សិក្ខាសាលា​ឆ្លុះ​បញ្ចាំង​បុគ្គលិក​​អូឌីស៊ី​ប្រចាំឆ្នាំ​២០២២​

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ រៀបចំ​សិក្ខាសាលា​ឆ្លុះ​បញ្ចាំង​បុគ្គលិក​ប្រចាំឆ្នាំ​២០២២​ ជា​ថ្មី​ម្តងទៀត​នៅ​ខេត្ត​ព្រះ​សីហ​នុ​ចាប់ពី ​ថ្ងៃ​ទី​០៩​-​១១​ ខែធ្នូ​ ឆ្នាំ​២០២២​។​ អ្វី​ដែល​គួរ​ឱ្យ​ពិសេស​នោះ​ គឺ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​ ៩​ ក្រោម​ប្រធានបទ​ “​ឆ្នេរ​នៃ​សន្តិភាព​ ឆ្នេរ​នៃ​ក្តី​សង្ឃឹម​”​ ត្រូវ​បាន​ប្រារព្ធ​នៅ​ថ្ងៃ​ជាមួយ​គ្នា​ផង​ដែរ​។​ ពិធីបុណ្យ​នេះ​មាន​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ជា​ច្រើន​បាន​មក​ទស្សនា​។​

​អូ​ឌី​ស៊ី តែងតែ​គិតគូ​ដល់​សុខុមាលភាព​បុគ្គលិក​របស់​ខ្លួន​ជា​ធំ​ ដែល​ជា​ហេតុផល​ចម្បង​មួយ​ធ្វើ​ឱ្យ​លទ្ធផល​ក្រុមការងារ​អូ​ឌី​ស៊ី​តែងតែមាន​ភាព​លេចធ្លោ​។​ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ពួក​យើង​បាន​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ​ ដែល​ចំណាយពេល​ត្រឹមតែ​បី​ម៉ោង​ប៉ុណ្ណោះ​ដើម្បី​ទៅ​ដល់​ទីរួមខេត្ត​ព្រះ​សីហ​នុ​។​

​នៅ​ថ្ងៃ​ទី​មួយ​នៃ​ដំណើរ​កំសាន្ត​នេះ​ ក្រុមការងារ​បាន​ចូលរួម​សកម្មភាព​​កសាង​​ក្រុម​ជា​ច្រើន​ ដើម្បី​​ពង្រឹង​ស្មារតី​​​​ និង​​​សាមគ្គីភាព​​នៅ​ក្នុង​ក្រុម​។​ ក្រុមការងារ​បាន​ចូលរួម​យ៉ាង​សកម្ម​ និង​ដោយ​រីករាយ​ក្នុង​សកម្មភាព​ទាំងនោះ​។​ នៅ​ថ្ងៃ​បន្ទាប់​ ពួក​យើង​បាន​ទៅ​លេង​កន្លែង​ជា​ច្រើន​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ ហើយ​បាន​រៀបចំ​​ល្បែង​​ផ្លាស់​ប្តូរ​កាដូរ​​គ្នា​ទៅវិញ​ទៅមក​​។​ ពួក​យើង​មាន​ភាព​សប្បាយ​រីករាយ​ក្នុង​កម្មវិធី​នេះ​ ហើយ​ពួក​យើង​ទាំងអស់​គ្នា​ពេញចិត្ត​នឹង​កាដូរ​ដែល​ទទួល​បាន​ពី​សមាជិក​ផ្សេង​ទៀត​។​ នៅ​ថ្ងៃ​ចុង​ក្រោយ​ ពួក​យើង​បាន​ទទួលទាន​អាហារ​ពេល​ព្រឹក​ដ៏​ឈ្ងុយ​ឆ្ងាញ់​ជាមួយនឹង​ទិដ្ឋភាព​មាត់សមុទ្រ​ដ៏​ស្រស់​ស្អាត​ ហើយ​អ្នក​គ្រប់​គ្នា​មាន​ភាព​រីករាយ​ពី​ការ​ទទួលទាន​អាហារ​ពេល​ព្រឹក​ និង​ថតរូប​អនុស្សាវរីយ៍​ជា​ច្រើន​។​ ពួក​យើង​ក៏​បាន​ទៅ​កោះ​មួយ​ ដើម្បី​គយគន់​ទេសភាព​នៅ​ទីនោះ​ផង​ដែរ​។​ មុន​ពេល​ត្រឡប់​មក​ទីក្រុង​ភ្នំពេញ​វិញ​ ពួក​យើង​បាន​ទទួលទាន​អាហារ​ថ្ងៃត្រង់​ជាមួយ​គ្នា​នៅ​រមណីយដ្ឋាន​ទឹកធ្លាក់​ក្បាលឆាយ​ ដើម្បី​មើល​ទេសភាព​ធម្មជាតិ​ និង​អាហារ​ដ៏​សម្បូរ​បែប​។​

​ខេត្ត​ព្រះ​សីហ​នុ​ គឺជា​កន្លែង​មួយ​ដែល​ក្រុមការងារ​អូ​ឌី​សុី​ធ្លាប់​បាន​ទៅ​ជា​ញឹកញាប់​ ប៉ុន្តែ​ភាគច្រើន​គឺ​សម្រាប់​ការ​បំពេញការងារ​ផ្សេងៗ​។​ ការ​ធ្វើ​ដំណើរ​កំសាន្ត​រយៈពេល​បី​ថ្ងៃនេះ​អាច​ជា​មាន​រយៈពេល​ខ្លី​ ប៉ុន្តែ​វា​បាន​ជួយ​ពួក​យើង​អោយ​សម្រាកលំហែ​ និង​បង្កើន​ការងារ​ជា​ក្រុម​អោយ​កាន់តែ​រឹង​មាំ​ ហើយ​ពួក​យើង​បាន​រៀនសូត្រ​ស្វែង​យល់​អំពី​ចំណី​អាហារ​ក្នុង​តំបន់​ ទីកន្លែង​ និង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ក្នុង​ខេត្ត​ផង​ដែរ​។​ ពួក​យើង​ក៏​បាន​ថតរូប​អនុស្សាវរីយ៍​ជា​ច្រើន​ជាមួយ​គ្នា​។​ “​ពេលវេលា​ដើរទៅ​មុខ​ ប៉ុន្តែ​ការ​ចង​ចាំ​នឹង​នៅ​តែ​មាន​ជា​រៀង​រហូត​”​។​