វគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃស្តីពីការប្រើប្រាស់ផែនទី និងព័ត៌មានគ្រប់គ្រងធនធានជលផលរបស់អូឌីស៊ី
នៅថ្ងៃទី ១៩-២០ ខែកក្កដា ឆ្នាំ ២០២២ អូឌីស៊ីបានសហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារ និងស្ត្រីនៅកម្ពុជា (CWDCC) រៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការទទួលបានទិន្នន័យ និងព័ត៌មាននៅលើគេហទំព័រ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC)ទៅកាន់សហគមន៍នេសាទមកពីខេត្តកែប និងកំពត។ វគ្គបណ្តុះបណ្តាលនេះត្រូវបានផ្តល់មូលនិធិដោយសហភាពអឺរ៉ុបតាមរយៈអង្គការ អាក់សិនអេតកម្ពុជា ក្រោមគម្រោង “ធានាសុវត្ថិភាពសិទ្ធិចូលប្រើប្រាស់ និងការគ្រប់គ្រងលើដី និងធនធានធម្មជាតិសម្រាប់សហគមន៍នេសាទដែលងាយរងគ្រោះនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា”។
សិក្ខាសាលាបណ្តុះបណ្តាលនេះមានគោលបំណងផ្តល់ការកសាងសមត្ថភាពដល់សមាជិកសហគមន៍នេសាទអំពីរបៀបប្រើប្រាស់គេហទំព័ររបស់ ODC ដើម្បីចូលប្រើទិន្នន័យ និងព័ត៌មានអំពីសហគមន៍នេសាទ របាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) ទំព័រព័ត៌មានទិន្នន័យ និងការប្រើប្រាស់ផែនទីអន្តរកម្មដើម្បីទទួលបានទិន្នន័យនៃសហគមន៍នេសាទទឹកសាប និងសមុទ្រ និងគម្រោងអភិវឌ្ឍន៍នានា។ ក្នុងវគ្គបណ្ដុះបណ្ដាលនេះ សមាជិកសហគមន៍នឹងទទួលបានចំណេះដឹងថ្មីៗក្នុងការប្រើប្រាស់ឧបករណ៍ ICT ដើម្បីចូលទៅស្វែងរកព័ត៌មាន និងចែករំលែកទិន្នន័យ។ សហគមន៍នឹងអាចស្វែងរក ខ្លឹមសារមាតិកាដែលពួកគាត់ត្រូវការ ដូចជាព័ត៌មានសហគមន៍នេសាទ ច្បាប់ និងបទប្បញ្ញត្តិទាក់ទងនឹងសហគមន៍នេសាទ កិច្ចព្រមព្រៀងសហគមន៍នេសាទ ឯកសារគម្រោងអភិវឌ្ឍន៍ សំណុំទិន្នន័យក្នុងទម្រង់ឆៅ និងក្នុងទម្រង់ជារូបភាព។
យើងទទួលបានអ្នកចូលរួមប្រមាណ ២៤នាក់ ដែលក្នុងនោះ ២១ នាក់ជាតំណាងសហគមន៍នេសាទកំពត និងកែបចំនួន ១១នាក់ (ស្ត្រី ៦នាក់) តំណាងរដ្ឋបាលជលផលកំពតពីរនាក់ និងមន្ត្រីគម្រោងម្នាក់នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារ និងស្ត្រីនៅកម្ពុជា (CWDCC)។ យើងសង្កេតឃើញថា អ្នកចូលរួមរបស់យើងមានសាទរចំពោះវគ្គបណ្តុះបណ្តាលនេះ និងជឿថា ពួកគាត់នឹងទទួលបាននូវចំណេះដឹងថ្មីៗ ដើម្បីអភិរក្ស និងការពារសហគមន៍របស់ពួកគេ។
លោក សូរ សូរិន នាយខណ្ឌរដ្ឋបាលជលផលកំពត និងលោកស្រី ទុំ សុភាព នាយរងខណ្ឌ បានចូលរួមថ្លែងសុន្ទរកថាបើកវគ្គបណ្តុះបណ្តាលនេះ។
“ខ្ញុំបានស្គាល់អំពីគេហទំព័រ ODC ក្នុងអំឡុងពេលកិច្ចប្រជុំបណ្តាញសហគមន៍នេសាទកាលពីខែមីនា។ ខ្ញុំសប្បាយចិត្តដែល ODC ធ្វើការបណ្តុះបណ្តាលបែបនេះ ដើម្បីកសាងចំណេះដឹងឌីជីថលសម្រាប់សមាជិកសហគមន៍របស់យើង ខណៈដែលរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងក្នុងការរួមបញ្ចូលគោលនយោបាយរដ្ឋាភិបាលឌីជីថល។ ពីមុនមនុស្សរៀនពីការអាននៅបណ្ណាល័យ។ សព្វថ្ងៃនេះ ជាមួយនឹងស្មាតហ្វូនរបស់ពួកគេ មនុស្សអាចរៀនដោយខ្លួនឯងនៅលើអ៊ីនធឺណិត។ ខ្ញុំសង្ឃឹមថាតំណាងសហគមន៍ទាំងអស់ដែលចូលរួមនៅថ្ងៃនេះនឹងអាចស្វែងរកព័ត៌មានអំពីសហគមន៍នេសាទរបស់ពួកគេកាន់តែងាយស្រួល និងលឿននៅលើគេហទំព័ររបស់ ODC»។
មុននឹងបញ្ចប់សុន្ទរកថា លោក សូរិន ក៏បានស្នើឱ្យ ODC រៀបចំសិក្ខាសាលាមួយ នៅពេលដែលទិន្នន័យ និងព័ត៌មាននៃសហគមន៍នេសាទទាំងអស់ក្នុងខេត្តកែប និងកំពតត្រូវបានធ្វើបច្ចុប្បន្នភាព។ លោកចង់ឱ្យ ODC អញ្ជើញអ្នកពាក់ព័ន្ធផ្សេងទៀតមកពីមន្ទីរកសិកម្ម បរិស្ថាន សុរិយោដី ទេសចរណ៍ខេត្ត និងអាជ្ញាធរមូលដ្ឋាន ដើម្បីអាចរៀនអំពីគេហទំព័រ ស្តាប់ពីបញ្ហាប្រឈមរបស់សហគមន៍ និងបានដឹងពីសក្តានុពលសម្រាប់ការអភិវឌ្ឍរបស់សហគមន៍ផងដែរ។
នៅថ្ងៃទី១ វគ្គបណ្តុះបណ្តាលបានផ្តោតទៅលើរបៀបចូលប្រើប្រាស់ និងស្វែងយល់ពីគេហទំព័រនិងប្រើប្រាស់ផែនទីអន្តរកម្ម ODC ឯកសារបទប្បញ្ញត្តិ ស្វែងរកនិងទាញយកទិន្នន័យ។ នៅថ្ងៃទី២ សិក្ខាកាមបានណែនាំទំព័រព័ត៌មានទិន្នន័យ “ព័ត៌មានគ្រប់គ្រងធនធានជលផល” និង “ការវាយតម្លៃផលប៉ះពាល់បរិស្ថាន” ដល់សិក្ខាកាមដើម្បីចូលមើលព័ត៌មាន និងស្វែងយល់អំពីទំព័រកម្រងព័ត៌មានទាំងនេះ។ បន្ទាប់មកក៏មានការអនុវត្តលំហាត់ និងចូលទៅប្រើប្រាស់ដោយផ្ទាល់សម្រាប់អ្នកចូលរួមផងដែរ។
សិក្ខាកាមត្រូវបានស្នើរសុំឱ្យធ្វើតេស្តមុននិងក្រោយវគ្គបណ្តុះបណ្តាល។ ការធ្វើតេស្តនេះ គឺជាឧបករណ៍សម្រាប់វាយតម្លៃសមត្ថភាពរបស់សិក្ខាកាមមុន និងក្រោយការបណ្តុះបណ្តាល ដើម្បីដឹងថាតើពួកគេទទួលបានជំនាញកម្រិតណា។ ការធ្វើតេស្តមានសំណួរបិទទាក់ទងនឹងការយល់ដឹង និងរបៀបចូលប្រើមុខងារសំខាន់ៗរបស់គេហទំព័រ ODC ដូចជា កាតាឡុកផែនទី (Map Catalogue), ឃ្លាំងទិន្នន័យ (Data Hub) និងទំព័រព័ត៌មានទិន្នន័យ។
លទ្ធផលនៃការធ្វើតេស្តទាំងពីរបង្ហាញថា អ្នកចូលរួមហាក់ដូចជាទទួលបានចំណេះដឹងយ៉ាងច្រើនក្នុងការប្រើប្រាស់គេហទំព័រ ODC បន្ទាប់ពីវគ្គបណ្តុះបណ្តាល។ អ្នកចូលរួមភាគច្រើនបង្ហាញការពេញចិត្តយ៉ាងខ្លាំង ខណៈដែលពួកគេអះអាងថា បានយល់អំពីការប្រើប្រាស់គេហទំព័រ ODC ដើម្បីជាផ្នែកនៃការគ្រប់គ្រងសហគមន៍របស់ពួកគេ។ អ្នកចូលរួមម្នាក់ៗ អាចទាញយកកិច្ចព្រមព្រៀងនេសាទសហគមន៍របស់ពួកគេនៅលើទូរសព្ទផ្ទាល់ខ្លួនរបស់ពួកគេ។ ក្រុមការងារ ODC ក៏បានបង្កើតក្រុម Telegram ដើម្បីតាមដានការសាកសួរបន្ថែម។
សូមចូលមើលបន្ថែមទៀតអំពីវគ្គបណ្តុះបណ្តាលស្តីពីការទទួលបានទិន្នន័យ និងព័ត៌មាននៅលើគេហទំព័រ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) តាមតំណខាងក្រោម៖