សិក្ខា​សាលា​​បណ្ដុះ​បណ្ដាល​អក្ខរ​កម្ម​ទិន្ន​ន័យ​អំពី​គណ​នេយ្យភាព​សង្គម

​នៅ​ថ្ងៃ​ទី​១០​ ដល់​ថ្ងៃ​ទី​១៣​ ខែឧសភា​ ឆ្នាំ​២០២២​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​អក្ខរកម្ម​ទិន្នន័យ​រយៈពេល​ ៤​ ថ្ងៃ​ ដែល​ផ្តោត​លើ​សមាជិក​​អ្នក​សារព័ត៌មាន​ក្នុងស្រុក​នៅ​សណ្ឋាគារ​ពូ​លូ​វៃ​ ដែល​ផ្តោត​លើ​ប្រធានបទ​ “​អក្ខរកម្ម​ទិន្នន័យ​​អំពី​​គណនេយ្យ​ភាព​សង្គម​”​។​ នេះ​គឺជា​ការ​បណ្តុះបណ្តាល​ចំណេះដឹង​ផ្នែក​ទិន្នន័យ​​ដែល​ផ្តោត​លើ​អ្នក​សារព័ត៌មានដំបូង​គេ​បង្អស់​សម្រាប់​គម្រោងការ​ច្នៃប្រឌិត​ថ្មី​សម្រាប់​គណនេយ្យ​ភាព​សង្គម​នៅ​កម្ពុជា​ (ISAC)​​ និង​ការ​បណ្តុះបណ្តាល​ដោយ​ផ្ទាល់​លើក​ដំបូង​លើ​ប្រធានបទ​នេះ​ចាប់តាំងពី​ខែកុម្ភៈ​ ឆ្នាំ​២០២១​ ដោយសារ​ការ​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​កូ​វី​ដ​-១៩​។​ អ្នកចូលរួម​​បាន​ពាក់​ម៉ាស​ និង​អនុវត្ត​ការ​រក្សា​គម្លាត​សង្គម​។

អ្នកចូលរួម​ម្នាក់​កំពុង​ចោទ​ជា​សំណួរ​ទៅ​កាន់​អ្នក​​បណ្តុះបណ្តាល។

​ដូចនឹង​វគ្គ​បណ្តុះបណ្តាល​មុនៗ​ដែរ​ គោលបំណង​នៃ​វគ្គ​បណ្តុះបណ្តាលនេះ​​គឺ ​ដើម្បី​ណែនាំ​គោល​គំនិត​ជា​មូលដ្ឋាន​នៃ​ការ​ប្រើប្រាស់​ទិន្នន័យ​ និង​បង្កើត​ជំនាញ​ដើម្បី​ណែ​នាំ​អ្នកចូលរួម​ឱ្យ​ព្យាយាម​សរសេរ​រឿង​ដោយ​ផ្អែក​លើ​ទិន្នន័យ​ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​នៃ​រឿង​ព័ត៌មាន​អំពី​របៀប​ដែល​ទិន្នន័យ​ពាក់ព័ន្ធ​ទៅ​នឹង​គោលនយោបាយ​ និង​ចុង​ក្រោយ​ពង្រឹង​យន្តការ​នៃ​គណនេយ្យ​ភាព​សង្គម​របស់​សហគមន៍​។​

​ដៃគូ​កម្មវិធី​ អង្គការ​ Internews​ បាន​ផ្សព្វផ្សាយ​វគ្គ​បណ្តុះបណ្តាល​មុន​សកម្មភាព​ និង​បាន​អំពាវនាវ​យ៉ាង​សកម្ម​អ្នក​សារព័ត៌មាន​ អ្នក​សារព័ត៌មាន​ប្រជាពលរដ្ឋ​ និង​និស្សិត​ផ្នែក​សារព័ត៌មាន​។​ សមាជិក​អង្គការ​សង្គម​ស៊ី​វិល​បន្ថែម​មួយ​ចំនួន​ក៏​បាន​ចូលរួម​ផង​ដែរ​សម្រាប់​ថ្នាក់​ចំនួន​ ២០ នាក់​។​

​វគ្គ​បណ្តុះបណ្តាល​នេះ​ដឹកនាំ​ដោយ​លោក​ វង្ស​ ពិ​សិទ្ធ​ មន្ត្រីជាន់ខ្ពស់​ផ្នែក​ស្រាវជ្រាវ​ទិន្នន័យ​ និង​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ (GIS)​ នៃ​អូ​ឌី​ស៊ី​ ដែល​ណែនាំ​អំពី​ចំណេះដឹង​ជា​មូលដ្ឋាន​ដែល​អ្នកចូលរួម​នឹង​ទទួល​បាន​ពី​វគ្គ​បណ្តុះបណ្តាល​នេះ​។​ លោក​បាន​កត់សម្គាល់​ពី​តួនាទី​នៃ​ទិន្នន័យ​ក្នុង​ការ​សម្រេចចិត្ត​ដោយ​ផ្អែក​លើ​ភស្តុ​តាង​ ដែល​ជា​ឧបករណ៍​ដ៏​សំខាន់​សម្រាប់​ការ​រៀបចំ​ផែនការ​ ការ​វិភាគ​គោលនយោបាយ​ និង​គណនេយ្យ​ភាព​សង្គម​ទាំងមូល​។

លោក​ វង្ស​ ពិ​សិទ្ធ កំពុង​ណែនាំ​អំពី​មេរៀន​ដែល​នឹង​ត្រូវរៀន​នៅ​ក្នុងវគ្គ​បណ្តុះ​បណ្តាល​នេះ​ទៅ​កាន់​អ្នក​ចូល​រួម​។

នា​ថ្ងៃ​ដំបូង​ វគ្គ​បណ្តុះបណ្តាល​ផ្តោត​លើ​ ‘​ការ​ឈ្វេងយល់​អំពី​ទិន្នន័យ​’​ និង​រួម​បញ្ចូល​បទ​បង្ហាញ​ពី​លោក​ បាន​ ចន្ទ​ផល្លា​ បណ្ណាធិការ​ –​ អ្នក​ស្រាវជ្រាវ​ ផ្នែក​អភិវឌ្ឍន៍​សង្គម​ នៃ​អូ​ឌី​ស៊ី​ ដែល​បាន​ចាប់ផ្តើម​ជាមួយនឹង​បទ​បង្ហាញ​ស្តី​ពី​ តើ​អ្វី​ជា​ទិន្នន័យ​​។​ លោកស្រី​ គឹ​ម​ ឈួ​ន​វួ​ច​ ក៏​បាន​ចែករំលែក​ព័ត៌មាន​លម្អិត​ស្តី​ពី​ “​ការ​ស្វែងរក​ទិន្នន័យ​”​ ជាមួយនឹង​ការ​ដែល​ឱ្យ​អ្នកចូលរួម​ស្វែងរក​ទិន្នន័យ​លើ​អ៊ីនធឺណិត​ផង​ដែរ​។

លោក​ បាន​ ចន្ទ​ផល្លា​ កំពុង​ធ្វើ​បទ​បង្ហាញ​អំពី​​តើ​អ្វី​ជា​ទិន្នន័យ​។

នៅ​ចុងបញ្ចប់​នៃ​ថ្ងៃ​ទី​១​ យើង​សង្កេត​ឃើញ​ថា​ អ្នកចូលរួម​មួយ​ចំនួន​ត្រូវការ​កុំព្យូទ័រ​បន្ថែម​ ដូច្នេះ​អូ​ឌី​ស៊ី​ និង​ អង្គការ​ Internews​ បាន​យក​កុំព្យូទ័រ​យួរដៃ​បួន​បន្ថែម​ទៀត​មក​ឱ្យ​អ្នកចូលរួម​សម្រាប់​ការ​ប្រើប្រាស់​ក្នុង​ថ្នាក់​។​

​ថ្ងៃ​ទី​២​ផ្តោត​លើ​​ការ​ប្រមូល​ទិន្នន័យ​ ជាមួយនឹង​ការ​ដកស្រង់​ទិន្នន័យ​​ ដោយ​ លោក​ ឡុ​ច​ កល្យាណ​ អ្នក​ស្រាវជ្រាវ​ទិន្នន័យ​ និង​ឯកទេស​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ (GIS)​។​

​ថ្ងៃ​ទី​៣​ ក្រុមការងារ​បាន​ផ្តោត​លើ​ការ​វិភាគ​ទិន្នន័យ​​ រួម​ទាំង​ការ​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​ ការ​សរសេរ​ទិន្នន័យ​សម្រាប់​មនុស្ស​ទូទៅ​ ជាមួយនឹង​ លោក​ សំ​អាន​ ម៉ារ​ឌី​ ប្រធាន​គ្រប់គ្រង​ផ្នែក​ព័ត៌មានវិទ្យា​ និង​គេហទំព័រ​ នៃ​អូ​ឌី​ស៊ី​ និង​ការ​រៀបចំ​សាច់​រឿង​ទិន្នន័យ​​ ជាមួយ​ លោក​ ង៉ូ​វ​ ជី​ហ័​រ​ ប្រធាន​គ្រប់គ្រង​កម្មវិធី​ កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​។​ ចំនុច​សំខាន់ៗ​ទាំងនេះ​បាន​នាំ​អ្នកចូលរួម​ឱ្យធ្វើ​ការ​ជា​ក្រុម​ ដើម្បី​និទានរឿង​ផ្ទាល់ខ្លួន​របស់​ពួក​គេ​ដោយ​ប្រើប្រាស់​ទិន្នន័យ​។​

លោក​ សំ​អាន​ ម៉ារ​ឌី កំពុង​ធ្វើ​បទ​បង្ហាញ​អំពី​​ការ​សរសេរ​ទិន្នន័យ​សម្រាប់​មនុស្ស​ទូទៅ។

​ថ្ងៃ​ចុង​ក្រោយ​នៃ​សិក្ខាសាលា​ស្តី​ពី​ ការ​និទានរឿង​ជាមួយ​ទិន្នន័យ​ យើង​បាន​ផ្លាស់​ប្តូរ​ទៅ​បន្ទប់​ផ្សេង​សម្រាប់​អ្នកចូលរួម​ ដែល​មាន​កន្លែង​បន្ថែម​សម្រាប់​អ្នកចូលរួម​ដើម្បី​ឱ្យ​ពួក​គាត់​អាច​ធ្វើការ​ពិភាក្សា​គ្នា​អំពី​ចំណុច​សំខាន់ៗ​របស់​ពួក​គេ​សម្រាប់​រឿង​ទិន្នន័យ​។​ នៅ​ចុងបញ្ចប់​នៃ​ថ្ងៃ​នោះ​ អ្នកចូលរួម​ទាំងអស់​បាន​ពិនិត្យ​ឡើង​វិញ​នូវ​អ្វី​ដែល​ពួក​គាត់​នឹង​ទទួល​បាន​មុន​ចាក​ចេញពី​វគ្គ​បណ្តុះបណ្តាល​ និង​របៀប​ដែល​ពួក​គាត់​សង្ឃឹមថានឹង​ប្រើប្រាស់​ចំណេះដឹង​ថ្មីៗ​របស់​ពួក​គាត់​។​ ចំណេះដឹង​របស់​អ្នកចូលរួម​ត្រូវ​បាន​បញ្ជាក់​ជាមួយនឹង​ការ​ធ្វើតេស្ត​ខ្លីៗ​មុន​នឹង​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​។​

លោក​ ង៉ូ​វ​ ជី​ហ័​រ​ កំពុង​ធ្វើ​បទ​បង្ហាញ​អំពី​​ការ​រៀបចំ​សាច់​រឿង​ទិន្នន័យ។

ទោះបីជា​អ្នកចូលរួម​ជា​ច្រើន​មាន​កម្រិត​ចំណេះដឹង​បច្ចេកទេស​ទាប​ និង​ខ្លះ​មិន​មាន​កុំព្យូទ័រ​ក្រៅពី​ស្មា​ត​ហ្វូ​ន​ក៏​ដោយ​ អ្នកចូលរួម​ស្ទើរតែ​ទាំងអស់​សុទ្ធតែ​បង្ហាញ​ពី​ការ​ទទួល​បាន​ចំណេះដឹង​យ៉ាងច្រើន​។​ អ្នកចូលរួម​ជា​ច្រើន​បាន​បង្ហាញ​ចំណាប់អារម្មណ៍​ក្នុង​ការ​បញ្ចូល​លទ្ធផល​ទិន្នន័យ​ទៅ​ក្នុង​ការ​សរសេរ​ព័ត៌មាន​នា​ពេល​អនាគត​។

អ្នកចូលរួមម្នាក់​កំពុង​ធ្វើ​បទ​បង្ហាញ​អំពី​ការ​​សរសេរ​រឿង​ដោយផ្អែក​ទៅ​ទិន្ន​ន័យ​ទៅ​កាន់​អ្នកចូលរួមដទៃ​ទៀត​។

អូ​ឌី​ស៊ី​ និង​ អង្គការ​ Internews​ ទន្ទឹងរង់ចាំ​ការ​បណ្តុះបណ្តាល​ចំណេះដឹង​បន្ថែម​អំពី​ទិន្នន័យ​ទាំង​សម្រាប់​អង្គការ​សង្គម​ស៊ី​វិល​ និង​អ្នក​សារព័ត៌មាន​។