ការ​ស្វែង​យល់​អំពី​ហេដ្ឋារចនាសម្ព័ន្ធ​អ៊ីនធឺណិត​ និង​ផល​ប៉ះពាល់​បរិស្ថាន​របស់​អ៊ីនធឺណិត​ និង​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ក្នុង​បញ្ហា​នេះ​៖​ តួនាទី​ដ៏​សំខាន់​របស់​យុវជន​ក្នុង​ការ​កសាង​សង្គម​អ៊ីនធឺណិត​ប្រកបដោយ​បរិ​យា​បន្ន​ និង​និរន្តរភាព​

វគ្គ​បទ​បង្ហាញ​​អំ​ពី​​ការ​ឈ្វេងយល់​អំពី​ហេដ្ឋារចនាសម្ព័ន្ធ​អ៊ីនធឺណិត​ និង​ផល​ប៉ះពាល់​បរិស្ថាន​របស់​អ៊ីនធឺណិត​ បាន​ចាប់ផ្តើម​ជាមួយ​វី​ឌី​អូ​បទ​បង្ហាញ​របស់​ លោកស្រី​ Dhanyashri​ Kamalakannan,​ អ្នកដឹកនាំ​អភិបាលកិច្ច​ និង​ជា​អ្នក​ស្រាវជ្រាវ​ផ្នែក​រចនា​ វិទ្យាស្ថាន​ Pranava​។​ ​ នៅ​ពេល​ដែល​ពិភពលោក​របស់​យើង​កាន់តែ​មាន​ឌី​ជី​ថ​ល​ ចាប់ពី​ការ​អប់រំ​ ការ​ប្រាស្រ័យ​ទាក់ទង​ រហូត​ដល់​ការ​កម្សាន្ត​និង​ការ​ចូលរួម​ក្នុង​សង្គម​ យុវជន​កំពុង​ចំណាយពេល​ច្រើន​នៅ​លើ​អ៊ីនធឺណិត​ជាង​ពេល​ណាៗ​ទាំងអស់​។​ ជា​ពិសេស​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ យុវជន​ឥឡូវនេះ​ប្រើប្រាស់​អ៊ីនធឺណិត​ជា​មធ្យម​ជិត​ប្រាំមួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​។​

ការ​ធ្វើ​សមាហរណកម្ម​យ៉ាង​ស៊ីជម្រៅ​នៃ​ឧបករណ៍​ឌី​ជី​ថ​ល​ទៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃនេះ​បង្ហាញ​ទាំង​ឱកាស​ និង​បញ្ហា​ប្រឈម​។​ ខណៈ​ពេល​ដែល​បច្ចេកវិទ្យា​ផ្តល់​នូវ​លទ្ធភាព​ទទួល​បាន​ចំណេះដឹង​ ភាព​ច្នៃប្រឌិត​ និង​កា​រត​ភ្ជាប់​ជាស​កល​ វា​ក៏​ទាមទារ​នូវ​ទម្រង់​ថ្មី​នៃ​អក្ខរកម្ម​ឌី​ជី​ថ​ល​ផង​ដែរ​។​ វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ពង្រឹងសមត្ថភាព​យុវជន​ដោយ​ទាមទារ​ជំនាញ​ និង​ការ​យល់​ដឹង​ដើម្បី​គ្រប់គ្រង​ការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​របស់​យុវជន​ជាមួយ​បច្ចេកវិទ្យា​។​ មិន​ត្រឹមតែ​ត្រូវការ​ការ​ពង្រឹងសមត្ថភាព​ប៉ុណ្ណោះ​ទេ​ យើង​ក៏​ត្រូវ​គិត​អំពី​សុខុមាលភាព​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​ឌី​ជី​ថ​ល​របស់​យើង​ផង​ដែរ​។​

ដោយ​មើលឃើញ​ពី​តម្រូវការ​ កញ្ចប់​ឧបករណ៍​មាន​គោលបំណង​ផលិត​ឯកសារ​អប់រំ​ដែល​ជួយ​ណែនាំ​យុវជន​ទៅ​កាន់​ពិភព​ឌី​ជី​ថ​ល​ប្រកបដោយ​ការ​ត្រិះ​រិះ​ និង​មាន​ទំនួល​ខុស​ត្រូវ​បន្ថែម​ផង​ដែរ​។​ គំនិត​ផ្តួចផ្តើម​នេះ​គឹ​បន្ថែម​លើ​មូលដ្ឋាន​គ្រឹះ​សុវត្ថិភាព​អន​ឡាញ​៖​ លើកទឹកចិត្ត​យុវជន​ឱ្យ​យល់​ពី​ផល​ប៉ះពាល់​ទូលំទូលាយ​នៃ​សកម្មភាព​អន​ឡាញ​ ជា​ពិសេស​ផល​ជះ​អវិជ្ជមាន​ដល់​បរិស្ថាន​នៅ​ពេល​ដែល​ចុច​មួយ​ដង​ទៅ​កាន់​តំណ​ភ្ជាប់​ណាមួយ​។​ រាល់​ការ​ស្វែងរក​ព័​ត៏​មាន​តាម​អ៊ីនធឺណិត​ ការ​ផ្សាយ​វី​ដេ​អូ​ ឬ​ឯកសារ​ដែល​បាន​ចែករំលែក​ណាមួយ​គឹ​ជា​ការ​ចូលរួម​ចំណែក​ដល់​ការ​ប្រើប្រាស់​ថាមពល​ និង​ការ​បញ្ចេញ​ឧស្ម័ន​កាបូន​ទៅ​ក្នុង​បរិយាកាស​ទាំងមូល​។​ ការ​ជួយ​ឱ្យ​យុវជន​ចេះ​កត់សម្គាល់​ពី​ផល​ប៉ះពាល់​បរិស្ថាន​ដោយ​ប្រយោល​នេះ​ គឺជា​មូលដ្ឋាន​គ្រឹះ​មួយ​ជំហាន​ទៀត​ឆ្ពោះទៅ​កាន់​អនាគត​ឌី​ជី​ថ​ល​ដែល​មាន​និរន្តរភាព​

ជា​ការ​ចូលរួម​ចំណែក​ក្នុង​ដំណើរការ​នេះ​ លោក​ Titouan​ Rispail,​ អ្នក​ស្ម័គ្រចិត្ត​ផ្សព្វផ្សាយ​សហគមន៍​ និង​យុវជន​នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​ចែករំលែក​ការ​យល់​ដឹង​អំពី​របៀប​ដែល​គម្រោង​កញ្ចប់​ឧបករណ៍​បច្ចេកវិទ្យា​កំពុង​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​នៅ​ក្នុង​នោះ​មាន​ទាំង​ដំណើរការ​បកប្រែ​ និង​ជំហាន​ដំបូង​នៃ​ការ​អនុវត្ត​នៅ​តាម​ខេត្ត​។​ គាំទ្រ​ដោយ​មូលនិធិ​ មជ្ឈមណ្ឌល​ព័ត៌មាន​របស់​បណ្តាញ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ (APNIC)​ និង​ ISIF​ Asia​ Grant​ សមាសធាតុ​កណ្តាល​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​គឺ​ កម្មវិធី​បកប្រែ​ (Translathon)​ ដែល​ជា​សិក្ខាសាលា​បកប្រែ​ឧបករណ៍​អប់​រំជា​ភាសា​ខ្មែរ​ ដោយ​មានការ​ចូលរួម​យ៉ាង​សកម្ម​ពី​សហគមន៍​មូលដ្ឋាន​។​

លទ្ធផល​គឺ​គួរ​ឱ្យ​កត់សម្គាល់​។​ កម្មវិធី​នេះ​បាន​ផលិត​កញ្ចប់​ឧបករណ៍​ជា​ភាសា​ខ្មែរ​មុន​ដំបូង​គេ​ ដែល​ធ្វើ​ឱ្យ​ឧបករណ៍​ទាំងនោះ​កាន់តែ​ទូលំទូលាយ​ដល់​អ្នក​ប្រើប្រាស់​ទូ​ទាំង​ប្រទេស​អាច​ប្រើប្រាស់​បាន​។​ អ្នកចូលរួម​ក៏​មានឱកាស​ឈ្វេងយល់​អំពី​ដាន​បរិស្ថាន​នៃ​ការ​ប្រើប្រាស់​អ៊ីនធឺណិត​ និង​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​ ដែល​មិន​ត្រូវ​បាន​បង្ហាញ​នៅ​ពីក្រោយ​សកម្មភាព​ឌី​ជី​ថ​ល​ប្រចាំ​ថ្ងៃ​ ព្រមទាំង​ចំណេះដឹង​ដែល​បង្ក​ឱ្យ​មាន​ភាព​ចង់​ដឹង​ចង់​ឃើញ​ និង​សេចក្តី​សាទរ​។​ សំខាន់​ជាង​នេះ​ទៅ​ទៀត​ កម្មវិធី​បកប្រែ​នេះ​ បាន​បង្កើត​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​គម្រោង​ផ្ទាល់​ដោយ​មាន​អ្នកចូលរួម​ក្នុង​កម្មវិធី​បកប្រែ​នេះ​បាន​ចូលរួម​ជា​អ្នក​ស្ម័គ្រចិត្ត​ជួយ​ពេល​អនុវត្ត​គម្រោង​ផ្ទាល់​នៅ​ក្នុង​សហគមន៍​តាម​បណ្តា​ខេត្ត​។​

​ខេត្ត​ដំបូង​គេ​ដែល​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ការ​អនុវត្ត​គម្រោង​នោះ​ គឺ​ខេត្តព្រះវិហារ​ ដែល​ជា​តំបន់​មួយ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​បាន​ធ្វើ​សកម្មភាព​ជា​ច្រើន​តាម​រយៈ​គម្រោង​ផ្សេងៗ​នៅ​សាលារៀន​ និង​សហគមន៍​។​ សិក្ខាសាលា​នៅ​មជ្ឈមណ្ឌល​សិក្សា​ពេញ​មួយ​ជីវិត​ក្នុងភូមិ​ និង​បណ្ណាល័យ​ប្រយុទ្ធ​ក្នុង​ទី​រួម​ខេត្តព្រះវិហារ​ កន្លែង​នេះ​ជា​មជ្ឈមណ្ឌល​ដ៏​សំខាន់​សម្រាប់​ការ​អប់រំ​ប្រកបដោយ​បរិ​យា​បន្ន​។​ ដោយ​មើលឃើញ​ពី​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​ដែល​បាន​កសាង​ និង​ទំនាក់ទំនង​ដែល​នៅ​បន្ត​ជាមួយ​សហគមន៍​ ការ​ណែនាំ​ឧបករណ៍​អប់រំ​នៅ​ក្នុង​ខេត្តព្រះវិហារ​គឺជា​ឱកាស​ដ៏​ល្អ​ដើម្បី​បន្ត​ពង្រឹង​ការ​ចូលរួម​របស់​អង្គការ​អូ​ឌី​ស៊ី​នៅ​តាម​បណ្តា​ខេត្ត​។​

​សិក្ខាសាលា​សំខាន់ៗ​ពីរ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​មជ្ឈមណ្ឌល​សិក្សា​ពោធិ៍​ និង​មជ្ឈមណ្ឌល​សិក្សា​សហគមន៍​ប៉ា​លហាល​ដែល​មាន​អ្នកចូលរួម​សរុប​ចំនួន​ ១១០​ នាក់​ អាយុ​ចាប់ពី​ ១២​ ដល់​ ១៦​ ឆ្នាំ​។​ ដោយ​មានការ​ជួយ​គាំទ្រ​ពី​អ្នក​ស្ម័គ្រចិត្ត​ដែល​ធ្លាប់​ចូលរួម​ក្នុង​កម្មវិធី​បកប្រែ​ វគ្គ​នេះ​បាន​ផ្តល់​នូវ​ការ​ណែនាំ​អំពី​ឧបករណ៍​អប់​រំជា​ភាសា​ខ្មែរ​យ៉ាង​សកម្ម​។​ ដើម្បី​ធានា​ថា​គំនិត​ទាំងនោះ​អាច​អនុវត្ត​ជាក់ស្តែង​បាន​ និង​ត្រូវ​ជាមួយ​បរិបទ​ អ្នកសម្របសម្រួល​បាន​កែសម្រួល​ខ្លឹមសារ​មេរៀន​ឪ្យ​សម​ស្រប​នឹង​បរិបទ​ក្នុង​តំបន់​។​ អ្នក​ស្ម័គ្រចិត្ត​កែសម្រួល​បន្ថែម​នៅ​ពេល​ដែល​ចាំបាច់​ ដោយ​លើក​ឧទាហរណ៍​ជាក់ស្តែង​ និង​ពន្យល់​មួយៗ​ ដើម្បី​ឱ្យ​សិស្ស​ឆាប់​យល់​ច្បាស់​អំពី​មេរៀន​។​

កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងនេះ​ទទួល​បាន​ផល​ជាទី​គាប់ចិត្ត​។​ សិក្ខាសាលា​បាន​បណ្តុះ​គ្រាប់ពូជ​ក្នុង​ការ​យល់​ដឹង​អំពី​ផល​ប៉ះពាល់​បរិស្ថាន​ពី​ការ​ប្រើប្រាស់​អ៊ីនធឺណិត​យ៉ាង​មាន​ប្រសិទ្ធភាព​ និង​ផ្ដល់​ការ​យល់​ឃើញ​ថ្មី​ដល់​អ្នកចូលរួម​វ័យក្មេង​អំពី​ទម្លាប់​ឌី​ជី​ថ​ល​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​។​ ជាមួយ​គ្នា​នេះ​ដែរ​ សិក្ខាសាលា​នេះ​បាន​ជួយ​ពង្រឹង​ទំនាក់ទំនង​យូរអង្វែង​រវាង​អង្គការ​អូ​ឌី​ស៊ី​ (​អូ​ឌី​ស៊ី​)​ និង​សហគមន៍​នៅ​ខេត្តព្រះវិហារ​ ការ​ពង្រឹង​ទំនាក់ទំនង​នេះ​ក៏​បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្តជា​បន្ត​ចំពោះ​ការ​អប់រំ​តាម​មូលដ្ឋាន​ និង​តាម​សហគមន៍​។​ ការ​អនុវត្ត​ដោយ​ជោគជ័យ​នៅ​ក្នុង​ខេត្ត​នេះ​ គឺជា​ជំហាន​ដ៏​សំខាន់​ក្នុង​គម្រោង​ឧបករណ៍​អប់រំ​ ដែល​គាំទ្រ​យុទ្ធសាស្ត្រ​យូរអង្វែង​ក្នុង​ការ​ពង្រឹងសមត្ថភាព​ដល់​យុវជន​ និង​កសាង​អនាគត​ឌី​ជី​ថ​ល​ប្រកបដោយ​ការ​យល់​ដឹង​ និង​និរន្តរភាព​។​