កិច្ចប្រជុំ​ជា​ដៃគូ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ជាមួយ​គណៈកម្មាធិការ​សម្រាប់​ការ​វាយតម្លៃ​បរិស្ថាន​នៃ​ប្រទេស​ហូ​ឡង់​

នៅ​ថ្ងៃ​ទី​២០​ ខែតុលា​ ឆ្នាំ​២០២៣​ ក្រុមការងារ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ Utrecht​ ប្រទេស​ហូ​ឡង់​ ដើម្បី​ចូលរួម​ប្រជុំ​សំខាន់​មួយ​ជាមួយ​លោក​បណ្ឌិត​ Arend​ Kolhoff​ លេខាធិការ​បច្ចេកទេស​នៃ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ នៅ​គណៈកម្មាធិការ​សម្រាប់​ការ​វាយតម្លៃ​បរិស្ថាន​នៃ​ប្រទេស​ហូ​ឡង់​។​ អូ​ឌី​ស៊ី​បាន​នឹង​កំពុង​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​គណៈកម្មការ​ លើ​ការ​ផ្តល់​ធាតុ​ចូល​ដល់​សេចក្តី​ព្រាង​គោលការណ៍​ណែនាំ​ទូទៅ​សម្រាប់​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ និង​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​សម្រាប់​គម្រោង​អាជីវកម្ម​ខ្សាច់​សំណង់​នៅ​តាម​ដង​ទន្លេមេគង្គ​ និង​ទន្លេបាសាក់​ក្នុង​ប្រទេស​កម្ពុជា​។​

គោលបំណង​ចម្បង​នៃ​កិច្ចប្រជុំ​នេះ​គឺ​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​អំពី​វឌ្ឍនភាព​ និង​បញ្ហា​ប្រឈម​នានា​ដែល​បាន​កើត​មាន​ឡើង​ទាក់ទង​នឹង​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នា​ពេល​ថ្មីៗ​នេះ​។​ កិច្ច​ពិភាក្សា​ក៏​បាន​ផ្តោត​ទៅ​លើ​ការងារ​ដែល​កំពុង​បន្ត​លើ​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ក្នុង​បរិបទ​ប្រទេស​កម្ពុជា​។​

​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ នៃ​ក្រសួង​បរិស្ថាននៃព្រះរាជាណាចក្រ​​កម្ពុជា​ បាន​បង្កើត​ក្រុមការងារ​គ្រូ​បង្គោល​ថ្នាក់​ជាតិ​សម្រាប់​ការ​បណ្តុះបណ្តាល​ស្តី​ពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​​ នៅ​ថ្ងៃ​ទី​២០​ ខែ​ធ្នូ​ ឆ្នាំ​២០២២​។​ ក្រុមការងារ​នេះ​ទទួលខុសត្រូវ​ក្នុង​ការ​រៀបចំ​មេរៀន​បណ្តុះបណ្តាល​ ផ្សព្វផ្សាយ​ចំណេះដឹង​អំពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ និង​លើកកម្ពស់​ការ​យល់​ដឹង​តាម​រយៈ​កិច្ចប្រជុំ​ វគ្គ​បណ្តុះបណ្តាល​ និង​សិក្ខាសាលា​ផ្សេងៗ​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​។​ បន្ថែម​ពីលើ​សកម្មភាព​អប់រំ​ ពួក​គេ​ក៏​កៀងគរ​ធនធាន​ និង​បង្កើត​ភាព​ជា​ដៃគូ​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ជំរុញ​កម្មវិធី​បណ្តុះបណ្តាល​ដ៏​ទូលំទូលាយ​លើ​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​។​

​សូម​រង់ចាំ​ព័ត៌មាន​ថ្មីៗ​បន្ថែម​ទៀត​អំពី​ដំណើរ​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​!