វគ្គបណ្តុះបណ្តាលកម្រិតខ្ពស់ ស្តីពី Google Analytics
ក្រុមការងាររបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ(អូឌីស៊ី)ធ្លាប់ទទួលបានការបណ្តុះបណ្តាលទាក់ទងនឹង Google Analytics នៅឆ្នាំ២០២១ ដែលរៀបចំដោយអង្គការ Internews នៅឆ្នាំ២០២១។ នាថ្ងៃទី១៨ មីនា ឆ្នាំ២០២២ ក្រុមការងារអូឌីស៊ីបានទទួលការបណ្តុះបណ្តាលបន្ថែមអំពី Google Analytics ដែលមានកម្រិតខ្ពស់ជាងមុន ដែលការបណ្តុះបណ្តាលនេះរៀបចំឡើងសម្រាប់ឆ្នាំទី៣ នៃគម្រោង ការឆ្នៃប្រឌិតថ្មីសម្រាប់គណនេយ្យភាពសង្គមនៅកម្ពុជា (ISAC)។ ក្រុមការងារអូឌីស៊ីចំនួន ៨នាក់បានចូលរួមក្នុងការបណ្តុះបណ្តាល ដែលសម្របសម្រួលដោយ ប្រធានផ្នែកប្រតិបត្តិការឌីជីថល ដែលជាក្រុមការងាររបស់ NewsGain នៃអង្គការ Internews។
មុននឹងចូលរួមក្នុងការបណ្តុះបណ្តាលនេះ ក្រុមការងារតម្រូវឱ្យស្វ័យសិក្សាតាមរយៈអនឡាញទាក់ទងនឹងការណែនាំអំពី Google Analytics និង Google Analytics 4។
លោក Gojayev បានពិនិត្យមើលការប្រើប្រាស់ Google Analytics ដើម្បីតាមដានព្រឹត្តិការណ៍ទៅតាមពេលវេលាផ្សេងៗគ្នា និងរបៀបតាមដានអ្នកប្រើប្រាស់ផ្សេងៗគ្នាជាបុគ្គល និងព្រឹត្តិការណ៍ចម្រុះ ដើម្បីពង្រឹងសមត្ថភាពរបស់ក្រុមការងារក្នុងការពិនិត្យមើលទិន្នន័យ និងមាតិកានៃគេហទំព័រទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់។
ក្រុមការងារអូឌីស៊ី បានចូលរួមយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលនេះដោយចោទជាសំណួរជាច្រើនអំពីការប្រើប្រាស់ Google Analytics សម្រាប់ការត្រួតពិនិត្យវេបសាយអូឌីស៊ី។ អូឌីស៊ីក៏បានថតការបណ្តុះបណ្តាលពីចម្ងាយនេះជាវីដេអូសម្រាប់ក្រុមការងារយកមកសិក្សាបន្ថែម ជាពិសេសសម្រាប់អ្នកដែលមិនបានចូលរួម។ ការអភិវឌ្ឍសមត្ថភាពកាន់តែប្រសើរឡើងរបស់ក្រុមអូឌីស៊ីជាមួយនឹងការប្រើប្រាស់ ឧបករណ៍នេះនឹងអនុញ្ញាតឱ្យក្រុមការងារអាចធ្វើការវាយតម្លៃលឿនជាងមុនអំពីការប្រើប្រាស់វេបសាយដើម្បីសម្រេចគោលបំណង និងគោលដៅ។