បទពិសោធន៍របស់យើងនៅក្នុងសន្និសីទរៃអង្គាសប្រាក់អន្តរជាតិឆ្នាំ២០២៣ នៅប្រទេសហូឡង់
ដំបូងឡើយ សមាជិកក្រុមប្រឹក្សាភិបាលរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយវាគ្មិនម្នាក់ នៅក្នុងសន្និសិទរៃអង្គាសប្រាក់អន្តរជាតិ (IFC) ឆ្នាំ២០២៣ បានណែនាំក្រុមការងារពីសន្និសីទនេះ។ គាត់បានលើកឡើងថា កម្មវិធីនេះជាការជួបជុំដ៏អស្ចារ្យសម្រាប់អ្នកជំនាញការរៃអង្គាសប្រាក់នៅទូទាំងពិភពលោក ដូចនេះយើងក៏បានសម្រេចចិត្តចុះឈ្មោះភ្លាមៗសម្រាប់សន្និសីទដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុង Noordwijk ប្រទេសហូឡង់ ដែលជាកន្លែងរបស់អង្គការមិនស្វែងរកប្រាក់ចំណេញមានឥទិ្ធពលជាច្រើនធ្វើការដើម្បីយុត្តិធម៌ សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ការធ្វើដំណើរពីប្រទេសកម្ពុជាទៅកាន់គោលដៅរបស់យើង មានរយៈពេលមួយថ្ងៃនៃការធ្វើដំណើរជាបន្តបន្ទាប់។ យ៉ាងណាក៏ដោយ ការចំណាយពេលវេលា និងការខិតខំប្រឹងប្រែងបានបង្ហាញថាមានប្រយោជន៍យ៉ាងខ្លាំង។
អ្នកចូលរួមទាំងអស់បានប្រមូលផ្តុំគ្នានៅក្នុងសាលដ៏ធំមួយ ដោយមានភ្លើងពណ៌ដ៏រស់រវើកអមជាមួយតន្ត្រី ដែលជំរុញឱ្យបរិយាកាសសម្រាប់ការចាប់ផ្តើមសន្និសីទគួរឱ្យចាប់អារម្មណ៍បន្ថែមមួយកម្រិតទៀត។ អ្នកស្រី Ruby Chadwick នាយកកម្មវិធី នៃ The Resource Alliance បានបើកកិច្ចចាប់ផ្តើមកម្មវិធី។ គាត់បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះអ្នកចូលរួមទាំងអស់នៅក្នុងសន្និសីទដ៏ធំបំផុតប្រចាំឆ្នាំនៃ ដោយបង្ហាញពីចំណាប់អារម្មណ៍ចំពោះឱកាសដែលបានជួបអ្នកចូលរួមគ្រប់ៗគ្នា។ បន្ទាប់ពីសុន្ទរកថាស្វាគមន៍ គាត់បានបន្តណែនាំសាស្ត្រាចារ្យដ៏ល្បីរបស់សាលា Harvard គឺ លោក Erica Chenoweth ដែលល្បីល្បាញសម្រាប់កិច្ចការស្រាវជ្រាវយ៉ាងទូលំទូលាយរបស់គាត់ស្តីពី “អំណាចមនុស្ស”។ សាស្ត្រាចារ្យ Chenoweth បានរកឃើញថាសុពលភាពនៃការមិនគោរពតាមស៊ីវិលមិនត្រឹមតែជាជម្រើសត្រឹមត្រូវខាងសីលធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមធ្យោបាយដ៏មានឥទ្ធិពលបំផុតក្នុងការរៀបចំទិដ្ឋភាពនៃនយោបាយពិភពលោកផងដែរ។
សន្និសីទត្រូវបានរៀបចំឡើងជាប្រធានបទធំៗចំនួនប្រាំគឺ យុទ្ធសាស្ត្រ គោលបំណងនៃការគិត ការនិទានរឿង បច្ចេកវិទ្យាថ្មីៗ និងភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍក្រុម។ នៅក្នុងប្រភេទប្រធានបទនីមួយៗមានបណ្តុំនៃប្រធានបទតូចៗដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន ដែលអ្នកចូលរួមអាចជ្រើសរើសចូលដោយសេរីស្របតាមចំណាប់អារម្មណ៍ និងគោលបំណងរបស់ពួកគេ។
ព្រឹត្តិការណ៍នេះពិតជាមានសារៈសំខាន់ណាស់ដោយវាគ្មិនអន្តរជាតិល្បីៗបានចែករំលែកយុទ្ធសាស្ត្រ ការអនុវត្តល្អៗ បទពិសោធន៍ដ៏សម្បូរបែប និងការយល់ដឹងអំពីនិន្នាការដែលកំពុងរីកចម្រើនផងដែរ។ អ្វីដែលគួរឱ្យកត់សម្គាល់ជាពិសេសនោះ គឺមានការដាក់បញ្ចូលនូវវគ្គសតិបញ្ហារួមមានថ្នាក់សមាធិ សំឡេងបំពេរអារម្មណ៍ និងយូហ្គា ដែលបានរៀបចំឡើងយ៉ាងគិតគូរសម្រាប់អ្នកចូលរួមឱ្យសម្រាក និងបន្ធូរអារម្មណ៍បន្ទាប់ពីចូលរួមសិក្សាក្នុងប្រធានបទនីមួយៗប្រចាំថ្ងៃ និងដើម្បីធ្វើឱ្យអារម្មណ៍របស់អ្នកចូលរួមធូរស្រាលមុនពេលអាហារពេលល្ងាចជុំគ្នា។ ពិធីជប់លៀងអាហារពេលល្ងាចប្រៀបដូចជា ការប្រារព្ធពិធីដ៏ធំសម្រាប់បង្រួបបង្រួមអ្នកជំនាញការរៃអង្គាសប្រាក់ពីជុំវិញពិភពលោកសម្រាប់សមិទ្ធិផលរួម និងការខិតខំប្រឹងប្រែងតស៊ូពេញមួយឆ្នាំ។ បន្ទាប់ពីសន្និសីទរយៈពេលបីថ្ងៃ កម្មវិធីបានបញ្ចប់ជាមួយនឹងសុន្ទរកថាគន្លឹះរបស់សកម្មជនការប្រែប្រួលអាកាសធាតុដ៏លេចធ្លោបីរូបមកពីប្រទេសផ្សេងៗគ្នា។
ក្រុមការងាររបស់យើងបានទទួលនូវចំនេះដឹងដ៏មានតម្លៃពីសន្និសិទរៃអង្គាសប្រាក់អន្តរជាតិ ឆ្នាំ២០២៣ ដែលនឹងអាចពង្រឹងយុទ្ធសាស្ត្រ ការអនុវត្ត និងការប្រាស្រ័យទាក់ទងជាមួយម្ចាស់ជំនួយ និងដៃគូជាទីគោរពរបស់យើង។ យើងសូមថ្លែងអំណរគុណជាខ្លាំងចំពោះម្ចាស់ជំនួយទាំងអស់របស់យើង ដែលតែងតែគាំទ្រដល់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ក្នុងការរក្សាសន្ទុះនៃចក្ខុវិស័យរបស់យើងក្នុងការជំរុញតម្លាភាព និងគំនិតផ្តួចផ្តើមទិន្នន័យបើកទូលាយនៅកម្ពុជា។