរសេរនិក្ខេបបទបញ្ចប់ការសិក្សារបស់ខ្លួន។ នៅក្នុងឆ្នាំ២០២០ អង្គការអូឌីស៊ីបានផ្ដល់គាំទ្រផ្នែកហិរញ្ញវត្ថុទៅដល់និស្សិតរបស់វិទ្យាស្ថានជាតិកសិកម្មព្រែកលាភ ចំនួនបីនាក់ ដើម្បីជួយសម្រួលដល់ការសរសេរនិក្ខេបបទរបស់ពួកគាត់។ អានបន្ថែម សូមចូលទៅកាន់៖ កិច្ចសហការរវាងអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) និងវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប (PLNIA)