អូ​ឌី​ស៊ី​ធ្វើ​ការ​ជា​មួយ​ Newsgain ដើម្បី​វាយ​តម្លៃ ​និង​ពង្រឹង​គុណ​ភាព​វែប​សាយ​

ដើម្បី​បង្កើន​ប្រសិទ្ធិ​ភាព​នៃ​វែ​ប​សាយ​អូ​ឌី​ស៊ី​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ និង​កាន់តែ​មាន​ភាព​ងាយស្រួល​សម្រាប់​អ្នក​ប្រើប្រាស់​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​បាន​ធ្វើការ​ជាមួយ​ក្រុមការងារ​ Internews​ ដែល​មានឈ្មោះ​ថា​ Newsgain​ ដែល​ផ្តោត​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដើម្បី​ពិនិត្យ​មើល​លើ​ប្រតិបត្តិការ​របស់​វែ​ប​សាយ​អូ​ឌី​ស៊ី​ ដោយ​ប្រើប្រាស់​ឧបករណ៍​ដូច​ជា​ Google​ Analytics​ ជាដើម​។​ ការ​សហការ​នេះ​ស្ថិត​នៅ​ក្រោម​គម្រោង​ ការ​ឆ្នៃ​ប្រឌិត​ថ្មី​សម្រាប់​គណនេយ្យ​ភាព​សង្គម​នៅ​កម្ពុជា​ (ISAC)​។​ ការ​រចនា​ និង​មុខងារ​នៃ​វែ​ប​សាយ​របស់​អូ​ឌី​ស៊ី​ បាន​វិវឌ្ឍន៍​ជា​ច្រើន​ឆ្នាំ​មកនេះ​ ជា​រឿយៗ​ផ្អែក​លើ​គម្រោង​ដែល​អូ​ឌី​ស៊ី​កំពុង​អនុវត្ត​។​ កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ Newsgain​ មាន​គោលបំណង​ពង្រឹង​ការ​យល់​ដឹង​របស់​ក្រុមការងារ​អូ​ឌី​ស៊ី​ អំពី​ឥរិយាបថ​របស់​អ្នក​ប្រើប្រាស់​ក្នុង​ការ​ប្រើប្រាស់​វែ​ប​សាយ​អូ​ឌី​ស៊ី​ និង​ផ្តល់​ឱកាស​ក្នុង​ការ​សម្រួល​ខ្លឹមសារ​នៅ​លើ​វែ​ប​សាយ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​។​

ក្រុម​ការ​ងារ​អូ​ឌី​ស៊ី​កំពុង​ប្រ​ជុំ​ជាមួយ​ក្រុម​ការ​ងារ​ Internews និង Newsgain។

បន្ទាប់ពីការពិភាក្សាដំបូងជាមួយក្រុមការងាររបស់អូឌីស៊ី ប្រធានផ្នែកប្រតិបត្តិការឌីជីថលរបស់ Newsgain បានធ្វើការពិនិត្យទៅលើវែបសាយអូឌីស៊ីជាផ្លូវការ ដោយផ្អែកទៅលើលទ្ធផលនៃ Google Analytics។ លោក Gojayev និងលោក Jason Lambert នាយករបស់ Newsgain បានជួបជាមួយក្រុមការ​ងារ​អូឌីស៊ី នៅថ្ងៃទី២០ ខែធ្នូ ដើម្បីពិភាក្សាអំពីលទ្ធផលនៃការវិភាគ។

ការរកឃើញ និងអនុសាសន៍សំខាន់ៗជាច្រើនត្រូវបានលើកឡើង ដើម្បីពង្រឹងល្បឿននៃការបង្ហាញមាតិកានៅលើទំព័រ លទ្ធភាពប្រើប្រាស់ និងលទ្ធភាពក្នុងការរកឃើញវែបសាយអូឌីស៊ី។ ទាំងនេះរួមបញ្ចូលការបង្កើនប្រសិទ្ធភាពនៃធនធាននៅលើវែបសាយ និងការកែលម្អចំណាត់ថ្នាក់វែបសាយនៅលើម៉ាស៊ីនស្វែងរក។

ក្រុម​ការ​ងារ​អូ​ឌី​ស៊ី​កំពុង​ប្រ​ជុំ​ជាមួយ​ក្រុម​ការ​ងារ​ Internews និង Newsgain។

ក្រុមការងារអូឌីស៊ីស្វាគមន៍លទ្ធផលនៃការសិក្សាវិភាគនេះ ហើយនឹងធ្វើការកែលម្អវែបសាយឱ្យកាន់តែប្រសើរឡើងក្នុងសប្តាហ៍ខាងមុខនេះ។ ការពិភាក្សាបន្ថែមលើការបង្កើនប្រសិទ្ធភាពនៃវែបសាយនឹងបន្ត ខណៈ​ពេលដែលអូឌីស៊ី និង Newsgain កំ​ពុង​ធ្វើ​ការ​​វិភាគ​ និងវាយ​តម្លៃ​​វែប​សាយ​អូឌីស៊ី​​បន្ថែម​ទៀត។